ធនាគារជាតិនៃកម្ពុជាតម្រូវឱ្យគ្រប់ធនាគារ និងហិរញ្ញវត្ថុខេត្តសៀមរាបទទួលយកប្រាក់ដុល្លារអាមេរិកចាស់ ឬប្រឡាក់ ឬរហែក ដោយមិនទាមទារកម្រៃសេវាពីអតិថិជនរបស់ខ្លួនដើម្បីសម្រួលដល់ភ្ញៀវទេសចរ ខណៈអ្នកឃ្លាំមើលបញ្ហាសង្គមចង់ឱ្យមានការអនុវត្តបែបនេះនៅទូទាំងប្រទេស។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិចេញកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ បញ្ជាក់ថា ក្រោយការពិភាក្សាជាមួយតំណាងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុប្រចាំខេត្តសៀមរាប អំពីការសម្របសម្រួលចរាចរណ៍ក្រដាសប្រាក់ដុល្លារអាមេរិក ធនាគារជាតិបានដាក់ចេញយន្តការបន្ទាន់ និងបន្តបន្ទាប់ដើម្បីសម្រួលដល់ការចាយវាយរបស់ភ្ញៀវទេសចរនៅខេត្តសៀមរាប។
ធនាគារជាតិបញ្ជាក់ក្នុងសេចក្ដីប្រកាសព័ត៌មាននោះថា តម្រូវឱ្យសាខាធនាគារពាណិជ្ជខេត្តសៀមរាបទទួលយកប្រាក់ដុល្លារអាមេរិកចាស់ ឬប្រឡាក់ ដោយមិនទាមទារកម្រៃសេវាពីអតិថិជន លើកលែងតែក្រដាសប្រាក់ក្លែងក្លាយ។
ក្នុងករណីដែលក្រដាសប្រាក់ដុល្លារចាស់ខ្លាំងដែលគិតថាមិនគួរបន្តឱ្យចរាចរនៅលើទីផ្សារបាន ធនាគារពាណិជ្ជក្នុងខេត្តសៀមរាបត្រូវបញ្ជូនបន្តទៅប្តូរយកក្រដាសប្រាក់ថ្មីនៅសាខាធនាគារជាតិខេត្តសៀមរាប ដោយពុំមានគិតកម្រៃសេវា និងពុំចាំបាច់រង់ចាំផ្ញើទៅទីស្នាក់ការកណ្តាលរបស់ធនាគារពាណិជ្ជនៅរាជធានីភ្នំពេញ។
សេចក្តីប្រកាសព័ត៌មាននោះបន្ថែមថា៖ «តម្រូវឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់នៅខេត្តសៀមរាបដាក់ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ២០ដុល្លារ និង៥០ ដុល្លារជំនួសក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១០០ដុល្លារនៅក្នុងម៉ាស៊ីនដកប្រាក់ ATM ដើម្បីសម្រួលដល់ការចាយវាយរបស់ភ្ញៀវទេសចរ»។
ធនាគារជាតិក៏នឹងផ្សព្វផ្សាយអំពីយន្តការនេះទៅកាន់អាជីវករប្តូរប្រាក់ ម្ចាស់សណ្ឋាគារ និងភោជនីយដ្ឋានដើម្បីឱ្យបានយល់កាន់តែច្បាស់ និងត្រៀមសហការជាមួយធនាគារជាតិនៃកម្ពុជាក្នុងការអនុវត្តយន្តការបន្តទៀតពាក់ព័ន្ធនឹងយន្តការរបស់ធនាគារជាតិនេះ លោកបណ្ឌិត ប៉ា ច័ន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា បានប្រាប់ Newsroom Cambodia ថា លោកគាំទ្រចំពោះចំណាត់ការថ្មីនេះ ប៉ុន្តែលោកទទូចសុំឱ្យធនាគារជាតិជំរុញការអនុវត្តបែបនេះសម្រាប់គ្រប់ធនាគារនៅទូទាំងប្រទេសកម្ពុជា។
លោកបញ្ជាក់ថា៖ «ខ្ញុំគាំទ្រចំពោះយន្តការតម្រូវឱ្យសាខាធនាគារពាណិជ្ជខេត្តសៀមរាបទទួលយកប្រាក់ដុល្លារអាមេរិកចាស់ ឬប្រឡាក់នេះ ប៉ុន្តែចង់ឱ្យធ្វើបែបនេះនៅទូទាំងប្រទេស។ យើងដឹងហើយថាទោះជាធនាគារជាតិបានជំរុញឱ្យពលរដ្ឋចាយលុយរៀល ប៉ុន្តែជាក់ស្ដែងពលរដ្ឋខ្មែរជាច្រើននៅបន្តចាយលុយដុល្លារ ហើយពលរដ្ឋមួយចំនួនពិបាកចាយលុយរហែក ឬប្រឡាក់។ ហេតុនេះការជំរុញឱ្យធនាគារ អ្នកដូរប្រាក់ អ្នកលក់ដូរ និងពលរដ្ឋអាចទទួលនិងចាយលុយនេះបាននឹងកាត់បន្ថយការខាតបង់និងសម្រួលការទូទាត់កាន់តែងាយស្រួលជាងមុន»។
ចំណែកលោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ និងសន្តិភាពលើកឡើងដែរថា ការតម្រូវឱ្យធនាគារពាណិជ្ជនៅខេត្តសៀមរាបអនុវត្តការយកប្រាក់ដុល្លារចាស់ រហែកដោយមិនគិតកម្រៃសេវា គឺជារឿងមូយល្អ តែលោកថាការធ្វើបែបនេះមិនទាន់មានការទទួលខុសត្រូវទូទៅ ចំពោះប្រជាជនរបស់ខ្លួននៅឡើយ។
លោកមានប្រសាសន៍ថា៖ «ប៉ុន្តែខ្ញុំគិតថាការធ្វើបែបនេះ មិនមានការទទួលខុសត្រូវជាទូទៅទេចំពោះប្រជាពលរដ្ឋទេ ពីព្រោះថារដ្ឋជាអ្នកដែលបើកឱ្យទទួលយកនូវក្រដាសប្រាក់ដុល្លារ ចាយដុល្លារបាន និងចាយប្រភេទក្រដាសប្រាក់ផ្សេងៗទៀតបាន។ អ៊ីចឹងខ្ញុំគិតថា រដ្ឋមានដំណើរការនៃការទូទាត់របស់ខ្លួន អ៊ីចឹងក្រដាសប្រាក់ណាចាស់ហ្នឹង គឺធនាគារជាតិហ្នឹង អាចនឹងដូរយកទៅទុកទៅ ធនាគារជាតិអាចទូទាត់ជាមួយនឹងបណ្តាប្រទេស ធនាគាររបស់អាមេរិកអីហ្នឹងទៅបាទ ព្រោះអីគេនៅតែយក»។
លោកបន្តទៀតថា បើធនាគារជាតិអាចជំរុញគោលការណ៍ថ្មីនេះឱ្យដំណើរការទូទាំងប្រទេសបាន គឺមានអត្ថប្រយោជន៍ច្រើនដល់ប្រជាជនក្នុងប្រទេសទាំងអស់ អាចមានលទ្ធភាពចាយលុយដោយគ្មានបញ្ហា។
លោកថា៖ «ប្រសិនបើយើងមានការរិតត្បិត ទៅលើលុយដុល្លារជួនកាលគ្រាន់តែរហែកហ្នឹងតិចមែនទែនស្ទើរតែមើលមិនឃើញ អត់យកទៅទៀតបាទ ដល់អ៊ីចឹងទៅធ្វើឱ្យចលនានៃការចាយវាយរបស់ពលរដ្ឋហ្នឹងអត់សូវមាន។ អ៊ីចឹងហើយវាជាបញ្ហាដែរ ដោយសារថាអ្នកខ្លះគាត់ចាយជាលុយរៀល អ្នកខ្លះគាត់អត់បានចាយជាលុយរៀលគាត់ចាយជាដុល្លារ ចាយអីចឹងទៅ បើយើងអនុញ្ញាតឱ្យចរាចរបានដូចគ្នា បាទជួនកាលក៏នៅតាមព្រំដែនចាយលុយបាតចឹងទៅបាទ។ អ៊ីចឹងបើមានការតឹងតែងពេក គឺធ្វើឱ្យចលនាសេដ្ឋកិច្ចហ្នឹងវាអត់សូវដើរខ្លាំងដែរ»។
ក្រៅពីយន្តការបន្ទាន់ ធនាគារជាតិក៏បានដាក់ចេញយន្តការបន្តទៀត ដូចជាជំរុញការប្រើប្រាស់ទូរស័ព្ទ Bakong Tourist App ជាដើម៕