បារីអេឡិចត្រូនិកត្រូវគេចាត់ទុកថាជាឈ្មោះគ្រឿងញៀនមួយប្រភេទទៀត និងកំពុងវាយលុកនៅលើទីផ្សារក្នុងសង្គមកម្ពុជា។បច្ចុប្បន្នគ្រឿងញៀនប្រភេទនេះ មិនមែនមានតែមនុស្សវ័យកណ្តាលទេ ដែលនិយមប្រើប្រាស់វា សូម្បីសិស្សានុសិស្ស នៅតាមគ្រឹះស្ថានសិក្សារដ្ឋ ក៏កំពុងក្លាយជាគោលដៅថ្មីមួយទៀតដែរ។មួយរយៈពេលចុងក្រោយនេះ របាយការណ៍របស់អាជ្ញាធរ បង្ហាញថាអត្រានៃការប្រើប្រាស់គ្រឿងញៀនប្រភេទនេះ ចំពោះសិស្សានុសិស្សចាប់ពីកម្រិតបឋមសិក្សា ដល់ថ្នាក់ឧត្តមកំពុងមានសកម្មភាពផុសផុល។
រដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងអប់រំ និងក្រសួងសុខាភិបាល ជាសេនាធិការ ធ្លាប់បានដាក់ចេញវិធានការជាបន្តបន្ទាប់ឱ្យទប់ស្កាត់ការប្រើប្រាស់បារីអេឡិចត្រូនិកនេះ ជាពិសេសក្នុងសាលារៀន។យ៉ាងណាមិញ គេសង្កេតឃើញថា វិធានការទាំងនោះហាក់មិនទាន់ជាវិធានការក្តៅ ក្នុងការកាត់ផ្តាច់ការប្រើប្រាស់បារីអេឡិចត្រូនិកនេះឱ្យមានប្រសិទ្ធភាពនៅឡើយទេ។
ជាក់ស្តែង វត្តមានអ្នកប្រើប្រាស់បារីអេឡិចត្រូនិកគេសង្កេតឃើញមានកាន់តែច្រើនទៅៗ ដែលភាគច្រើនជាយុវជនពាក់ឯកសណ្ឋានជាសិស្សសាលា ហើយប្រើប្រាស់ឧបករណ៍នេះនៅតាមហាងកាហ្វេ និងទីតាំងជួបជុំនានា រួមទាំងបរិវេណសាលារៀនផង។ករណីនេះសង្កេតឃើញសមត្ថកិច្ចឃាត់ខ្លួនបានជាបន្តបន្ទាប់ខ្លះៗហើយដែរ។
កង្វះវិធានការក្តៅក្នុងការទប់ស្កាត់ការប្រើប្រាស់បារីអេឡិចត្រូនិកនេះ បានជំរុញឱ្យសារធាតុញៀនមួយនេះកាន់តែជោគជាំដល់យុវជនដែលជាសិស្សានុសិស្សនៅតាមវិទ្យាល័យ អនុវិទ្យាល័យ ហើយជាពិសេសគឺបានធ្លាក់មកដល់ដៃសិស្សបឋមសិក្សា ដែលបង្កជាក្តីបារម្ភដល់ប្រព័ន្ធអប់រំនៅកម្ពុជា។
កាលពីខែមីនាកន្លងទៅ សិស្សស្រីវ័យជំទង់នៅសាលារៀនមួយក្នុងរាជធានីភ្នំពេញ បានបង្ហោះ ឃ្លីប វីដេអូពីការប្រើប្រាស់បារីអេឡិចត្រូនិកនៅលើបណ្តាញសង្គមដោយសប្បាយរីករាយ។ប៉ុន្តែករណីនេះត្រូវសមត្ថកិច្ចខណ្ឌ៧មករា កោះហៅមកអប់រំ ព្រមទាំងមានការធានាពីអាណាព្យាបាល និងគ្រូបង្រៀន។
រំលងបាន ៣ខែ ពោលគឺនៅថ្ងៃទី១៦ ខែមិថុនាថ្មីៗនេះ សមត្ថកិច្ចបានឃាត់ខ្លួនសិស្សចំនួន ៥១នាក់ ដែលរៀននៅសាលាបឋមសិក្សាមួយស្ថិតក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ដោយសង្ស័យថាពួកគេបានប្រើប្រាស់បារីអេឡិចត្រូវនិក។ក្រោយសាកសួរ សមត្ថកិច្ចបានរកឃើញសិស្សប្រុស៧នាក់ និងស្រីម្នាក់ មានឧបករណ៍បារីអេឡិចត្រូនិក ខណៈពួកគេសុទ្ធតែមានវ័យក្រោម១៤ឆ្នាំ។
របាយការណ៍នេះ គឺជាផ្នែកមួយដែលសមត្ថកិច្ចនៅរាជធានីភ្នំពេញរកឃើញ ប៉ុន្តែជាក់ស្តែងសកម្មភាពប្រើប្រាស់បារីអេឡិចត្រូនិកនេះកំពុងក្លាយទៅជារូបភាពដ៏សាមញ្ញមួយនៅតាមបណ្តារាជធានីខេត្តផ្សេងៗទៀត ដែលគេតែងឃើញសិស្សានុសិស្សនិយមប្រមូលផ្តុំគ្នាប្រើប្រាស់បារីប្រភេទនេះជាហូរហែ។
អង្គការចលនាដើម្បីសុខភាពកម្ពុជា ដែលសិក្សាស្រាវជ្រាវជុំវិញករណីនេះ ក្នុងពេលកន្លងទៅនេះ រកឃើញថា អ្នកជក់បារីអេឡិចត្រូនិកភាគច្រើនមានវ័យចាប់ពី១៥ ដល់២៩ឆ្នាំ។ហើយភាគច្រើនលើសលប់ គឺជាសិស្សសាលាដែលមាន ៨៥ភាគរយនៃអ្នកប្រើប្រាស់ប្រភេទបារីអេឡិចត្រូនិកសរុប។
ចំណែក ក្រសួងអប់រំ និងក្រសួងសុខាភិបាលកម្ពុជា ធ្លាប់បានចេញសេចក្តីអំពានាវឱ្យអាជ្ញាធរ និងថ្នាក់ដឹកនាំសាលាទប់ស្កាត់ការលក់ និងប្រើប្រាស់បារីអេឡិចត្រូនិក ជាច្រើនលើកច្រើនសារហើយដែរ ដោយលើកឡើងពីផលប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ របស់ពួកគេ។
កាលពីថ្ងៃទី២៤ ខែឧសភាកន្លងទៅ ក្រសួងអប់រំ យុវជន និងកីឡា ជំរុញឱ្យមន្ទីរអប់រំ និងថ្នាក់ដឹកនាំសាលានៅទូទាំងរាជធានីខេត្ត ទប់ស្កាត់ការប្រើប្រាស់បារីអេឡិចត្រូនិកទាំងនៅខាងក្នុង និងជុំវិញបរិវេណគ្រឹះស្ថានសិក្សារដ្ឋ និងឯកជន ដើម្បីបញ្ចៀសយុវជនពីការអូសទាញឱ្យប្រើប្រាស់ឧបករណ៍ញៀនប្រភេទនេះ។
ទោះជាស្ថាប័នរដ្ឋដាក់ចេញវិធានការណែនាំយ៉ាងនេះក្តី ក្រុមអង្គការសង្គមស៊ីវិលសង្កេតឃើញថា កង្វះប្រសិទ្ធភាពក្នុងការទប់ស្កាត់ ធ្វើឱ្យសន្ទុះនៃការប្រើប្រាស់បារីអេឡិចត្រូនិកនៅតែមានការកើនឡើង។
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នកស្រី អ៊ុក ឆាយាវី បានមានប្រសាសន៍ថា អ្នកស្រីមិនបន្ទោសកុមារ និងយុវជន ដែលជាអ្នកប្រើប្រាស់ឡើយ ប៉ុន្តែអ្នកដែលគួរបន្ទោសគឺអាជ្ញាធរពាក់ព័ន្ធ ដែលគ្មានសមត្ថភាពទប់ស្កាត់ការនាំចូល និងចរាចរប្រភេទគ្រឿងញៀននេះ។ជាងនេះទៀត ក្នុងនាមសមាគម គឺមិនលើកទឹកចិត្តឱ្យសិស្សានុសិស្សប្រើប្រាស់ឧបករណ៍បែបនេះឡើយ។
អ្នកស្រីថ្លែងថា៖«ចំពោះខ្ញុំយល់ឃើញថា កុមារ ក៏ដូចជាយុវជន សិស្សានុសិស្ស ប្រើប្រាស់Vape(បារីអេឡិចត្រូនិក)នេះ គឺដោយសារការធូររលុងពីសមត្ថកិច្ច ក៏ដូចជារដ្ឋាភិបាលយើង អត់បានទប់ស្កាត់ អត់បានចាត់វិធានការតាមផ្លូវច្បាប់ដល់ពួកអ្នកនាំចូល ពួកអ្នកផលិតច្បាស់លាស់»។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីការអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង សង្កេតឃើញថា បារីអេឡិចត្រូនិកនេះ កំពុងពង្វក់កុមារ និងយុវជនខ្មែរនៅទូទាំងប្រទេស។ បញ្ហានេះ លោកជំរុញឱ្យអាជ្ញាធរពង្រឹងសកម្មភាពទប់ស្កាត់ហើយក្រសួងអប់រំគួរបន្ថែមវិធានការណែនាំពីផលប៉ះពាល់នៃឧបករណ៍នេះដូចគ្នាដែរ។
លោកបញ្ជាក់ថា៖«ការប្រើប្រាស់បារីអេឡិចត្រូនិករបស់យុវជន ខ្ញុំថាជាការព្រួយបារម្ភមួយ ដែលអាជ្ញាធរមិនគួរអនុញ្ញាតឱ្យមានបារីអេឡិចត្រូនិកហ្នឹងទេ។ ហើយទី២ គឺក្រសួងអប់រំ ក៏ដូចជាអាជ្ញាធក៏គួរតែព្យាយាមអប់រំពីផលប៉ះពាល់នៃបារីអេឡិចត្រូនិកហ្នឹងទៅដល់សិស្សនិស្សិតផង»។
ប្រហាក់ប្រហែលគ្នា ប្រធានអង្គការចលនាដើម្បីសុខភាពកម្ពុជា លោកវេជ្ជបណ្ឌិត មុំ គង់ បានឱ្យដឹងថា អត្រាអ្នកប្រើប្រាស់បារីអេឡិចត្រូនិកនៅកម្ពុជាកំពុងមានសន្ទុះឡើងក្នុងអត្រាមួយដែលខ្ពស់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ ក្នុងនោះលោកថា ឧបករណ៍នេះមិនត្រឹមតែពេញនិយមនៅទីក្រុងភ្នំពេញនោះទេ បន្ថែមពីលើនេះវាក៏កំពុងត្រូវគេយកទៅប្រើប្រាស់ពង្វក់កុមារតូចៗនៅតាមបណ្តាខេត្តដែរ។
មិនត្រឹមតែប៉ុណ្ណោះ សន្ទុះអ្នកប្រើប្រាស់បារីអេឡិចត្រូនិកទាំងវ័យក្មេងបែបនេះ អាចធ្វើឱ្យកម្ពុជាប្រឈមនឹងបញ្ហាធនធានមនុស្ស ដោយសារសរីរាង្គរបស់កុមារ ឬយុវជនដែលប្រើប្រាស់ឧបករណ៍នេះ នឹងមិនលូតលាស់ ហើយបញ្ញាស្មារតីមិនដូចអ្នកដែលគេមិនប្រើប្រាស់ឡើយ ជាពិសេសទាក់ទងនឹងខួរក្បាល។ជាងនេះទៀតវាក៏ប៉ះពាល់ធ្ងន់ធ្ងរដល់សួតរបស់អ្នកប្រើប្រាស់ ហើយកាន់តែងាយរុញឱ្យពួកគេធ្លាក់ក្នុងវិបត្តិគ្រឿងញៀន។
លោកឱ្យដឹងថា៖«ការប្រើប្រាស់Vape(បារីអេឡិចត្រូនិក)នេះ ទី១ វាប៉ះពាល់យ៉ាងខ្លាំងក្លាដល់ការអភិវឌ្ឍខួរក្បាលរបស់កុមារ ពីព្រោះកុមារជាវ័យមួយកំពុងលូតលាស់ មិនថាខួរក្បាល ឬសរីរាង្គដទៃទៀតទេ។ អ៊ីចឹងនៅពេលដែលប្រើVape ធាតុគីមីទាំងឡាយណានៅក្នុងVapeហ្នឹង វាធ្វើឱ្យខួរក្បាលរបស់ក្មេងមិនលូតលាស់។ អ៊ីចឹងវាមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់ធនធានមនុស្ស បានន័យថាគាត់ធំដឹងក្តី ដោយមិនមានការលុតលាស់សតិបញ្ញា ហើយបញ្ហាមួយទៀត គឺប៉ះពាល់យ៉ាងខ្លាំងដល់សួតរបស់គាត់»។
បើតាមក្រសួងសុខភិបាល ចំពោះចំហាយបារីអេឡិចត្រូនិកដែលអ្នកប្រើប្រាស់ស្រូបយកនៅពេលជក់ នឹងបញ្ចេញមកវិញនូវសារធាតុនីកូទីន ដែលជាសារធាតុគីមីគ្រោះថ្នាក់។ សារធាតុគីមីនេះ អាចបង្កឱ្យមានជំងឺសួតធ្ងន់ធ្ងរ គ្រោះថ្នាក់ដល់គភ៌ ពុលដល់ទារកដែលនៅក្នុងផ្ទៃពោះម្តាយ និងមានហានិភ័យដល់ការលូតលាស់ខួរក្បាល។សារធាតុល្អិតៗដែលជ្រាបចូលទៅក្នុងសួតអាចបណ្តាលឱ្យមានជំងឺមហារីក។
ប្រធានអង្គការចលនាដើម្បីសុខភាពកម្ពុជារូបនេះបន្ថែមទៀតថា ដើម្បីទប់ស្កាត់រលកប្រើប្រាស់ឧបរកណ៍បារីអេឡិចត្រូនិកនេះ លុះត្រាតែអាជ្ញាធរបោសសំអាតការនាំចូល និងចរាចរណ៍នៅកម្ពុជា ជាពិសេសការផ្សព្វផ្សាយលក់តាមប្រព័ន្ធអនឡាញ។
លោកមានប្រសាសន៍ថា៖«អ្វីដែលយើងធ្វើបន្ទាន់ គឺត្រូវធ្វើយ៉ាងណាកុំឱ្យមានវត្តមាននៅក្នុងប្រទេសយើង កុំឱ្យមានការនាំចូល។ ទី២ កុំឱ្យមានអ្នកផ្សព្វផ្សាយលក់នៅតាមប្រព័ន្ធអនឡាញ ពីព្រោះកុមារ និងយុវជនដែលជក់Vapeហ្នឹង គឺភាគច្រើនលើសលប់ គឺទិញពីអ្នកលក់អនឡាញ តាមការឃោសនារបស់គាត់ ដែលគាត់ភូតកុហកថាវាមានក្លិនឈ្ងុយ មិនប៉ះពាល់សុខភាពជាដើម »។
ជុំវិញករណីនេះ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោកស្រី ឃួន វិច្ឆិកា មានប្រសាសន៍ថា ក្រសួងធ្លាប់បានដាក់ចេញវិធានការណែនាំជាបន្តបន្ទាប់មកហើយ ដោយថាភារកិច្ច និងការទទួលខុសត្រូវរបស់ក្រសួងគឺទប់ស្កាត់ការលក់ និងប្រើប្រាស់ឧបករណ៍បារីអេឡិចត្រូនិកនេះនៅក្នុងបរិវេណសាលារៀន។ បន្ថែមលើនេះ ក្រសួងក៏បានណែនាំឱ្យមន្ត្រី និងថ្នាក់ដឹកនាំសាលារៀននីមួយៗសហការជាមួយអាណាព្យាបាលសិស្ស ដើម្បីអប់រំ ណែនាំសិស្សានុសិស្ស ឱ្យចៀសឆ្ងាយពីឧបករណ៍មួយនេះដែរ។
មិនតែប៉ុណ្ណោះ លោកស្រីក៏អះអាងថា ក្រសួងអប់រំកំពុងសហការជាមួយអាជ្ញាធរដែនដី ព្រមទាំងសហគមន៍នីមួយៗ ដើម្បីបញ្ចៀសសិស្សានុសិស្សមិនឱ្យជាប់ពាក់ព័ន្ធនឹងបារីអេឡិចត្រូនិកនេះ។
លោកស្រីថ្លែងថា៖«អ្វីដែលក្រសួងអប់រំអាចបន្តធ្វើបានទាក់ទងនឹងចំណុចបន្ត គឺការសហការជាមួយអាជ្ញាធរដែនដី នៅក្នុងការពិនិត្យមើលហាងដែលលក់ជុំវិញហ្នឹង[..]ការងារមួយទៀត ដែលក្រសួងកំពុងធ្វើទៀត គឺការសហការជាមួយសហគមន៍ ហើយសហគមន៍ហ្នឹងគឺសំដៅលើមាតាបិតា ក៏ដូចជាអ្នករស់នៅជុំវិញហ្នឹង ក៏ដូចជាអ្នកនៅភូមិឃុំតែមួយដែរ»។
ដោយឡែក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងបន្តផ្សព្វផ្សាយសារមួយចំនួន នៅលើគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន ដែលនិយាយពីផលប៉ះពាល់នៃគ្រឿងញៀន បារីអេឡិចត្រូនិក បញ្ហាក្មេងទំនើង រួមនិងច្បាប់ចរាចរណ៍ក្នុងន័យជំរុញឱ្យសិស្សានុសិស្សនៅតាមសាលារៀនមួយចំនួនក្នុងរាជធានីភ្នំពេញ ចៀសផុតពីសារធាតុញៀនទាំងនេះ។
ត្រឡប់មកប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នកស្រី អ៊ុក ឆាយាវី វិញ អ្នកស្រីបារម្ភថា ប្រសិនបើស្ថាប័នមានសមត្ថកិច្ចមិនអាចចាត់វិធានការទប់ស្កាត់ការនាំចូល និងប្រើប្រាស់បារីអេឡិចត្រូនិកនេះបានទេ នោះអនាគតធនធានមនុស្សនៅកម្ពុជានឹងត្រូវរងការបំផ្លាញ។
អ្នកស្រីមានប្រសាសន៍ថា៖«ខ្ញុំព្រួយបារម្ភធនធានមនុស្ស យុវជនជាសសរទ្រូងប្រទេសជាតិក្លាយទៅជាមនុស្សឡប់សតិ គឺខ្ញុំអត់ចង់ឃើញជាតិខ្ញុំក្លាយទៅជាបែបនេះ។ អ៊ីចឹងប្រសិនបើនៅតែបន្ត យុវជនយើង ប្រជាពលរដ្ឋយើងគ្រប់លំដាប់ថ្នាក់ ច្បាស់ជាពួកគាត់បាត់បង់ សូម្បីតែអាយុជីវិត »។ ការស្រាវជ្រាវថ្មីៗនេះ របស់អង្គការសុខភាពពិភពលោក រកឃើញថាចន្លោះពីឆ្នាំ២០០០ ដល់ឆ្នាំ ២០៣០ ការជក់បារីមាននិន្នាការ ថយចុះក្នុងប្រទេសចំនួន១៥០ នៅលើពិភពលោក។ក៏ប៉ុន្តែការប្រើប្រាស់បារីអេឡិចត្រូនិកបែរជាកើនឡើងនៅទូទាំងពិភពលោក ជំនួសបារីនេះទៅវិញ។ប្រភពដដែលបញ្ជាក់ដែរថា ក្នុងមួយឆ្នាំៗបារី ឬថ្នាំជក់ បានឆកយកជីវិតមនុស្សជាង ៨លាននាក់ ក្នុងនោះជាង ១,៣ លាននាក់ ជាអ្នកស្រូបផ្សែងបារីពីគេ៕