ភ្នំពេញ៖ អង្គុយបញ្ឈរជង្គង់ក្នុងកង់បី ភ្នែកសម្លឹងមើលទូរស័ព្ទរង់ចាំភ្ញៀវជិះកង់បីនៅតំបន់ផ្សារធំថ្មី លោក ម៉ែន សុខន បានឆ្លៀតពេលរៀបរាប់ពីបញ្ហាជីវភាពរបស់អ្នករត់កង់បីដូចជារូបលោក។ អ្នករត់កង់បី៣៩ឆ្នាំរូបនេះ ថាបច្ចុប្បន្នខ្លួនរកចំណូលមិនសូវបានដូចកាលពីមុនដោយសារតែវិបត្តសេដ្ឋកិច្ច។
លោក ម៉ែន សុខន ថ្លែងថា៖ «ពីមុនរៀងគ្រាន់បើដែល យើងមកដឹងតែមានម៉ូយ(ភ្ញៀវ)ដឹកពីមុន បើឥឡូវមកអង្គុយតែលេង មួយថ្ងៃៗចង់ដាច់បាយដែរ។ ពីមុនរកបានមួយថ្ងៃ៨ម៉ឺន ៩ម៉ឺនអីដែរ ដល់ឥឡូវបានតែ៥ម៉ឺនពេកហើយ»។
លោក ម៉ែន សុខន និងអ្នករត់កង់បីផ្សេងទៀតដែលអ្នកសារព័ត៌មាន Newsroom បានជួបសម្ភាស អះអាងថា ចាប់តាំងពីពេលកើតមានកូវីដមក ចំណូលពីរបររត់កង់បីនេះពិតជាធ្លាក់ចុះ ទន្ទឹមពេលចំនួនអ្នករត់កង់បីមានច្រើន។ ពួកគេយល់ថា បញ្ហានេះអាចមកពីកត្តាសេដ្ឋកិច្ចមិនទាន់ត្រឡប់ទៅរកភាពប្រសើរដូចមុន។
លោក ម៉ែន សុខន ថ្លែងបន្តថា៖ «វាមានច្រើនមែនកង់បី យើងអ្នករកមានច្រើនតែអ្នកដើរអត់សូវមាន ចឹងយើងពិបាកដែរ។ ដូចយើងដឹងចឹងបើតាមទីផ្សារឥឡូវ នៅហាងមួយៗអត់សូវមានអ្នកដើរ ដល់ចឹងយើងដឹកក៏អត់សូវមានអ្នកជិះដែរ»។

មិនឆ្ងាយប៉ុន្មានពីលោកម៉ែន សុខន លោក នាង វណ្ណាង អាយុ៣៥ឆ្នាំ ក៏កំពុងអង្គុយរង់ចាំភ្ញៀវនៅក្បែរផ្សារថ្មីដែរ។ លោកបញ្ជាក់ថា បន្ទាប់ពីកាត់កងចំណាយប្រចាំថ្ងៃរួច លោកនៅសល់លុយតិចតួចប៉ុណ្ណោះ។
លោក នាង វណ្ណាង ថ្លែងថា៖ «កាលពីមុនចំណូលថេរ អន់បំផុតក៏៧ម៉ឺន ៨ម៉ឺនដែល តែឥឡូវកំណត់អត់បាន រកអត់ទៀង ជួនកាលបានតិចក្រោម១០ដុល្លារ ហើយយើងចាក់សាំងហូបចុកអស់ហើយសល់តិចតួច បើពីមុនហូបអីហើយក៏សល់៥ម៉ឺន ៦ម៉ឺនដែរ»។
លោក វណ្ណាង លើកឡើងនៅពេលដែលមិនសូវមានភ្ញៀវជិះដូចមុនធ្វើឱ្យចំណូលក្នុងគ្រួសារធ្លាក់ចុះ ហេតុនេះប្រពន្ធរបស់លោកត្រូវចេញទៅធ្វើការរោងចក្របន្ថែមដើម្បីជួយទ្រទ្រង់ជីវភាពគ្រួសារ។

រត់កង់បីមួយរូបទៀត លោកស្រី សុវណ្ណ វ៉ារី អាយុ៤២ឆ្នាំ ក៏ជួបវិបត្តិចំណូលធ្លាក់ចុះដូចគ្នា។ ក្រៅពីបញ្ហាចំណូលហើយ អ្នកស្រី វ៉ារីដែលរត់កង់បីចាប់ពីពេលរសៀលរហូតទល់ភ្លឺរូបនេះ លើកឡើងការប្រើប្រាស់ App សម្រាប់រកភ្ញៀវមកជិះនេះ ក៏មានបញ្ហាខកចិត្តផ្សេងទៀតដែរ ដូចជាភ្ញៀវខ្លះកម្មង់ហើយ តែបែរជាប្តូរចិត្តមិនជិះវិញ ព្រមទាំងការចំណាយជួសជុសកង់បីជាដើមជាពិសេសក្នុងរដូវភ្លៀងនេះ។
អ្នកស្រី សុវណ្ណ វ៉ារី ថ្លែងថា៖ «បញ្ហាប្រឈមរបស់ខ្ញុំទី១ ពិបាករកអតិថិជនជិះ ហៅកង់បីយើងជិះ។ ទី២ ភ្ញៀវ Booking ភាគច្រើនចូលចិត្តកូរ Cancel យើងទទួល Booking ហើយផ្តាច់ចេញ អ៊ីចឹងពេលយើងទៅដល់ហើយខាតពេលវេលា ខាតហ្គាស[…]គាត់អត់យល់យើងទេ គាត់យល់តែអារម្មណ៍របស់គាត់អ៊ីចឹងណាភ្ញៀវ»។
អ្នកស្រីបន្ថែមថា៖ «អារកលុយមិនបានហើយអាកង់បីងាកខូចងាកខូច ជាពិសេសខែហ្នឹងខែភ្លៀងទៀត ងាកលិចទឹក»។

ចំនួនអ្នករត់កង់បីនៅទូទាំប្រទេសកម្ពុជា មានប្រហែលជាង៨ម៉ឺននាក់ ហើយអ្នកដែលបានចុះបញ្ជីជាសមាជិកនៃសមាគមអ្នកប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) មានចំនួនជាង១ម៉ឺននាក់។ នេះបើយោងតាម លោក វន់ ពៅ ប្រធានសមាគម IDEA។
លោក វន់ ពៅ ឱ្យដឹងថា ក្រុមអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាពិសេសអ្នករត់កង់បីនេះ កំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ចពិតមែន ហើយនេះជារឿងដែលត្រូវព្រួយបារម្ភ។ លោកឱ្យដឹងទៀតថាពួកគេប្រឈមនឹងអតុល្យភាពរវាងចំណូល និងចំណាយ ជាពិសេសបន្ទុកបំណុលធនាគារ។
លោក វន់ ពៅមានប្រសាសន៍ថា៖ «ប្រសិនបើរឿងហ្នឹងកាន់តែអូសបន្លាយយូរទៅៗ ធ្វើឱ្យគាត់ធ្លាក់ក្នុងស្ថានភាពវិបត្តិសង្គមមួយដែលគាត់ធ្លាក់ខ្លួនក្នុងបន្ទាត់នៃភាពក្រីក្រច្រើន ហើយគាត់អាចបោះបង់មុខរបរ ទៅចំណាកស្រុកទៅក្រៅប្រទេសទាំងប្រថុយប្រថាន អាហ្នឹងជាបញ្ហាដែលយើងមើលឃើញជាក់ស្តែង»។
លោក វន់ ពៅ សង្កេតឃើញថា ក្រុមអ្នករត់កង់បីមួយចំនួនដែលមានបញ្ហាលំបាកខ្លាំងក៏ជ្រើសរើសយកការស្នាក់នៅតាមដងផ្លូវនៅពេលរាត្រី ដោយសារប្រាក់ចំណូលមិនគ្រប់សម្រាប់បង់ថ្លៃផ្ទះជួលដូចមុន។
លោក វន់ ពៅ បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលកម្ពុជាគួរតែដោះស្រាយបញ្ហានេះ ជូនក្រុមអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាពិសេសក្រុមអ្នករត់កង់បីនេះ តាមរយៈការទាក់ទាញភ្ញៀវទេសចរណ៍ឱ្យច្រើនមកកម្ពុជា។ បន្ថែមពីនេះ លោកថា រដ្ឋគួរសម្របសម្រួលជួយពន្យាពេលនៃការបង់បំណុលធនាគារ និងជួយឧបត្ថម្ភធនធានខ្លះដល់ក្រុមអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលកំពុងតែរងនូវភាពដុនដាបបែបនេះផងដែរ។
លោកវន់ ពៅ បន្តថា៖ «ប្រព័ន្ធជំនួយសង្គមត្រូវគិតទៅដល់ពួកគាត់ឱ្យបានដិតដល់ដើម្បីធានានៃការបន្តជីវិតជាអាជីវកម្មដើម្បីរកប្រាក់ចំណូលផ្គត់ផ្គង់ជីវភាពនេះផងដែរ ហើយម្យ៉ាងទៀតរដ្ឋគួរគិតពិចារណារឿងអ្នកប្រកបរបរអាជីវកម្មដែលជនជាតិខ្មែរនៅក្នុងប្រទេសហ្នឹង ទប់ស្កាត់កុំឱ្យបរទេសមកដណ្តើមការងាររបស់យើងជាខ្មែរម្ចាស់ស្រុកដែលប្រកបមុខរបរតូចតាចនេះ ប្រសិនជានៅតែបណ្តាយបែបនេះ អាហ្នឹងស្ថានភាពកាន់តែធ្ងន់ទៅៗ»។
ចំណែកលោក មាស នី អ្នកវិភាគសង្គម មើលឃើញថាទាំងអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងរបរផ្សេងទៀតសុទ្ធតែជួបការប្រឈមនឹងបញ្ហាចំណូលរកមិនសូវបាន ដោយសារតែបញ្ហាសេដ្ឋកិច្ចពិភពលោក និងមិនសូវមានភ្ញៀវទេសចរណ៍។
លោក មាស នី ថ្លែងថា៖ «យើងដឹងហើយថាបើយើងមើលវិស័យទេសចរណ៍មួយធ្លាក់ បានន័យថាវិស័យរបររកស៊ីភាគច្រើនពាក់ព័ន្ធនឹងវិស័យទេសចរណ៍ អាហ្នឹងវាធ្លាក់ដូចគ្នា ដូចកង់បី អ៊ីចឹង។ បើកាលណាធ្លាក់(សេដ្ឋកិច្ច) មនុស្សត្រូវកាត់បន្ថយការដើរហើរ គ្នាដែលរកស៊ីដឹកជញ្ជូនក៏គ្មានអីរកដែរ។ នៅតាមផ្សារអ្នកលក់ដូរក៏មានការត្អូញត្អែរដែរ ថ្ងៃខ្លះស្ងាត់ឈឹងតែម្តង»។
លោក មាស នី លើកឡើងថារដ្ឋាភិបាលអាចជួយដល់អ្នកមានជីវភាពលំបាកតាមរយៈ
បណ្ណប.ស.ស បណ្ណសមធម៌សម្រាប់គ្រួសារក្រីក្រ។ ក៏ប៉ុន្តែ លោកមិនទាន់មើលឃើញមានការជួយពួកគេនៅឡើយ ដែលបញ្ហានេះអាចធ្វើឱ្យពួកគេធ្លាក់ទៅក្រោមបន្ទាត់ក្រីក្រ។
វត្តមាននៃកង់បី(ឥណ្ឌា) បាននាំចូលមកក្នុងទីផ្សារកម្ពុជាតាំងពីឆ្នាំ២០១២ និងចាប់ផ្តើមមានកំណើនខ្ពស់នៃការបើកបរ និងប្រើប្រាស់កង់បីប្រភេទនេះនៅអំឡុងឆ្នាំ ២០១៧។ នេះបើតាមការផ្សាយនៅលើគេហទំព័រ RFI កាលពីឆ្នាំ២០១៧។
រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ទូច ចាន់នី ឱ្យដឹងថា ប្រសិនបើអ្នកប្រកបរបរសេដ្ឋក្រៅប្រព័ន្ធមានបណ្ណសមធម៌ ឬបណ្ណក្រីក្រ ពួកគេនឹងទទួលបានប្រាក់ឧបត្ថម្ភ និងអត្ថប្រយោជន៍ផ្សេងពីបណ្ណនោះ។ លោកថា អ្នកដែលមានជីវភាពលំបាកក្រីក្រអាចដាក់ពាក្យស្នើសុំបណ្ណសមធម៌ពីឃុំសង្កាត់ខ្លួន ហើយអាជ្ញាធរមូលដ្ឋាននឹងចុះទៅពិនិត្យវាយតម្លៃ។
លោក ទូច ចាន់នី ថ្លែងថា៖ «អ្នកផ្ដល់បណ្ណគឺក្រសួងផែនការ តាមរយៈសមីខ្លួនគាត់ស្នើសុំ គាត់រស់នៅតំបន់ណាសង្កាត់ណាគាត់ស្នើសុំទៅខាងហ្នឹងទៅ ហើយមូលដ្ឋានគេចុះទៅវាយតម្លៃ បើស្ថានភាពគាត់ក្រពិតប្រាកដមែនទើបបានបណ្ណហ្នឹង»។
បន្ថែមពីជំនួយផ្នែកជីវភាពក្នុងគ្រាលំបាកនេះ អ្នករត់កង់បីដូចអ្នកស្រី សុវណ្ណ វ៉ារី ចង់ឃើញអាជ្ញាធរជួយសម្រួលកន្លែងចតកង់បីសាធារណៈដល់ពួកគេ ដើម្បីរក្សាសណ្ដាប់ធ្នាប់ និងអាចផ្ដល់ភាពងាយស្រួល ក្នុងការចតរង់ចាំភ្ញៀវ។
អ្នកស្រី សុវណ្ណ វ៉ារី ថ្លែងថា៖ «យើងតែងតែស្នើសុំថាឲ្យមានកន្លែងសមរម្យត្រឹមត្រូវប្រកបដោយអនាម័យ សុខសុវត្ថិភាព។ កុំឱ្យខូចសណ្តាប់ធ្នាប់ កុំឱ្យថាយើងចតទៅថាអាកង់បីចតរញ៉េរញ៉ៃអត់មានរបៀបទេ ខូចសណ្តាប់ធ្នាប់អស់ហើយ។ ចុះបើបងៗអស់លោកអត់រៀបចំឱ្យពួកខ្ញុំមានសុវត្ថិភាពមានរបៀបរៀបរយផងឱ្យខ្ញុំទៅចតឯណា គេចតបានយើងចតបានហើយមិនអញ្ចឹង»៕