មន្រ្តី​រាជការ គឺ​ជា​បុគ្គល​ដែល​ត្រូវ​បាន​ជ្រើសរើស​ពី​សំណាក់​រាជ​រដ្ឋាភិបាល ដោយ​ផ្អែក​លើ​ចំណេះ​ដឹង និង​ជំនាញ​របស់​ពួក​គេ ឱ្យ​មក​ចូល​បម្រើ​ការងារ​នៅ​តាម​ក្រសួង-ស្ថាប័ន​នានា​របស់​ជាតិ។ ទន្ទឹមនេះ​ មន្រ្តី​រាជការ​ដែល​ទទួល​បាន​តួនាទី និង​មុខងារ​ទាំងអស់ ត្រូវ​យក​ចំណេះ​ដឹង និង​ជំនាញ ដែលខ្លួន​មាន​នោះ មក​បំពេញ​ឱ្យ​បាន​ខ្ជាប់ខ្ជួន និង​ត្រឹមត្រូវ​ប្រកប​ដោយ​ក្រម​សីលធម៌ ដើម្បី​បម្រើ​ផលប្រយោជន៍​ប្រជាជន និង​រួម​ចំណែក​កសាង​ប្រទេស​ជាតិ​ឱ្យ​រីក​ចម្រើន​ទៅ​មុខ​។

ខាង​ក្រោម​​នេះ​គឺ​ជា​កិច្ច​សម្ភាស​រវាង​លោក ណើរ ណារិទ្ធ អនុ​ប្រធាន​នាយកដ្ឋាន​សេវា​ច្បាប់ និង​វិវាទកម្ម និង​ជា​ទីប្រឹក្សា​សមាជិក​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជា​មួយ​នឹង​លោក ដាញ់ បូរ៉ាត់ ជា​សិក្ខាកាម​មកពី​ញូវសន៍រូម​ខេម​បូឌា​​ (Newsroom Cambodia)​​៖ 

Q: ជម្រាប​សួរ​លោក ណើរ ណារិទ្ធ!

A: បាទ ជម្រាប​សួរ!

Q: ជាដំបូង​ខ្ញុំ​សូម​សួរថា តើ​ដូចម្តេច​ដែល​ហៅ​ថា​មន្រ្តី​រាជការ?

A: ជា​ដំបូង ខ្ញុំ​សូម​បញ្ជាក់​ថា មន្រ្តី​រាជការ​គឺ​ជា​បុគ្គល​ដែល​ត្រូវ​ជ្រើសរើស​ដោយ​ប្រឡង​ប្រជែង​ឱ្យចូល​ក្នុង​ក្របខ័ណ្ឌ ដើម្បី​បម្រើ​សេវា​សាធារណៈ ដែល​ធ្វើ​ការ​ទៅ​តាម​បញ្ជា​របស់​ថ្នាក់លើ និងតាម គោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល ហើយ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​ដោយ​វិធាន​ទាំងឡាយ ដែល​មាន​ចែង​ក្នុង​ច្បាប់​សហ​លក្ខន្តិកៈ​មន្រ្តី​រាជការ​ស៊ីវិល។ ត្រូវ​ចាំ​ថា តំណែង​រដ្ឋមន្រ្តី រហូត​ដល់​ថ្នាក់ការិយាល័យ មិន​មែន​ជា​តំណែង​កេរ្តិ៍មរតក​ទេ មន្រ្តី​នយោបាយ អាច​ជា​ជំនួយ​ការ ទីប្រឹក្សា រដ្ឋលេខា​ធិ​ការ រដ្ឋ​មន្រ្តី តំណាង​រាស្រ្ត​ហើយ អ្នក​ទាំង​នោះ​អាច​មាន​ក្របខ័ណ្ឌ ឬ​គ្មាន​ក្របខ័ណ្ឌ។ តែ​អ្នកមាន​ក្របខ័ណ្ឌ​អាច​ឡើង​កាំ និង​ឋានៈ​បាន។

Q: តើ​មន្រ្តី​រាជការ ឬ​មន្រ្តី​រដ្ឋ​មាន​ទំនួល​ខុស​ត្រូវ​អ្វីខ្លះ​ចំពោះ​ប្រទេស​ជាតិ និង​ប្រជាជន?

A: មន្រ្តី​រាជការ​ត្រូវ​មាន​ទំនួល​ខុស​ត្រូវ​ចំពោះ​ជាតិ និង​ប្រជាជន​គឺ ត្រូវ​មាន​អព្យា​ក្រឹតភាព​ក្នុង​សកម្មភាពការងារ និង​ហាមឃាត់​នូវ​ការ​ប្រើប្រាស់​មុខងារ​របស់​ខ្លួន និង​សម្ភារៈ​របស់​រដ្ឋ​ដើម្បី​បម្រើ​សកម្មភាព នយោបាយ​ណា​មួយ​ដូចជា ធ្វើ​ការ​ដើម្បី​ផល​ប្រយោជន៍ ដល់​បេក្ខជន​នយោបាយ ឬ​ប្រឆាំង​គណៈបក្ស​នយោបាយ​ណា​មួយ និង​ធ្វើ​ការ​ដើម្បី​ប្រយោជន៍​គណៈបក្ស​នយោបាយ ឬ​ប្រឆាំង​នឹង​គណៈបក្សនយោបាយ​ណា​មួយ។ ជា​រួម ការ​ប្រព្រឹត្ត​ផ្ទុយ​មាត្រា​នេះ​ចាត់​ទុក​ជា​កំហុស និង​ការ​ឆ្គាំឆ្គង​ក្នុង​វិជ្ជាជីវៈ។ មន្រ្តី​រាជការ​ជា​អ្នក​បម្រើ​រដ្ឋ បម្រើ​ផល​ប្រយោជន៍​សាធារណៈ ប្រយោជន៍​រួម​មិន​មែន ប្រយោជន៍​បុគ្គល ឬ​ក្រុម​បក្ស​ណា​មួយ​ឡើយ។

ច្បាប់​សហ​លក្ខន្តិកៈមន្រ្តី​រាជការ​ស៊ីវិល ក៏​បាន​ហាមប្រាម​ជា​ដាច់​ខាត​ផង​ដែរ ដល់​អ្នក​រាជការ​ក្នុង​ពេល​បំពេញ​ការងារ​មិន​ឱ្យ​យក​អំណាច​នៅ​ក្នុង​មុខងារ​របស់​ខ្លួន​ទៅ​បម្រើ​ទាញ​យក​ប្រយោជន៍​អ្វី​មួយ ឬ​សម្លុត​គំរាម​កំហែង​បំពាន​សិទ្ធិ​របស់​ប្រជា​ពលរដ្ឋនោះទេ។

Q: តើ​មន្រ្តី​រាជការ ឬ​មន្រ្តី​រដ្ឋ​ត្រូវ​បំពេញ​តួនាទី​អ្វី​ខ្លះ​ដើម្បី​រួម​ចំណែក​កសាង​ជាតិ​ឱ្យ​រីក​ចម្រើន?

A: ដើម្បី​កសាង​ជាតិ​មន្រ្តី​រាជការ​ត្រូវ​បំពេញ ទាំង​កាតព្វកិច្ច​ក្នុង​ការ​អនុវត្ត​ការងារ និង​ក្នុង​ពេល​បំពេញការងារ​ផង​ដែរ។ ការ​ខកខាន​មិន​បាន​បំពេញ​នូវ​កាតព្វកិច្ច​នេះ ឬ​ធ្វេសប្រហែស​ក្នុង​ការ​បំពេញសុទ្ធ​តែ​នាំ​មក​នូវ​ផល​វិបាក​មិន​ល្អ​ដល់​ការងារ​សេវា​សាធារណៈ ហើយ​អ្នក​រាជការ​ដែល​មិន​បាន​បំពេញ​នូវកាតព្វកិច្ច​របស់​ខ្លួន​តាម​តម្រូវ ​សុទ្ធ​តែ​ត្រូវ​ទទួល​នូវ​ទណ្ឌកម្ម​ខាង​វិន័យ​ទាំងអស់។

ក្នុង​នោះ​ក៏​មាន​កាតព្វកិច្ច​រ៉ាប់រង​សេវា​របស់​ខ្លួន ដែល​តម្រូវ​ឱ្យ​មន្រ្តី​រាជការ​គ្រប់​រូប​រ៉ាប់រង​ចំពោះ​ការងារ ឬ​សេវាទាំងឡាយ​ដែល​រដ្ឋ (ថ្នាក់​លើ) ប្រគល់​ជូន ឬ​ចាត់​តាំង​ឱ្យ​អនុវត្តន៍ ព្រោះ​ការងារ​ដែល​អ្នក​រាជការ​ទទួល​អនុវត្តន៍​គឺ​ជា​ការងារ​រដ្ឋ ការងារ​សាធារណៈមាន​ការ​បែងចែក និង​កំណត់​ច្បាស់លាស់ចំពោះ​មន្រ្តី​ម្នាក់ៗ។ ហើយ​តម្រូវ​ជា​ចាំបាច់​ឱ្យ​មន្រ្តី​រូបនោះ​មាន​វត្តមាន បើ​មិន​ទៅ​កាន់​កន្លែង​អនុវត្ត តាម​ការ​កំណត់​នៃ​ច្បាប់​នោះបាន​សេចក្តី​ថា​ធ្វើ​ឱ្យ​មាន​ចន្លោះ​ប្រហោង​នៅ​ក្នុង​ការ​បំពេញ​មុខងារសាធារណៈ ដែល​សុទ្ធ​តែ​ជា​កំហុស និង​ជា​ការ​ឆ្គាំឆ្គង​នៅ​ក្នុង​វិជ្ជាជីវៈមន្រ្តី​រាជការ​បម្រើ​រដ្ឋ។

ចំពោះ​កាតព្វកិច្ច​គោរព​ម៉ោង​ធ្វើការ ដែល​ជា​ធម្មតា​មន្រ្តី​រាជការ​ទាំងអស់​ត្រូវ​គោរព​ឱ្យ​បាន​នៅ​ពេល ម៉ោង​ធ្វើការ​រដ្ឋ ឬ​របស់​ក្រសួង ស្ថាប័ន អង្គភាព​ដែល​ខ្លួន​នៅ​បម្រើ​ការងារ​នោះ។ ក្រៅ​ពី​កាតព្វកិច្ច​ទាំង​​​​នោះ ក៏​មាន​កាតព្វកិច្ច​ជា​ច្រើន​ទៀត​ដូចជា កាតព្វកិច្ច​ត្រូវ​បំពេញ​តួនាទី​របស់​ខ្លួន​ជា​អ្នក​រាជការ​បម្រើ​​ការងារ​រដ្ឋ ការងារ​សាធារណៈ​មិន​ត្រូវ​ប្រកែក​មិន​ទទួល​តំណែង ឬ​មិន​បំពេញ​ភារកិច្ច​ដែល​ចាត់តាំង​ឡើយ គឺ​ត្រូវ​ទៅ​កន្លែង​ធ្វើការ​ហើយ​បំពេញ​ការងារ​តាម​ការ​ចាត់​តាំង​នោះ។

កាតព្វកិច្ច​គោរព​ឋានានុក្រម​រដ្ឋាបាល​សាធារណៈ គឺ​ជា​រដ្ឋបាល​ដែល​មាន​ឋានានុក្រម ថ្នាក់​លើ​ថ្នាក់ក្រោម ហើយ​លក្ខន្តិកៈ​ដោយ​ឡែក​នៃ​ក្របខ័ណ្ឌ​មន្រ្តី​រាជការ​ក៏​មាន​ការ​រៀបចំ​ទៅ​តាម​ទិសដៅ​នេះដែរ។ ចំពោះ​កាតព្វកិច្ច​ប្រកាន់​យក​ភាព​ថ្លៃថ្នូរ និង​កិត្តិយស គឺ​អ្នក​រាជការ​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ ថ្នាក់​លើ​អំពី​កិច្ចការ​របស់​ខ្លួន និង​អំពើ​ដែល​អាច​ធ្វើ​ឱ្យ​ប៉ះពាល់ ទៅ​លើ​សេចក្តី​ថ្លៃថ្នូរ និង​កិត្តិយស​របស់​ខ្លួន។

មួយ​វិញ​ទៀត​កាតព្វកិច្ច​លាក់ការណ៍ ក៏​តម្រូវ​ឱ្យ​អ្នក​រាជការ​មិន​ត្រូវ​ធ្វើ​ឱ្យ​ខូច ឬ​អាប់​ឱន​ដល់​កិត្យានុភាព​​រដ្ឋបាល​សាធារណៈ ពោល​គឺ​ត្រូវ​ចេះ​លាក់ការណ៍។ ចំណែក​កាតព្វកិច្ច​ការ​សម្ងាត់​វិជ្ជាជីវៈវិញ គឺ​តម្រូវ​ឱ្យ​អ្នក​រាជការ​ទាំងអស់ ធ្វើ​យ៉ាងណា​កុំ​ឱ្យ​បែក​ធ្លាយ​ចេញ​ទៅ​ក្រៅ​នូវ​រាល់​ហេតុការណ៍ គ្រប់​ព័ត៌មាន ឯកសារ​ទាំងឡាយ​ណា​ដែល​ខ្លួន​បាន​ដឹង​ឮ​នៅ​ក្នុង​ការងារ ឬ​នៅ​ក្នុង​បំពេញ​ការងារ​បើសិន​ជា​គ្មានការ​អនុញ្ញាត​ពី​ថ្នាក់​លើ​របស់​ខ្លួន ឬ​ក្រៅ​សមត្ថភាព​របស់​ខ្លួន ឬ​គ្មាន​ការ​កំណត់​ដោយច្បាប់។

រីឯកាតព្វកិច្ច​អព្យាក្រឹត​ក្នុង​ការងារ មន្រ្តី​រាជការ​ត្រូវ​មាន​អព្យាក្រឹតភាពក្នុង​សកម្មភាព​ការងារ និង​ហាមឃាត់​នូវ​ការ​ប្រើប្រាស់​មុខងារ​របស់​ខ្លួន និង​សម្ភារៈ​របស់​រដ្ឋ​ដើម្បី​បម្រើ​ផលប្រយោជន៍​នយោបាយ។ ខណៈ​កាតព្វកិច្ច​ភក្តីភាព ជា​គោលការណ៍​ការ​ចូល​បម្រើ​ក្នុង​រដ្ឋបាល​សាធារណៈ​ធ្វើឡើងតាម​រយៈ​ការ​ប្រលង​ប្រជែង​ គ្មាន​ការ​បង្ខិតបង្ខំ​ គឺ​ជា​ការ​ជ្រើសរើស​ប្រកប​ដោយ​ការ​គិត​គូរច្បាស់លាស់ពី​សំណាក់​អ្នក​រាជការ​ម្នាក់ៗ។

ចំណែក​កាតព្វកិច្ច​គិតគូរ​ប្រយោជន៍​ទូទៅ ប្រការ​នេះ​គឺ​ជៀសវាង​មិន​ឱ្យ​អ្នក​រាជការ​ប្រើប្រាស់​ឥទ្ធិពល ពេល​ម៉ោង​រដ្ឋ អង្គភាព បុគ្គលិក សេវា​ទ្រព្យសម្បត្តិ​រដ្ឋ ឬ​លួច​បន្លំ​កេងប្រវ័ញ្ច​របស់​ទាំងនោះ ដើម្បី​ទាញ​យក​ផល​ប្រយោជន៍​ផ្ទាល់ខ្លួន ឱ្យ​ក្លាយ​ជា​រណប​នៃ​ប្រយោជន៍​ផ្ទាល់ខ្លួន គិតគូរ និង​សម្រេច​ចិត្តលើ​កិច្ចការ​ក្នុង​ភាព​លំអៀង អគតិ​ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ខូច​ប្រយោជន៍​សាធារណៈ។

ចុងក្រោយ កាតព្វកិច្ច​មិន​ប្រកប​មុខរបរ​បន្ថែម​ត្រួត​លើ​មុខងារ គឺ​កាតព្វកិច្ច​នេះ​មាន​ចែង​ក្នុង​មាត្រា ៣៥-៦ នៃ​ច្បាប់​សហលក្ខន្តិកៈ​មន្រ្តី​រាជការ​ស៊ីវិល។ ករណី​វិសមត្ថភាព​នៃ​ការងារ​របស់​អ្នក​រាជការ ក្នុង​មុខងារ​សាធារណៈ​មាន​កំណត់​ច្បាស់លាស់​ទៅ​តាម​ករណី​នីមួយៗ​នៅ​ក្នុង​ច្បាប់​ដោយឡែកៗ ដូច​ជា​ច្បាប់​បោះឆ្នោត​ជាដើម ការ​ប្រកប​មុខរបរ​បន្ថែម​ត្រួត​លើ​មុខងារ​ប្រចាំ​របស់​អ្នក​រាជការ មិន​អាច​​ឱ្យ​អ្នក​រាជការ​នោះ​មាន​លទ្ធភាព​គ្រប់គ្រាន់ និង​បំពេញ​កាតព្វកិច្ច​ទាំងឡាយ​ខាង​លើ​ដែល​តម្រូវ ដោយ​រដ្ឋបាល​សាធារណៈ​បាន​ឡើយ។  ​

Q: តើការខ្វែងគំនិត និង​ការមិនយល់​ចិត្ត​គ្នា​រហូត​ក្លាយជា​ទំនាស់​របស់​មន្រ្តី​ក្នុង​ស្ថាប័ន​នីមួយៗ​អាច​ធ្វើ​ឱ្យ​រាំងស្ទះការអភិវឌ្ឍន៍ជាតិដែរទេ? ហេតុអ្វី?

A: ចំពោះ​ការ​ខ្វែង​គំនិត និង​ការ​មិន​យល់​ចិត្ត​គ្នា​រហូត​ក្លាយ​ជា​ទំនាស់​របស់​មន្រ្តី​ក្នុង​ស្ថាប័ន​នីមួយៗ មិន​បង្ក​ឱ្យ​រាំង​ស្ទះ​ដល់​ការ​អភិវឌ្ឍន៍​ប្រទេសជាតិ​នោះ​ទេ ពី​ព្រោះ​វា​មាន​ការ​ខ្វែង​គំនិត មិន​យល់​ចិត្ត​គ្នា រហូត​ដល់​មាន​ទំនាស់​ក្នុង​ស្ថាប័ន​ក៏​ពិត​មែន ប៉ុន្តែ​វា​ជា​រឿង​មូយ​ជា​ផ្នែក​មួយ​តូច​នៅ​ក្នុង​ការ​អភិវឌ្ឍន៍
ជាតិ។ នៅ​ក្នុង​ស្ថាប័ន​នៅ​ពេល​ដែល​មាន​ការ​ខ្វែង​គំនិត​គ្នា ហើយ​និង​ការ​មិន​យល់​ចិត្ត​គ្នា អ៊ីចឹង​ការខ្វែង​គំនិត​គ្នា​គេ​នឹង​ពិចារណា ហើយ​គេ​នឹង​យក​គំនិត​មួយ គេ​នឹង​ជម្រើស​គំនិត​មួយ​ដើម្បី​ដំណើរការនៃ​ការ​អភិវឌ្ឍន៍​ស្ថាប័ន​ដើម្បី​ដំណើរការ​នៃ​ការ​អនុវត្តន៍​ការងារ​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​ជំនាញ​ស្ថាប័ន​ហ្នឹង។

ការ​មិន​យល់​ចិត្ត​គ្នា​ក៏​ដោយ វា​មាន​ការ​ប៉ះ​ទង្គិច​បន្តិចបន្តួច​មាន​ការ​ខ្វែង​គំនិត ធ្វើ​ឱ្យ​មាន​ការ​យឺតយ៉ាវ នៃ​ការ​អនុវត្តន៍​ការងារ​នៅ​ក្នុង​ស្ថាប័ន​ក៏​ពិត​មែន ប៉ុន្តែ​គេ​នៅ​តែ​មាន​ជម្រើស គេ​នៅ​តែ​មាន​វិធី​នៃ​ការជម្រើស​គំនិត​មួយ​ដើម្បី​យក​ទៅ​ធ្វើ​ការ​សម្រេច​ចិត្ត យក​ចំណុច​អតិភាព​ដើម្បី​លុប​ទំនាស់​នៅ​ក្នុងស្ថាប័ន។ អ៊ីចឹង​អ្នក​ដែល​មិន​ចូល​រួម អ្នក​ដែល​មិន​យល់​ស្រប គាត់​មិន​ចូល​រួម​ការងារ​ហ្នឹង ប៉ុន្តែ​អ្នកដែល​គេ​មាន​ជម្រើស ហើយ​គេ​មាន​គំនិត​គេ​នឹង​អនុវត្ត​ការងារ អ៊ីចឹង​និរន្តរភាព​ការងារ​នៅ​ក្នុងស្ថាប័ន វា​នៅ​តែ​ប្រក្រតី ដំណើរ​ការ​អភិវឌ្ឍ​ទៅ​មុខ​ជា​ធម្មតា ដូច្នេះ​ដំណើរការ​រដ្ឋបាល​របស់​ស្ថាប័ន វា​នៅ​តែ​ដើរ​គ្រប់​ស្ថាប័ន​ទាំងអស់។

ខ្ញុំ​សូម​បញ្ជាក់​ថា ការ​ខ្វែង​គំនិត​គ្នា ការ​មិន​យល់​ចិត្ត​គ្នា គឺ​នៅ​ក្នុង​ន័យ​ចង់​ឱ្យ​ស្ថាប័ន​ល្អ នៅ​ក្នុង​ន័យចង់​ឱ្យ​ប្រទេស​ជាតិ​ល្អ អ៊ីចឹង​ទាំង​គំនិត​វិជ្ជមាន និង​អវិជ្ជមាន​សុទ្ធ​តែ​ត្រូវ​បាន​យក​មក​ពិចារណា ហើយយក​មក​គិត និង​ជា​ជម្រើស​ដដែល​ទេ។

Q: តើ​អាច​នឹង​មាន​វិបត្តិ​អ្វី​កើត​ឡើង​នៅ​ពេល​ដែល​មន្រ្តី​រាជការ ឬ​មន្រ្តី​រដ្ឋ​មិន​បំពេញ​តួនាទី ឬ​មាន​អំពើ​ពុករលួយ​នៅ​តាម​ស្ថាប័ន​ដែល​ពួកគេ​ធ្វើការ?

A: ចំពោះ​រឿង​នេះ​វា​អាច​នឹង​កើត​ឡើង​នូវ​ការិយាធិបតេយ្យ ប្រសិនបើ​ក្នុង​មន្រ្តី​រដ្ឋបាល ឬ​មន្រ្តី​រាជការដែល​គាត់​មិន​បាន​បំពេញ​តួនាទី​របស់​ខ្លួន​ទេ អ៊ីចឹង​វា​ធ្វើ​ឱ្យ​កើត​មាន​ការិយាធិបតេយ្យ​នៅ​ក្នុង​អង្គភាពហ្នឹង​ វា​អាច​ឱ្យ​សេវា​នៃ​ការ​ផ្តល់​តួនាទី ឬ​ជំនាញ​ទាំងអស់​ហ្នឹង​វា​មិន​បាន​ត្រឹមត្រូវ វា​មិន​បាន​ដល់​ដៃប្រជាជន។ ហើយ​វា​មិន​បាន​បំពេញ​ឯករាជ្យ របស់​តួនាទី​ជំនាញ​រៀងៗខ្លួន ទី១​វា​អាច​នឹង​យឺតយ៉ាវ ទី២ វា​អាច​អ្នក​ទទួល​សេវា​គឺ​ប្រជាជន​ហ្នឹង គាត់​ទទួល​ការ​បម្រើ​ ឬ​ការ​ផ្តល់​សេវា​ពី​រដ្ឋ ពី​មន្រ្តី​មិន​បានទាន់​ពេលវេលា ចំណាយ​ពេលយូរ ចំណាយ​ថវិកា ឱ្យ​មាន​កំហុស​នៅ​ពេល​បំពេញ​ឯកសារ​អី​វា​អាចខុស​ច្រើន។

អ៊ីចឹង​ប្រសិនបើ​មាន​ការ​វិវត្ត​ដល់​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ​នៅ​តាម​ស្ថាប័ន វា​ធ្វើ​ឱ្យ​កើត​មាន​វិបត្តិ​ជាច្រើន ទី​១​យើង​បាត់​នូវ​គុណភាព​ការងារ ប្រសិទ្ធភាព​ការងារ ហើយ​ទី​២​គឺ​យើង​បាត់​នូវ​ថវិការ​​ជាតិ ឬ​បាត់​នូវ​អ្វី​ជា​ប្រយោជន៍​សេវា​សាធារណៈអី​ទាំង​អស់​ហ្នឹង​ត្រូវ​បាន​ខូច ត្រូវ​បាន​បាត់បង់។

Q: តើ​មន្រ្តី​រាជការ ឬ​មន្រ្តី​រដ្ឋ គួរ​កសាង​ភាព​ស្អាតស្អំ​ដើម្បី​ជាតិ និង​ប្រជាជន​ដោយ​របៀប​ណា​ខ្លះ?

A: មិន​ខុស​ឆ្ងាយ​ពី​ទំនួល​ខុស​ត្រូវ​របស់​មន្រ្តី​រាជការ​ចំពោះ​ជាតិ និង​ប្រជាជន​នោះ​ទេ មន្រ្តី​រាជការ​ទាំងអស់​ត្រូវ​មាន​ភាពស្អាតស្អំ​ផងដែរ ដោយ​ប្រកាន់​ខ្ជាប់​នូវ​អព្យាក្រឹត​ភាព​របស់​ខ្លួន និង​បម្រើ​អតិថិជន​ជា ប្រជា​ពលរដ្ឋ ជា​អ្នក​ទទួល​សេវាកម្ម​ទាំងអស់ ក្នុង​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់ មិន​លំអៀង មិន​អគតិ។ ស្ថិត​ក្នុង​ភាព​ស្អាតស្អំ​នេះ​ដែរ ការ​ប្រើប្រាស់​មុខងារ សម្ភារៈ និង​បុគ្គលិក​រដ្ឋ​ដើម្បី​ផល​ប្រយោជន៍​ផ្ទាល់ខ្លួន ជា​ពិសេស​ដើម្បី​សកម្មភាព​នយោបាយ គឺ​ជា​ប្រការ​ដែល​ផ្ទុយ​នឹង​គោល​ការណ៍​អព្យាក្រឹត​ភាព មួយ​ទៀត​នៃ​រដ្ឋបាល​សាធារណៈ ហើយ​ក៏​ត្រូវ​ហាម​ឃាត់​ដាច់ខាត​ផង​ដែរ។

Q:​ តើ​ចំណេះ​ដឹង និង​ក្រម​សីលធម៌​របស់​មន្រ្តី​រាជការ ឬ​មន្រ្តី​រដ្ឋ​មាន​សារៈសំខាន់​យ៉ាងណា​ខ្លះ​ចំពោះជាតិ និង​ប្រជាជន​របស់​ខ្លួន?

A: វា​ពិត​ជា​មាន​សារៈសំខាន់​អំពី​ចំណេះ​ដឹង និង​ក្រម​សីលធម៌​របស់​មន្រ្តី គឺ​មន្រ្តី​រាជការ​នៅ​ពេលដែល​ខ្លួន​មាន​ក្រម​សីលធម៌ និង​អនុវត្ត​បាន​ខ្ជាប់ខ្ជួន​ដោយ​មាន​ចែង និង​សរសេរ​កំណត់​ដោយ​ច្បាប់ មាន​១០​ចំណុច​អំពី​ក្រម​សីលធម៌​របស់​មន្រ្តី ដែល​ចំណុច​ទាំង​១០​នោះ​រួមមាន​ការ​គោរព​ពេល​វេលា គោរព​ឋានានុក្រម ការ​គោរព​ការ​ចាត់​តាំង វិន័យ​ការងារ ការងារ​រក្សា​សីលធម៌ រក្សា​នូវ​សុចរិតភាព ភក្តីភាព ឥស្សរភាព អព្យាក្រឹត និងទី​១០​រក្សា​នូវ​អតិភាព។

ចំណែក​ចំណេះ​ដឹង​របស់​មន្រ្តី​រាជការ ជា​ធម្មតា​ទេ​បើ​កាលណា​ប្រទេស​មួយ​អភិវឌ្ឍ​ទៅ​បាន​លឿន ឆាប់​រីក​ចម្រើន គឺ​វា​អាស្រ័យ​ទៅ​លើ​ធនធាន​មនុស្ស ដូច្នេះ​ចំណេះ​ដឹង​ជា​ធនធាន​ចំបង​មួយ​នៃ ធនធាន​​ចំណេះ​ដឹង​មន្រ្តី​រាជការ ក៏​ជា​ធនធាន​ចំបង​របស់​មនុស្ស​ទូទៅ​នៅ​ក្នុង​ប្រទេស​មួយ​ហ្នឹង​ដែរ។ អ៊ីចឹងប្រទេស​ជាតិ​ដែល​ពោរពេញ​ដោយ​មន្រ្តី​ដែល​មាន​ចំណេះ​ដឹង ប្រជាជន​ដែល​មាន​ចំណេះ​ដឹង គឺ​មាន​ការ​អភិវឌ្ឍន៍​លឿន មាន​ការ​រីកចម្រើន​លឿន។ ហើយ​នៅ​ពេល​ដែល​មាន​គោលនយោបាយ ឬ​ក៏​ការ​អនុវត្តន៍នូវ​យន្តការ​គម្រោង គោលដៅ និង​យុទ្ធសាស្រ្ត​អី​មួយ​វា​លឿន ដោយសារ​មន្រ្តី​ដែលបម្រើ​ឱ្យ​សេវា​នៅ​ក្នុង​អង្គភាព ស្ថាប័ន ឬ​ក៏​មន្រ្តី​នៅ​ក្នុង​រដ្ឋមួយ ដែល​ពោរពេញ​ដោយ​ចំណេះដឹង​គឺ​វាលឿន ហើយ​ប្រសិទ្ធភាពនៃ​ការ​ដាក់​ចេញ​នូវ​គោល​នយោបាយ​របស់​រដ្ឋាភិបាល​គឺ​ឆាប់​យល់​ទទួលបាន អ៊ីចឹង​លទ្ធផល​វា​ធ្វើ​ឱ្យ​ប្រទេស​ហ្នឹង​វា​លឿន មាន​ការ​អភិវឌ្ឍន៍​លឿន។ ​      

Q: អរគុណ​លោក ណើរ ណារិទ្ធ សម្រាប់​ការ​ផ្តល់​សម្ភាសន៍។​

A: បាទ អរគុណ!៕