អាកាសយានិកទាំងពីររូប ត្រូវបានក្រុមប្រតិបត្តិការរុករកនៃក្រសួងការពារជាតិ រកឃើញស្លាប់ជាបន្តបន្ទាប់ នៅថ្ងៃទី២៩ និង៣០ ខែកក្កដា ឆ្នាំ២០២៤នេះ នៅកន្លែងឧទ្ធម្ភាគចក្រធ្លាក់ នៅចង្កេះភ្នំយ៉ាវយ៉ៃ ស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ នេះបើតាមសារលើទំព័រហ្វេសប៊ុក របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
បើតាមសារលើទំព័រហ្វេសប៊ុករបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បង្ហោះនៅថ្ងៃទី៣០ ខែកក្កដានេះបង្ហាញថា អាកាសយានិក ឈ្មោះ ខេង ឆៃយុទ្ធ ត្រូវបាន ក្រុមប្រតិបត្តិការរុករក និងសង្គ្រោះ ប្រទះឃើញសពនៅក្នុងឧទ្ធម្ភាគចក្រ នៅវេលាម៉ោងជាង៥ រសៀល នាថ្ងៃទី២៩ ខែកក្កដា។ ចំណែកសពរបស់អាកាសយានិកម្នាក់ទៀតឈ្មោះ ស៊ុន ផល្លា ត្រូវបានក្រុមប្រតិបត្តិការរុករក និងសង្គ្រោះប្រទះឃើញ នៅវេលាម៉ោង១០:៣០នាទី ព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤នេះ។
យោងតាមវីដេអូផ្សាយលើទំព័រហ្វេសប៊ុករបស់ក្រសួងព័ត៌មាន នៅថ្ងៃទី៣០ ខែកក្លដានេះ លោក លោក ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទលើកឡើងថា ភាពយឺតយ៉ាវនៃការស្វែងរកអាកាយានិកទាំងពីររូប គឺដោយសារបញ្ហាអាកាសធាតុ។
លោកថា បច្ចុប្បន្នសាកសពរបស់អាកាសយានិកទាំងពីរនៅមិនទាន់អាចយកចេញពីតំបន់នោះបាននៅឡើយ។
សូមបញ្ជាក់ថា ឧទ្ធម្ភាគចក្រយោធា Z9 លេខ MH912 បានបាត់ដំណឹងជាមួយយោធា២រូបនេះ គឺតាំងពីថ្ងៃទី១២ ខែកក្កដា នាអំឡុងពេលហ្វឹកហ្វឺន នៅក្នុងភូមិសាស្រ្តជួរភ្នំក្រវាញ ខេត្តពោធិ៍សាត់ និងខេត្តកោះកុង។ ហើយបន្ទាប់ពីកើតហេតុ ក្រុមប្រតិបត្តិការរុករកឧទ្ធម្ភាគចក្រ និងជនរងគ្រោះ បានចាប់ផ្តើមភ្លាមៗ ដោយមានការចូលរួមពីកងកម្លាំងចម្រុះ ជិត ១ ០០០នាក់។ នេះបើតាមការផ្សាយរបស់ទំព័រហ្វេសប៊ុកអ្នកនាំពាក្យក្រសួងការពារជាតិ៕