អត្រាឆ្លងថ្មីនៃមេរោគអេដស៍មានការថយចុះ តែនៅជាបញ្ហាប្រឈមសម្រាប់កម្ពុជា ខណៈអ្នកជំនាញទទូចឱ្យពលរដ្ឋមានការប្រុងប្រយ័ត្នលើបញ្ហានេះ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរួមរបស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងយូអិនអេដស៍ (UNAIDS) នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤បានឱ្យដឹងថា តាមការប៉ាន់ប្រមាណបែបវិទ្យាសាស្ត្រដែលធ្វើឡើងក្នុងឆ្នាំ២០២៤ ចំនួនអ្នកឆ្លងថ្មីនៃមេរោគអេដស៍មានការថយចុះពី ១,៣០០នាក់នៅឆ្នាំ២០២២ មកនៅត្រឹម ១,២០០នាក់នៅឆ្នាំ២០២៣ គឺធ្លាក់ចុះចំនួន១០០នាក់។
សេចក្តីប្រកាសព័ត៌មានដដែលបន្ថែមថា ប្រជាជនគន្លឹះដែលជាក្រុមប្រឈមនឹងហានិភ័យខ្ពស់ទាំងនោះមានដូចជា ក្រុមបុរសរួមភេទជាមួយបុរស ក្រុមអ្នកបំប្លែងភេទ ក្រុមស្រ្តីបម្រើសេវាកម្សាន្ត និងក្រុមប្រើប្រាស់-ចាក់គ្រឿងញៀន។ ក្នុងនោះ ការឆ្លងថ្មីភាគច្រើនកើតមានក្នុងចំណោមក្រុមយុវវ័យអាយុចន្លោះពី១៥-២៤ឆ្នាំ ដែលជាក្រុមអាយុមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់នូវការយល់ដឹងពីមេរោគអេដស៍។
លោកសាស្រ្តចារ្យជំនួយ អ៊ុក វិជ្ជា ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ នៃក្រសួងសុខាភិបាល ថ្លែងប្រាប់ Newsroom Cambodia ថា បើទោះបីជាអត្រានៃការឆ្លងមេរោគអេដស៍មានការថយចុះ ប៉ុន្តែលោកនៅមិនទាន់ពេញចិត្តទាំងស្រុងចំនួននេះនៅឡើយ។
លោកមានប្រសាសន៍ថា៖ «សួរថាយើងពេញចិត្តទេ? យើងមិនទាន់ពេញចិត្តទេ យើងចង់បាននូវចំនួនដែលបានកំណត់ក្នុងគោលដៅនៃការលុបបំបាត់អេដស៍ គឺឱ្យនៅតិចជាង ៣០០ ឬ ២៥០ នៃការឆ្លងថ្មីនៃមេរោគអេដស៍ក្នុងមួយឆ្នាំ នៅឆ្នាំ២០២៥»។
លោកសាស្រ្តាចារ្យបន្ថែមដោយទទូចឱ្យប្រជាពលរដ្ឋទាំងអស់បង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ចំពោះករណីរីករាលដាលនៃមេរោគអេដស៍នេះ ដោយសារមេរោគអេដស៍នៅតែបន្តការឆ្លងរាលដាលនៅឡើយ ជាពិសេស ក្នុងចំណោមយុវជនវ័យក្មេង។
លោកសាស្រ្តាចារ្យ អ៊ុក វិជ្ជា បន្ថែមថា៖ «យើងទាំងអស់គ្នាត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការអប់រំផ្សព្វផ្សាយ លើកទឹកចិត្តឱ្យធ្វើតេស្តរកមេរោគអេដស៍ និងឆាប់មកទទួលការព្យាបាល ជាពិសេស ក្នុងចំណោមក្រុមប្រជាជនប្រឈមមុខនឹងការឆ្លងខ្ពស់ ដូចជា ក្រុមបុរសរួមភេទជាមួយបុរស ក្រុមអ្នកបំលែងភេទ ស្រ្តីបម្រើសេវាកំសាន្ត និងក្រុមអ្នកចាក់គ្រឿងញៀន ហ្នឹង»។
លោក អ៊ុក វិជ្ជាបន្ថែមថា បើប្រៀបធៀបចំនួនករណីឆ្លងថ្មីនៃមេរោគអេដស៍គឺមានការថយចុះពី ២២០០ ករណីនៅ ឆ្នាំ២០១០មកនៅត្រឹម ១២០០ ករណីនៅឆ្នាំ ២០២៣ គឺមានការថយចុះ ៤៦%។ លទ្ធផលនៃការបន្ថយនៃការឆ្លងថ្មីនៃមេរោគអេដស៍ ព្រមគ្នាមានអត្រាគ្របដណ្តប់សេវាព្យាបាលជំងឺខ្ពស់រហូតដល់ ៩៩% នៃអ្នកដែលត្រូវការសេវាព្យាបាលជំងឺអេដស៍នៅប្រទេសកម្ពុជា។
លោកបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ប្រាប់ Newsroom Cambodia ថា កម្ពុជាមានផែនការយុទ្ធសាស្ត្រជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍លើកទី៦ ឆ្នាំ២០២៤-២០២៨ និង ផែនការយុទ្ធសាស្ត្រដើម្បីបង្ការការរីករាលដាលជំងឺអេដស៍-កាមរោគ និងថែទាំអ្នកផ្ទុកមរោគអេដស៍/ជំងឺកាមរោគក្នុងវិស័យសុខាភិបាល ឆ្នាំ២០២១-២០២៥ ដើម្បីទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍ឱ្យស្របតាមគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨។
លោកបណ្ឌិត ឃិនដារ៉េត បញ្ជាក់ថា រដ្ឋាភិបាលបានផ្តល់ជូន នូវការគាំទ្រដល់អ្នកផ្ទុកមេរោគអេដស៍ ជាច្រើនដូចជា ការព្យាបាលដោយឱសថប្រឆាំងនឹងមេរោគអេដស៍ និងការធ្វើតេស្តរកមេរោគអេដស៍ដោយឥតគិតថ្លៃ។ លោកថា អ្នកផ្ទុកមេរោគអេដស៍ទាំងអស់មានសិទ្ធិទទួលប័ណ្ណសមធម៌ ដើម្បីទទួលបានសេវាថែទាំសុខភាព និងការគាំពារសង្គមពីរដ្ឋ។
យោងតាមការប៉ាន់ស្មាន ឆ្នាំ២០២៣ អ្នកផ្ទុកមេរោគអេដស៍សរុបចំនួន ៧៦,០០០នាក់ ហើយអ្នកដែលកំពុងទទួលការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៤ មានចំនួន ៦៨,១៥១នាក់។ នេះបើតាមលោកសាស្រ្តាចារ្យ អ៊ុក វិជ្ជា៕