ខណៈព្រះសុរិយាកំពុងជះពន្លឺក្រហមព្រឿងៗពីទិសខាងកើត ហាក់បីដូចជានាំយកមកជាមួយនូវពេលវេលាដ៏ល្អដល់ព្រះសង្ឃ និស្សិត រួមជាមួយសប្បុរសជនមួយក្រុម ក្នុងការជួបជុំគ្នាត្រៀមដំណើរឡើងរថយន្តទៅខេត្តសៀមរាប។ រថយន្តកំពុងចតចាំក្រុមអ្នកធ្វើដំណើរ តាមបណ្តោយដងមហាវិថីព្រះនរោត្តម ខាងត្បូងវិមានឯករាជ្យ ក្បែរសាកលវិទ្យាល័យមួយ ដែលគេតែងតែស្គាល់ថាជាកន្លែងបណ្ដុះទាំងចំណេះជំនាញទាំងគុណធម៌ដល់និស្សិត នោះគឺសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា។
ការធ្វើដំណើរអស់រយ:ពេលមួយព្រឹកតាមបណ្ដោយផ្លូវជាតិលេខ៦ អស់រយៈពេលប្រមាណជាបួនម៉ោងពីភ្នំពេញរហូតដល់ទឹកដីអង្គរខេត្តសៀមរាប នោះគឺជាដំណើរ «សង្គហធម៌ ឬដំណើរសង្គ្រោះជីវិតកុមារ» ដែលដឹកនាំដោយសាកលវិទ្យាល័យបញ្ញាសាស្ត្រ។ ដំណើរសង្គហធម៌ នោះ ធ្វើឡើងក្នុងគោលបំណងនាំយកថវិកាមួយចំនួនដែលបានមកពីកម្មវិធីបុណ្យផ្កាប្រាក់ប្រមូលថវិកាទៅចូលរួមជួយមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០កន្លងទៅ ក៏ដូចជាការរួមចំណែកក្នុងការជួយសង្គ្រោះជីវិតកុមាររាប់រយនាក់ដែលសម្រាកព្យាបាលនៅទីនោះ ស្របពេលដែលសង្គមកំពុងជួបវិបត្តិជំងឺកូវីដ១៩។
ជាការពិតណាស់ ជម្ងឺកូវីដ១៩ មិនមែនជាជម្ងឺគួរឲ្យខ្លាចជាងជម្ងឺនៃវិបត្តិគុណធម៌ សីលធម៌ របស់មនុស្សក្នុងសង្គមនោះទេ ពីព្រោះបើខ្វះការយល់ដឹងពីតម្លៃគុណធម៌ ពួកគេអាចនឹងធ្វើអំពើអបាយមុខគ្រប់សព្វបែបយ៉ាង មានសេពសុរា លួចឆក់ប្លន់ កុហកបោកប្រាស់ បៀតបៀនជីវិតអ្នកដទៃជាដើម។ នេះបើតាមប្រសាសន៍របស់លោកបណ្ឌិត កុល ផេង ស្ថាបនិកសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា។
លោកបណ្ឌិតតែងមានប្រសាសន៍ថា៖ «ជីវិតកើតមកពុំមានន័យទាល់តែសោះ បើពុំបានជួយអ្នកដទៃ (Life is meaningless without helping others)»។ នេះគឺជាពាក្យដ៏មានអត្ថន័យ ដែលលោកតែងតែអប់រំដល់និស្សិតគ្រប់រូបឲ្យចេះចូលរួមកិច្ចការស្ម័គ្រចិត្ត ជួយសហគមន៍ដោយចិត្តស្មោះស សង្គ្រោះមេត្តាប្រណី ជាពិសេសដល់អ្នកដែលខ្វះខាតហើយត្រូវការជំនួយ។ ដូច្នេះហើយ បានជានិស្សិតនៅសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជាភាគច្រើនតែងតែមានគម្រោងចុះសហគមន៍ ដូចជាការចែករំលែកការអប់រំ និងការសង្គ្រោះដោយសង្គហទានដល់អ្នកដែលខ្វះខាត ។
លោក សំបូរ ម៉ាណ្ណារ៉ា សាស្ត្រាចារ្យផ្នែកសិក្សាអំពីខ្មែរ និងប្រវត្តិសាស្ត្រនៅសាកលវិទ្យាល័យបញ្ញាសាស្ត្រមានប្រសាសន៍ថា៖ «សូមមេត្តារំលែកបាយមួយម៉ាត់ សម្រាប់ឆ្អែតជួយសង្គ្រោះជីវិតដល់អ្នកដែលត្រូវការរស់ផង»។ វាពិតជាសំខាន់ណាស់ក្នុងការចែករំលែកសេចក្ដីសុខរបស់យើងមួយចំណែកដើម្បីបណ្ដុះគុណធម៌ភាពជាមនុស្ស និងការរស់នៅក្នុងសុខសន្តិភាព គ្មានការរើសអើង ឱ្យចេះស្រលាញ់វប្បធម៌ និងសង្គមជាតិរបស់ខ្លួន។
ព្រះតេជគុណ សំ សោភ័ណ ប្រធានសមណនិស្សិតសង្គហធម៌នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រ (PSDS) មានសង្ឃដីកាថា ព្រះសង្ឃមានតួនាទីសំខាន់ណាស់ក្នុងការអប់រំ ដូច្នេះហើយបានជាក្រុមសមណនិស្សិតសង្គហធម៌បញ្ញាសាស្ត្រ ត្រូវបានបង្កើតឡើងក្នុងការចូលរួមចំណែកការងារមួយនេះ។
«មនុស្សល្អគឺជាមនុស្សដែលមានចំណេះដឹង មានទាំងគុណធម៌ ចរិយាធម៌ និងសុជីវធម៌ជាគ្រឿងអម ដើម្បីក្លាយជាមនុស្សល្អម្នាក់ ឬហៅថាសប្បុរសជន។ ការសិក្សាអប់រំមានច្រើនប្រភេទ ទាំងកិច្ចការងារជួយសង្គម ក៏ជាកត្តាមួយក្នុងការជួយឱ្យយើងមានអត្តចរិត ឥរិយាបថល្អ និងមានតម្លៃ តាមរយៈទឹកចិត្តនៃការចេះជួយសង្រ្គោះគ្នាក្នុងសង្គម»។
បើតាមព្រះតេជគុណ សំ សោភ័ណ កម្មវិធីបុណ្យផ្កាខាងលើ បាននាំថវិកាសរុបចំនួន២,៦៦៤,០០០រៀល និង១,២៤៧ដុល្លារ ដើម្បីជួយដល់មន្ទីពេទ្យកុមារអង្គរ។
អតីតនិស្សិតរៀនថ្នាក់សិក្សាអំពីខ្មែរ និងថ្នាក់ប្រវត្តិសាស្រ្តម្នាក់ លោក ជ័យ ខាវ លើកឡើងថា កម្មវិធីសង្គហេធម៌នេះ បានធ្វើឲ្យលោកយល់កាន់តែច្រើនអំពីតម្លៃការងារសង្គម។
«ពីមុនខ្ញុំជាមនុស្សម្នាក់ដែលមិនដែលសូម្បីតែដឹងថាអ្វីទៅជាការងារសង្គម។ តើការងារសង្គមបានផ្តល់សារៈប្រយោជន៍អ្វីខ្លះ។ ថ្នាក់ប្រវត្តិសាស្ត្រ ឬសិក្សាអំពីខ្មែរ លោកគ្រូតែងតែអប់រំដាស់តឿន ក្រើនរំឮកដល់និស្សិតគ្រប់ៗគ្នាឲ្យចូលរួមចំណែកក្នុងការងាសង្គម។ លោកគ្រូសាស្ត្រាចារ្យមិនត្រឹមតែប្រាប់នោះទេ ថែមទាំងបានចូលខ្លួនដឹកនាំនិស្សិតចុះទៅសហគមន៍ផ្ទាល់ទៀតផង។ ទាំងនេះហើយគឺជាបទពិសោធន៍របស់ខ្ញុំផ្ទាល់ចំពោះថ្នាក់ទាំងពីរនេះ។
អតីតនិស្សិតមកពីថ្នាក់បណ្តុះគុណធម៌ កញ្ញា តី ថានិត លើកឡើងថា ការចូលរួមចែករំលែក គិត និងធ្វើ ស្មើនឹងការអភិវឌ្ឍខ្លួនឯង គ្រួសារ សង្គម និងប្រទេសជាតិ។
«មានចំណេះដឹង និងសីលធម៌តែខ្វះនូវគុណធម៌ ប្រៀបដូចចំណីដែលគេឧទ្ទិសឲ្យសាកសព។ ការព្យាយាមសិក្សារៀនសូត្រស្រូបយកសីលធម៌ និងចំណេះដឹងខំប្រឹងលាចាកនូវភាពអវិជ្ជាគឺជារឿងដ៏ប្រពៃ ក៏ប៉ុន្តែចំណេះដឹងមានតម្លៃទៅបានលុះត្រាតែយើងប្រើវាប្រកបដោយគុណធម៌»។
ការចេះចែករំលែកសេចក្ដីលំបាកផងគ្នានៅក្នុងសង្គមជាតិមួយ ជារឿងសំខាន់ណាស់ក្នុងកាលើកកម្ពស់តម្លៃសីលធម៌របស់មនុស្ស និងការរស់នៅដោយសុខសន្តិភាព ដោយមិនមានការរើសអើងប្រកាន់គ្នាឡើយ។ លើសពីនេះ សង្គហធម៌ ការចេះជួយសង្គ្រោះ អាចធ្វើឲ្យមនុស្សមានសេចក្ដីថ្លៃថ្នូរ រៀនលះកាត់សេចក្ដីកំណាញ់លោភលន់ សួនតួអាត្មានិយម ជាហេតុនាំទៅរកសេចក្ដីទុក្ខទោសអន្តរាយដល់ខ្លួន និងសង្គមជាតិ ។
ពេលខ្លះមានតែសញ្ញាបត្រមកពីក្នុងសាលាមិនទាន់គ្រប់គ្រាន់ទេ សម្រាប់បំពេញនូវអត្ថន័យនៃជីវិតជាមនុស្សល្អ ជាពលរដ្ឋល្អរស់នៅក្នុងសង្គម។ ដូចពាក្យរបស់មហាត្មៈគន្ធី បានលើកឡើងត្រង់ចំណុចមួយនៃបាបធម៌សង្គម គឺ «ចំណេះដឹងមិនជ្រាបជាចរិត» នោះមានន័យថា ការសិក្សាមានតែចំណេះជំនាញ តែប្រាសចាកសីលធម៌ និងគុណធម៌ គឺអាចនឹងប្រើប្រាស់ចំណេះនោះក្នុងផ្លូវខុសមច្ឆាជីវៈ ឬអាចនឹងឈានដល់នាំទុក្ខទោសដល់ខ្លួន និងសង្គមជាតិទៀតផង៕