រដ្ឋាភិបាលស៊ុយអែត ប្រកាសបិទការិយាល័យស្ថានទូតរបស់ខ្លួនប្រចាំកម្ពុជា នៅបំណាច់ខែក​ញ្ញា​នេះ ហើយទុកឱ្យស្ថានទូតស៊ុយអែតប្រចាំទីក្រុងបាងកកប្រទេសថៃ ឈរពីចំងាយជាតំ​​ណា​​ងឱ្យប្រទេសស៊ុយអែតនៅកម្ពុជាវិញ។

យ៉ាងណា រដ្ឋាភិបាលប្រទេសនេះមិនបានបញ្ជាក់ពីមូលហេតុជាក់លាក់នៃការបិទនេះទេ ដោ​​យ​គ្រាន់តែលើកឡើងថា ការសម្រេចបិទនេះ ដោយសារតែរដ្ឋាភិបាលស៊ុយអែត បានបញ្ចប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ទ្វេភាគីជាមួយប្រទេសកម្ពុជា។នេះបើតាមការប្រកាសនៅលើគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតស៊ុយអែតដែលមានការិយាល័យប្រចាំទីក្រុងភ្នំពេញ នៅ​ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤នេះ។

ប្រភពបន្តថា៖«ស្ថានទូតស៊ុយអែតការិយាល័យប្រចាំទីក្រុងភ្នំពេញ នឹងត្រូវបិទជាផ្លូវការ និងឈ​ប់ធ្វើការ ពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤នេះ ដោយសារសេចក្តីសម្រេចរបស់រដ្ឋាភិបាលស៊ុយអែតក្នុងការបញ្ចប់ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ទ្វេភាគីជាមួយប្រទេសកម្ពុជា»

រដ្ឋាភិបាលស៊ុយអែត​ កាលពីថ្ងៃខែវិច្ឆិកា​ ឆ្នាំ២០២០កន្លងទៅ បានប្រកាសបិទស្ថានទូតរបស់ខ្លួនប្រចាំកម្ពុជា នៅចុងឆ្នាំ២០២១ ដោយបន្សល់តែការិយាល័យបេសកកម្មស្ថានទូត។ ប៉ុន្តែនៅ​​​ថ្ងៃទី៣០ ខែកញ្ញាខាងមុខ ស៊ុយអែតនឹងបន្តបិទទាំងការិយាល័យស្ថានទូតតែម្តង។

មិនតែប៉ុណ្ណោះ ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតស៊ុយអែត ក៏នឹងត្រូវបិទដំណើរការដំណា​ល​​គ្នាជាមួយនឹងការិយាល័យបេសកកម្មដែរ។ ជាមួយគ្នានេះ ស្ថានទូតស៊ុយអែតប្រចាំនៅប្រទេសថៃ នឹងឈរជាតំណាងពីចំងាយឱ្យប្រទេសស៊ុយអែតសម្រាប់កម្ពុជា៖«ស្ថានទូតស៊ុយអែតប្រចាំទីក្រុងបាងកក នឹងបន្តតំណាងឱ្យប្រទេសស៊ុយអែតនៅកម្ពុជា»។

យ៉ាងណា ស្ថានទូតដដែលបញ្ជាក់ថា ស្ថានកុងស៊ុលស៊ុយអែតប្រចាំទីក្រុងភ្នំពេញនឹងបន្តបើក និងផ្តល់សេវាការទូតមូលដ្ឋានសម្រាប់ពលរដ្ឋស៊ុយអែតនៅកម្ពុជាដដែល។

ដោយឡែក ការគ្រប់គ្រងការគាំទ្រដល់កម្ពុជា ស្របតាមយុទ្ធសាស្រ្តតំបន់សម្រាប់កិច្ចសហប្រ​តិ​​​ប​ត្តិការអភិវឌ្ឍន៍ជាមួយអាស៊ី និងប៉ាស៊ីហ្វិកវិញ ត្រូវបានផ្ទេរទៅអង្គការសហប្រតិបត្តិការអន្តរជាតិអភិវឌ្ឍន៍ស៊ុយអែត ដែលមានមូលដ្ឋាននៅទីក្រុងស្តុកហូម (Stokholm)(Sida – Styr​e​ls​en för Internationellt Utvecklingssamarbete) កាលពីថ្ងៃទី១៦ ខែសីហាកន្លងទៅ។

នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត សម្តែងការសោកស្តាយ ដោយចាត់ថាការប្រកាសបិទការិយាល័យ និងផ្តាច់ជំនួយនេះ ជាការខាតបង់ធំ​​ស​ម្រាប់រដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលនៅកម្ពុជា ខណៈប្រទេសស៊ុយអែត ជាប្រភពជំនួ​​យ​មួ​យ​​ដ៏ធំសម្រាប់កម្ពុជា។

លោកថ្លែងថា៖«យើងមានការសោកស្តាយ ព្រោះកន្លងមកស្ថានទូតស៊ុយអែតបានជួយច្រើន ទាំងរដ្ឋាភិបាល ទាំងសង្គមស៊ីវិល។ ប៉ុន្តែឥឡូវនេះបានផ្តាច់ជំនួយទាំងរដ្ឋាភិបាល ហើយសង្គមស៊ីវិលក៏ត្រូវបានផ្តាច់ដូចគ្នាដែរ»។

លោក សំអាត យល់ឃើញថាការសម្រេចនេះ អាចដោយសាររដ្ឋាភិបាលស៊ុយអែត មិនបានមើ​​ល​ឃើញពីភាពល្អប្រសើរនៃលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា។

លោកបន្តថា៖«គេមើលឃើញថា បញ្ហាលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា នៅតែមានបញ្ហា អ៊ីចឹងហើយបានយើងឃើញថាស៊ុយអែត បានសម្រេចដកស្ថានទូត ហើយក៏ផ្តាច់ជំនួយទាំងរដ្ឋាភិបាល ទាំងអង្គការសង្គមស៊ីវិល »។

ចំណែក ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា លោកបណ្ឌិត ប៉ា ចន្ទរឿន យល់ឃើញថា នេះជា​​ការបាត់បង់អ្នកគាំទ្រមួយផ្នែកធំ ដែលបានជួយជ្រោមជ្រែងដល់ការលើកម្ពស់សិទ្ធិមនុស្ស និ​ង​ល​ទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ជាច្រើនឆ្នាំកន្លងមកនេះ។

លោកបន្តថា ការដកការិយាល័យ និងផ្តាច់ជំនួយនេះ ក៏នឹងជះឥទ្ធិពលដល់សេដ្ឋកិច្ចកម្ពុជាដែរ ស្របពេលដែលរដ្ឋាភិបាល ស៊ុយអែត ធ្លាប់ផ្តល់ជំនួយជាច្រើន ជួយគាំទ្រដល់អង្គការ និងស្ថាប័នរដ្ឋនៅ​​កម្ពុជា។

លោកថ្លែងថា៖«ជាការបាត់បង់អ្នកគាំទ្រកិច្ចការងារអភិវឌ្ឍន៍ និងការងារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ។ វាមានផលវិបាកច្រើន! វាធ្វើឱ្យអង្គការស្ថាប័នដែលធ្វើកិច្ចកា​​រងាររឿងសិទ្ធិមនុស្ស កាន់តែលំបាករកធនធានដើម្បីបន្ត និងពង្រីកកិច្ចការរបស់ខ្លួននៅពេលខាងមុខ។ ហើយការបាត់បង់ជំនួយ ក៏ជះឥទ្ធិពលដល់សេដ្ឋកិច្ចកម្ពុជាមួយផ្នែកដែរ។ បើសិនជាមានជំនួយច្រើន ក៏វាជាចំណូលមួយផ្នែកសម្រាប់ជួយស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាយើងដែរ»។

យ៉ាងណាក៏ដោយ លោករំពឹងថា រដ្ឋាភិបាលស៊ុយអែតនឹងពិចារណាក្នុងការវិលត្រឡប់មកដាក់ស្ថានទូត និងបន្តផ្តល់ជំនួយដល់ការអភិវឌ្ឍនៅកម្ពុជាឡើងវិញ នាពេលខាងមុខ។

ជុំវិញករណីនេះ គេហទំព័រ Newsroom Cambodia មិនទាន់អាចសុំការអត្ថាធិប្បាយបា​ននៅ​ឡើ​យទេ ពីអ្នកនាំពាក្យក្រសួងការបរទេស លោក ជុំ​ សន្ទរី និងអ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា គិតត្រឹមរសៀលថ្ងៃទី១៦ ខែកញ្ញានេះ។ ដោយឡែក អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានបដិសេធថាមិនអាចឆ្លើយបានទេ ព្រោះមិនមែនមន្ត្រីជំនា​ញ​​។

រដ្ឋាភិបាល​ ស៊ុយ​អែត ​បាន​បិទស្ថាន​ទូត​របស់ខ្លួន​ប្រចាំ​នៅ​រាជធានី​ភ្នំពេញនៅចុងឆ្នាំ២០២១។ មុន​នឹង​ការ​សម្រេច​បិទ​ស្ថាន​ទូត​នេះ ស៊ុយអែត​ក៏​បាន​បង្វែរ​ជំនួយ​សហ​ប្រតិបត្តិការ​អភិវឌ្ឍន៍​ជា​មួ​យ​រដ្ឋា​ភិបាល​កម្ពុជាប្រមាណ​២០​លាន​ដុល្លារ​អាមេរិក​ទៅ​ជា​ជំនួយ​លើ​ការ​គាំទ្រ​ការ​គោរព​សិទ្ធិ​មនុស្ស លទ្ធិ​ប្រជា​ធិបតេយ្យ និង​នីតិរដ្ឋ​កាន់​។ប្រភពបន្តដដែលបន្តថា លំហ​ប្រជា​ធិបតេយ្យ​​​នៅ​កម្ពុជា​មាន​«ការ​រឹតត្បិត​យ៉ាង​ធ្ងន់​ធ្ងរ»

បើ​តាម​ព័ត៌មាន​នៅ​លើ​គេហទំព័រ​ ស៊ីដា ក្នុង​ឆ្នាំ​២​​០​២៣ ​ស៊ុយ​អែត​ បានផ្តល់ជំនួយអភិវឌ្ឍន៍មក​កម្ពុជាសរុប​ប្រមាណ​១៧​លាន​ដុល្លារ​អាមេរិក ដែលជំនួយទាំងនោះ ផ្តោតលើអភិបាលកិច្ច​មូ​ល​ដ្ឋាន លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស​។​ហើយ​អ​ង្គការដៃគូរ គឺជាតួអង្គដែល​ទទួលបា​ន​ជំនួ​ញ​ទាំ​ងនោះដោយផ្ទាល់ រួមទាំងរដ្ឋា​ភិបាល​ផ​ង​​៕