សូមស្វាគមន៍ការចូលមកកាន់គេហទំព័រញូវស៍រូម ខេមបូឌា (Newsroom Cambodia)
ដោយមានការតម្រូវពីគ្រូឧទ្ទេសឲ្យធ្វើការចែករំលែកពីទស្សនទានផ្ទាល់ខ្លួនលើគេហទំព័រនេះ ថ្ងៃនេះខ្ញុំសូមអនុញ្ញាតិចែករំលែកជាមួយអ្នកទាំងអស់គ្នា ទាក់ទិននឹងការប្រើប្រាស់ពេលវេលាមួយម៉ោងឲ្យមានប្រសិទ្ធភាពខ្ពស់បំផុតក្នុងមួយថ្ងៃ តាមរយៈ «ទ្រឹស្តីលំហនៃភាពស្ងប់ស្ងាត់ (Sphere of Silence)» ដែលខ្ញុំធ្លាប់បានសិក្សាជាមួយគ្រូជនជាតិម៉ាឡេស៊ីម្នាក់ ក្នុងអំឡុងឆ្នាំ២០១៣។
អ្នកទាំងអស់គ្នាប្រហែលជាប្រើប្រាស់ពេលវេលាដ៏មមាញឹករបស់ខ្លួនលើស១០ម៉ោងនៃពេលសរុបដែលមានចំនួន២៤ម៉ោងក្នុង១ថ្ងៃ។ ប៉ុន្តែតើអ្នកទាំងអស់គ្នាធ្លាប់បានមើលថយក្រោយទេថា យើងបានធ្វើអ្វីខ្លះនៅថ្ងៃម្សិលមិញ ហើយនឹងត្រូវធ្វើអ្វីខ្លះនៅថ្ងៃនេះ ឬនឹងត្រូវធ្វើអ្វីបន្ទាប់នៅថ្ងៃស្អែក?
«ទ្រឹស្តីលំហនៃភាពស្ងប់ស្ងាត់» ណែនាំយើងឲ្យចំណាយពេលត្រឹមតែ១ម៉ោងប៉ុណ្ណោះក្នុង១ថ្ងៃ ដោយយកពេលព្រឹកព្រលឹមជាពេលល្អបំផុត តែបើមិនអាចជ្រើសរើសពេលព្រឹកបានទេ អ្នកទាំងអស់គ្នាអាចជ្រើសរើសយកម៉ោងពេលណាក៏អាចធ្វើលំហាត់នេះបាន។ ការចំណាយពេលមួយម៉ោងក្នុងមួយថ្ងៃ គប្បីធ្វើនៅក្នុងភាពស្ងៀមស្ងាត់បំផុត។ ប្រសិនបើអាច សូមនៅក្នុងបន្ទប់បិទជិតតែម្នាក់ឯងដោយអង្កន់ (ចែក) ពេលវេលា១ម៉ោងរបស់យើងជាបីផ្នែកធំៗដូចខាងក្រោម៖
៣០នាទីសម្រាប់កិច្ចការ ឬភារកិច្ច៖
- ១០នាទីដំបូង ត្រូវចំណាយពេលសរសេរពីការឆ្លុះបញ្ចាំងលើអ្វីដែលបានកើតឡើងកាលពីម្សិលមិញ។
- ការឆ្លុះបញ្ចាំងរយៈពេល១០នាទីបន្ទាប់ ដោយសរសេរនូវអ្វីដែលត្រូវធ្វើនៅថ្ងៃនេះ។
- ១០នាទីបន្ទាប់ ត្រូវសរសេរពីគោលបំណងសម្រាប់សប្តាហ៍ខាងមុខនេះ ឆ្នាំនេះ និង ៥ ទៅ១០ឆ្នាំ ខាងមុខទៀត។
២០នាទី សម្រាប់អភិវឌ្ឍន៍ចំណេះដឹង៖
- រំឮក៖ ចំណាយពេល៥នាទីពិនិត្យមើលកំណត់ចំណាំរបស់យើងកាលពីម្សិលមិញ និងធ្វើការរំឮកការចងចាំរបស់យើងថា យើងបានរៀនអ្វីខ្លះ។
- អាន៖ អាន ឬស្តាប់អ្វីដែលបំផុសគំនិត ឬអប់រំរយៈពេល១០នាទី។
- សង្ខេប៖ ប្រើការចងចាំរបស់យើងដើម្បីសរសេរអ្វីដែលយើងចងចាំរយៈពេល៥នាទី។ ពិនិត្យមើលថាតើមានអ្វីដែលយើងមិនបានចងចាំ ហើយសូមដាក់វាចូល។
១០នាទី សម្រាប់ការផ្ចង់ចិត្ត៖
- ចំណាយពេល១០នាទីដោយស្ងៀមស្ងាត់ និងក្នុងបរិយាកាសល្អ។ ធ្វើការសន្ទនាខាងក្នុង (ក្នុងចិត្ត) ជាមួយអ្វីដែលអ្នកចាត់ទុកថាជាអ្នក/វត្ថុអស្ចារ្យជាងគេបំផុតក្នុងលោកនេះ (ព្រះ អាទិទេព បុព្វបុរស…) ដោយការសុំអត់ទោស អរគុណនូវអ្វីដែលបានផ្តល់មកយើង និងសុំអ្វីពិសេសមួយបើអាច។
- សរសេរសំណួរជាក់លាក់ដែលយើងមាន ការឈ្វេងយល់ដឹងរបស់យើង និងរឿងដែលជំរុញទឹកចិត្តយើងដែលបានកើតឡើងចំពោះយើង។
កុមារក៏អាចអនុវត្តលំហាត់នេះបានដែរ។ ប្រសិនបើមួយម៉ោងវែងពេកសម្រាប់ពួកគេ ពួកគេអាចអនុវត្តវិធីនេះទាំងមូលក្នុងរយៈពេល៣០នាទី ដោយចំណាយពេលប្រហែលពាក់កណ្តាលម៉ោងលើចំណុចទាំងបី។
ចូរអនុវត្តវិធីនេះមួយម៉ោងជារៀងរាល់ថ្ងៃ ក្នុងរយៈពេល២១ថ្ងៃ ដោយមិនបាត់មួយថ្ងៃឡើយ។ បន្ទាប់ពី២១ថ្ងៃ សូមរក្សាភាពស្ងៀមស្ងាត់ពេញមួយថ្ងៃ និងឆ្លុះបញ្ចាំងពីបទពិសោធន៍នេះ៕