នាល្ងាចថ្ងៃមួយ ព្រះទិនករបានលិចអស្តង្គត់ផុតចាកចោលលោកានេះទៅ ហើយរាត្រីកាលក៏ចូលមកដល់ បានបោកបក់នាំនូវស្បៃអន្ធការមកជាគូរកនផងដែរ។
នាថ្ងៃល្ងាចថ្ងៃសៅរ៍ ម៉ោងប្រហែលជា៦ ទាំងដួងចិត្ត និងគំនិតរបស់នវសាមណេរ ហាក់មានអ្វីមួយមករុកទន្ទ្រាន ធ្វើឲ្យរសាប់រសល់ នៅមិនសុខកើតក្តីកង្វល់ អផ្សុកហឬទ័យជាពន់ពេក។
នវសាមណេរ ដែលមាននាមថា ហាន ណូយ ស្នាក់នៅវត្តឩណ្ណាលោម និងសិក្សានៅសាកលវិទ្យាល័យបញ្ញាសាស្តកម្ពុជា ផ្នែកទំនាក់ទំនងអន្តរជាតិ។
អាត្មាបានមានគំនិតមួយ បបួលមិត្តភក្តិ និងសិស្សច្បង ទៅហាងកាហ្វេមុខវត្តបទុមវតី ដែលជាទីមនោរមរបស់ជនានុជនទាំងឡាយដើម្បីពិភាក្សាគ្នា ទាក់ទិនដំណើរជីវិតនៃសិក្សា និងបញ្ហាផ្សេងៗ ដែលកើតឡើងប្រចាំថ្ងៃ។
ពេលវេលានៃការជួបជុំក៏បានមកដល់។ សិស្សច្បង ដែលមានសម្តី ថ្វីមាត់ពូកែ ខាងវោហាសាស្ត្រ បាននិយាយចែករំលែកនូវចំណេះដឹងជាច្រើន ដែលអាចជាយាន្តសម្រាប់នាំនវសាមណេរ ទៅដល់ត្រើយ គឺពិភពនៃក្តីសុបិន្តបាន។
ចំណុចមួយដែលធ្វើឲ្យមនោចិត្តរបស់នវសាមណេរចាប់អារម្មណ៍ខ្លាំងនោះ គឺទាក់ទងនឹងដំណើរឆ្ពោះទៅបន្តការសិក្សាថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ បន្ទាប់ពីបញ្ចប់ថ្នាក់បរិញ្ញាប័ត្រ។
គួររំលឹកផងដែរថា ទាំងនវសាមណេរ និងសិស្សច្បង សុទ្ធតែជាអ្នកដែលចាប់អារម្មណ៍ខ្លាំង ទៅលើបញ្ហានយោបាយ និងសង្គម។
ពីដំបូងឡើយ អាត្មាទាំងពីរ បានគិតគ្នាថានឹងបន្តយកថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ផ្នែកវិទ្យាសាស្ត្រនយោបាយ ក៏ប៉ុន្តែអ្វីៗបានផ្លាស់ប្តូរទាំងស្រុង។ អាត្មាបានសម្រេចមិនរៀនថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់នោះទេ ប៉ុន្តែបានបន្តយកជំនាញអ្នកកាសែតវិញ ដោយហេតុថា អាចធ្វើឲ្យយល់ដឹងបញ្ហាសង្គម និងនយោបាយបានច្រើន។
បើសិនជាមិនបានប្រកបវិជ្ជាជីវៈសារព័ត៏មាន ក៏នឹងបានរៀនមុខវិជ្ជាហ្នឹងចេះ និងធ្វើនយោបាយបានដែរ។
ម្យ៉ាងទៀត បើសិនជាថ្ងៃអនាគត អាត្មាចង់សរសេរសៀវភៅ គឺគួរតែរៀនមុខវិជ្ជាអ្នកការសែត ពីព្រោះគឺជាការហ្វឹកហាត់ជំនាញសរសេរ ជារៀងរាល់ថ្ងៃ ដូច្នេះទោះចង់ មិនចង់ ការសរសេររបស់យើង នឹងល្អប្រសើរ។
បន្ទាប់ពីពិភាក្សាគ្នាហើយ ពួកអាត្មាបានបែកគ្នាហើយ បានផ្លាស់ប្តូរនូវទំនោរម្មណ៍របស់នវសាមណេរ ឲ្យងាកស្រលាញ់អាជីពជាអ្នកសារព័ត៌មានវិញ។
បន្ទាប់ថ្ងៃនោះមក អាត្មាបានខិតខំស្វែងរកឱកាសគ្រប់ច្រកល្ហក ដើម្បីចូលបានចូលរៀនវគ្គសាព័ត៌មាន ហើយចៃដន្យអី ថ្ងៃមួយនោះ ក៏បានឃើញការប្រកាសរើសបេក្ខភាព ចូលរៀនវគ្គអ្នកសាព័ត៌មាន។
ដូចពាក្យចាស់លោកថា ដើររកអុសមក ប្រសប់ចង្ក្រានហ្គាស គាត់ក៏បានដាក់ពាក្យដើម្បីចូលរៀនហើយក៏បានជាប់ចូលរៀនដូចក្តីប្រាថ្នាទៅ។