អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយលើកឡើងថា ខេត្តមួយចំនួននៅកម្ពុជាកំពុងប្រឈមនឹងបញ្ហារងគ្រោះនៃជំនន់ទឹកភ្លៀង ដោយសាររងឥទ្ធិពលសម្ពាធទាបច្រើនថ្ងៃជាប់គ្នា ប៉ុន្តែមិនទាន់ធ្ងន់ធ្ងរនៅឡើយ។
លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានប្រាប់ Newsroom Cambodia នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤នេះថា ប្រទេសកម្ពុជាកំពុងរងឥទ្ធិពលសម្ពាធទាបដែលបង្កឱ្យមានភ្លៀងធ្លាក់ច្រើនក្លាយជាជំនន់ទឹកភ្លៀងលើខេត្តមួយចំនួន ខេត្តស្ទឹងត្រែង ព្រះវិហារ កំពង់ធំ ក្រចេះ កំពង់ស្ពឺ ព្រះសីហនុ កោះកុង បាត់ដំបង និងពោធិសាត់។
លោកបន្ថែមថា ទោះបីជាខេត្តទាំងនេះទទួលរងជំនន់ទឹកភ្លៀងក៏ពិតមែន តែមិនបង្កជាបញ្ហាធំដុំនៅឡើយ គឺគ្រាន់តែតំបន់ខ្លះមានការខូចខាតផ្លូវថ្នល់ ដំណាំផ្សេងៗក្នុងចំនួនតិចតួច និងអាចគ្រប់គ្រងបាន។
លោកមានប្រសាសន៍ថា៖ «អ៊ីចឹងមានប៉ុន្មានខេត្តហ្នឹង ប៉ុន្តែផលប៉ះពាល់គឺមិនមានអីធ្ងន់ធ្ងរទេ គ្រាន់តែហូរកាត់ច្រោះផ្លូវ ដាច់ផ្លូវគ្រួសក្រហមតាមជនបទមួយចំនួន និងហូរចូលផ្ទះប្រជាពលរដ្ឋ ហើយក៏នៅតាមខេត្តខ្លះក៏ធ្វើឱ្យលិចលង់នូវស្រូវដែលកំពុងតែជិតទទួលផលបានលិច ប៉ុន្តែប្រជាកសិករក៏ដូចជាអាជ្ញាធរបានជួយច្រូតកាត់ស្រូវទាំងអស់ក្នុងទឹកដើម្បីអាចទទួលផល»។
លោក គឹម កុលមុនី ឱ្យដឹងទៀតថា បច្ចុប្បន្នតំបន់លិចលង់មួយចំនួនបានស្រកទៅវិញខ្លះ តែតំបន់មួយចំនួនទៀតកំពុងតែប្រឈមកម្ពស់ទឹកកើនឡើង ដោយសារភ្លៀងធ្លាក់ច្រើនជាបន្តបន្ទាប់។
លោក គឹម កុលមុនី បន្ថែមថា លោកមិនទាន់មានទិន្នន័យពីបណ្តាខេត្តរងគ្រោះនៃជំនន់ទឹកភ្លៀង លើការខូចខាតផលដំណាំនានានៅឡើយទេ ដោយលោកថា អាជ្ញាធរពាក់ព័ន្ធកំពុងជាប់រវល់ដោះស្រាយបញ្ហាប្រឈមដែលកំពុងកើតឡើង។
កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ រដ្ឋបាលខេត្តកំពង់ធំបានចេញសេចក្តីជូនដំណឹងមួយស្តីពីការត្រៀមបង្ការគ្រោះមហន្តរាយទឹកជំនន់ កន្លងទៅដើម្បីជូនដំណឹងដល់ប្រជាពលរដ្ឋរស់នៅខេត្តកំពង់ធំបានដឹងពីស្ថានភាពបច្ចុប្បន្នកម្ពស់ទឹកស្ទឹងសែននៅស្ថានីយ៍កំពង់ធំ ដែលមានកម្ពស់១២,៩៣ម៉ែត្រ ហើយសាលាខេត្តសង្កេតឃើញថា មានការកើនឡើងជាបន្តបន្ទាប់តាមរយៈជំនន់ទឹកភ្លៀង ហើយកម្ពស់ទឹកដែលស្ថិតក្នុងកម្រិតប្រកាសអាសន្នគឺ១៣,៥០ម៉ែត្រ។
លិខិតជូនដំណឹងដដែលឱ្យដឹងថា៖ «ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ សូមប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំទាំងអស់ និងបងប្អូនដែលរស់នៅតាមបណ្តោយ ស្ទឹងសែន ជាពិសេសបងប្អូនដែលរស់នៅតាមតំបន់ងាយរងគ្រោះថ្នាក់មេត្តាប្រុងប្រយ័ត្នខ្ពស់ ដោយហាមកូនចៅតូចៗកុំឱ្យចុះលេងទឹក និងត្រូវត្រៀមរៀបចំទុកដាក់នូវសម្ភារ ឯកសារសំខាន់ៗឱ្យបានត្រឹមត្រូវ»។
សូមបញ្ជាក់ថា ក្រសួងធនធនទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងមួយ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ ឱ្យដឹងថា ប្រព័ន្ធសម្ពាធទាបនៅតែបន្តមានឥទ្ធិពលគ្របដណ្តប់លើសមុទ្រចិនខាងត្បូង សមុទ្រAndaman ភាគកណ្តាល និងខាងកើតឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា និងភាគកណ្តាលនៃអាងទន្លេមេគង្គ បណ្តាលឱ្យរបបខ្យល់មូសុងនិរតីមានឥទ្ធិពលកាន់តែខ្លាំងមកលើកម្ពុជា។ ស្ថានភាពបែបនេះនឹងបន្តឱ្យមានភ្លៀងធ្លាក់នៅតាមតំបន់វាលទំនាប តំបន់ខ្ពង់រាប និងតំបន់មាត់សមុទ្រ នៃប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែកក្កដា ឆ្នំា២០២៤៕