សំឡេងឆ្នោតគាំទ្រតួលេខប្រាក់ឈ្នួល២០៦ដុល្លារអាមេរិកដែលលើកឡើងដោយនិយោជក បាននាំ​​មុខគេ​​ដែ​លបញ្ហានេះ បានជំរុញឱ្យកម្មករនិយោជិតនឹង​ទទួលបានការដំឡើងប្រាក់ឈ្នួលផ្លូវការចំនួន២ដុល្លារប​ន្ថែ​​​​​មទៀត ពីភាគីនិ​យោ​​ជកនៅឆ្នាំ២០២៥ ហើយ​ការដំឡើងនេះ បើធៀបនឹងតួលេខកាលពីឆ្នាំ២០២៤ គឺ​​មា​ន​ធំដូ​​​ច​​គ្នា​​។

តាមរយៈការបោះឆ្នោត ដែលមានតំណាងសរុបចំនួន ៥១រូប ក្នុងនោះតំណាងមកពីសហជីព១៧រូប តំ​ណា​​​ងនិយោជក១៧នាក់ និងតំណាងមកពីក្រសួងការងារ១៧រូប។ ការបោះឆ្នោតនេះ ធ្វើឡើងតាមរយៈកិ​​ច្ច​​ប្រជុំ​​ចុងក្រោយ កាលពីរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤។  

លទ្ធផលបោះឆ្នោតបង្ហាញថា តួលេខប្រាក់ឈ្នួល ២០៦ដុល្លារក្នុងមួយខែ ដែលលើកឡើងដោយក្រុមនិ​យោ​​ជក ទទួលបានការគាំទ្រ៤៦សំឡេង។ ដោយឡែក តួលេខប្រាក់ឈ្នួល២១៤ដុល្លារ ទទួលបានការគាំទ្រ​​​​ចំនួន៤សំឡេង និងតួលេខ២០៨ដុល្លារ ទទួលបាន១សំឡេង។ 

លទ្ធផលនេះបង្ហាញថា កម្មករនិយោជិតនឹងទទួលបានការដំឡើងប្រាក់ឈ្នូល២ដុល្លារពីនិយោជកក្នុងឆ្នាំ២​​០២៥ និងបូកបញ្ចូល២ដុល្លារបន្ថែមទៀតពីរដ្ឋាភិបាល តាមរយៈការប្រកាសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលធ្វើឱ្យប្រាក់ឈ្នួលកម្មករនិយោជិតនៅឆ្នាំ២០២៥ មានចំនួន២០៨ដុល្លារក្នុងមួយខែ ដែ​លកើន៤ដុល្លារ បើធៀបនឹងប្រាក់ឈ្នួល២០៤ដុល្លារ ក្នុងឆ្នាំ២០២៤។ ប៉ុន្តែតួលេខនេះ ត្រូវបានកម្មករនិយោជិត ចាត់ទុកថាជាចំនួនដែលមិនបំពេញសេចក្តីត្រូវការ ចំពោះទំនិញចេះតែបន្ត​ឡើងថ្លៃនៅលើទី​ផ្សា​​រ ហើយតួលេខនេះ ក៏មិនអាចជួយឱ្យពួកគេងើបចេញពីការលំបាកបានដែរ។ 

កម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់  W & D Cambodia ក្នុងទីក្រុងភ្នំពេញដែលធ្វើការរយៈពេល១​​​០ឆ្នាំមកហើយ លោក សឿង ប្រុស លើកឡើងថា ការដំឡើងប្រាក់ឈ្នួលជូនកម្មករនិយោជិត៤ដុល្លារ នៅក្នុងឆ្នាំ២០២៥ខា​​ង​មុខនេះ គឺជាចំនួនមួយដែលពិបាកទទួលយក ហើយក៏មិនទាន់សក្តិសមនឹងតម្រូវការជាក់ស្តែងរបស់កម្មក​​រដែរ។

មិនតែប៉ុណ្ណោះ លោកឱ្យដឹងថាបច្ចុប្បន្ន ប្រាក់ឈ្នួលមិនទាន់នឹងបានឡើងផង ម្ចាស់ផ្ទះជួលមួយចំនួនចាប់ផ្តើមដំឡើងថ្លៃផ្ទះ និងទាមទារសេវាប្រមូលសំរាមចាប់ពីខែតុលាខាងមុខនេះទៅហើយ។ បន្ថែមលើនេះ ត​ម្លៃ​ទំនិញលើទីផ្សារ និងសាំង ក៏បន្តឡើងថ្លៃ ខណៈប្រាក់ខែកម្មករក្នុងពេលបច្ចុប្បន្នកម្មររោងចក្រទទួលបា​​ន​​​​២៧០ដុល្លារ ក្នុងមួយខែ បូ​ក​បញ្ចូលទាំងការថែមម៉ោងធ្វើការផង។

លោកបន្តថា៖«ខ្ញុំគិតថាវាហាក់បីដូចជាមិនសក្តិសមសម្រាប់កម្មករទេ ដោយសារប្រាក់ខែមិនទាន់បានឡើ​​ង​ផង តែថ្លៃផ្ទះជួលឡើងមុនបាត់ទៅហើយ។ ហើយទំនិញនៅលើទីផ្សារក៏ឡើងដែរ ដូចជា ទឹកត្រី ខ្ទឹម ស្ករ ប៊ី​​ចេងជាដើម»។

លោកបន្ថែមថា៖«ផ្ទះជួលមួយចំនួនគេចាប់ផ្តើមដំឡើងថ្លៃហើយ គេដើរប្រាប់ថា ចាប់ពីខែក្រោយទៅគេចាប់ផ្តើមតំឡើងហើយ តែផ្ទះជួលខ្លះក៏គាត់អត់តំឡើងដែរ នៅថេរដដែល។ ប៉ុន្តែគាត់យកសេវាថ្លៃសំរាម»។

ក្រៅពីនេះទៀត លោក សឿង ប្រុស ឱ្យដឹងថាការដំឡើងប្រាក់ឈ្នួល៤ដុល្លារនៅឆ្នាំ២០២៥នេះ មិនអាចជួយឱ្យ​​កម្មករនិយោ​ជិ​តរស់នៅស្រួលទេ៖«វាអត់អាចជួយសម្រួលជីវភាពបានទេ!»។

ប្រហាក់ប្រហែលគ្នានេះដែរ កម្មការិនីរោងចក្រនៅរាជធានីភ្នំពេញម្នាក់ទៀត អ្នកស្រី សោម រ៉ាវី ក៏យល់​​ឃើ​​ញ​​ថាការដំឡើ​ង​ប្រាក់ឈ្នួលនៅឆ្នាំ២០២៥នៅមានកម្រិតតិចតួច ដែលថាមិនអាចជួយឱ្យពួកគេងើបផុតពីភា​​ពលំបា​​​កដូចបច្ចុប្បន្នទេ។ កម្មការិនីវ័យ៤១ឆ្នាំរូបនេះថា ដើម្បីអាចឱ្យពួកគាត់ធូរស្រាល រដ្ឋាភិបាលគួរណា​​​ស់​ដំ​ឡើ​ងឱ្យបាន១០ដុល្លារអាមេរិក បន្ថែមទៀត ទើបអាចជួយឱ្យពួកគេ មានភាពប្រសើរផ្នែកជីវភាព ។ 

អ្នកស្រីថ្លែងថា៖«[ដំឡើងប្រាក់ឈ្នូល៤ដុល្លារ]ទាបខ្លាំងណាស់ វាមិនអាចជួយ[ជីវភាព]ឱ្យប្រសើរឡើងទេ ព្រោះទំនិញសព្វមុខវាឡើងថ្លៃមួយមុខបន្តិចៗ វាលើសកម្រិតជាងហ្នឹងទ្វេដង។យ៉ាងហោចណាស់ក៏បានត្រឹ​​​​​ម១០ដុល្លារឡើងដែរ។ ១០ដុល្លារឡើង ចេះតែអាចទទួលយកបានខ្លះ »។ 

ការលើកឡើងដូច្នេះ ដោយអ្នកស្រីថា កម្មករនិយោជិតភាគច្រើនជាប់បំណុលធនាគារ។ ជាក់ស្តែងអ្នកស្រីកំពុងជាប់បំណុលជិត១ម៉ឺនដុល្លារ ហើយក៏ត្រូវផ្គត់ផ្គង់ការសិក្សារបស់កូនចំនួន២នាក់ដែរ។ផ្ទុយទៅវិញ គា​​ត់​អាចរកចំណូលបានប្រមាណ ៣០០ដុល្លារក្នុងមួយខែ បូកបញ្ចូលទាំងការថែមម៉ោងផង។ករណីនេះ អ្ន​ក​​ស្រីលើកឡើងថាតម្រូវការចំណាយច្រើន តែចំណូលទាប។

ទោះជាយ៉ាងណា អ្នកស្រី រ៉ាវី បានរម្លឹកថា រូបគេធ្លាប់រំពឹងថាការចរចាប្រាក់ឈ្នួលឆ្នាំនេះអាចនឹងមានលក្ខណៈប្រសើរជាងការចរចាបើធៀបនឹងឆ្នាំមុន។ ប៉ុន្តែជាក់ស្តែងប្រាក់ឈ្នួលដែលត្រូវដំឡើង គឺ៤ដុល្លារដូចឆ្នាំមុនដែរ។

អ្នកស្រីបន្តថា៖«[ការចរចាឆ្នាំនេះ ខ្ញុំ]រំពឹងថាបានគ្រាន់បើជាងឆ្នាំទៅ[ការចរចាកាលពីឆ្នាំ២០២៣] តែដល់ពេលឥឡូវវាមិនលើសគ្នាអ៊ីចឹង ឡើងតិចតួច។ ហើយដល់ពេលឥវ៉ាន់ឡើងថ្លៃគ្រប់សារពើ »។

ដោយឡែក ប្រធានសម្ព័ន្ធសហជីពកម្ពុជា អ្នកស្រី យ៉ាង សោភ័ណ្ឌ ចាត់ទុកថាការដំឡើងប្រាក់ឈ្នួល៤ដុ​​ល្លា​រក្នុងឆ្នាំ២​​០​២៥នេះ ទាបជាងតម្រូវការជាក់ស្តែងរបស់កម្មករនិយោជិត។អ្នកស្រី សោភ័ណ្ឌ បន្តថា និ​យោ​​​​​ជក​គួរតែ​ដំ​ឡើងឱ្យ​​កម្ម​ករនិយោជិតចន្លោះពី៦ ទៅ៧ដុល្លារអាមេរិកក្នុងមួយខែ ទើបអាច​​មា​​នស​មា​​​មាតទៅនឹងអតិផរ​​ណា​​​​​ទីផ្សា​​​​រ​​ដែ​លកំ​ពុ​ងកើ​ត​មា​​​ន​។ បើពុំដូច្នេះទេ កម្មករនិយោជិតនឹងប្រឈមបញ្ហាជី​​វភា​ព​រស់នៅ។

អ្នកស្រីថ្លែងថា៖«តួរលេខនេះមើលទៅ ហាក់ដូចជាឡើងបានតិចតួចមែនទែន  ស្របពេលទៅនឹងអតិផរណាទីផ្សារ វាហក់ឡើងខ្ពស់ ហើយបើសិនប្រាក់់ឈ្នួលរបស់កម្មករនិយោជិតអត់កែសម្រួលទៅតាមទីផ្សារទេ ខ្ញុំគិតថានឹងប្រឈមនូវហានិភ័យនៅក្នុងការចំណាយ នៅក្នុងការរស់នៅរបស់ពួកគាត់»។

បន្ថែមលើនេះ អ្នកស្រីក៏ចង់ឃើញមានការសិក្សារួមគ្នាមួយពីការចំណាយ និងបញ្ហាប្រឈមរបស់កម្មករនិ​​យោ​ជិតមុននឹងដំឡើងប្រាក់ឈ្នួល។ ការធ្វើដូច្នេះ អ្នកស្រីថានឹងដឹងពីទុក្ខលំបាករបស់ពួកគេ ហើយអាចដំឡើ​​​ងប្រាក់ឈ្នួលដល់កម្រិតមួយសមស្រប ដែលអាចធានាការរស់នៅសមរម្យជូនពួកគេ ហើយពុំចាំបាច់ត្រូ​វជជែកវែកញែកគ្នាច្រើនដូចបច្ចុប្បន្នឡើយ។

យ៉ាងនេះក្តី ប្រធានសហភាពសិទ្ធិកម្មករកម្ពុជា លោក គឹម ចាន់សំណាង អះអាងថា ខ្លួនពេញចិត្តចំពោះតួលេ​​ខ​នេះ ដោ​​យ​ថាការដំឡើងប្រាក់ឈ្នួលហួសហេតុពេក អាចធ្វើឱ្យបាត់បង់នូវសង្វាក់ផលិតកម្ម ហើយរោងចក្រប្រឈ​ម​​នឹងបិទទ្វារ ដែលផ្តល់ផលអាក្រក់ដល់កម្មករនិយោជិត។

លោកថ្លែងថា៖«ភាគីសហជីពពួកខ្ញុំទាំងប៉ុន្មាននាក់ ដែលសម្រេចចិត្តឯកភាព និងទទួលយកដោយពេញចិត្តនេះ គឺយើងយល់ថា ការទទួលយកដោយទទួលបាននូវការងារធ្វើច្រើនបន្តបន្ទាប់ទៀត។ យើងមិនអាចទទួលយក ដើម្បីឱ្យបាត់បង់នូវសង្វាក់ផលិតកម្ម ក៏ដូចជាការបិទរោងចក្រជាបន្តបន្ទាប់នោះទេ»។

ដោយឡែក តំណាងនិយោជក លោក ណាង សុធី មើលឃើញពីសញ្ញាណវិជ្ជមាន ដោយថាតំណាងកម្មករនិយោជិតដែលមកចូលរួមកិច្ចប្រជុំកំណត់ប្រាក់ឈ្នួលអប្បរមាឆ្នាំនេះ មានអាកប្បកិរិយាទន់ភ្លន់ជាងឆ្នាំក​​​ន្ល​ង​ទៅ ក្នុងការទទួលយកតួលេខ២០៨ដុល្លារ ក្នុងមួយខែនេះ។

លោកបន្តថា៖«ភាគីនិយោជកយើងសប្បាយចិត្ត ចំពោះលទ្ធផលនេះ ។យើងពេញចិត្តមែ​នទែន បងប្អូនក​ម្មក​រនិយោជិតទាំង១៧ភាគី គឺលោកបង្ហាញនូវអារម្មណ៍ស្និទស្នាល ខុសពីឆ្នាំមុនៗ ដែ​លពេលប្រជុំម្តងៗ គឺមួរម៉ៅដាក់គ្នា។ ឆ្នាំនេះលោកទន់ភ្លន់ ហើយអាចទទួលយកនូវការពិភាក្សាដ៏យល់ដឹងទៅវិញទៅមក»។

យ៉ាងណាមិញ ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីការអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង ជំ​រុញ​ឱ្យរដ្ឋាភិបាល និងភាគីនិយោជកបង្កើនប្រាក់ឈ្នួលឱ្យកម្មករឱ្យបានចំនួន២៥០ដុល្លារក្នុងមួយខែ ដើម្បីធានាថាពួកគេអាចរស់នៅបានសមរម្យ ព្រោះលោកថាការដំឡើងប្រាក់ឈ្នួល៤ដុល្លារ មិនអាចឱ្យពួកគេរ​ស់​​​​នៅបានដោយប្រសើរនោះនៅឡើយទេ។

លោកបន្ថែមថា រដ្ឋាភិបាលក៏គួរបន្ថែមការយកចិត្តទុកដាក់ទៅលើការចំណាយថ្លៃទឹក និងថ្លៃភ្លើងឱ្យកម្មករនិយោជិតដែរ ដើម្បីសម្រួលជីវភាពពួកគេមួយផ្នែក។បើពុំដូច្នេះទេ លោកថាគួរតែបញ្ចុះតម្លៃឱ្យបានក្នុង​​ក​​ម្រិ​​តមួយដែលទាបជាងនេះ។

លោកបន្តថា៖«អាចពិនិត្យមើលថា បើសិនអាចជួយទៅលើថ្លៃទឹក ថ្លៃភ្លើង ឬក៏បញ្ចុះឱ្យដល់កម្រិតមួយទា​ប​បំផុត ដែលការពារកុំឱ្យពួកគាត់ប្រឈមនឹងការចំណាយអស់ហ្នឹងច្រើន»។

របាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បង្ហាញថាគិតត្រឹមខែមិថុនា ឆ្នាំ២០២៤កម្មករនិយោជិតកំពុងបម្រើការងារនៅក្នុង វិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង ផលិតផលធ្វើដំ​​ណើរ និងកាបូប មានជាង៩០ម៉ឺននាក់ នៅតាមរោងចក្រ សហគ្រាសចំនួន ១,៥​​៣​៨កន្លែង។

គេសង្កេតឃើញថា បើទោះជាមានភាគីខ្លះពេញចិត្ត និងខ្លះទៀតមិនចេញចិត្តចំពោះប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតសម្រាប់ឆ្នាំ២០២៥ក្តី  ក៏រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេ​​ង សួរ បានអះអាងថា រដ្ឋាភិបាលកម្ពុជានៅតែយកចិត្តទុកដាក់ចំពោះការដំឡើងប្រាក់ឈ្នូលឱ្យកម្មករនិ​​យោជិត ថ្វីបើដំឡើងនេះមិនគ្រប់ទៅតាមការចង់បានរបស់ពួកគេក៏ដោយចុះ។ ការលើកឡើងដូច្នេះ ដោ​​យ​លោកប្រៀបធៀបថា ប្រទេសខ្លះមិនបានចរចាប្រាក់ឈ្នួលប្រចាំឆ្នាំដូចកម្ពុជានៅឡើយផង។

លោកថ្លែងថា៖«មែនទែនទៅ មានតែយើង[កម្ពុជា]ទេ ដែលចរចាប្រាក់ឈ្នួលប្រចាំឆ្នាំ។ ឡើងតិច ឬច្រើន គឺរាល់ឆ្នាំ យើងឡើង តែបើនៅស្រុកគេ៥ឆ្នាំ ឬ១០ឆ្នាំ បានគេជជែកគ្នាម្តង។ អ៊ីចឹងនៅយើង ទោះបីថាឡើងតិច ឬឡើងច្រើន គឺថារៀងរាល់ឆ្នាំ គឺបូករហូត អត់មានដកដូចនៅប្រទេសគេទេ»។

បន្ថែមលើនេះ លោកគូសបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាក៏នឹងបន្តជួយអន្តរាគមន៍មិនឱ្យតម្លៃផ្ទះជួលឡើងថ្លៃហួ​​សកំណត់ដែរ។ ជាមួយគ្នាកម្មករនិយោជិត ត្រូវតែទទួលបានតម្លៃទឹក និងភ្លើងពីរដ្ឋ ក្នុងតម្លៃដែលបានកំ​​ណ​​ត់។

លោកបន្តថា៖«ក្រៅពីដំឡើងប្រាក់ឈ្នួល រាជរដ្ឋាភិបាលក៏នឹងបន្តអន្តរាគមន៍ ដើម្បីធ្វើម៉េចរក្សានូវស្ថិរភាពតម្លៃ ហើយនិងអន្តរាមន៍ផ្សេងៗទៀត ដើម្បីធ្វើម៉េចឱ្យចំណាយការរស់នៅរបស់បងប្អូនកម្មករនិយោជិត ដូ​ច​ជាការគ្រប់គ្រងតម្លៃផ្ទះជួល គឺយើងនឹងបន្តតាមដាន ដើម្បីធ្វើម៉េចឱ្យតម្លៃនៃការជួលបន្ទប់ ឱ្យវាសមស្រ​​ប កុំឱ្យមានការឡើងថ្លៃហួសហេតុពេក»។

​ត្រឡប់មក កម្មកររោងចក្រ លោក សឿង ប្រុស ឯណេះវិញ ប្រសិនបើកម្មករនិយោជិតនៅតែទទួលបានកា​​រ​ដំឡើងប្រាក់ឈ្នួលតក់ៗបែបនេះ ពួកគាត់ទំនងជាមិនអាចមានជីវភាពប្រសើរ ពោលគឺកាន់តែយ៉ាប់យឺនទៅៗ។

លោកបន្តថា៖«បើសិនជាប្រាក់ខែនៅតែឡើងតិចតួចៗអ៊ីចឹង គឺអត់អាចផ្គត់ផ្អង់ជីវភាពប្រចាំថ្ងៃបានទេ។ ទៅ​​ថ្ងៃមុខទៅកម្មកររោងចក្រប្រឈមមុខនឹងជំពាក់ធនាគារ និងប្រឈមមុខនឹងភាពក្រីក្រ»៕