អង្គការការពារសិទ្ធិមនុស្ស លីកាដូ(Licadho) រកឃើញថា មនុស្សប្រមាណ៦០នាក់ ត្រូវបានរងការចោទប្រកាន់ និងកំពុងជាប់ឃុំក្នុងពន្ធនាគារ ដោយសារការបង្ហោះសារលើបណ្តាញស ង្គម និងគម្រោងជួបជុំ ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ក្នុងពេលកន្លងទៅនេះ។
របាយការណ៍របស់អង្គការលីកាដូ ដែលបានចេញផ្សាយកាលពីថ្ងៃទី១៦ ខែកញ្ញា បានឱ្យដឹងថា មនុស្សជាង១០០នាក់ត្រូវចាប់ខ្លួន ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ CLV នៅចន្លោះខែកក្កដា និងខែសីហា ឆ្នាំ២០២៤។ប៉ុន្តមនុស្សមួយចំនួនក្នុងចំណោមនោះ ត្រូវដោះលែងវិញ ខណៈមនុស្សដែលសេសសល់ប្រមាណ៦០នាក់ ត្រូវរងការចោទប្រកាន់ និងឃុំខ្លួនក្នុងពន្ធនាគារនៅទូទាំងប្រទេស ដែលពន្ធនាគារទាំងនោះភាគច្រើនកំពុងតែមានបញ្ហាចង្អៀតណែន និងលំបាកក្នុងការផ្តល់នូវសេវាកម្មជាមូលដ្ឋានដល់អ្នកជាប់ឃុំ។
ប្រភពដដែលបង្ហាញថា អ្នកជាប់ឃុំភាគច្រើនរងការចោទ ពីបទ «រួមគំនិតក្បត់ថាបានបង្កើតគម្រោងឡើងដើម្បីប្រព្រឹត្តឧបឃាត» ដែលអាចត្រូវផ្តន្ទាទោសឱ្យជាប់ពន្ធនាគារចាប់ពី៥ ទៅ ១០ឆ្នាំ។ ចំណែកអ្នកផ្សេងទៀត ប្រឈមនឹងបទចោទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ដែលអាចប្រឈមនឹងការជាប់ពន្ធនាគារពី ៦ខែ ទៅ២ឆ្នាំ ខណៈអ្នកខ្លះទៀតប្រឈមនឹងបទចោទប្រកាន់ផ្សេងៗទៀត។
លីកាដូ ក៏បានបញ្ជាក់ដែរថាអ្នកដែលរងបទចោទប្រកាន់ និងកំពុងជាប់ឃុំទាំងនោះ មានអាយុចន្លោះពី ១៦ឆ្នាំទៅ ៧០ឆ្នាំ ហើយក៏មានអនីតិជនដែលមានអាយុក្រោម១៨ឆ្នាំ ចំនួន ៤នាក់ដែរ។
របាយការណ៍នេះលម្អិតថា៖«ជនជាប់ឃុំទាំងនោះ រួមមានយ៉ាងហោចណាស់ ៦រូប ជាសមាជិកអង្គការនិងសមាគម ៤រូប ជាសកម្មជន និង១២រូប ជាសកម្មជនគណបក្សជំទាស់។ ចំណែកអ្នកផ្សេងទៀត គឺជាពលរដ្ឋ ដែលបានបង្ហោះសារលើ បណ្តាញសង្គម ឬការចង់ជួបជុំរបស់ពួកគេជុំវិញព្រឹត្តិការណ៍នៃកិច្ចព្រមព្រៀងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)»។
នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត បង្ហាញការសោកស្តាយ ដែលអ្នកដែលត្រូវបានចោទប្រកាន់ និងជាប់ឃុំបណ្តោះអាសន្នមួយចំនួន ត្រូវខាតបង់ការសិក្សា ខណៈពួកគេជាសិស្សកម្រិតវិទ្យាល័យ និងសាកលវិទ្យាល័យ។
លោកថ្លែងថា៖«យុវជនទាំងអស់ហ្នឹងជាទំពាំងស្នងឫស្សី ហើយអ្វីដែលចាំបាច់សម្រាប់ពួកគាត់ គឺការសិក្សា។ សោកស្តាយដែលពួកគាត់ត្រូវបានចោទប្រកាន់ និងឃុំខ្លួនបណ្តោះអាសន្ន»៕
គម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍(CLV-DTA) ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៩ ដោយរដ្ឋាភិបាលប្រទេសចំនួន ៣គឺកម្ពុជា ឡាវ និងវៀតណា បានឯកភាពគ្នាក្នុងការដាក់ខេត្តចំនួន១៣ រួមគ្នា ដើម្បីអភិវឌ្ឍន៍។ក្នុងនោះកម្ពុជាមានខេត្តចំនួន៤ គឺខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ និងខេត្តស្ទឹងត្រែង។
គេហទំព័រNewsroom Cambodia មិនទាន់អាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមឃឿន បាននៅឡើយទេ ជុំវិញតួលេខពិតប្រាកដនៃមនុស្សដែលត្រូវបានចាប់ខ្លួន និងអ្នកដែលត្រូវបានចោទប្រកាន់ ហើយឃុំខ្លួនបណ្តោះអាសន្ន។
បើទោះជាបែបណា លោក ទូច សុខៈ អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ និយាយនៅក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃទី០៤ ខែកញ្ញា ដោយបានលើកឡើងថា ពាក់ព័ន្ធនឹងការគ្រោងធ្វើបាតុកម្មប្រឆាំងនឹងគម្រោងCLVនេះ អាជ្ញាធរបានឃាត់ខ្លួនមនុស្សចំនួន ១៨៨នាក់។ក្នុងនោះមនុស្សចំនួន ៥៧នាក់ ត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ ក្រោយពីបានអប់រំ និងធ្វើកិច្ចសន្យារួចរាល់។
មិនតែប៉ុណ្ណោះ ការឃាត់ខ្លួននេះ ធ្វើឡើងក្រោយអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនបានបង្ហោះសារអំពីការប្រមូលផ្តុំគ្នា គ្រោងធ្វើបាតុកម្មប្រឆាំងនឹងគម្រោងអភិវឌ្ឍន៍ CLV នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤។ប្រតិកម្មនេះ គេសង្កេតឃើញថា នៅបន្ទាប់ពីក្រុមយុវជនចេះតែបន្តកើនឡើងឥតឈប់ឈរ តាមរយៈការបង្កើតក្រុម នៅលើបណ្តាញសង្គម តេឡេក្រាមឈ្មោះ«រួបរួមដើម្បីជាតិ»។នៅក្នុងក្រុមនេះ យុវជនបង្ហាញការមិនសប្បាយចិត្ត នៅពេលដឹងថាខេត្តទាំងបួន ត្រូវដាក់ឱ្យស្ថិតនៅក្នុងផែនការអភិវឌ្ឍន៍ជាមួយវៀតណា និងឡាវ។
យ៉ាងនេះក្តី អង្គការអន្តរជាតិចំនួន២ រួមមាន អង្គការលើកលែងទោសអន្តរជាតិ(Amnesty International) និងអង្គការឃ្លាំមើលសិទ្ធិមនុស្ស(Human Right Watch) កាលពីថ្ងៃទី២៨ ខែសីហា បានចាត់ទុកថា ការចាប់ខ្លួនប្រឆាំងអ្នករិះគន់ទាំងនោះថា ជាការអនុវត្តរំលោភបំពាននីតិវិធីច្បាប់៕