សូមស្វាគមន៍ការចូលមកកាន់​គេហទំព័រញូវស៍រូម ខេមបូឌា (Newsroom Cambodia)

ដោយ​មាន​ការតម្រូវ​ពី​គ្រូ​ឧទ្ទេស​ឲ្យ​ធ្វើការ​ចែក​រំលែក​ពី​ទស្សនទាន​ផ្ទាល់​ខ្លួន​លើ​គេហ​ទំព័រ​​នេះ ថ្ងៃនេះ​​ខ្ញុំ​​សូម​​អនុញ្ញាតិ​​ចែក​​រំលែក​​ជាមួយ​​អ្នកទាំងអស់​គ្នា ទាក់ទិន​​នឹង​​ការប្រើ​ប្រាស់​​ពេល​​វេលា​មួយ​​ម៉ោង​​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​បំផុត​ក្នុង​មួយ​ថ្ងៃ តាមរយៈ​ «ទ្រឹស្តី​លំហ​នៃភាព​ស្ងប់​ស្ងាត់ (Sphere of Silence)» ដែលខ្ញុំធ្លាប់បានសិក្សាជាមួយគ្រូជនជាតិម៉ាឡេស៊ីម្នាក់ ក្នុង​អំឡុងឆ្នាំ២០១៣។

អ្នកទាំង​អស់​គ្នា​​ប្រហែល​​ជា​ប្រើប្រាស់​​ពេល​វេលា​ដ៏​មមា​ញឹក​របស់​ខ្លួន​លើស​១០ម៉ោង​នៃ​​ពេល​សរុប​​ដែល​​មាន​ចំនួន​២៤​ម៉ោង​ក្នុង១ថ្ងៃ។ ប៉ុន្តែ​តើ​អ្នកទាំងអស់​គ្នា​​ធ្លាប់​បាន​​មើល​ថយ​​​ក្រោយ​ទេ​​ថា ​យើង​​បាន​​ធ្វើអ្វី​ខ្លះ​​នៅ​ថ្ងៃ​ម្សិល​មិញ ហើយ​នឹង​ត្រូវ​ធ្វើអ្វី​ខ្លះ​​នៅ​ថ្ងៃនេះ ឬ​នឹង​ត្រូវ​ធ្វើអ្វី​បន្ទាប់​នៅ​ថ្ងៃស្អែក​​?

«ទ្រឹស្តីលំហនៃភាពស្ងប់ស្ងាត់» ណែនាំ​យើង​ឲ្យ​ចំណាយ​ពេល​ត្រឹមតែ​១ម៉ោង​ប៉ុណ្ណោះ​ក្នុង​១ថ្ងៃ ដោយ​យក​ពេល​ព្រឹក​ព្រលឹម​ជា​ពេល​ល្អ​បំផុត តែ​បើ​មិន​អាច​ជ្រើសរើស​ពេល​ព្រឹក​បាន​ទេ អ្នក​ទាំងអស់​គ្នា​​អាច​ជ្រើសរើស​យក​ម៉ោង​ពេលណា​ក៏​អាច​ធ្វើ​លំហាត់​នេះ​បាន។ ការចំណាយ​ពេល​​​មួយ​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ គប្បី​ធ្វើ​នៅ​ក្នុង​ភាពស្ងៀមស្ងាត់​បំផុត។ ប្រសិន​បើ​អាច សូម​​នៅ​​ក្នុង​បន្ទប់​បិទជិត​តែ​ម្នាក់​ឯង​ដោយ​អង្កន់ (ចែក) ពេលវេលា​១ម៉ោង​រប​ស់​យើង​ជា​បី​​ផ្នែក​ធំៗ​ដូច​ខាង​ក្រោម៖

៣០នាទីសម្រាប់កិច្ចការ ឬភារកិច្ច៖

៣០នាទីសម្រាប់កិច្ចការ ឬភារកិច្ច
  • ១០​នាទី​ដំបូង ត្រូវ​ចំណាយ​ពេល​សរសេរ​ពី​ការឆ្លុះ​បញ្ចាំង​លើ​អ្វី​ដែល​បាន​កើតឡើង​កាល​ពី​ម្សិលមិ​ញ។
  • ការឆ្លុះ​បញ្ចាំង​រយៈពេល​១០នាទី​បន្ទាប់ ដោយ​សរសេរនូវ​​អ្វី​ដែល​ត្រូវ​ធ្វើ​នៅ​ថ្ងៃនេះ។
  • ​១០នាទីបន្ទាប់ ត្រូវសរសេរ​ពី​គោលបំណង​សម្រាប់​សប្តាហ៍​ខាងមុខ​នេះ ឆ្នាំ​នេះ​ និង ៥ ទៅ១០ឆ្នាំ ខាង​មុខ​ទៀត។

២០នាទី សម្រាប់អភិវឌ្ឍន៍ចំណេះដឹង៖

២០នាទី សម្រាប់អភិវឌ្ឍន៍ចំណេះដឹង
  • រំឮក៖ ចំណាយពេល៥នាទីពិនិត្យ​មើល​កំណត់​ចំណាំ​របស់​យើង​កាលពី​ម្សិលមិញ និង​ធ្វើការ​រំឮក​ការចងចាំ​របស់​យើង​ថា យើង​បាន​រៀន​អ្វី​ខ្លះ​។
  • អាន៖ អាន​ ឬ​ស្តាប់​អ្វី​ដែល​បំផុស​គំនិត ឬ​អប់រំ​រយៈពេល​១០នាទី។
  • សង្ខេប៖ ប្រើ​ការចងចាំ​របស់​យើង​ដើម្បី​សរសេរ​អ្វី​ដែល​យើង​ចងចាំ​រយៈពេល​៥នាទី។ ពិនិត្យ​​មើល​ថា​តើ​មាន​អ្វី​ដែល​យើង​មិន​បាន​ចងចាំ ហើយ​សូម​ដាក់​វា​ចូល។

១០នាទី សម្រាប់​ការ​ផ្ចង់​ចិត្ត៖

  • ចំណាយ​ពេល​១០នាទី​ដោយ​ស្ងៀមស្ងាត់ និង​ក្នុង​បរិយាកាស​ល្អ។ ធ្វើការ​សន្ទនា​ខាង​ក្នុង (ក្នុង​ចិត្ត) ជាមួយ​អ្វី​ដែល​អ្នក​ចាត់​ទុក​ថា​ជា​អ្នក/វត្ថុ​អស្ចារ្យ​ជាងគេ​បំផុត​ក្នុង​លោក​នេះ (ព្រះ អាទិទេព បុព្វបុរស…) ដោយ​ការ​សុំ​អត់​ទោស អរគុណ​នូវ​អ្វី​ដែល​បាន​ផ្តល់​មក​យើង និង​សុំ​អ្វី​ពិសេស​មួយ​បើ​អាច។
  • សរសេរ​សំណួរ​ជាក់លាក់​ដែល​យើង​មាន ការឈ្វេង​យល់ដឹង​របស់​យើង និង​រឿង​ដែល​ជំរុញ​ទឹកចិត្ត​យើង​ដែល​បានកើត​​​ឡើង​​ចំពោះ​យើង។

កុមារ​ក៏​អាច​អនុវត្ត​លំហាត់​នេះ​បាន​ដែរ។ ប្រសិនបើ​មួយ​ម៉ោង​វែង​ពេក​សម្រាប់​ពួកគេ ពួកគេ​អា​ច​​អនុវត្ត​​វិធី​នេះ​ទាំ​ងមូល​ក្នុង​រយៈពេល​៣០​​នាទី​ ដោយ​ចំណាយ​ពេល​ប្រហែល​ពាក់​កណ្តាល​ម៉ោង​លើ​ចំណុច​ទាំង​បី។

ចូរអនុវត្ត​វិធី​នេះ​​មួយ​ម៉ោង​ជារៀង​រាល់​​ថ្ងៃ ក្នុង​រយៈពេល​២១ថ្ងៃ ដោយ​មិន​បាត់​មួយ​ថ្ងៃ​ឡើយ។ បន្ទាប់ពី​២១​ថ្ងៃ ​សូម​រក្សា​ភាព​ស្ងៀមស្ងាត់​ពេញ​មួយថ្ងៃ និង​ឆ្លុះ​បញ្ចាំង​ពី​បទ​ពិសោធន៍​នេះ៕