ពេលនិយាយពីប្រវត្តិសាស្ត្រ ទំនោរម្មណ៍របស់យុវជនកម្ពុជាសព្វថ្ងៃហាក់មិនចាប់អារម្មណ៍ មិនខ្វល់ខ្វាយ ចង់ដឹង ចង់រៀន និងចង់សិក្សាពីប្រវត្តិសាស្ត្ររបស់ជាតិខ្លួនឯងឡើយ។ ដោយមើលឃើញពីការធ្លាក់ចុះនៃការសិក្សាប្រវត្តិសាស្ត្របែបនេះហើយ ទើបអ្នកឯកទេសផ្នែកប្រវត្តិសាស្ត្រលើកឡើងថា នៅពេលដែលប្រជាជនប្រទេសមួយមិនចេះប្រវត្តិសាស្ត្ររបស់ខ្លួនឯង នោះនឹងធ្វើឲ្យមានហានិភ័យធំនាថ្ងៃអនាគត។
លោក សំបូរ មាណ្ណារ៉ា សាស្រ្តាចារ្យផ្នែកប្រវត្តិសាស្ត្រនៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា មានប្រសាសន៍ថា ការសិក្សាប្រវត្តិសាស្ត្រ នាំឲ្យយើងមានមោទនៈភាពជាតិ យល់ដឹងពីការការពារខ្លួនឯង និងយល់ដឹងពីការអភិវឌ្ឍខ្លួនឯងដើម្បីជាតិ។
លោកថា៖ «ការដែលយុវជនបច្ចុប្បន្នមិនចាប់អារម្មណ៍រៀនប្រវត្តិសាស្ត្រ មិនមែនជាកំហុសរបស់ពួកគាត់នោះទេ គឺកត្តាសង្គមទាំងមូលតែម្តងដែលមិនបណ្តុះពូជប្រវត្តិសាស្ត្រក្នុងខួរក្បាលយុវវ័យ ខួរក្បាលកុមារ។ យើងបណ្តុះពូជបែបណា? បង្រៀនគ្រាន់តែឲ្យដឹង? ឬបង្រៀនឲ្យទៅជាអ្នករៀន ឬអ្នកគិត? វាអត់មាន យើងគ្រាន់តែឲ្យដឹងៗៗៗៗតែប៉ុណ្ណោះ»។
សាស្រ្តាចារ្យប្រវត្តិសាស្រ្តរូបនេះបន្ថែមថា នៅពេលដែលប្រជាជនមិនចេះប្រវត្តិសាស្ត្ររបស់ខ្លួនឯង នោះនឹងធ្វើឲ្យមានហានិភ័យសម្រាប់ជាតិនាថ្ងៃអនាគត។
«នៅពេលដែលប្រជាជនមិនចេះប្រវត្តិសាស្ត្ររបស់ខ្លួនឯង គឺមានហានិភ័យធំណាស់ ព្រោះគាត់អត់ដឹងថាត្រូវធ្វើអីទៅថ្ងៃអនាគត គាត់ទៅជាមនុស្សស្ថិតនៅក្នុងហានិភ័យខ្ពស់បំផុត ព្រោះគាត់អត់ដឹងត្រូវជួយជាតិ និងសង្គមគាត់បែបម៉េច។ គាត់ដឹងតែចាំគេប្រាប់ គាត់ជាមនុស្សមួយដែលដេកចាំគេដាស់ គឺជាមនុស្សមួយដែលដេកមិនព្រមក្រោកខ្លួនឯង ដេកចាំតែគេដាស់ ព្រោះគាត់អត់មានអីខ្លួនឯងដើម្បីងើប»។
កញ្ញា សន សក្ក័សូលីដា អាយុ២០ឆ្នាំ ជានិស្សិតឆ្នាំទី៤ មកពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ផ្នែកស្ថាបត្យកម្ម និងនគរូបនីវិទ្យាលើកឡើងថា ការចេះដឹងប្រវត្តិសាស្ត្រ នឹងនាំឲ្យយើងស្គាល់ខ្លួនឯងថាជានរណា និងយល់ដឹងនូវអ្វីដែលជាអត្តសញ្ញាណជាតិកាន់តែច្រើន។
កញ្ញាថា៖ «ក្នុងចំណោមយុវជនខ្មែរសព្វថ្ងៃ អ្នកដែលចង់ចេះ និងដឹងនូវប្រវត្តិសាស្ត្រនេះមានយ៉ាងច្រើនគឺត្រឹមតែ៤០%ប៉ុណ្ណោះ។ ហើយវិធីសាស្ត្រដើម្បីទាញពួកគេងាកមកចាប់អារម្មណ៍ សិក្សារៀនសូត្រនូវប្រវត្តិសាស្ត្រ គឺយើងត្រូវតែនាំគ្នាជួយផ្សព្វផ្សាយនូវសារៈសំខាន់ និងប្រាប់ហេតុផលថា តើហេតុអ្វីយើងត្រូវសិក្សា រៀន និងយល់ដឹងនូវប្រវត្តិសាស្ត្រ»។
ចំណែកលោក ធូ រិទ្ធិ និស្សិតផ្នែកប្រវត្តិសាស្ត្រនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និយាយថា ការសិក្សាប្រវត្តិសាស្ត្រគឺបីដូចជាកញ្ចក់សម្រាប់ឆ្លុះបញ្ចាំងនូវកំហុសពីអតីតកាលដើម្បីឲ្យយើងអាចគេចផុតពីការជាន់ដាននៃកង់ប្រវត្តិសាស្ត្រដែលបម្រុងកើតឡើង ហើយទាញយករាល់ចំណុចវិជ្ជមាននៃប្រវត្តិសាស្ត្រមកអនុវត្តន៍នាពេលបច្ចុប្បន្នភាពនៃជីវិតមនុស្សផងដែរ។
លោក រិទ្ធិថា៖ «ការសិក្សាពីប្រវត្តិសាស្ត្រគឺជារឿងមួយដ៏សំខាន់ ប្រសិនបើប្រជាជាតិមួយមិនស្គាល់ពីប្រវត្តិសាស្ត្រនោះទេ ហាក់ដូចជាមនុស្សខ្វាក់អញ្ចឹង ឬក៏ជាមនុស្សដែលបាត់ការចងចាំ មិនស្គាល់ពីកំណើតរបស់ខ្លួន»។
លោក រិទ្ធិ បន្ថែមថា យុវជនកម្ពុជាសព្វថ្ងៃនេះគឺមានភាគតិចណាស់ដែលចាប់អារម្មណ៍ចង់រៀន ចង់ចេះដឹងនូវប្រវត្តិសាស្ត្រ។ ការរួមគ្នានាំគ្នាបណ្តុះឆន្ទៈឲ្យយុវជនស្រលាញ់ប្រវត្តិសាស្ត្រ ហើយនិងមានការជួយជ្រោមជ្រែង និងបើកទូលាយរបស់រដ្ឋាភិបាលសម្រាប់យុវជនដែលចង់សិក្សាប្រវត្តិសាស្ត្រ គឺជាវិធីសាស្រ្តដែលអាចទាញការចាប់អារម្មណ៍របស់ពួកគេបាន៕