ភ្នំពេញ៖ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា(អ.វ.ត.ក.) ដែលគេស្គាល់ថាជាសាលាក្តីខ្មែរក្រហម បានក្លាយជាគំរូរបស់អន្តរជាតិមួយ ក្នុងការកាត់ទោសឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ក្រោយស្ថាប័ននេះត្រូវបានបង្កើតឡើង ដើម្បីស្វែងរកយុត្តិធម៌ជូនជនរងគ្រោះពីរបបកម្ពុជាប្រជាធិបតេយ្យ។ នេះបើតាមការលើកឡើងរបស់ភាគីពាក់ព័ន្ធ នៅក្នុងកម្មវិធីដាក់សម្ពោធសមិទ្ធផលនៅអគារអនុវត្តមុខងារសេសសល់របស់អ.វ.ត.ក. នាព្រឹកថ្ងៃអង្គារ៍ទី១៦ ខែកក្កដា។
លោក វង្សី វិស្សុត ជាប្រធានក្រុមការងាររបស់រដ្ឋាភិបាលទទួលបន្ទុកដំណើរការអនុវត្តមុខងារសេសសល់របស់អ.វ.ត.ក. ឱ្យដឹងថាកម្ពុជាបានផ្តល់យុត្តិធម៌ជូនជនរងគ្រោះនៅក្នុងរបបខ្មែរក្រហម ក្រោយអតីតនាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន សែន បានផ្តួចផ្តើមគំនិតបង្កើតអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដែលមានអង្គការសហប្រជាជាតិជួយគាំទ្រក្នុងដំណើរការកាត់ក្តី។
លោក វង្សី វិស្សុត មានប្រសាសន៍ថា៖«អ.វ.ត.ក. បានបង្កើតតុលាការ កំពូលអន្តរជាតិគំរូមួយក្នុងការកាត់ទោសឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ដែលបានប្រើយុត្ថាធិការរបស់ប្រទេសម្ចាស់បញ្ហាហើយប្រើច្បាប់ Civil law Common Law ហើយឆ្លុះបញ្ចាំងពីសក្តានុពលភាពនៃនិតីវិធីតុលាការកម្ពុជា ក្នុងការបង្រួបបង្រួមជាតិ ផ្សះផ្សារជាតិ សម្រេចបានយុត្តិធម៌ជូនជនរងគ្រោះ ព្រមទាំងធានាបាននូវ និរន្តភាពនៃសុខសន្តិភាពសម្រាប់ជាតិ»។
លោក មីហ្គែល ឌីសែប៉ា សូអារ៉េស (Miguel de Serpa Soares) ជាទីប្រឹក្សាច្បាប់របស់អង្គការសហប្រជាជាតិ ថ្លែងថាទាំងអស់គ្នាត្រូវតែរក្សាកេរតំណែលដ៏ល្អជាប្រវត្តិសាស្រ្តរបស់កម្ពុជា ពីព្រោះ អ.វ.ត.ក.នេះជាអង្គជំនុំជម្រះវិសាមញ្ញាដ៏ពិសេសមួយរបស់កម្ពុជាធ្វើការលាតត្រដាងនូវឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទៅកាន់អន្តរជាតិ។
លោកមានប្រសាសន៍ជាភាសាអង់គ្លេស ហើយបកប្រែជាខេមរភាសាថា៖«អង្គជំនុំជម្រះវិសាមញ្ញ គឺជាគំរូតុលាការមូយគត់ដែលមានភាពជាម្ចាស់ លើគម្រោងយុត្តិធម៌អន្តរកាលអ.វ.ត.ក. គឺជាតុលាការពិសេសមួយដែលទទួលបានជំនួយអន្តរជាតិ តាមរយៈអង្គការសហប្រជាជាតិ និងស្ថាប័នមានលក្ខណៈខុសប្លែកពីគេជាច្រើន គំរូតុលាការនេះត្រូវបានសម្តេចបង្កើតឡើងពីព្រោះប្រជាជនកម្ពុជាចង់បាននូវយុត្តិធម៌»។
លោកបានបន្ថែមថា កម្ពុជាមិនមែនអំពាវនាវ ដល់សហគមន៍អន្តរជាតិឱ្យមកទទួលភារកិច្ចស្វែងរកយុត្តិធម៌ជំនួសកម្ពុជានោះឡើយ ប៉ុន្តែកម្ពុជាបានអញ្ជើញសហគមន៍អន្តរជាតិឱ្យជួយកម្ពុជាក្នុងដំណើរផ្លូវស្វែងរកយុត្តធម៌ និងការផ្សះផ្សារជាតិ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត មានប្រសាសន៍នៅក្នុងកម្មវិធីសម្ពោធនោះថា ប្រវត្តិសាស្ត្រដែលកម្ពុជាមាន គឺមិនត្រឹមតែទុកនៅកម្ពុជា សម្រាប់កូនខ្មែរនោះទេ យើងក៏ចែករំលែកទៅបណ្ដាតំបន់ផ្សេងៗតាមរយៈការបើកឲ្យស្រាវជ្រាវ និងចែករំលែកបទពិសោធន៍នៅកម្ពុជា ជាពិសេសអំពីតុលាការដែលមានចរិតប្រវត្តិសាស្ត្រនេះ។
លោកមានប្រសាសន៍ថា៖ «នេះគឺជាអ្វីដែលជាភាពចាំបាច់ទៅក្នុងការរៀបចំថែរក្សាអគារនេះ ថ្ងៃនេះជាជំហានមួយ ថ្ងៃក្រោយយើងរៀបចំវិទ្យាស្ថានមួយដើម្បីពង្រីកសក្ដានុពល ដើម្បីទុកជាតម្លៃសម្រាប់កូនខ្មែរជំនាន់ក្រោយរបស់យើង។ ទាំងវប្បធម៌នៃការជឿជាក់ និងប្រវត្តិសាស្ត្រដែលលំបាកវាបង្ហាញឲ្យភាពចាំបាច់នៅក្នុងការថែរក្សាសន្តិភាពជាប់គ្នា វាភ្ជាប់គ្នានូវអ្វីដែលជាប្រវត្តិសាស្ត្ររបស់យើងតាំងពីសម័យមហានគរ»។
ក្នុងដំណើរការកាត់ក្តី រយៈពេល១៦ឆ្នាំ របស់ អ.វ.ត.ក. ក្រៅពីបានក្លាយជាគំរូតុលាការអន្តរជាតិហើយនោះ អ.វ.ត.ក.ក៏មានសមិទ្ធផលផ្សេងទៀតជាអាទ៍ ប័ណ្ណសារតុលាការចំនួនជាង២ទំព័រ ចងក្រងជាបីភាសាគឺខ្មែរ អង់គ្លេស និងបារាំង ការស្វែងរកការពិត និងពង្រឹងនីតិរដ្ឋពិសេសការផ្តល់យុត្តិធម៌ជូនជនរងគ្រោះ ព្រមទាំងការពង្រឹងសមត្ថភាពតុលារការនិងមន្រ្តីច្បាប់តាមរយៈការផ្ទេរចំណេះដឹង និងបទពិសោធន៍ពីអ.វ.ត.ក.ជាដើម។
សូមបញ្ជាក់ថា តុលាការគំរូកូនកាត់អ.វ.ត.ក. មាន លក្ខណៈខុសប្លែកពីតុលាការអន្តជាតិ ផ្សេងៗទៀតដូចជា ការកាត់ទោសនិងផ្តន្ទាទោសអស់មួយជីវិតលើអតីតប្រមុខរដ្ឋចំពោះឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ការអនុញ្ញាតឲ្យជនរងគ្រោះចូលរួមជាដើមបណ្តឹងរដ្ឋប្បវេណី ការផ្សព្វផ្សាយដោយផ្ទាល់ដល់អ្នកចូលរួមប្រមាណ៦៥០០០០នាក់ និងជនរងគ្រោះចូលរួមតាមដានសវនាការជំនុំជម្រះក្តីដោយផ្ទាល់ ព្រមទាំងការចំណាយថវិកាតិចក្នុងដំណើរការតុលារការជាដើម។ ចាប់ពីឆ្នាំ ២០០៦ដល់ ២០២៣ អ.វ.ត.ក. បានចំណាយអស់ថវិកាសរុបចំនួន ៤០៧លានដុល្លារអាមេរិក៕