ក្រសួងបរិស្ថាន និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP) សម្រេចបង្កើតស្ថានីយបណ្តុះកូនឈើ សម្រាប់ចែកជូនប្រជាជនដោយឥតគិតថ្លៃ ដើម្បីជំរុញការស្តារគម្របព្រៃឈើឡើងវិញនៅកម្ពុជា។ នេះបើយោងតាមកិច្ចព្រមព្រៀងអនុវត្តគម្រោង«ពង្រឹងយុទ្ធសាស្ត្របៃតងតាមរយៈស្ថានីយ៍បណ្ដុះកូនឈើថ្នាក់តំបន់នៅកម្ពុជា» ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤។
គម្រោងនេះ ផ្តោតលើការកសាងផែនការមេសម្រាប់សាងសង់ស្ថានីយបណ្តុះកូនឈើ ក្នុងខេត្តចំនួន៥រួមមាន ខេត្តកោះកុង កំពង់ស្ពឺ សៀមរាប ត្បូងឃ្មុំ និង មណ្ឌលគិរី។តំបន់ទាំងនេះត្រូវបានជ្រើសរើដោយសារលក្ខណៈបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ នវានុវត្ត និងទំនើបកម្ម។
ថ្លែងនៅក្នុងពិធីចុះកិច្ចព្រមព្រៀង រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែតថាក្រសួងបរិស្ថាន បាននិងកំពុងតែប្រឹងប្រែងដើម្បីសម្រេចឆន្ទៈនយោបាយរបស់កម្ពុជា និងការបង្កើតស្ថានីយបណ្តុះកូនឈើ ការដាំកូនឈើ និងស្តារព្រៃឈើឡើងវិញ។
លោកសុផល្លែតមានប្រសាសន៍ថា៖ «នេះគឺជាយុទ្ធសាស្រ្តមួយដ៏សំខាន់ សម្រាប់ធានាដល់ការការពារជីវៈចម្រុះ ការថែរក្សាសេវាកម្ម ប្រព័ន្ធអេកូឡូស៊ី និងការកាត់បន្ថយ ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ក៏ដូចជាជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាសហគមន៍មូលដ្ឋាន ដែលរស់នៅ ក្នុងនិងក្បែរតំបន់ការពារធម្មជាតិ តាមរយៈការលក់ឥណទានកាបូនពីការថែរក្សាការពារព្រៃឈើ និងសកម្មភាពអភិវឌ្ឍន៍ប្រកបដោយចីរភាព»។
អ្នកតំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ លោកស្រី អាលីហ្សា ឆាកឃឺ(Alissa Chaker) បានថ្លែងថា UNDP សាទរចំពោះការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំកម្ពុជាក្នុងការស្តារបរិស្ថានឱ្យមានភាពប្រសើរឡើងវិញ។
លោកស្រីមានប្រសាសន៍ថា៖ «ក្នុងនាម UNDP គឺសាទរចំពោះយុទ្ធនាការកាត់បន្ថយប្លាស្ទិក និងការដាំឈើ ១លានដើម របស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលគម្រោងនេះនឹងរួមចំណែកដ៏ធំក្នុងការបង្កើននូវគម្របព្រៃឈើឱ្យបាន៦០% និងសម្រេចការអភិវឌ្ឍប្រកបដោយអព្យាក្រឹត្យកាបូន នៅឆ្នាំ២០៥០ របស់រាជរដ្ឋាភិបាលកម្ពុជា»។
លោក ហេង គីមហុង នាយកប្រតិបត្តិនៃសមាគមបណ្ដាញយុវជនកម្ពុជា(CYN)ថ្លែងថា លោកមានការគាំទ្រចំពោះការបង្កើតស្ថានីយបណ្តុះកូនឈើ ការដាំកូនឈើ និងស្តារព្រៃឈើឡើងវិញនេះ តែលោកចង់ឱ្យមានការជំរុញសកម្មភាពបន្ថែម និងមានការអភិវឌ្ឍកាន់តែប្រសើរឡើងលើវិទ្យាសាស្រ្តព្រៃឈើ។
ទាក់ទងនឹងទិសដៅស្តារគម្របព្រៃឈើនៅកម្ពុជាលោកគិតថា បច្ចុប្បន្ននេះកម្ពុជាមានគម្របព្រៃឈើសឹករិករិលគួរឱ្យបារម្ភដោយសារការកាប់បំផ្លាញ ការបំពារបំពាន និងការកាប់ព្រៃឈើស្ថិតក្រោមការអភិវឌ្ឍកន្លងមក។
លោក គីមហុងបញ្ជាក់ថា៖ «សកម្មភាពអភិវឌ្ឍផ្សេងៗបាទ ដូច្នេះដើម្បីយើងឃើញថាលក្ខ័ណ្ឌពិសេសរបស់ព្រៃត្រូពិក ការស្តារការការពារព្រៃត្រូពិកហ្នឹងគឺយើងគ្រាន់តែកុំឈូសឆាយវាទៅវាអាចធំមកវិញដោយខ្លួនឯងហើយ»។
លោកគីមហុង អំពាវនាវឱ្យមានការយកចិត្តទុកដាក់អភិរក្សឱ្យបានល្អប្រសើរ និងទប់ស្កាត់រាល់សកម្មភាពបំផ្លិចបំផ្លាញព្រៃឈើ ឱ្យបានក្នុងកម្រិតជាអតិបរមា ជាជាងបណ្តែតបណ្តោយឱ្យគេកាប់បំផ្លាញព្រៃឈើហើយទើបគិតរឿងស្តារឡើងវិញព្រោះអាចនឹងយឺតពេល។
លោកបន្តថា៖ «ខ្ញុំសូមអំពាវនាវឱ្យមានការយកចិត្តទុកដាក់ក្នុងការអនុវត្តគោលនយោបាយឱ្យមានភាពប្រសើរឡើង ពង្រីកពន្លឿនការការពារ កុំឱ្យមានការកាប់បំផ្លាញ ជាពិសេសអប់រំពីក្រមបរិស្ថានហ្នឹង ឱ្យទៅដល់ភាគីពាក់ព័ន្ធ ឱ្យយល់ដឹងក្នុងរយៈពេលលឿន ហើយព្រៃឈើវាអាចកើនឡើងហើយបាទ ប៉ុន្តែបើយើងគិតពីការដាំ ការស្តារ ប៉ុន្តែយើងអត់គិតពីពង្រឹងយន្តការក្នុងការអនុវត្តន៍ ក៏យើងអត់មាន ក៏យើងជួបបញ្ហាប្រឈមខ្លាំងដែរបាទ»។
យោងតាមទិន្នន័យស្តីពីការបាត់បង់ព្រៃឈើនៅកម្ពុជា ដោយ Global Forest Watch បង្ហាញថា ចាប់ឆ្នាំ២០០១ ដល់២០២៣ មានខេត្តចំនួន៥ ដែលបានបាត់បង់ព្រៃឈើច្រើនជាងគេ។ ក្នុងនោះ ខេត្តក្រចេះបាត់បង់អស់៣៧៣,០០០ហិកតា ខេត្តកំពង់ធំបាត់បង់អស់ ៣៦៨,០០០ហិកតា ខេត្តរតនគីរីបាត់បង់អស់២៧៦,០០០ហិកតា ខេត្តស្ទឹងត្រែងបាត់បង់អស់២៦៨,០០០ហិកតា និងខេត្តសៀមរាបបាត់បង់អស់២៦៧,០០០ហិកតា៕