នាយកអង្គការយូនីសែហ្វប្រចាំកម្ពុជា (UNICEF Cambodia) ជំរុញឱ្យអ្នកពាក់ព័ន្ធ យកចិត្តទុកដាក់ ខ្ពស់ លើកុមារ និងមនុស្សវ័យជំទង់ដែលប្រឈមនឹងការលង់ទឹកស្លាប់នៅកម្ពុជា ដោយសារតែពួកគេមិនមានសមត្ថភាពការពារខ្លួនពីគ្រោះថ្នាក់។
នាយកអង្គការយូនីសែហ្វប្រចាំកម្ពុជាដែលធ្វើការទាក់ទងនឹងបញ្ហាកុមារ លោកបណ្ឌិត វីល ផាកស៍ (Dr. Will Parks) ប្រាប់ Newsroom Cambodia នៅថ្ងៃទី២ ខែសីហាថា កុមារប្រឈមនឹងការលង់ទឹក ដោយសារពួកគេតែងតែលេងនៅលើ ឬក្បែរប្រភពទឹក ដែលមិនមានការត្រួតពិនិត្យ ឬការពារដោយរបាំង។ លោកថា ហានិភ័យមានខ្ពស់ចំពោះកុមារតូចៗ ដោយសារពួកគេមិនមានជំនាញ ឬការយល់ដឹងដើម្បីជៀសវាង ឬគេចពីគ្រោះថ្នាក់ដោយសារលង់ទឹកបាន ហើយអាកាសធាតុកាន់តែក្តៅ ឬកម្រិតទឹកកាន់តែខ្ពស់ ក៏ជាកត្តារួមចំណែកក្នុងហានិភ័យនេះដែរ។
លោក វីល ផាកស៍ អះអាងថា រាល់ការលង់ទឹកគឺអាចការពារបាន តែត្រូវមានការចូលរួមពីឳពុកម្តាយគ្រប់រូបផងដែរ ដោយធានាថា កុមារតូចៗត្រូវរក្សាសុវត្ថិភាពនៅជុំវិញទឹក។ នេះក៏រួមបញ្ចូលទាំងការត្រួតពិនិត្យរបស់មនុស្សពេញវ័យ លើកុមារដែលសិក្សានៅតាមសាលាមត្តេយ្យ និងការថែទាំពេលថ្ងៃ និងការដំឡើងរបាំងត្រឹមត្រូវនៅជុំវិញទឹកបើកចំហ ដូចជាអណ្តូង ស្រះ និងកន្លែងហែលទឹកជាដើម។
លោកបន្តថា៖ «កុមារ និងមនុស្សវ័យជំទង់ត្រូវការមធ្យោបាយសុវត្ថិភាពក្នុងការធ្វើដំណើរ និងជុំវិញទឹក ដើម្បីទទួលបាននូវការអប់រំ កន្លែងថែទាំសុខភាព ក្រុមគ្រួសារ និងមិត្តភក្តិ។ ហើយពួកគេត្រូវការជំនាញសុវត្ថិភាពសមស្របតាមអាយុ រួមទាំងជំនាញ ដែលជួយពួកគេឱ្យរួចជីវិតពីការហែលទឹក និងជំនាញសង្គ្រោះប្រកបដោយសុវត្ថិភាព និងការអប់រំអំពីសុវត្ថិភាពទឹក និងការគ្រប់គ្រងហានិភ័យទឹកជំនន់ផងដែរ»។
លោកបន្ថែមថា យោងតាមការស្ទង់មតិលើបញ្ហាគ្រោះថ្នាក់ និងរបួសនៅកម្ពុជា ឆ្នាំ២០០៧ ក្រុមអាយុដែលមានអត្រាស្លាប់ដោយសារលង់ទឹកច្រើនជាងគេ គឺកុមារអាយុចន្លោះពី ១-៤ឆ្នាំ ដែលគិតជាមធ្យមមានអាត្រាបាត់បង់ជីវិតចំនួន៩០នាក់ ក្នុងចំណោមកុមារ ១០០,០០០នាក់ ហើយអាត្រាបាត់បង់ជីវិតបន្ទាប់គឺ ក្រុមអាយុ ៥-៩ និង ១០-១៤ឆ្នាំ។ ក្មេងប្រុសមានអត្រាស្លាប់ខ្ពស់ជាងក្មេងស្រីពីរដង ហើយនៅជនបទ និងទីក្រុងមានអត្រាលង់ទឹកប្រហាក់ប្រហែលគ្នា។
លោកបញ្ជាក់ថា របាយការណ៍ថ្មីៗនេះរបស់អង្គការសុខភាពពិភពលោក (WHO) បានបង្ហាញថា ជិត ២ ភាគ ៣ នៃការស្លាប់ដោយលង់ទឹកជាសាកលកើតឡើងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ហើយជាង ៩០ភាគរយនៃការស្លាប់ដោយលង់ទឹកកើតឡើងនៅក្នុងប្រទេសដែលមានចំណូលទាប និងមធ្យម។ហើយកាលពីឆ្នាំមុន របាយការណ៍ស្តីពីការលង់ទឹកជាសាកលបានប៉ាន់ប្រមាណថា ជាមធ្យមកុមារ៥នាក់ បានស្លាប់ដោយសារលង់ទឹកជារៀងរាល់ថ្ងៃនៅក្នុងប្រទេសកម្ពុជា។
លោកគ្រូបង្ហាត់ហែលទឹក រុំ វិបុល បានចែករំលែកពីវិធីការពារមួយចំនួនដើម្បីរក្សាសុវត្ថិភាពដល់កុមារថា អាណាព្យាបាលទាំងអស់ពេលនាំកូនតូចៗទៅលេងទឹក ត្រូវឱ្យពួកគេពាក់អាវពោងសុវត្ថិភាព ប៉ុន្តែត្រូវមានអាណាព្យាបាល ឬមានអ្នកជំនាញហែលទឹកណាម្នាក់ នៅក្បែរក្មេងតូចៗទាំងនោះជានិច្ច ហើយអាណាព្យាបាលអាចរកសាលាហែលទឹកណាមួយនៅក្បែរផ្ទះរបស់ពួកគេដើម្បីបង្ហាត់បង្រៀនកូនតូចៗផងដែរ។
លោកវិបុលនិយាយនៅក្នុងវីដេអូដែលអង្គការយូនីសេហ្វប្រចាំកម្ពុជាបានបង្ហោះនៅលើទំព័រហ្វេសប៊ុក កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ថា៖ «ខ្ញុំសូមលើកទឹកចិត្តដល់អាណាព្យាបាលទាំងអស់ ប្រសិនបើអូនតូចៗអត់ចេះហែលទឹកទេ ខ្ញុំអត់គាំទ្រឱ្យគាត់ទៅលេងទឹកម្នាក់ឯងទេ គឺយើងត្រូវមានមនុស្សម្នាក់ ឬពីរនាក់ ឬអ្នកចេះហែលទឹកម្នាក់នៅក្បែរខ្លួនគាត់ ព្រោះអីអានេះប៉ះពាល់ដល់អាយុជីវិតយើងខ្លាំងមែនទែន នៅពេលដែលយើងអត់ទាន់ចេះហែលទឹកសោះ ហើយយើងមកហែលទឹក»។
ក្នុងសារបង្ហោះលើទំព័រហ្វេសប៊ុករបស់អង្គការយូនីសេហ្វប្រចាំកម្ពុជា កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ បានបង្ហាញពីគន្លឹះសំខាន់ៗចំនួន៦ដើម្បីការពារក្មេងពីការលង់ ទឹក ដោយទី១ ត្រូវចេះពីរបៀបសង្រ្គោះបឯម និងជំនាញសង្គ្រោះមនុស្សពីការលង់ទឹក ទី២ ត្រូវមើលកូនរបស់អ្នកឱ្យបានជាប់លាប់ នៅពេលពួកគេហែលទឹក ទី៣ ត្រូវដាក់របាំង ឬធ្វើរបងនៅកន្លែងដែលមានទឹក ទី៤ ត្រូវឱ្យកុមារលេងនៅកន្លែងដែលមានសុវត្ថិភាព ឆ្ងាយពីទឹក ទី៥ ត្រូវបង្រៀនកុមារឱ្យចេះហែលទឹក និងជំនាញការពារខ្លួននៅក្នុងទឹក និងទី៦ នៅពេលងូតទឹកឱ្យកូននៅក្នុងអាង មិនត្រូវទុកក្មេងចោលក្នុងទឹកតែម្នាក់ឯងឡើយ។
យោងតាម របាយការណ៍របស់អង្គការសុខភាពពិភពលោក(WHO) បង្ហាញថា ក្នុងឆ្នាំ ២០១៩ នៅតំបន់អាស៊ីអាគ្នេយ៍ មានចំនួនអ្នកលង់ទឹកស្លាប់រហូតដល់ ៧០,០៣៤នាក់ ។ នេះជាចំនួនអ្នកស្លាប់ច្រើនជាងគេលំដាប់ទីពីរ បើប្រៀបធៀបទៅនឹងតំបន់ផ្សេង ដែលអង្គការសុខភាពពិភពលោកបានរកឃើញ។ ហើយចំនួនអ្នកស្លាប់ ជាង៣៣ភាគរយ បានកើតឡើងក្នុងចំណោមកុមារដែលមានអាយុក្រោម១៥ឆ្នាំ៕