បច្ចុប្បន្ននេះវិស័យកីឡានៅកម្ពុជាហាក់ទទួលបានការចាប់អារម្មណ៍ច្រើនពីសំណាក់ប្រជាពលរដ្ឋខ្មែរ ក្នុងនោះកីឡាប្រដាល់គុនខ្មែរហាក់ទទួលបានការគាំទ្រខ្លាំងគួរសម។

បើនិយាយទៅ កីឡាករប្រដាល់(គុនខ្មែរ)នៅមិនទាន់មានច្រើននៅឡើយទេ តែមួយរយៈចុងក្រោយនេះ ឃើញថាកីឡាករគុនខ្មែរបានបង្កើនសមត្ថភាពគួរឲ្យកត់សម្គាល់។ កីឡាករបរទេសមកប្រកួតស្រុកខ្មែរភាគច្រើនត្រូវកីឡាករគុនខ្មែរផ្តួលឲ្យសន្លប់ ឬឈ្នះដោយពិន្ទុ។ ជាពិសេសទៅទៀតនោះ កាលពីថ្មីៗនេះកីឡាករខ្មែរទើបតែយកឈ្នះមេដៃប្រាក់ និងមេដៃសំរិទ្ធក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនៅប្រទេសហ្វីលីពីនផងដែរ។

នៅពីក្រោយភាពល្បីល្បាញ និងជោគជ័យទាំងនេះត្រូវទាមទារឲ្យកីឡាករប្រឹងប្រែងខិតខំហ្វឹកហាត់ អត់ធ្មត់ និងតស៊ូក្នុងការហ្វឹកហាត់។ កីឡាករខ្លះត្រូវចូលប្រឡូកក្នុងវិស័យនេះតាំងពីក្មេង ដូចបានឃើញក្នុងរូបភាពខាងលើ។នេះបញ្ជាក់ថារាល់កីឡាករដែលជោគជ័យម្នាក់ៗ គឺត្រូវទាមទារការចំណាយពេលវេលាយ៉ាងតិច ២ ទៅ ៣ឆ្នាំទម្រាំតែអាចដុសខាត់សមត្ថភាពបានល្អប្រសើរ។ ម្យ៉ាងវិញទៀត ពួកគេត្រូវធ្វើការហ្វឹកហាត់ ៦ទៅ ៨ម៉ោងក្នុងមួយថ្ងៃ ដោយត្រូវរត់យ៉ាងតិច ១០គីឡូម៉ែត្រក្នុងមួយថ្ងៃ និងហ្វឹកហាត់ជាមួយគ្រូយ៉ាងតិច ៦ម៉ោងក្នុងមួយថ្ងៃ។

ទោះបីជា ត្រូវប្រឈមនឹងគ្រោះថ្នាក់ផ្សេងៗនៅពេលដែលពួកគេឡើងប្រកួតម្តងៗ ក៏ដោយវាមិនមែនជាបញ្ហានោះទេ។ ដោយទឹកចិត្តស្រឡាញ់របស់ពួកគេ ដើម្បីលើកមុខមាត់ប្រទេសជាតិ និងដើម្បីសម្រួលដល់ជីវភាព ពួកគេនៅតែបន្តដោយក្តីរីករាយ។ ដូចនេះសូមប្រជាពលរដ្ឋជួយគាំទ្រវិស័យកីឡាកម្ពុជាឲ្យបានកាន់តែច្រើនទៅៗ ដើម្បីជាកម្លាំងចិត្តដល់កីឡាករគ្រប់រូប៕