ប្រជាពលរដ្ឋប្រមាណ១០គ្រួសារបន្ថែមទៀត ដែលរស់នៅតំបន់បឹងតាមោកត្រូវអាជ្ញាធរ​ខណ្ឌព្រែក​ព្នៅប​ញ្ជា​​​ឱ្យរុះរើផ្ទះ​​សំ​​បែ​ងពួកគេជាបន្ទាន់ ដោយជនរងគ្រោះចាត់ទុកការបណ្តេញចេញដោយបង្ខំនេះថាគឺជាកា​​​រគំរាមកំ​​ហែង និងរំលោភសិទ្ធិធ្ងន់ធ្ងរ ទាំងដែលពួកគេមិនទាន់ទទួលបានដំណោះស្រា​​យជាសំណងណា​​​មួយនៅឡើយផងនោះ។

លិខិតរបស់រដ្ឋបាលខណ្ឌព្រែកព្នៅ ដែលចេញកាលពីថ្ងៃទី០៨ ខែឧសភា ដែលគេហទំព័រ Newsroom Ca​​m​​bodia ទើបទទួលបាននៅថ្ងៃទី១០ ឧសភា នេះឱ្យដឹងថាពលរដ្ឋបឹងតាមោកដែល​នៅសេសសល់ចំនួ​ន​​៦​​​​គ្រួ​​សារទៀត ដាច់ខាតត្រូវរុះរើផ្ទះជាបន្ទាន់។លិខិតដែលមានលក្ខណៈជាបទបញ្ជា បញ្ជាក់ទៀត​ការរុះរើចេ​ញ​​ពី​​តាំងពីភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅនេះ ត្រូវរៀបចំឱ្យបានរួចរាល់​យ៉ាងយូរត្រឹមថ្ងៃទី២​៤​ ឧសភា​ ជាកំហិត។មិនតែប៉ុណ្ណោះ អាជ្ញាធរខណ្ឌតាមរយៈការចុះផ្សាយនៅក្នុងលិខិតចំហរបស់ខ្លួន ចោ​​ទ​​​ប្រកាន់ថាប្រជាពលរដ្ឋទាំងនោះរស់នៅលើដីរដ្ឋដោយខុសច្បាប់។​

លិខិតបានសរសេរថា៖«ទីតាំងដែលលោកលោកស្រីកំពុងស្នាក់នៅគឺជាទីតាំងសំណង់មិនរៀបរយលើដីចំណីផ្លូវសាធារណៈរបស់រដ្ឋ រីឯការចូលមកតាំងលំនៅទាំងនេះបានធ្វើឡើងតាមរយៈការទិញលក់ និងការទន្ទ្រានចូលកាន់កាប់ដោយខុសច្បាប់លើដីរដ្ឋ »។

ប្រភពដដែលបញ្ជាក់ទៀតថា ការបញ្ជាឱ្យរុះរើដូច្នេះ ដោយរដ្ឋបាលខណ្ឌកំពុងដំណើរការស្ថាបនាស្ពានបេ​តុង ដែលមានទំហំទទឹង៣០ម៉ែត្រ និងបណ្តោយ៤០ម៉ែត្រ នៅត្រង់ចំណុចផ្ទះរបស់ពលរដ្ឋទាំង៦គ្រួសារ ដើ​​ម្បីតភ្ជាប់ចរាចរណ៍ពីមហាវិថីឈ្នះឈ្នះ មកកាន់ផ្លូវ១៥១ ឆ្ពោះទៅផ្លូវជាតិលេខ៥ និងផ្លូវលេខ៤២។ យ៉ា​ងណា រដ្ឋបាលខណ្ឌក៏បានបញ្ជាក់ពីការត្រៀមដីឡូតិ៍ ផ្ទះ រួមនិងថវិកាមួយចំនួន ជាការដោះដូរជូនប្រ​​ជា​​ព​​ល​​រដ្ឋទាំង៦គ្រួសារនេះដែរ ដែលទីតាំងថ្មីនោះស្ថិតក្នុងភូមិ និងសង្កាត់ដដែល។

បើទោះជាយ៉ាងនេះក្តីចំពោះប្រជាពលរដ្ឋបឹងតាមោកដែលរងការបណ្តេញចេញពីលំនៅ​ឋានដោយបង្ខំ​​ទាំ​ង​​​នោះ ជំទាស់ទៅនឹងវិធានការដែលចេញដោយអាជ្ញាធរខណ្ឌព្រែកព្នៅនេះ ហើយក៏មិនព្រមរុះរើផ្ទះ​​សំ​​បែ​ងរបស់ពួកគេចេញដែរ។

នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ នេះប្រជាពលរដ្ឋប្រមាណ១០០នាក់ បានធ្វើដំណើរទៅសាលាខ​ណ្ឌ​ព្រៃព្នៅ ដើម្បីទាមទារឱ្យអភិបាលខណ្ឌព្រែព្នៅ លោក ធឹម សំអាន បំភ្លឺករណីដែលបានចេញលិខិតបណ្តេ​​ញពលរដ្ឋចំនួន៦គ្រួសារឱ្យរុះរើផ្ទះចេញជាបន្ទាន់នេះ។ប៉ុន្តែពួកគេមិនបានធ្វើដំណើរទៅដល់សាលាខ​ណ្ឌ​ដូចការគ្រោងទុកឡើយ ដោយត្រូវក្រុមសន្តិសុខខណ្ឌជាច្រើននាក់រារាំង និងបានប្រើហិង្សាថែមទៀត​​។

ពលរដ្ឋម្នាក់ដែលរងការបណ្តេញចេញ គឺអ្នកស្រី សឿន ស្រីសុទ្ធ យល់ឃើញថាការបញ្ជាឱ្យរុះរើផ្ទះរបស់​ប្រ​​ជា​​​ជនដោយបង្ខំបែបនេះ ជាចេតនាចង់ឱ្យពួកគាត់បង្ខំចិត្តទទួលយកសំណង ដែលមិនសមស្រប ហើយ​​ជា​​​​គោ​​​លការណ៍ដែលពលរដ្ឋមិនអាចទទួលយកបានថែមទៅទៀត។

អ្នកស្រីបន្តថា៖«ការចេញលិខិតឱ្យពួកខ្ញុំរុះរើផ្ទះហ្នឹង គឹជារូបភាពមួយដែលគំរាមកំហែង និងបង្ខិតបង្ខំឱ្យពួ​ក​​ខ្ញុំទទួលយកដំណោះស្រាយ ដោះដូរដីដោយបង្ខំ »។

បើទោះជាបែបណា អ្នកស្រី សឿន ស្រីសុទ្ធ បដិសេធមិនទទួលយកសំណងដែលរដ្ឋបាលខណ្ឌបានត្រៀមបម្រុងទុកឱ្យឡើ​យ ដោយថាសំណងទាំងនោះមានចំនួនតិចតួច បើធៀបនឹងដីដែលពួកគាត់បានរស់នៅកាន់កាប់ និងអាស្រ័យផលជាច្រើនឆ្នាំ ដោយមានការទទួលស្គាល់ពីអាជ្ញាធរភូមិ-ឃុំ។ដូច្នេះអ្នកស្រីទទូចចង់ឱ្យ​​អាជ្ញាធរដោះស្រាយបញ្ហាជាមួយពលរដ្ឋឱ្យដាច់ស្រេចសិនតាមរយៈការកាត់ឆ្វៀលនៅនឹងកន្លែង ឬ​​កា​​​រទិញដីពួកគាត់តាមតម្លៃទីផ្សារ ចៀសវាងការបណ្តេញចេញដោយបង្ខំ។

អ្នកស្រីសំណូមពរថា៖«រាល់ការអភិវឌ្ឍ សូមគិតគូរដោះស្រាយប្រជាពលរដ្ឋឱ្យរួចរាល់សិន ចាំអភិវឌ្ឍតាមក្រោយ។ កុំអភិវឌ្ឍហើយ បណ្តេញពលរដ្ឋចេញទាំងបង្ខំ ពួកខ្ញុំស្អប់ការរំលោភបំពាន ស្អប់ការជិះជាន់»។

ប្រហាក់ប្រហែលគ្នាដែរ ពលរដ្ឋម្នាក់ទៀត អ្នកស្រី ហេង ស៊ីលាភ អះអាងថានេះជារឿងអយុត្តិធម៌មួយស​​ម្រា​​​​ប់ប្រជាពលរដ្ឋដែលមានជីវភាពរកព្រឹកខ្វះល្ងាចដូចជាពួកគេ។លើសពីនេះទៅ​ទៀត អ្នកដែលទន់ខ្សោ​យគឺ​ងា​​​​យនឹងរងការគំរាមកំហែង និងកា​​របណ្តេញចេញដោយបង្ខំបែបនេះ។អ្នកស្រីប្តេជ្ញាថា ពួកគេមិនអា​ច​​ទទួលយកការដោះដូរណាមួយពីអាជ្ញាធរឡើយ ដោយថាសំណងទាំងនោះមិនសមរម្យតាមតម្រូវការរប​​ស់​​អ្នកស្រីទេ។

អ្នកស្រីរៀបរាប់ថា៖«កូនខ្ញុំច្រើន រហូតដល់៥នាក់ បូករួមម៉ែឪទៀត តើឱ្យរូបខ្ញុំទទួលយកម៉េចនឹងបាន ផ្ទះធ្វើមិនសមរម្យ ហើយឱ្យគ្នា១ម៉ឺនដុល្លារហ្នឹង ទៅធ្វើអីចេញ! គ្រាន់តែជួសជុលផ្ទះក៏អស់បាត់ហើយលុយហ្នឹង ហើយចុះបំណុលខ្ញុំជំពាក់ធនាគារ ហើយរកស៊ីអីបានចិញ្ចឹមកូនទៅមុខទៀត ខ្ញុំទទួលយកអត់បានទេ»។

ពលរដ្ឋម្នាក់ទៀត អ្នកស្រី ស៊ា ដាវី នៅតែទទូចឱ្យអាជ្ញាធរខណ្ឌព្រែកព្នៅ និងមន្ត្រីពាក់ព័ន្ធដោះស្រាយបញ្ហាជូនពួកគាត់ឱ្យបានដាច់ស្រេច ខណៈដែលកន្លងមកពួកគាត់បានរងអំពើអយុត្តិធម៌ពេកទៅហើយទាក់ទងនឹងអំពើហិង្សា និងការចោទប្រកាន់តាមផ្លូវច្បាប់។

អ្នកស្រីបន្តថា៖«ជារឿងអយុត្តិធម៌បំផុតដែលមិនទាន់មានដំណោះស្រាយឱ្យ ពួកយើងតែងទទូចសុំគោលនយោបាយដោះស្រាយអភិវឌ្ឍន៍នៅនឹងកន្លែង ឱ្យកាត់ឆ្វៀលឱ្យពួកយើងនៅនឹងកន្លែង ប៉ុន្តែហេតុអ្វីក៏ចេ​​ញ​​​លិខតមកម្តងជា២ដងធ្វើបាបប្រជាពលរដ្ឋជារៀងរហូត។ ពួកយើងរាល់ការស្នើរបស់ពួកយើងអត់បានទ​​ទួ​លអី ក្រៅពីដីការ ហើយនិងហិង្សាពីអាជ្ញាធរខណ្ឌព្រែកព្នៅ ដែលរំលោភសិទ្ធិប្រជាពលរដ្ឋម្តងហើយម្តងទៀត​ »។

ជុំវិញករណីនេះគេហទំព័រ Newsroom Cambodia មិនអាចសុំការឆ្លើយតបពីអភិបាលខណ្ឌព្រែកព្នៅ លោ​​​​ក ធឹម សំអាន បាននៅឡើយទេ គិតត្រឹមថ្ងៃទី១០ ខែឧសភានេះ ដោយលោកឆ្លើយតបយ៉ាងខ្លីថាកំ​​​ពុង​​ជាប់ប្រជុំ។

ចំណេក នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការ ការពារសិទ្ធិមនុស្ស លីកាដូ (Licadho) លោក អំ សំ​​អាត ជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធបញ្ឈប់ការបណ្តេញចេញដោយបង្ខំ និងការប្រើហិង្សាលើប្រជាពលរដ្ឋ ហើ​​យ​​ងាកមកដោះស្រាយដោយសន្តិវិធីវិញ។ បន្ថែមលើនេះ លោកសង្កេតឃើញថា រដ្ឋាភិបាលបានប្រគល់ដីនៅតំបន់បឹងតាមោកឱ្យវិស័យផ្សេងៗជាច្រើន ដូច្នេះរដ្ឋាភិបាលក៏គួរតែគិតគូក្នុងការផ្តល់ដីកម្មសិទ្ធិជូនប្រ​​ជា​​​​ពលរដ្ឋបឹងតាមោក ដែលរស់នៅជាយូរឆ្នាំដូចគ្នាបានដែរ។

លោកបន្តថា៖«រដ្ឋបានប្រគល់ដីកម្មសិទ្ធិទៅឱ្យឯកជន ក្រុមហ៊ុន ក៏ដូចជាស្ថាប័នរដ្ឋច្រើននៅក្នុងតំបន់បឹងតាមោកនេះ។ អ៊ីចឹងគួរតែពិនិត្យពិចារណាក្នុងការដោះស្រាយឱ្យប្រជាពលរដ្ឋដែលគាត់រស់នៅយូរមកហើ​​យ​ជុំវិញបឹងតាមោក»។

​ក្រុមសមាគម និងអង្គការ​មិនមែនរដ្ឋាភិបាល​ រួមទាំង​សហគមន៍​មូលដ្ឋាន​ចំនួន​៣៨ ​ស្ថាប័នផង កាល​ពី​ថ្ងៃ​ទី២៥ ​ខែ​មករា ​ឆ្នាំ​ ២០២៤ ​បានចេញសេចក្តីថ្លែងការណ៍មួយ ​ដោយ​ស្នើ​ឱ្យបញ្ឈប់​ការ​ធ្វើ​ទុក្ខបុក​ម្នេញ និង​​កា​​រ​គំ​​រា​​ម​កំហែង។តាមរយៈសេចក្តីថ្លែងការណ៍រួមនេះ ស្ថាប័នក្រៅរដ្ឋាភិបាលទាំងនោះអំពាវនាវឱ្យអាជ្ញាធរ​ផ្ដល់​ការ​កាន់​កាប់​ដីធ្លី​ស្រប​ច្បាប់​ជូន​ប្រជា​សហគមន៍​សំរោង​ត្បូង ដូចពលរដ្ឋដទៃទៀតដែរ។

ក្រៅពីនេះ នៅមានពលរដ្ឋបឹងតាមោកចំនួន១៨នាក់ផ្សេងទៀត កំពុងរងបណ្តឹងតាមផ្លូវតុលាការ ​ក្រោម​ប​ទ​​ចោទ​ហិង្សា​ដោយ​ចេតនា ​និង​ប្រឆាំង​នឹង​អ្នក​រាជការ​សាធារណៈ​មាន​ស្ថាន​ទម្ងន់​ទោស។ ​ក្នុងនោះពលរដ្ឋខ្លះ​ជាប់បណ្តឹងជាច្រើនផ្សេងគ្នា ខណៈពលរដ្ឋ​ម្នាក់បាន​រត់​គេច​ខ្លួន ​ដោយ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព។ ​

ក្នុងសេចក្តីថ្លែងការណ៍ដដែលនោះបានបញ្ជាក់ថា ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ​គឺ​ការ​រំលោភ​ដោយបំពាន​និ​​ង​​ធ្ងន់​ធ្ងរ​លើ​ច្បាប់​សិទ្ធិ​មនុស្ស ​ជាពិសេស​រំលោភ​លើ​សិទ្ធិ​ទទួល​បាន​លំនៅ​ឋាន​សមរម្យ ​និង​សិទ្ធិ​ជាមូល​​ដ្ឋា​​ន​​ដ​ទៃទៀតរបស់ប្រជាពលរដ្ឋ

របាយការណ៍ដែលចេញដោយសមាគម​ធាងត្នោត រកឃើញថាគិតត្រឹម​ខែកក្កដា ឆ្នាំ២០២៣ បឹងតាមោក ដែល​កំណត់​ដោយ​អនុក្រឹត្យ កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៦ ដែលមានផ្ទៃដីទំហំសរុប​ចំ​នួន ៣២​​៣​​៩​​​,​៧ហិកតា ត្រូវបានកែសម្រួលពីទ្រព្យសម្បត្តិសាធារណៈរដ្ឋ មកជាទ្រព្យសម្បត្តិ​ឯកជន​របស់រដ្ឋ និងប្រគល់ជូនបុគ្គលឯកជន និង​ស្ថាប័ននានាជាបន្តបន្ទាប់សរុបចំនួន ៧០​លើក ដែល​មាន​ផ្ទៃដីសរុបចំនួន ២ ៣​​៦​​៩​,​៨៩១៣ហិកតា៕