(បាត់ដំបង)៖ ដំណើរសង្គហធម៌ ដើម្បីជួយសង្គ្រោះប្រជាជនរងគ្រោះដោយសារទឹកជំនន់នៅតំបន់ដាច់ស្រយាលក្នុងតំបន់បាសឹង ភូមិថ្មី ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង កាលពីថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២០ នេះ បានសម្រេចដោយក្ដីរីករាយ ហើយសកម្មភាពនេះ គឺជាវប្បធម៌ដ៏ល្អមួយក្នុងការជួយសង្គ្រោះគ្នាក្នុងគ្រាមានអាសន្ន។ នេះបើតាមការលើកឡើងរបស់ព្រះតេជគុណ សំ សោភ័ណ ប្រធានសមណនិស្សិតសង្គហធម៌នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រ។
ដោយមើលឃើញពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះដោយជំនន់ទឹកភ្លៀងដែលរស់នៅទីនោះ និងដើម្បីចូលរួមចំណែកក្នុងការជួយសម្រាលទុក្ខលំបាករបស់ពួកគេ ក្រុមសមណនិស្សិតសង្គហធម៌នៃសាកលវិទ្យាបញ្ញាសាស្ត្រ ដែលដឹកនាំដោយព្រះសង្ឃ និស្សិត សប្បុរសជន មានការគាំទ្រដោយសាកលវិទ្យាល័យបញ្ញាសាស្ត្រ មានលោកបណ្ឌិត កុល ផេង បាននាំយកអំណោយទានផ្ទាល់ និងសម្ភារផ្សេងៗ ទៅចែកជូនដល់ប្រជាជនរងគ្រោះដោយសារទឹកភ្លៀងជន់លិច ចំនួន៨០គ្រួសារ នៅតំបន់ដាច់ស្រយាលខាងលើ ។
សង្គហទាន មានអំណោយសម្ភារៈរបស់សម្បុរសជនជាច្រើនបានចូលរួមបរិច្ចាគ សមណនិស្សិតសង្គហធម៌នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រ បាននាំយកសម្ភារជាអំណោយទាំងនោះទៅចែកជូនផ្ទាល់ដល់ប្រជាពលរដ្ឋ៨០គ្រួសារដែលរងគ្រោះដោយសារទឹកជំនន់។ អំណោយទាំងនោះរួមមាន អង្ករ២តោន ទឹកត្រី៨០យួរ មីចំនួន១១០កេស តង់ការពារទឹកភ្លៀង១០ និងសម្ភារបន្ទាប់បន្សំមានដូចជា ខោអាវ ទឹកភេសជ្ជៈ ភួយ និង ថវិកាសម្រាប់ប្រគេនព្រះសង្ឃក្នុងវត្តអំពិលថ្កើង ជាទីកន្លែងជម្រករបស់ប្រជាជនដែលផ្ទះលិចទឹកផងដែរ។
ប្រជាពលរដ្ឋទាំង៨០គ្រួសារ ក្នុងម្នាក់ៗទទួលបានអង្ករមួយបេ មីពីរកេះ ទឹកត្រីមួយយួរ សម្លៀកបំពាក់ ថវិកាមួយចំនួន និងតង់សម្រាប់បិតបាំងទឹកភ្លៀងចំនួនមួយ សម្រាប់គ្រួសារដែលលំបាកខ្លាំងគ្មានទីជម្រក។
ព្រះតេជគុណ សំ សោភ័ណ មានសង្ឃដីកាថា មូលហេតុដែលព្រះអង្គ និងក្រុមការងារទៅកាន់តំបន់ដាច់ស្រយាលបែបនេះ ដោយសារតែជាតំបន់ដែលប្រជាជនរងការលំបាកខ្លាំង ឆ្ងាយដាច់ពីគេ ដោយពុំងាយមានអ្នកទៅដល់។ មួយវិញទៀត ជំនួយក្រុមសម្បុរសធម៌នេះ គឺជាការជួយលើកដំបូងបន្ទាប់ពីទឹកភ្លៀងជន់លិចមក មិនដែលមានអ្នកចុះទៅចែកជូនដល់ពួកគាត់ទេ ហើយពួកគាត់ស្ទើរតែដាច់ស្បៀងទៅហើយ។
ព្រះអង្គបន្ថែមថា ពេលយើងបានទៅដល់ផ្ទាល់ យើងពិតជាបានយល់អំពីទុក្ខលំបាករបស់ពួកគាត់មែន។ ដំណាំកសិកម្មរាប់សិបហិកតា ផ្ទះសម្បែងប្រជាជនទាំងនោះ ត្រូវទឹកភ្លៀងជន់លិច ដួលរលំ ហើយប្រជាជនខ្លះត្រូវទៅស្នាក់អាស្រ័យនៅឯវត្តអំពិលថ្កើង ជាទីទូលនៅក្បែរនោះ។
លោក ង៉ែត សុខឡា គឺជាប្រធានអគ្គនាយកវិទ្យាស្ថានមគ្គុទ្ទេសក៍ នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រ និងជាតំណាងរបស់លោកបណ្ឌិត កុល ផេង ដែលបានចូលរួមក្នុងកម្មវិធីសម្បុរសធម៌នេះ បានយល់ឃើញថា វាពិតជាល្អណាស់ក្នុងនាមយើងជាប្រជាពលរដ្ឋដូចគ្នា មានមេត្តាករុណា ជួយសង្គ្រោះពួកគាត់ពីភាពលំបាកមានជាសម្ភារស្បៀងទាំងនេះ ជាពិសេសការលើកទឹកចិត្តដល់ពួកគាត់កុំឱ្យមានការបាក់ទឹក ដែលនេះស្របទៅនឹងពាក្យរបស់លោកបណ្ឌិត «ជីវិតនេះគ្មានខ្លឹមសារទេ បើមិនបានជួយអ្នកដទៃ»។ លោកបន្ថែមថា សកម្មភាពបែបនេះក៏ស្របទៅនឹងគោលការណ៍នៃវិទ្យាស្ថានរបស់លោក គឺទំនួលខុសត្រូវសង្គម។
ព្រះតេជគុណ សោភ័ណ ក៏បានសំណូមពរផងដែរ ដល់សម្បុរសជន បន្តជួយគាំទ្រសកម្មភាពសង្គហធម៌បែបនេះតទៅទៀត ក្នុងការជួយសង្គ្រោះប្រជាជនដែលកំពុងរងគ្រោះដោយសារគ្រោះធម្មជាតិនេះ។ ព្រះអង្គបញ្ជាក់ថា នេះគឺជាវប្បធម៌ដ៏ល្អមួយក្នុងការជួយសង្គ្រោះគ្នាក្នុងគ្រាមានអាសន្ន ជាពិសេសនៅតាមតំបន់ដាច់ស្រយាលបែបនេះ ជាពិសេសនោះ ជាការចូលរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជាផងដែរ៕