ប្រជា​ពលរដ្ឋជិត ១០០គ្រួសារ មកពីឃុំ-សង្កាត់ចំនួន៣ផ្សេងគ្នា ក្នុងខេត្តកណ្តាល ​ទទូច​សុំ​ការអន្តរា​គមន៍​ពីស្ថាប័នព្រឹទ្ធសភា និង​ខុទ្ទកាល័យនាយករដ្ឋមន្ត្រី ដើម្បីដោះស្រាយករណីមន្ត្រីជំនាញ​វាស់​វែង​ដីធ្លី​ជាង ១០ឆ្នាំមកហើយ​​ ប៉ុន្តែមិនចេញប្លង់កម្មសិទ្ធិឱ្យពួកគាត់​នៅឡើយ​ ដោយ​ថាដីនោះ ជាន់​ជាមួយដីឧកញ៉ាមួយរូប។

ការទទូចសុំអន្តរាគមន៍នេះ បានធ្វើឡើង​ខណៈដែល​ប្រជាពលរដ្ឋប្រមាណ ៦០នាក់ តំណាងឱ្យ ៩៦គ្រួសារ ដែលមកពីឃុំកណ្តោក និងឃុំជើងកើប ក្នុងស្រុកកណ្តាលស្តឹង និងពលរដ្ឋមកពីសង្កាត់ព្រៃកហូរ ក្រុងតាខ្មៅ ប្រមូលផ្តុំគ្នានៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤នេះ ដើម្បីដាក់ញត្តិសុំការអន្តរាគមន៍ពីខុទ្ទកាល័យនាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត និងប្រធានព្រឹទ្ធ​សភា លោក ហ៊ុន សែន ជុំវិញ​បញ្ហាដីធ្លីនេះ។

ប្រជាពលរដ្ឋម្នាក់រស់នៅភូមិអំពៅព្រៃ ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល អ្នកស្រី អួង ស៊ីម អាយុ ៦៣ឆ្នាំ ​បានឱ្យដឹងថា គោលដៅនៃការដាក់ញត្តិជូន​ថ្នាក់ដឹកនាំកំពូលៗ រួមមាន ប្រធាន​ព្រឹទ្ធ​សភា លោក ហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នេះគឺ​ដើម្បីទទូចឱ្យមានការដោះស្រាយករណីដីធ្លីទំហំ ​២០០ហិកតា របស់ប្រជាពលរដ្ឋ ៩៦គ្រួសារ ដែលមិនទាន់ទទួលបានប្លង់កម្មសិទ្ធិនៅឡើយ ទោះបីជាតុលាការធ្លាប់ចេញសាលក្រមចំនួន២ដងរួចមក​ហើយ គឺនៅឆ្នាំ២០០៦​ និងឆ្នាំ២០០៧ ដើម្បីឱ្យរដ្ឋបាលខេតកណ្តាល និងសុរិយោដីខេត្ត ផ្តល់​បណ្ណសំគាល់កម្មសិទ្ធិដីធ្លីដល់ពួកគាត់​។

អ្នកស្រីថ្លែងថា៖ «គោលបំណងខ្ញុំថ្ងៃនេះ គឺដាក់ញត្តិសុំដល់សម្តេចពុក[លោក ហ៊ុន សែន] ហើយនិង​សម្តេច ហ៊ុន ម៉ាណែត ដើម្បីឱ្យគាត់ជួយដោះស្រាយ ពន្លឿនរឿងដីខ្ញុំពាក់ព័ន្ធយូរហើយ គឺបានអនុវត្តសាលក្រមតុលាការឱ្យប្រជាពលរដ្ឋហើយ។ មានទាំងបានវាស់ប្លង់រួចអស់ហើយ ប៉ុន្តែអត់បាន[ប្លង់]»។

ចំណែក ពលរដ្ឋម្នាក់ទៀតរស់នៅសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល លោក​ អ៊ី វ៉ាន្នី អាយុ ៤៦ឆ្នាំ​ បានឱ្យដឹងថា ដីរបស់ប្រជាពលរដ្ឋទាំងអស់ ត្រូវបានមន្ត្រីសុរិយោដីវាស់វែងរួចហើយតាំងពី ១៦ឆ្នាំមុន ប៉ុន្តែមិនបានចេញប្លង់កម្មសិទ្ធិឱ្យពួកគាត់ឡើយ ដោយមន្ត្រីអះអាងថាត្រួតដីគ្នា​ជាមួយឧកញ៉ាម្នាក់ ឈ្មោះ សៀង ចាន់ហេង ដែល​ជាម្ចាស់ក្រុមហ៊ុនហេង​អភិវឌ្ឍន៍។

លោកបញ្ជាក់ថា៖ «គេវាស់ហើយៗ ប៉ុន្តែសំខាន់គេមិនចេញប្លង់ឱ្យ។ គេអត់ចេញបណ្ណឱ្យយើងកាន់កាប់ កាលពីឆ្នាំ២០០៨»។

លោក វ៉ាន្នី អះអាងថា ធ្លាប់ស្វែងរកការអន្តរាគមន៍ពីក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើនដងមកហើយ ប៉ុន្តែមិនដែលទទួលបានលទ្ធផលទាល់តែសោះ។ ករណីនេះ លោកថា អស់ជំនឿលើក្រសួង-ស្ថាប័ន​ដែល​មានសមត្ថកិច្ច ហើយយល់ថាមានតែលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ទេ​ដែលអាចដោះស្រាយបញ្ហានេះ​ជូនពួកគាត់បាន ខណៈពួកគាត់បាន​បាត់បង់កន្លែងអាស្រ័យផលកសិកម្មតាំងពីឆ្នាំ២០០៩ ដោយសារក្រុមហ៊ុនឯកជនមួយនោះ​យកអាជ្ញាធរមករារាំងមិនឱ្យពួកគាត់ចូល។

បើតាមក្រុមប្រជាពលរដ្ឋ​ នៅកំឡុងពេលដាក់ញត្តិនោះ តំណាងព្រឹទ្ធសភាព បានចេញមកទទួល​ញត្តិ​របស់ពួកគាត់​ តែមិនបានចុះហត្ថលេខាឡើយ ដោយអះអាងប្រាប់ពួកគាត់ថា នឹងផ្តល់ដំ​ណឹងជូនវិញនៅសប្តាហ៍ក្រោយ។ ដោយឡែក ខុទ្ទកាល័យនាយករដ្ឋមន្ត្រី បានបដិសេធមិនទទួលញត្តិរបស់ពួកគាត់ឡើយ ដោយរុញឱ្យរកការអន្តរាគមន៍ពីក្រសួងយុត្តិធម៌ ខណៈអ្នកស្រី​ថា ពួកគាត់​ធ្លាប់ទៅរកការអន្តរាគមន៍នៅក្រសួងយុត្តិធម៌​​ជាច្រើនដងហើយ ប៉ុន្តែមិនទទួលបានលទ្ធផល។

ប្រធាននាយកដ្ឋានរដ្ឋបាលនៃព្រឹទ្ធសភា អ្នកស្រី សៅ ចន្ទ្រា បានបញ្ជាក់នៅពេលចេញមកទួ​លញត្តិពីពលរដ្ឋថា នឹងបញ្ជូនសំណើរនេះ​ទៅថ្នាក់ដឹកនាំ​បន្ត​បន្ទាប់​ទៀត។

អ្នកស្រីបញ្ជាក់ថា៖ «បន្ទាប់ពីខ្ញុំធ្វើកំណត់បង្ហាញនេះរួច គឺខ្ញុំបញ្ជូនទៅថ្នាក់ដឹកនាំតាមឋានានុក្រម។ ពួកខ្ញុំគ្រាន់តែទទួលទេ តែពួកខ្ញុំអត់មានសិទ្ធិដោះស្រាយទេ»។

ចំណែក មន្ត្រីខុទ្ទកាល័យនាយករដ្ឋមន្ត្រី លោក គង់ ចំរើន បានបញ្ជាក់ទៅកាន់ពលរដ្ឋ​ថា ការបដិសេធទទួលយក​ញត្តិ​នោះ ដោយសារ​បញ្ហានេះ​មានភាពស្មុគស្មាញទាក់ទងនឹង​ផ្លូវ​ច្បាប់ ដូច្នេះលោក​ជំរុញឱ្យពលរដ្ឋទៅដាក់ពាក្យនៅក្រសួងយុត្តិធម៌បន្ថែម ដើម្បីទាមទារនូវអ្វីដែលខ្លួនចង់បាន។

លោកថ្លែងថា៖ «អត់បានដីវាមានហេតុអី រកហេតុវាហ្នឹង​ឱ្យឃើញ ព្រោះគេធ្វើអីវាមានរបៀបរបស់វា។ អ៊ីចឹងអញ្ជើញទៅក្រសួងយុត្តិធម៌ អាចពាក្យបន្ថែមដាក់បាន។ នៅក្រសួងយុត្តិធម៌អាចដាក់ពាក្យបន្ថែមបាន»។

តាមរយៈលិខិតរបស់​ក្រសួងយុត្តិធម៌ ចុះថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០០៩ បានបញ្ជាក់អំពីអង្គច្បាប់​ថា វិវាទដីធ្លីរវាងប្រជាពលរដ្ឋ ២៩២​គ្រួសារ និងលោកស្រី សៀង ចាន់ហេង ត្រូវបានដោះស្រាយចប់សព្វគ្រប់ដោយសាលាដំបូងខេត្តកណ្តាល តាមរយៈសាលក្រមរដ្ឋប្បវេណីស្ថាពរលេខ ៤០”វ” ចុះថ្ងៃទី​០២ ខែតុលា ឆ្នាំ២០០៦ និងសាលក្រមរដ្ឋប្បវេណីស្ថាពរលេខ ១២៩ ចុះថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០០៧។

ក្នុងលិខិតដដែលនោះ ក្រសួងយុត្តិធម៌ ក៏ស្នើឱ្យសាលាខេត្តកណ្តាល និងសុរិយោដីខេត្ត រៀប​ចំ​គណៈ​កម្ម​ការ​​ចុះ​វាស់វែងបែងចែកដីធ្លី និងចេញប័ណ្ណសំគាល់សិទ្ធិកាន់កាប់ជូនប្រជាពលរដ្ឋ នូវ​ដីដែលទទួលស្គាល់ជារបស់ប្រជាពលរដ្ឋ តាមអំណាចសាលក្រមរបស់សាលាដំបូងខេត្តកណ្តាល និងស.ជ.ណ ចុះថ្ងៃទី ២៩ ខែកុម្ភៈ ឆ្នាំ​២០០៨ របស់ក្រសួងមហាផ្ទៃ​។

ជុំវិញ​ករណីនេះ Newsroom Cambodia មិនទាន់អាចសុំការឆ្លើយតបពីម្ចាស់ក្រុមហ៊ុនហេងអភិវឌ្ឍន៍ លោក​ស្រី សៀង ចាន់ហេង និង​អភិបាលខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ បាន​ទេនៅរសៀលថ្ងៃព្រហស្បតិ៍នេះ។

យ៉ាង​ណា នាយកទទួលបន្ទុកកិច្ចការឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត ជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធដោះស្រាយបញ្ហានេះឱ្យបាន​ឆាប់​រហ័ស ដោយថាបញ្ហាដីធ្លីមិនអាចទុកឱ្យរ៉ាំរៃបានឡើយ ព្រោះ​អាចបង្កឱ្យពលរដ្ឋរងគ្រោះដោយសារបញ្ហាជីវភាព ក៏ដូចជារងការចោទប្រកាន់ផ្សេងៗរហូតជាប់ពន្ធនាគារជាដើម។

លោកមានប្រសាសន៍ថា៖ «ចៀសវាងបញ្ហាទាំងអស់ហ្នឹង គឺ​អាជ្ញាធរ រួមទាំងតុលាការ ដែល​មាន​សាល​ក្រមសាល​ដីកា ត្រូវពិនិត្យឡើងវិញ ហើយធ្វើម៉េចអនុវត្តដើម្បីឱ្យទទួលបាននូវភាពយុត្តិធម៌ ដើម្បីចៀសវាងនូវការអូសពេលវេលា អូសបន្លាយបញ្ហាហ្នឹង វាអាចបង្កចេញជាបាតុភាពផ្សេងៗដែលពលរដ្ឋយើងជាអ្នករងគ្រោះ»៕