មួយរយៈចុងក្រោយនេះ មានការជជែកគ្នាច្រើនពីសាធារណជនតាមរយៈបណ្តាញទំនាក់ទំនងសង្គម និងមជ្ឈដ្ឋាននានាអំពី Cool App ក្រោយពេលប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បានប្រកាស នៅលើទំព័រហ្វេសប៊ុក និងតេឡេក្រាមផ្ទាល់ខ្លួនពីវត្តមាននៃ App មួយនេះ។ Cool App នេះ គឺជាកម្មវិធីបណ្តាញទំនាក់ទំនងសង្គមឆាត (Chat) ដំបូងរបស់កម្ពុជា ដែលត្រូវបានបង្កើតឡើងតាមលក្ខណៈស្តង់ដារអន្តរជាតិដូចទៅនឹង Telegram និងWhat App។ នេះបើតាមការអះអាងរបស់ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤កន្លងទៅ។
Newsroom Cambodia បានសម្ភាសប្រជាពលរដ្ឋចំនួន៧នាក់ ដែលរស់នៅក្នុងរាជធានីភ្នំពេញជុំវិញការយល់ឃើញចំពោះការប្រើប្រាស់ Cool App ថ្មីនេះ។
លោក ប្រាក់ សុថេព្វ មានអាយុ២២ឆ្នាំ មកពីខេត្តបាត់តំបង ជានិស្សិតឆ្នាំទី៣ ដេប៉ាតេម៉ង់គីមីវិទ្យា នៅសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ (RUPP) ថ្លែងថាខ្លួនមានមោទនភាពចំពោះ Cool App នេះ។ លោកថា កម្មវិធីនេះមានសារៈសំខាន់ ហើយប្រជាជនកម្ពុជាអាចប្រើប្រាស់ដោយទុកចិត្តបាន ដោយសារកម្មវិធីនេះ ត្រូវបានបង្កើតឡើងដោយក្រុមអ្នកជំនាញបច្ចេកទេសរបស់កម្ពុជាផ្ទាល់។
លោក សុថេព្វនិយាយថា៖ «សម្រាប់ Cool App ហ្នឹងខ្ញុំគិតថាល្អប្រសើរសម្រាប់ប្រជាជនខ្មែរដោយសារតែ App ហ្នឹងជា App របស់ខ្មែរយើង។ ហើយមួយទៀតខ្ញុំគិតថា App ហ្នឹងវាផ្តល់ផល ប្រយោជន៍ច្រើនសម្រាប់យើង ក្នុងនាមយើងជាកូនខ្មែរយើងគួរតែជួយគាំទ្រអ្វីៗដែលខ្មែរយើងអ្នកបង្កើត ទើបវាមានភាពរីកចម្រើន ហើយApp ហ្នឹងដូចតាមខ្ញុំឮគេនិយាយថា App ហ្នឹងប្រើមានសុវត្ថិភាពខ្ពស់»។
ចំណែកកញ្ញា រួម ឆាដា មានអាយុ២២ឆ្នាំ ជានិស្សិតឆ្នាំទី៣ ផ្នែកច្បាប់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច (RULE) បានរៀបរាប់ដោយទឹកមុខរីករាយ និងបង្ហាញការគាំទ្រចំពោះ Cool App នេះ។ កញ្ញាបានប្រើប្រាស់ App នេះរួចហើយ និងបានដឹងថាពីភាពសាមញ្ញ ភាពងាយស្រួល និងភាពជឿជាក់ដែលApp នេះដល់អ្នកប្រើប្រាស់បាន។ កញ្ញា ចង់ឃើញមានការគាំទ្រ Cool App នេះកាន់តែច្រើនបន្ថែមទៀត។
កញ្ញាឆាដាលើកឡើងថា៖ «[…] សម្រាប់ខ្ញុំ Cool App នេះ វាៗ ងាយស្រួលប្រើប្រាស់ ហើយទាក់ទងនឹង Security (សុវត្ថិភាព) ក៏វាអាចធានាពីឯកជនភាពរបស់យើងបានល្អដែរ ហើយទំនាក់ទំនងក៏វាដើរលឿន រហ័ស ការផ្ញើរូបភាពនេះក៏ច្បាស់អត់មានកាត់ទំហំមេ(Megabyte ឬ MB)ធំទេ»។
កញ្ញាបន្ថែមថា៖ «ខ្ញុំសប្បាយរីករាយមែនទែន ហើយក៏មានមោទនភាពផងដែរ ដែលកូនខ្មែរគាត់អាចបង្កើតនូវ App(អេប) មួយ […] សូម្បីតែប្រធានព្រឹទ្ធសភា សម្តេចតេជោ ក៏គាត់ជួយជ្រោមជ្រែងលើកទឹកចិត្ត។ ហើយ App មួយនេះ ខ្ញុំសូមអំពាវនាវដល់សាធារណជនទាំងអស់ចូលរួមគាំទ្រសមិទ្ធផលរបស់ខ្មែរ ហើយ App នេះគឺមិនមានការធ្វើឱ្យលេចធ្លាយនូវឯកជនភាពរបស់យើងទេ»។
លោកវី មានអាយុ៣៤ឆ្នាំ បម្រើការជាមន្រ្តីរាជការក្នុងក្រសួងមួយនៃស្ថាប័នរដ្ឋ អស់រយៈពេលជិត១១ឆ្នាំមកហើយ។ បន្ទាប់ពីលោកបាន ដោនឡូត Cool App និងដំឡើងដើម្បីប្រើប្រាស់រួចហើយ លោកយល់ឃើញថា Cool App មានដំណើរការល្អ បើធៀបទៅនឹងកម្មវិធីផ្សេងៗទៀតដែលលោកធ្លាប់បានដំឡើងនៅក្នុងទូរស័ព្ទអាយហ្វូន (iPhone) របស់លោក។
លោកអះអាងថា៖ «ទី១ការDownload (ដោនឡូត) និងInstall (ដំឡើង) គឺអត់មានការលំបាកទេ មានការងាយស្រួលបើធៀបជាមួយនឹង Program (កម្មវិធី) [Applications] របស់អាយហ្វូន (iPhone) ផ្សេងដែលទើបបង្កើតដំបូងហ្នឹងមានភាពងាយស្រួលជាង។ ហើយទី២ នៅពេលដែលយើង Set Up (ដំឡើង) Register Account (ចុះឈ្មោះគណនី) អីហ្នឹងក៏អត់មានការលំបាកដែរ ព្រោះវាមានភាពងាយស្រួលគ្រាន់តែយើងផ្ញើលេខទៅតាម Instruct (ណែនាំ) គេទៅគេផ្ញើលេខកូដមកលឿនៗ យើងអាច Register ប្រើបានតែម្តង»។
ប៉ុន្តែលោកវីបានសង្កត់ធ្ងន់ថា Cool App មិនទាន់មានលក្ខណៈល្អប្រសើរគ្រប់ជ្រុងជ្រោយនោះទេ ព្រោះវាមិនទាន់ឆ្លើយតបគ្រប់លក្ខខណ្ឌដែលលោកចង់បាននៅឡើយ។
លោកបន្ថែមថា៖ «[…] តែការប្រើសង្កេតឃើញថាមិនទាន់លឿនដូចតេឡេក្រាម (Telegram) ទេ វារៀង Slow (យឺតយ៉ាវ) អ៊ីនធឺរណេត (Internet) អីហ្នឹងបាទ រៀង Slow ហើយផលវិបាកមួយទៀត ត្រង់ថាតេឡេក្រាមទូរស័ព្ទមួយអាច Add (បន្ថែម) Account (គណនី) បានច្រើនតែ Cool App អត់ទាន់បានទេ អ៊ីចឹងបើចង់បាន២ Account ៣ Account ទាល់តែយើងមានទូរស័ព្ទ២ឬ៣ដែរ។ បាទក៏ប៉ុន្តែបើយើងប្រើនៅលើកុំព្យូទ័រ យើងអាចដោនឡូតប្រើនៅលើកុំព្យូទ័របាន ក៏មានភាពងាយស្រួលដែរ»។
លោកថា៖«[…] អានេះខ្ញុំគិតថា ការយល់ឃើញរបស់ពលរដ្ឋយើងជាទូទៅ ការយល់ឃើញរួម ទី១សុវត្ថិភាព (Security) ហ្នឹងក៏មិនទាន់មានការជឿជាក់១០០ភាគរយដែរ យើងក៏រៀងនៅមានមន្ទិលដែរ ទាក់ទងនឹងសុវត្ថិភាព Data (ទិន្នន័យ) ឯកជនភាពរបស់យើង យើងខ្លាចបែកធ្លាយអីចឹង[…]»។
ចំណែក កញ្ញា កេត ម្លិសមុនីពេជ្រ មានអាយុ១៨ឆ្នាំ មកពីខេត្តកណ្តាល ដែលបច្ចុប្បន្នរស់នៅក្នុងទីក្រុងភ្នំពេញ ជានិស្សិតឆ្នាំទី១ ផ្នែកព័ត៌មានវិទ្យា (IT) នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ យល់ថា Cool App នេះ មិនទាន់មានលក្ខណៈរលូននៅឡើយទេ ប៉ុន្តែអាចទទួលយកបានក្នុងការប្រើប្រាស់។
កញ្ញា ម្លិសមុនីពេជ្រលើកឡើងថា៖ «ខ្ញុំយល់ថាវានៅមានកម្រិតដោយសារតែការចូល Log In ប្រើប្រាស់ដំបូងវាមានបញ្ហាច្រើន វាដំណើរការយឺតហើយវាមានបញ្ហាខ្លះទៅលើ Android Link (ការភ្ជាប់ Android) ចឹងទៅ Cool App នៅមានកម្រិត។ ប៉ុន្តែនៅពេលដែលយើងចូលប្រើប្រាស់ហើយ គឺវាអាចយកជាការបានដោយសារវាដំណើរការអីធម្មតាស្រួលទេ គ្រាន់ថាវាមានបញ្ហានៅពេល Setting (ការកំណត់) ប្រើដំបូង»។
ទោះយ៉ាងណា កញ្ញា ម្លិសមុនីពេជ្រ នៅតែបង្ហាញការសាទរចំពោះការបង្កើត Cool App នេះដែលត្រូវបានបង្កើតឡើងដោយក្រុមអ្នកជំនាញបច្ចេកវិទ្យាព័ត៌មានកម្ពុជា។
កញ្ញាពេជ្របន្ថែមថា៖ «[…]តាមបទពិសោធន៍ខ្ញុំប្រើប្រាស់ ខ្ញុំគិតថា Cool App ល្អ។ និយាយរួមទៅយើងអាចប្រើប្រាស់បានទំនាក់ទំនងគ្នាងាយស្រួល ហើយវាជារបស់ខ្មែរយើងសុទ្ធតែម្តង»។
ព្រះសង្ឃ ម៉ៅ វណ្ណា មានព្រះជន្ម៣០វស្សា មកពីខេត្តស្ទឹងត្រែង ខណៈបច្ចុប្បន្ន ព្រះអង្គគង់នៅវត្តឧណ្ណាលោមក្នុងរាជធានីភ្នំពេញ មានសង្ឃដីកាថាការបង្កើត Cool App ដោយក្រុមអ្នកបច្ចេកទេសព័ត៌មានវិទ្យាកម្ពុជានេះជារឿងល្អ ប៉ុន្តែព្រះអង្គចង់ឱ្យមានការពង្រឹងគុណភាពបន្ថែមដើម្បីប្រកួតប្រជែងជាមួយបរទេសបាន។ ព្រះអង្គ ស្នើឱ្យប្រជាជនកម្ពុជាចូលរួមចែករំលែកអំពីផលិតផលក្នុងស្រុករបស់ខ្លួនឱ្យគេស្គាល់កាន់តែច្រើនបន្ថែមទៀត។
ព្រះអង្គម៉ៅ វណ្ណា មានសង្ឃដីកាថា៖ «អាត្មាយល់ឃើញថាការបង្កើតហ្នឹង ប្រសិនបើខាងIT កូនខ្មែរបង្កើតបាន App មួយពិតជាល្អប្រសើរ ប៉ុន្តែចង់ឱ្យពង្រឹងបន្ថែមទៀតក្នុងការប្រើប្រាស់ដើម្បីឱ្យទាន់សម័យ ណាមួយសម័យឥឡូវជាសម័យឌីជីថលទាំងការរកស៊ីទាំងការអីវាទូលំទូលាយហា អាហ្នឹងយើងខ្វះមិនបានទេអាហ្នឹង យើងត្រូវការប្រកួតប្រជែងជាមួយខាងប៉ែកអ៊ឺរ៉ុបដែរ អឺរ៉ុបវាខ្លាំងៗដោយសារខាងហ្នឹង ការរកស៊ីរបស់គេក៏ទូលំទូលាយ»។
ព្រះអង្គវណ្ណាបន្ថែមថា៖«មានបំណងថាចង់ឱ្យបងប្អូនខ្មែរ Shareឱ្យបានច្រើនដើម្បីឱ្យគេទទួលស្គាល់បានច្រើនដោយសារតែយើង Cool App ហ្នឹងយើងប្រើជាផ្លូវការ […] ឱ្យដឹងពីស្នាដៃកូនខ្មែរយើង»។
និស្សិតស្រីម្នាក់ទៀត មកពីខេត្តព្រៃវែង កញ្ញាពក ម៉ារី មានអាយុ ២១ឆ្នាំ សិក្សាផ្នែកគណិតវិទ្យាស្ថិតិ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP)។ កញ្ញាបានដឹងរួចហើយអំពី Cool App តាមរយៈ
បណ្តាញសង្គមហ្វេសប៊ុក តែកញ្ញាមិនទាន់បានដោនឡូតយកមកប្រើប្រាស់នៅឡើយទេ។
ទោះមិនទាន់បានប្រើ Cool App នេះក៏ដោយ កញ្ញាម៉ារី មានការភ្ញាក់ផ្អើល និងមិននឹកស្មានថាកម្ពុជាមាន App អាចប្រើប្រាស់បានដូចបរទេសដែរ។
កញ្ញាម៉ារីនិយាយថា៖ «ចំពោះ App ថ្មីហ្នឹង ខ្ញុំចំណាប់អារម្មណ៍ដំបូងខ្ញុំមានអារម្មណ៍ថា WOW! ខ្មែរយើងអាចបង្កើតកម្មវិធីហ្នឹងដែលប្រើប្រាស់ដូចនឹងកម្មវិធីបរទេសដូចជាតេឡេក្រាម ឬក៏ឆាតអីចឹង។ តែខ្ញុំអត់ដឹងថាប្រើទៅវាងាយស្រួលប៉ុណ្ណាអត់ទាន់ដឹងទេ គ្រាន់តែមុខងារវាដូចកម្មវិធីអស់ហ្នឹងដែរ ហើយចំណាប់អារម្មណ៍បន្ទាប់ ខ្ញុំអាចនឹងសាកល្បងវានៅពេលណាមួយចឹង តែឥឡូវអត់ទាន់បានទេ»។
ទន្ទឹមនឹងការចង់ដោនឡូតប្រើប្រាស់ Cool App នៅពេលខាងមុខនេះ កញ្ញាម៉ារី ក៏បានបង្ហាញពីក្តីបារម្ភ និងអារម្មណ៍ស្ទាក់ស្ទើរ ចំពោះបញ្ហាសុវត្ថិភាពនៃព័ត៌មានផ្ទាល់់ខ្លួនអាចបែកធ្លាយផងដែរ។
ចំណែកលោក សំ សឿន មានអាយុ៣០ឆ្នាំ កំពុងរស់នៅក្នុងសង្កាត់ទឹកល្អក់១នៃរាជធានីភ្នំពេញ និងជាអ្នកបម្រើការងារនៅអង្គការភាពញញឹមនៃកុមារ(PSE)។ លោកបានដឹង និងគំាទ្រ Cool App នេះ ព្រោះជាស្នាដៃរបស់កម្ពុជាផ្ទាល់ ប៉ុន្តែលោកក៏ចង់ឱ្យក្រុមអ្នកផលិតខិតខំកែលម្អកម្មវិធីនេះឱ្យកាន់តែប្រសើរផងដែរ។
លោក សំ សឿន លើកឡើងថា៖ «[…]ខ្ញុំគាំទ្រយ៉ាងពេញទំហឹងព្រោះថាApp នេះជា App របស់ស្នាដៃកូនខ្មែរ ហើយវាក៏ជាឯកជនភាពមួយដើម្បីយើងប្រើនៅក្នុង[ចំណោម]ប្រជាពលរដ្ឋកម្ពុជា នៅក្នុងប្រទេសដើម្បីមានសុវត្ថិភាព ហើយក៏ដូចជាធ្វើនូវអាជីវកម្មអីផ្សេងៗក្នុងនេះបានវាទូលំទូលាយ។ ហើយមួយទៀតខ្ញុំក៏ចង់សំណូមពរឱ្យខាងApp ឱ្យមានការលក្ខណៈ Update ឱ្យវាមានកាន់តែទូលំ ទូលាយ ហើយឱ្យកាន់វាល្អដើម្បីប្រជាពលរដ្ឋយើងប្រើទៅកាន់តែមានភាពងាយស្រួល ប្រៀបធៀបទៅដូចហ្វេសប៊ុកដែរ»។
លោក សំ សឿន បានចែករំលែកពីបទពិសោធន៍ ក្រោយលោកបានប្រើប្រាស់ Cool App នេះ ក្នុងនោះលោកលើកឡើងទាំងចំណុចល្អ និងភាពខ្វះខាតដែលត្រូវការកែលម្អ។
លោក សំ សឿនថា៖«ចំពោះផលវិជ្ជមានគឺលក្ខណៈថាជាភាពងាយស្រួលមួយដូចបណ្តាញសង្គមមួយដែលយើងអាចចូលលេងបានដូចជាហ្វេសប៊ុកដែរ ប៉ុន្តែវាអត់សូវជាទូលំទូលាយច្រើនទេដោយសារអីប្រជាពលរដ្ឋយើងអត់ទាន់ងាកមកប្រើច្រើន។ ហើយគុណវិបត្តិនោះវាអត់សូវទូលំទូលាយដូចហ្វេសប៊ុកបាទសម្រាប់Media ក៏ដូចជាប្រព័ន្ធវីដេអូដូចជាផុស(Post)ទៅវាអត់ទាន់Smoothទេបាទ វានៅErrorម្តងម្កាលអ៊ីចឹងហា៎។ ហើយមួយទៀតចង់លើកទឹកចិត្តឱ្យពលរដ្ឋប្រើច្រើនទៅ ហើយខាងអ្នកដែលបង្កើតហ្នឹងឱ្យមានការកែលម្អឱ្យដូចហ្វេសប៊ុកទៅ គឺប្រសិនបើល្អប្រជាពលរដ្ឋយើងចូលលេងច្រើនដែរ»។
ចំណែកលោកជួន សំណាង មានអាយុ៣៦ឆ្នាំ ជាអាជីវករលក់ដូរ រស់នៅសង្កាត់ព្រែកប្រា ក្នុងរាជធានីភ្នំពេញ បានកោតសរសើរដោយមិនស្ទាក់ស្ទើរពី Cool App ដែលជាស្នាដៃរបស់កម្ពុជានេះ ។
លោកជួន សំណាងអះអាងថា៖«ខ្ញុំគិតថាល្អ បាទល្អៗខ្លាំងដែលប្រទេសកម្ពុជាយើងដែលមានដែលបានបង្កើតនូវ Cool App ដំបូងរបស់ប្រទេសកម្ពុជារបស់យើង។ Cool App នេះ ការប្រើប្រាស់ងាយស្រួលក្នុងការទំនាក់ទំនងនិយាយបាទ»។
គួរបញ្ជាក់ថាកម្មវិធី Cool App ដែលមានមុខងារជាច្រើនដូចជា Chat និង Call បូករួមទាំង Video Call ផងនោះ ត្រូវបានបង្កើតឡើងក្រោមស្នាដៃ ក្រុមអ្នកជំនួញបច្ចេកទេសរបស់កម្ពុជាជាច្រើននាក់ ដែលជាអ្នកជំនាញផ្នែកបច្ចេកវិទ្យាព័ត៌មាន(IT)។ ខណៈកម្មវិធីនេះបានចំណាយពេលជាង៣ឆ្នាំដើម្បីបង្កើតឱ្យចេញជារូបរាងឡើង គិតតាំងពីឆ្នាំ២០២១មកម្ល៉េះ និងបានដាក់ឱ្យដំណើរការនៅលើ App Store និង Play Store នៅឆ្នាំ២០២៤នេះ។ នេះបើយោងតាមទំព័រហ្វេសប៊ុក និងតេឡេក្រាមរបស់ លោក ហ៊ុន សែន៕