យុវជន​គឺជា​កម្លាំង​ចលករ ជា​សារវ័ន្ត​ដែល​អាច​រុញ​ច្រាន​ ឬ​ក៏​នាំ​នាវា​នៃ​ប្រជាជាតិ​មួយ​ឆ្ពោះ​ទៅ​កាន់​ទី​ឋាន​វិបុលភាព និង​សុខដុម​នីយកម្ម​បាន។ ទន្ទឹ​ម​គ្នា​នេះ​ផង​ដែរ ថាមភាព​ដ៏​ខ្លាំងក្លា​នេះ ​ក៏​អាច​ទាញ​នូវ​​នាវា​​នៃ​ប្រជា​ជាតិ​មួយ​ឲ្យ​លិចលង់ទៅក្នុងជ្រោះនៃ​ភាព​មហន្តរាយ​បានដែរ។

ដោយមើល​ឃើញ​សក្តានុពលភាព​ដ៏​មហស្ចារ្យ​របស់​យុវជ​ន​បែប​នេះហើ​យ ទើប​យើង​សង្កេត​ឃើញ​ថា មេដឹកនាំ​ទាំងឡាយ​នៅ​លើ​ពិភពលោក​ តែងតែ​បង្អោន​នូវ​ភាព​ខ្វល់ខ្វាយ ការយក​ចិត្ត​ទុក​ដាក់​ទាំង​ផ្នែក​បញ្ញា​ស្មារតី​របស់​ខ្លួន​បាញ់​ឆ្ពោះ​ទៅ​រក​ការ​បណ្តុះ និង​អភិវឌ្ឍន៍​សមត្ថភាព​យុវជន​ជា​អាទិភាព។

ដោយ​​ហេតុ​​ថា នៅ​​ក្នុង​​សង្គម​​ណា​​ក៏​​ដោយ នៅ​​ពេល​​ដែល​​មាន​​ធនធាន​​យុវជន​​ប្រកប​​ដោយ​​គុណភាព និង​​ប្រសិទ្ធ​ភាព​លើ​​ផ្នែក​​ចំណេះ​​ដឹង សង្គម​​មួយ​​នោះ​​នឹ​ង​​ប្រែ​​ក្លាយ​​​ពី​​សង្គម​​មួយ​​ដែល​​វេញ​​ទៅ​​ដោយ​ស្បៃ​​អន្ធ​ការ​ ទៅ​​ជា​ភ្លឺ​ចិញ្ចែង​ចិញ្ចាច ពីឱន​ភាព​ទៅ​វឌ្ឍនភាព​បាន។ ផ្ទុយ​មក​វិញ  នៅ​ពេល​ណា​ធនធាន​យុវជន​មិន​មាន​លក្ខណៈ​ពេញ​លេញ បាន​ន័យ​ថា មិន​ប្រកប​ដោយ​គុណភាព និង​ប្រសិទ្ធ​ភាព​​ទេ នោះ​ភា​ព​សម្បូរ​បែប​នៃ​អសន្តិសុខ បក្ស​ពួកនិយម អំពើ​ពុករលួយ និង​ភាព​អសីលធម៌​ផ្សេងៗ​ក្នុង​សង្គម ប្រាកដ​ជា​រីក​ស្គុះស្គាយ​ដូច​ផ្សិត​ជា​មិ​ន​ខាន។

ហេតុអ្វី​បាន​ទៅ​ជា​ធ្ងន់ធ្ងរ​​ដល់​​ថ្នាក់​​ហ្នឹង បើ​គ្រាន់តែ​ចរន្ត​នៃ​គំនិត​របស់​យុវជន​បាំង​បិទ​ទៅ​ដោយ​អន្លង់​នៃ​​អវិជ្ជា​ហ្នឹង? តើ​យុវជន​មាន​ជាប់​ជំពាក់​វាក់​វិន​អ្វី​ជាមួយ​បាបធម៌​សង្គម​ទាំង​អស់​នេះ?

ជាការពិត យុវជន និង​សង្គមជាតិ​គឺ​ពិតជា​មាន​ទំនាក់​ទំនង​គ្នា​យ៉ាង​ស្អិត​រមួត​មិន​អាច​កាត់​ផ្តាច់ ឬ​ក៏​ពុះជ្រែក​គ្នា​បាន​ឡើយ។ ជា​សក្ខីកម្ម​ជាក់​ស្តែង​ សុភាសិត​ខ្មែរ​មួយ​បាន​លើក​ឡើង​ថា  «យុវជន​គឺជា​ទំពាំង​ស្នង​ឬស្សី»។ ដូច្នេះ ទោះចង់​មិន​ចង់ យុវជន​ទាំងអស់​នោះ​នឹង​ក្លាយ​ទៅ​ជា​អ្នក​បន្ត​វេន​របស់​អ្នកជំនាន់​មុន​នោះ​ជា​មិន​ខាន។

ចុះប្រសិនបើ​យុវជន​​ដែល​នឹង​ក្លាយ​ទៅ​ជា​អ្នក​បន្តវេន​នោះ​ មិ​នមែន​ជា​ធនធាន​មនុស្ស​ពេញ​លក្ខណៈ?

យុវជន​ដែល​​ល្ងង់ខ្លៅ​មិន​ស្គាល់​អ្វី​ជា​អត្តសញ្ញាណ វប្បធម៌ និង​សង្គមធម៌​របស់​ជាតិសាសន៍​ខ្លួន​ឯង​ហើយ​ប្រកាន់​នូវ​គំនិត​បរទេស​និយម​មក​អនុវត្តន៍​នៅ​ក្នុង​សង្គម​ដែល​ខ្លួន​កំពុង​រស់នៅ​ដោយ​វប្បធម៌​របស់​បរទេស​ទាំងអស់​នោះ​មិនមាន​ភាព​ស៊ី​សង្វាក់​គ្នា​ជាមួយ​នឹង​វប្បធម៌​នៃ​ជាតិ​ខ្លួន? នោះ​គឺ​ប្រាកដ​ណាស់​ថា ភាព​រប៉ាក់​រប៉ើក  ភាព​មហន្តរាយ ឬ​ក៏​វិនាសកម្ម​នៃ​ប្រជាជាតិ​នោះ​នឹង​ប្រាកដ​ឡើង​ជា​មិន​ខាន​ដោយ​​​​ចៀស​មិន​រួច។

ជារួម​មក យុវជន​ត្រូវតែ​ជា​អ្នក​ហាត់​ពត់ លត់​ដំ​ទាំង​ផ្នែក​បញ្ញា ស្មារតី​របស់​ខ្លួន​ឲ្យ​ត្រូវ​ទៅ​តាម​ក្រឹត្យ​ក្រម​និយាម​នៃ​សីលធម៌ និង​ចរិយាធម៌។ ហើយ​យុវជន​ត្រូវ​តែ​តាំង​ខ្លួន​ជា​អ្នក​ជ្រោង​ទង់​វប្បធម៌ និង​សង្គម​ធម៌​នៃ​ជាតិ​របស់​ខ្លួន​ឲ្យ​រះ​ចិញ្ចែង​ចិញ្ចាច​ទៅ​កាន់​ពិភពលោក​ទាំងមូល បី​ដូច​ជា​ព្រះ​សូរិយា​បញ្ចេញ​រស្មី​ភ្លឺ​សព្វ​ភូមិ​ឋាន​អញ្ចឹង​ដែរ៕​