ពិធីបុណ្យភ្ជុំបិណ្ឌ ជាពិធីមួយដែលពុទ្ធសាសនិកចំណាំទៅវត្តប្រគេនទេយ្យទានព្រះសង្ឃ ស្ដាប់លោកសូត្រមន្ត និងឱវាទធម្មទេសនា។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺនៅបច្ឆិមយាម ឬពេលទៀបភ្លឺ ចាប់ពីបិណ្ឌ១ ដល់បិណ្ឌទី១៥ តាមវត្តអារាមជាច្រើន ជាពិសេសនៅតាមជនបទ គេតែងឮសំឡេងស្មូតទំនួញប្រេត និងសូរសូត្រធម៌ឮរងំ បក់មកតាមខ្យល់ត្រជាក់ធ្លាក់ពេលទៀបភ្លឺ។
អមជាមួយនឹងសំឡេងមាន់រងាវដាស់អស់អ្នកភូមិផងឱ្យភ្ញាក់ពីដំណេក រៀបចំពូតបាយដំណើប ដើម្បីរូតរះទៅបោះបាយបិណ្ឌ និងស្ដាប់លោកសូត្រធម៌នៅឯវត្តផងនោះ សំឡេងព្រះសង្ឃស្វាធ្យាយបរាភវសូត្រ ដែលពុទ្ធបរិស័ទនាំគ្នាស្ដាប់នូវព្រះសូត្រស្មូតរណ្ដំ អមដោយសំរាយជាកាព្យតែងបែបខ្មែរយ៉ាងពិរោះ ពេលរដូវបុណ្យភ្ជុំបិណ្ឌ។
តើអ្វីជាបរាភវសូត្រ?
បរាភវសូត្រ ជាព្រះសូត្រមួយដែលមានសម្ដែងក្នុងគម្ពីរព្រះត្រៃបិដក (សុតន្តបិដក ភាគ៥២ ត្រង់ទំព័រ៣៦) មានរៀបរាប់អំពីហេតុដែលនាំឱ្យវិនាសទាំង១២ប្រការ ជាពុទ្ធដីកាដែលបង្រៀនមនុស្សសត្វឱ្យបានយល់អំពីសេចក្ដីចម្រើន និងវិនាស។ មានតំណាលថា នាពេលរាត្រីមួួយ មានទេវតាមួយអង្គមកទូលសួរព្រះសម្មាសម្ពុទ្ធនូវប្រស្នាថា «អ្វីជាហេតុ ឬប្រធាននាំទៅរកសេចក្ដីវិនាស»?
ព្រះពុទ្ធទ្រង់សម្ដែងនូវបរាភវសូត្រ ឬហេតុនាំឱ្យវិនាសទាំង១២ប្រការនេះឡើង ដើម្បីជាប្រយោជន៍ដល់ទេវតា និងមនុស្សទាំងឡាយបានស្គាល់នូវការទាំងនោះ ហើយគប់រកចម្រើន ។
ហេតុអ្វីបរាភវសូត្រ?
ព្រះភិក្ខុ វជិរប្បញ្ញោ សាន សុជា ព្រះអង្គជាធម្មកថិក និងជាវីរសង្ឃដ៏ឆ្នើមមួយរូបក្នុងព្រះពុទ្ធសាសនា ធ្លាប់មានថេរដីកាថា ទាក់ទងនឹងការស្វាធ្យាយបរាភវសូត្រនៅពេលទៀបភ្លឺនេះ ជាវិធីសាស្រ្តល្អមួយក្នុងការបញ្ជ្រាបនូវពុទ្ធឱវាទដែលនិយាយអំពីហេតុនៃក្ដីវិនាសទាំង១២ប្រការ ហើយងាកមករកសេចក្ដីចម្រើននៃមង្គល៣៨ប្រការ។ ពេលទៀបភ្លឺ ជាពេលដែលទំនេរពីកិច្ចការងាររបស់ពុទ្ធបរិស័ទ ដូច្នេះពួកគាត់នាំគ្នាមកវត្តបោះបាយបិណ្ឌតាមទំនៀមដូនតាខ្មែរ ឆ្លៀតឱកាសស្ដាប់លោកសូត្របរា ជាការដាស់តឿនក្រើនរំឮកប្រាជ្ញាស្មារតីរបស់ពុទ្ធបរិស័ទ ឱ្យយល់អំពីវិធីបដិបត្តិនាំទៅរកសេចក្ដីសុខចម្រើន។
នេះជាទំនៀមទម្លាប់មួយនៃពិធីបុណ្យភ្ជុំបិណ្ឌដែលបុព្វបុរសខ្មែរបានបង្កើតឡើង ជាក់ស្ដែង ការសូត្រធម៌នេះ គឺមិនមែនសូត្រឧទ្ទិសឱ្យប្រេតនោះទេ គឺសូត្រឱ្យមនុស្សរស់ស្ដាប់ប៉ុណ្ណោះ។
តែទោះបីជាក្នុងពេលបច្ចុប្បន្ននេះមានការផ្សព្វផ្សាយកាន់តែទូលំទូលាយ ដែលពុទ្ធបរិស័ទអាចស្ដាប់តាមរយៈហ្វេសប៊ុក យូធូប ឬវិទ្យុជាដើមនៅគ្រប់ពេលសម្រាកពីការងារក្តី ក៏ពួកគាត់មិនដែលអាក់ខានក្នុងការទៅបោះបាយបិណ្ឌ ឬស្ដាប់លោកសូត្របរានៅតាមវត្តអារាម ដែលជាកន្លែងជួបជុំរវាងពុទ្ធបរិស័ទតាមភូមិ ឬមកពីទីកន្លែងផ្សេងៗគ្នា ពោរពេញទៅសេចក្ដីជ្រះថ្លា និងរីករាយឡើយ៕