អ្នកជំនាញបរិស្ថាន និងអ្នកឃ្លាំមើលសង្គមចង់ឃើញរដ្ឋាភិបាលដាក់ចេញយន្តការជាក់លាក់បន្ថែមដើម្បីកាត់បន្ថយការប្រើប្លាស្ទិក បន្ទាប់ពីរដ្ឋមន្រ្តីក្រសួងបរិស្ថានអះអាងថា យុទ្ធនាការចំនួនពីរដែលដាក់ចេញដោយក្រសួង កាត់បន្ថយការប្រើប្រាស់ប្លាស្ទិកបានជាង៧៤ភាគរយ ក្នុងរយៈពេល១១ខែកន្លងមកនេះ។
ក្នុងពិធីបើកវេទិកាពិភាក្សាលើកដំបូងស្តីពីការការពារមហាសមុទ្រ និងជីវៈចម្រុះក្នុងសមុទ្ររបស់កម្ពុជា «កិច្ចសន្ទនាពណ៌ខៀវ» ឬ (Blue Talks) កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ នៅខេត្តព្រះសីហនុ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត ថ្លែងថា ក្នុងរយៈពេល១១ខែកន្លងមកនេះ ក្រសួងបរិស្ថានបានចាប់ផ្តើមយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកតាមរយៈយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលមានមនុស្សចូលរួមជាង ៨លាននាក់។ ចំណែកយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» មានឃុំ/សង្កាត់ជាង៦០០ ក្នុងចំណោមឃុំ/សង្កាត់ចំនួន១ ៦៥២ បានចូលរួមត្រឹមតែរយៈពេល២ខែ។
លោកមានប្រសាសន៍ថា៖ «ក្រឡេកទៅមើលស្ថិតិវិញ ប្រទេសកម្ពុជាបានកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក បានចំនួន ៧៤,១ភាគរយក្នុងរយៈពេល ១១ខែកន្លងមកនេះ បើធៀបនឹងឆ្នាំមុន។ ប្រសិនជាបើគ្មានការកាត់បន្ថយទេ ចំនួនប្លាស្ទិកនេះប្រមាណពាក់កណ្ដាលអាចនឹងប៉ះពាល់ដល់បរិស្ថាន អាចធ្លាក់ចូលទៅសមុទ្រ ឬអាចចូលទៅទន្លេ។ នេះគ្រាន់តែជាការរួមចំណែកពីកម្ពុជា»។
លោក ហេង គីមហុង នាយកប្រតិបត្តិនៃសមាគមបណ្ដាញយុវជនកម្ពុជា(CYN) យល់ថា បញ្ហាប្រើប្រាស់ប្លាស្ទិក គួរតែត្រូវធ្វើយុទ្ធនាការរយៈពេលវែងក្នុងការដោះស្រាយ ហើយទាមទារឱ្យក្រសួងបរិស្ថាន និងអ្នកពាក់ព័ន្ធទាំងអស់មានយន្តការច្បាស់លាស់ក្នុងការធ្វើ។
លោកបន្តថា៖ «ទី១គឺត្រូវបង្កើនយន្តការ ធ្វើការផ្សព្វផ្សាយ និងអប់រំទៅតាមគ្រឹះស្ថានអប់រំរដ្ឋ ជាពិសេសគ្រឹះស្ថានអប់រំរដ្ឋហ្នឹងត្រូវដើរតួរសំខាន់ជំរុញឱ្យមានការការពារក្នុងការគ្រប់គ្រងប្លាស្ទិកឱ្យបានល្អ ហើយក្រសួងបរិស្ថានត្រូវធ្វើការជាមួយភាគីពាក់ព័ន្ធក្នុងការតំឡើងតម្លៃប្លាស្ទិក លើកទឹកចិត្តដល់ឧស្សាហកម្មកែច្នៃ និងភាគីពាក់ព័ន្ធផ្សេងទៀតធ្វើយ៉ាងម៉េចកុំឱ្យប៉ះពាល់ធ្ងន់ធ្ងរទៅដល់រឿងនេះ»។
អ្នកបរិស្ថានរូបនេះបន្ថែមថា ចំពោះបញ្ហាប្លាស្ទិក បើគ្មានយន្តការគ្រប់គ្រង និងកំណត់តម្លៃបានល្អប្រសើរទេ នឹងនាំឱ្យការប្រើប្រាស់ប្លាស្ទិកនៅតែមានអាត្រាខ្ពស់ និងខ្ជះខ្ជាយ។
លោកថា៖ «ហើយទន្ទឹមជាមួយនឹងកិច្ចការងារផ្សេងៗទៀតហ្នឹង អ៊ីចឹងខ្ញុំគិតថាការដាក់វិធានផ្សេងៗបន្ថែមទៅលើការអប់រំ និងផ្សព្វផ្សាយក្នុងយុទ្ធនាការនេះ នឹងធ្វើឱ្យយើងមានភាពសកម្មបន្ថែមទៀត»។
ចំណែកលោក បណ្ឌិត ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជាមើលឃើញថា បញ្ហា
ប្លាស្ទិកនេះកំពុងមានយុទ្ធនាការផ្សព្វផ្សាយច្រើន ជាពិសេសនៅតាមអាគារលក់ទំនិញធំៗ ប៉ុន្តែតាមកន្លែងតូចៗ និងជនបទ ការផ្សព្វផ្សាយនៅមានកម្រិតនៅឡើយ។ លោកចង់ឱ្យក្រសួងបរិស្ថាន និងភាគីពាក់ព័ន្ធ យកចិត្តទុកដាក់បន្ថែម ដោយលើកពីយន្តការមួយចំនួនបញ្ចូលនៅក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក។
លោកបញ្ជាក់ថា៖ «សម្រាប់ខ្ញុំមើលឃើញយន្តការ៣ដើម្បីបង្កើនប្រសិទ្ធភាពនៃយុទ្ធនាការហ្នឹង គឺទី១បង្កើនការអប់រំផ្សព្វផ្សាយ ទាំងតាមប្រព័ន្ធផ្សព្វផ្សាយប្រពៃណី ទាំងប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គម ហើយក៏គួរតែយកចិត្តទុកដាក់ក្នុងការបង្កើតជាផ្ទាំងផ្សព្វផ្សាយតាមដងផ្លូវ ដែលយើងឃើញកន្លងមកអាជ្ញាធរខេត្តក្រុង រាជធានីខេត្តហ្នឹងបាននាំគ្នាកាត់ស្លាកស្រាបៀរគ្រឿងស្រវឹងគួរជំនួសសារអប់រំបែបបរិស្ថានអ៊ីចឹង»។
លោកបន្តថា៖ «ទី២ត្រូវយកចិត្តទុកដាក់ក្នុងការផលិតសារហ្នឹងធ្វើម៉ិចបើអាចជះឥទ្ធិពលទៅលើការផ្លាស់ប្តូរការគិតផ្នត់គំនិតរបស់ប្រជាពលរដ្ឋ ទើបប្រជាពលរដ្ឋងាកទៅរកការប្រើប្រាស់ថង់បរិស្ថាន ឬក៏ថង់អេកូដែលជាជម្រើសថ្មីដែលអាចឱ្យគាត់ប្រើជំនួសថង់ប្លាស្ទិក និងទី៣គួរតែមានគោលនយោបាយក៏ដូចជាយន្តការនៅក្នុងការបង្កលក្ខណ្ឌប្រកបដល់ការផលិតថង់បរិស្ថាន ឬក៏ថង់អេកូហ្នឹង ដើម្បីឱ្យតម្លៃហ្នឹងប្រជាពលរដ្ឋយើងទិញបាន ហើយងាយស្រួលក្នុងការទិញ និងថង់ត្រូវតែមានគុណភាពខ្ពស់ប្រើបានយូរផងដែរ»។
បើតាមការផ្សាយរបស់ UNDP នៅឆ្នាំ២០៥០ ចំនួនប្លាស្ទិកនឹងមានច្រើនជាងចំនួនត្រីក្នុងមហាសមុទ្រ។ ការទស្សន៍ទាយនេះផ្អែកលើការកើនឡើងនៃការបំពុលពីប្លាស្ទិកនៅក្នុងមហាសមុទ្រ ខណៈបរិមាណផលិតកម្មប្លាស្ទិកសរុបនៅទូទាំងពិភពលោកកើនដល់ ៨,៣ពាន់លានតោន៕