យុវជន សិស្ស​និស្សិត និង​បញ្ញាវ័ន្ត​ខ្មែរ តែងតែ​ទន្ទេញ​​ពាក្យ​ថា ប្រទេស​កម្ពុជា​ជា​ប្រទេស​ដែល​មាន​នីតិរដ្ឋ។ សូម្បី​តែ​មេដឹកនាំ​ប្រទេស​ក៏​តែងតែ​និយាយ​ថា ប្រទេស​កម្ពុជា​គឺ​មាន​នីតិរដ្ឋ​ហើយថា នីតិរដ្ឋ​ និង​​អធិបតេយ្យ​ភាព​កម្ពុជា​​មិនមាន​នរណា​រំលោភបំពាន​​បាន​ឡើយ​។

​ប៉ុន្តែ​បើ​ក្រឡេក​មើល​​ទស្សនៈ​ និង​មតិ​យុវជន​មួយ​ចំនួន​វិញ​ ពួកគេ​តែងតែ​​និយាយ​លេង​ថា «នីតិរដ្ឋ»​ គឺមិន​មែន «​នីតិមាត់» ​នោះ​ទេ ។ 

ហេតុអ្វីពួកគេតែងតែនិយាយ​បែបនេះ?

បើយើង​ក្រឡេក​មក​មើល​អំពី​បរិបទ​នយោបាយ មេដឹកនាំ​កម្ពុជា​តែងតែ​និយាយ​ពេញ​មាត់ៗ​ថា កម្ពុជា​មា​ន​នីតិរដ្ឋ ប៉ុន្តែ​ការអនុវត្ត​ជាក់ស្ដែង​គឺ​ស្ថិត​នៅលើ​មាត់របស់មេដឹកនាំ ។

ក្នុងវចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​ ​«នីតិ» ប្រែថា «ច្បាប់» «រដ្ឋ» ប្រែថា «ប្រទេស»។ នីតិរដ្ឋ មាន​ន័យ​ថា ប្រទេស​ដែល​អនុវត្ត​ច្បាប់ជា​ធំ ប្រទេស​​អនុវត្ត​ច្បាប់ដោយ​ពេញ​លេញ និង​យុត្តិធម៌។

កញ្ញា ងិល ហេន និស្សិតឆ្នាំទី៤​​ផ្នែក​រដ្ឋបាល​សាធារណៈ​​​នៃសាកលវិទ្យាល័យភូមិន្ទ នីតិ​សាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​លើកឡើង​ថា  ការអនុវត្ត​នីតិរដ្ឋ​នៅ​កម្ពុជា​នៅ​មាន​កម្រិត​នៅ​ឡើយ​។ កញ្ញា​​បន្ថែម​ថា  នីតិរដ្ឋ​គឺ​ភ្ជាប់​ជាមួយ​នឹង​សិទ្ធិមនុស្ស ​ប៉ុន្តែ​កញ្ញា​ថា ​​​ប្រទេស​កម្ពុជា​សព្វ​ថ្ងៃ​មិន​ទាន់​មាន​ការគោរព​សិទ្ធិ​មនុស្ស​ពេញលេញនៅឡើយ​។

កញ្ញាបានបន្ថែមថា៖ «ប្រទេស​កម្ពុជា​នៅ​តែ​មាន​ការរំលោភ​នូវ​សិទ្ធិ​សេរីភាព​របស់​ប្រជា​ពលរដ្ឋ​​ដូចជា​សិទ្ធិ​បញ្ចេញ​មតិ សិទ្ធិ​ក្នុង​ការចូលរួម និង​សិទ្ធិ​ផ្សេងៗ​ទៀត»។

ចំណែ​កញ្ញា វិញ ស៊ីណាត និស្សិតឆ្នាំទី​៤​​សិក្សា​ផ្នែក​សង្គមកិច្ច​នៃ សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ លើកឡើង​​ថា៖ «​ពាក់ព័ន្ធ​ជាមួយ​នឹង​ការរៀបចំ​រចនា​សម្ព័ន្ធ​នីតិរដ្ឋ​នៅ​កម្ពុជា យើង​ឃើញ​ថា ការរៀបចំ​រចនា​សម្ព័ន្ធ​នីតិរដ្ឋ​នៅ​កម្ពុជា​វា​ពិត​ជា​ល្អ​ឥតខ្ចោះ ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ​គឺ​ការអនុវត្ត​នៅ​មាន​កម្រិត​ដដែល»។

អង្គការគម្រោងយុត្តិធម៌ពិភពលោក (World Justice Project) កាលពី​ខែមីនា ឆ្នាំ​២០២០ បាន​ចេញ​ផ្សាយ​របាយការណ៍​ស្ដីពី «សន្ទស្សន៍នីតិរដ្ឋ» ដោយ​​​ចាត់ថ្នាក់​កម្ពុជាជា​ប្រទេស​មាន​ប្រព័ន្ធ​​យុត្តិធម៌​ស្ទើរ​តែ​អន់​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក។

បើ​តាម​តារាង​សន្ទស្សន៍​ចេញ​ដោយ​អង្គការ​មួយ​នេះ កម្ពុជាត្រូវ​បាន​វាយ​តម្លៃ​នៅ​ចំណាត់​ថ្នាក់​១២៧ ក្នុងចំណោមបណ្ដាប្រទេស១២៨ ពោល​គឺ​កម្ពុជាល្អ​ជាង​តែ​​សាធារណៈរដ្ឋ​កុងហ្គោ​​តែ​មួយ​ប៉ុណ្ណោះ។

ចំណែក​ប្រទេសចំនួន៣​ដែលទទួលបានចំណាត់ល្អបំផុតនៅក្នុងរបាយការណ៍យុត្ដិធម៌នេះ គឺមាន ​ដាណឺម៉ាក ន័រវេស និងប្រទេសហ្វាំងឡង់ សុទ្ធ​តែ​ជា​ប្រទេស​ស្ថិត​នៅ​តំបន់​អឺរ៉ុប៕