នៅពេលនិយាយដល់ពាក្យថា «នយោបាយ» ប្រជាជនកម្ពុជាមួយចំនួនហាក់មិនសូវចង់តាមដាន មិនសូវចង់គិត និងត្រិះរិះពិចារណា នូវហេតុការណ៍ទាំងពួងដែលបានកើតឡើងក្នុងសង្គមជាតិ ជាពិសេសពាក់ព័ន្ធនឹងបញ្ហាសន្តិសុខជាតិ ការការពារជាតិ គោលនយោបាយការបរទេស និង គោលនយោបាយរូបិយវត្ថុជាដើម។
តើការព្រងើយកន្តើយរបស់ប្រជាជនលើនយោបាយ បណ្តាលមកពីអ្វី?
សូមលើកយកនូវនិយមន័យនៃពាក្យ «នយោបាយ» មួយចំនួនដែលត្រូវបានផ្តល់ដោយទស្សនៈវិទូទាំងឡាយនៅលើពិភពលោក។ ក្នុងវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត បានពន្យល់ពាក្យនេះថា «នយោបាយ (ន) (នយ+ឧបាយ) មានន័យថា ឧបាយក្នុងការណែនាំ កលល្បិច ឬមេគំនិតដែលគេផ្ដើមឡើងដើម្បីដឹកនាំជនដទៃឲ្យប្រព្រឹត្តទៅរកទិសដៅយ៉ាងនេះ ឬយ៉ាងនោះ កិច្ចការទាក់ទងនឹងការគ្រប់គ្រងរដ្ឋ»។ ចំណែក ប្លាតុង (៤២៨-៣៤៧មុនគ.ស) បានឲ្យនិយមន័យនៃពាក្យថានយោបាយនេះយ៉ាងដូច្នេះថា «នយោបាយ គឺជាសិល្បៈ ដឹកនាំ អប់រំ គ្រប់គ្រងសង្គមមនុស្សដោយធ្វើឱ្យមនុស្សជឿជាក់ទៅលើអ្វីមួយ»។ ចំពោះអារីស្តូត (៣៨៤-៣២២មុនគ.ស) បានពន្យល់ថា «នយោបាយ ជាវិទ្យាសាស្ត្រដែលទាក់ទងដល់ភាពថ្កុំថ្កើងសម្បូរសប្បាយរបស់មនុស្ស និងបុរីទាំងមូល»។ ចំណែកឯអ្នកច្បាប់ និងជាទស្សនវិទូជនជាតិបារាំងដ៏ល្បីល្បាញ លោក ម៉ុងតេសគីយើ (Montesquieu ១៦៨៩-១៧៦៦) បានឲ្យនិយមន័យនយោបាយយ៉ាងនេះថា «នយោបាយ គឺទាក់ទងទៅនឹងគ្រប់មុខងាររបស់រដ្ឋាភិបាល ដែលមានទំនាក់ទំនងទៅនឹងច្បាប់ទាំងក្នុងអង្គនីតិបញ្ញត្តិ អង្គនីតិប្រតិបត្តិ និងអង្គការវិនិច្ឆ័យទោស»។
ដូច្នេះបើយោងទៅតាមនិយមន័យដែលអ្នកប្រាជ្ញទាំងខាងលើបានផ្តល់ឲ្យពាក្យ «នយោបាយ» នេះគ្មានអ្វីដែលអាក្រក់ គួរស្អប់ខ្ពើម ដែលជាហេតុផាត់ផាយនូវចិត្តរបស់យើងឲ្យចៀសចេញឆ្ងាយពីវានោះទេ។
សម្រាប់លោកបណ្ឌិត ប៉ា ច័ន្ទរឿន អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមយល់ថា កត្តាប្រវត្តិសាស្ត្រ ការយល់ដឹងពីតួនាទី និងកាតព្វកិច្ចរបស់ប្រជាពលរដ្ឋក្នុងវិស័យនយោបាយនៅមានកម្រិត និងឱកាសនៃការបើកជំហរលំហរសេរីភាព និងសិទ្ធិនយោបាយ មិនត្រូវបានលើកទឹកចិត្ត។ លោកបន្ថែមថា ការចោទប្រកាន់ ការចាប់ខ្លួន និងការរិតត្បិត ធ្វើទុក្ខបុកម្នេញ ការប្រើអំពើហិង្សាទៅលើប្រជាពលរដ្ឋដែលសកម្មក្នុងរឿងនយោបាយ គឺជាមូលហេតុធ្វើឲ្យប្រជាពលរដ្ឋព្រងើយកន្តើយ និងភ័យខ្លាចចំពោះរឿងនយោបាយ។
ផ្ទុយមកវិញ នយោបាយប្រជាភិថុត នយោបាយគុកច្រវាក់ ប៉ែងជើងគ្នារបស់អ្នកនយោបាយនោះទេដែលជាឬសគល់នៃបច្ច័យទាំងអស់នេះ។
ជាការប្រលោមដួងចិត្ត និងគំនិតរបស់ប្រជាពលរដ្ឋនៃប្រទេសមួយនេះឲ្យបែរត្រឡប់មកគិតគូរ និងនាំគ្នាចូលរួមក្នុងកិច្ចការប្រទេសជាតិឡើងវិញ។ ខ្ញុំនឹងព្យាយាមឆ្លើយ និងលើកជាឧទាហរណ៍នូវចំណុចជាសារាវ័ន្តខ្លះៗទាក់ទិនទៅនឹងសំណួរថា តើហេតុអ្វីបានជាការចូលរួមរបស់ប្រជាពលរដ្ឋក្នុងកិច្ចការនយោបាយពិតជាមានសារៈសំខាន់យ៉ាងក្រៃលែង?
នៅពេលណាដែលនិយាយពីពាក្យ «នយោបាយ» មនុស្សទាំងឡាយជានិច្ចកាលគិតស្រម៉ៃទៅដល់ពាក្យអំណាច និងផលប្រយោជន៍។ ជាការពិត អំណាច និងប្រយោជន៍ពិតស្អិតជាប់ជាមួយនឹងមនុស្សបីដូចស្ករតាំងម៉ែ មិនអាចកាត់ផ្តាច់ពីគ្នាបានឡើយ។ ជាឧទាហរណ៍ អ្នកសុំទាន ពួកគាត់ដើរសុំទានពីមនុស្សម្នាពាសពេញប្រឹថពី តើមិនចង់បានប្រយោជន៍ទេឬ? ចុះចំណែកឯអ្នកលក់ដូរ ដូចជា អ្នកលក់ពោតអាំង អ្នកលក់លៀជ តើពួកគាត់មិនគិតពីផលប្រយោជន៍ទេឬ? ប្រាកដណាស់គឺដើម្បីផលប្រយោជន៍ (កម្រៃ)។
កុំថាឡើយមនុស្សសូម្បីសត្វក៏ត្រូវការអំណាច និងផលប្រយោជន៍ដែរ។ ជាទិដ្ឋភាពជាក់ស្តែង សត្វឆ្កែវាតែងតែប្រើអំណាចដើម្បីសម្លុត គំរាមគំហែងសត្វដទៃដែលមានឥទ្ធិពលខ្សោយជាងខ្លួនដើម្បីផលប្រយោជន៍។ អ្វីដែលបានលើកឡើងនេះសបញ្ជាក់ឲ្យឃើញថា នយោបាយ និងមនុស្សគឺពិតជាមានទំនាក់ទំនងគ្នាមិនអាចខ្វះមួយណាបានឡើយ។ ធាតុទាំងពីរនេះគឺប្រៀបបីដូចជាទូក និងច្រវ៉ា បើមានទូកអត់ច្រវ៉ា ក៏ទូកនោះមិនអាចធ្វើដំណើរឆ្ពោះទៅកាន់ត្រើយខាងនាយបានឡើយ។ យ៉ាងណាមិញ នយោបាយនៃប្រជាជាតិមួយ នឹងមិនអាចវិលទៅរកទីឋានបរមសុខ និងសន្តិភាពបានទេ ប្រសិនបើគ្មានការចូលរួមយ៉ាងសកម្មពីប្រជាពលរដ្ឋនៃជាតិនោះ។ នយោបាយគឺជាកត្តាលីករដ៏សំខាន់ក្នុងការនាំឲ្យប្រជាជាតិមួយទៅកាន់ទីនៃវឌ្ឍនភាព ឬក៏ឱនភាព។ ប្រទេសជាតិនឹងរះឡើងនៅពេលដែលនយោបាយជាតិដើរល្អ។ ប៉ុន្តែភាពលិចលង់នឹងកើតឡើងដោយចៀសពុំរួចនៅពេលដែលនយោបាយជាតិជាប់គាំង។
ជារួមមក ប្រជាពលរដ្ឋទាំងឡាយត្រូវតែសិក្សា តាមដាន និងចូលរួមកិច្ចការសង្គមនានាទើបសង្គមជាតិរបស់អ្នករីកចម្រើនទៅមុខបាន។ ទឹកដីខេមរានេះមិនមែនជាកម្មសិទ្ធិផ្តាច់មុខរបស់បុគ្គលណាម្នាក់ទេ តែគឺជារបស់អ្នកទាំងអស់គ្នា។ ហេតុនេះ ចូរកុំកន្តើយចំពោះកិច្ចការប្រទេសជាតិរបស់អ្នក។ ចូររស់នៅជាមួយនយោបាយ «នយោបាយគឺជាជីវិត គ្មាននយោបាយគ្មានជីវិត»៕