(បាត់ដំបង)៖ ដំណើរសង្គហធម៌ ដើម្បី​ជួយ​សង្គ្រោះ​ប្រជាជន​រងគ្រោះ​ដោយសារ​ទឹក​ជំនន់​នៅ​តំបន់​ដាច់​ស្រយាល​ក្នុង​តំបន់​បាសឹង ភូមិថ្មី ឃុំព្រៃតូច ស្រុក​មោងឫស្សី ​​​ខេត្ត​បាត់​ដំបង កាល​ពីថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២០ នេះ បាន​សម្រេច​ដោយ​ក្ដី​រីករាយ ហើយ​សកម្មភាព​​នេះ គឺជា​វប្បធម៌​ដ៏​​ល្អ​មួយ​ក្នុង​ការជួយ​សង្គ្រោះ​គ្នា​ក្នុង​គ្រា​មា​​នអាសន្ន។​ នេះ​បើ​តាមកា​រ​លើកឡើង​របស់​ព្រះតេជគុណ សំ សោភ័ណ ប្រធាន​សមណ​និស្សិត​សង្គហធម៌​នៃ​សាកល​វិទ្យាល័យ​បញ្ញា​សាស្ត្រ។

ដោយ​មើល​ឃើញ​ពី​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ ដែល​កំពុង​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​ដែល​រស់នៅ​​ទីនោះ និង​ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការជួយ​សម្រាល​ទុក្ខ​លំបាក​របស់​ពួកគេ​ ក្រុម​​សមណ​និស្សិត​សង្គហធម៌​នៃ​សាកល​វិទ្យាបញ្ញា​សាស្ត្រ ដែល​ដឹកនាំ​ដោយ​ព្រះសង្ឃ និស្សិត សប្បុរសជន មាន​ការគាំទ្រ​ដោយ​សាកល​វិទ្យាល័យ​បញ្ញាសាស្ត្រ មាន​លោក​បណ្ឌិត កុល ផេង​ បាន​នាំយ​ក​អំណោយ​ទាន​ផ្ទាល់ និង​សម្ភារ​​ផ្សេងៗ ទៅ​ចែក​ជូន​ដល់​ប្រជា​ជន​រងគ្រោះ​ដោយ​សារ​ទឹក​ភ្លៀង​ជន់​លិច ចំនួន​៨០គ្រួសារ នៅតំបន់ដាច់ស្រយាលខាងលើ ។

សង្គហទាន មាន​អំណោយ​សម្ភារៈ​របស់​សម្បុរសជន​ជាច្រើន​បាន​​ចូលរួម​បរិច្ចាគ សមណ​និស្សិត​សង្គហធម៌​នៃសា​កល​វិទ្យាល័យ​បញ្ញាសាស្ត្រ បាន​នាំ​យក​សម្ភារ​ជា​អំណោយ​ទាំង​នោះ​ទៅ​ចែក​ជូន​ផ្ទាល់​ដល់​ប្រជាពលរដ្ឋ​៨០​គ្រួសារ​ដែល​រងគ្រោះ​ដោ​យសារ​ទឹក​ជំនន់។ អំណោយ​ទាំង​នោះ​រួម​មាន អង្ករ​២តោន ទឹកត្រី​៨០យួរ មីចំ​នួន​១១០កេស តង់​ការពារ​ទឹកភ្លៀង​១០ និង​សម្ភារ​បន្ទាប់​បន្សំ​មាន​ដូចជា ខោអាវ ទឹកភេសជ្ជៈ ភួយ និង ថវិកា​សម្រាប់​ប្រគេន​ព្រះសង្ឃ​ក្នុង​វត្ត​អំពិល​ថ្កើង ជា​ទី​កន្លែង​ជម្រក​របស់​ប្រជាជន​ដែល​ផ្ទះ​លិចទឹក​ផងដែរ។

ប្រជាពលរដ្ឋទាំង៨០គ្រួសារ​ ក្នុងម្នាក់ៗ​ទទួ​លបាន​អង្ករមួយបេ មីពីរកេះ ទឹកត្រីមួយយួរ សម្លៀក​បំពាក់ ថវិកា​មួយចំនួន និង​តង់​សម្រាប់​បិតបាំង​ទឹកភ្លៀង​ចំនួន​មួយ សម្រាប់​គ្រួសារ​ដែល​លំបាក​ខ្លាំង​គ្មាន​ទី​ជម្រក។

ព្រះតេជគុណ សំ សោភ័ណ មាន​សង្ឃដីកា​ថា មូលហេតុ​ដែល​ព្រះអង្គ និង​ក្រុម​ការងារ​ទៅ​កាន់​តំបន់​ដាច់​ស្រយាល​បែបនេះ ដោយសារ​តែ​ជា​តំប​ន់​ដែលប្រជាជន​រង​ការលំបាក​ខ្លាំង ឆ្ងាយ​ដាច់​ពី​គេ ដោយ​ពុំងា​យមា​នអ្នក​ទៅ​ដល់។ មួយវិញ​ទៀត ជំនួយ​ក្រុម​សម្បុរស​ធ​ម៌​នេះ គឺជា​ការជួយ​លើក​ដំបូង​បន្ទាប់ពី​ទឹកភ្លៀង​ជន់​​លិច​មក មិន​ដែល​មាន​អ្នក​ចុះ​ទៅ​ចែក​ជូន​ដល់​ពួកគាត់​ទេ ហើយ​ពួកគាត់​ស្ទើរ​តែ​ដាច់ស្បៀង​ទៅ​ហើយ។

ព្រះអង្គបន្ថែម​ថា ពេល​យើង​បាន​ទៅដល់​ផ្ទាល់ យើង​ពិត​ជា​បាន​យល់​អំពី​ទុក្ខ​លំបាក​របស់​ពួកគាត់​មែន។ ដំណាំ​កសិកម្ម​រាប់​សិប​ហិកតា ផ្ទះសម្បែង​ប្រជាជន​ទាំង​នោះ ត្រូវ​ទឹក​ភ្លៀង​ជន់​លិច ដួល​រលំ ហើយ​ប្រជាជន​ខ្លះត្រូវ​ទៅ​ស្នាក់​អាស្រ័យ​នៅ​ឯវ​ត្តអំ​ពិល​ថ្កើង​ ជា​ទីទូល​នៅក្បែរ​នោះ។

លោក ង៉ែត សុខឡា គឺជា​ប្រធាន​អគ្គនាយក​វិទ្យាស្ថាន​មគ្គុទ្ទេសក៍ នៃ​សាកល​វិទ្យាល័យ​បញ្ញា​សាស្ត្រ និងជា​តំណាងរបស់​លោក​បណ្ឌិត កុល ផេង ដែល​បាន​ចូលរួម​ក្នុង​កម្មវិ​ធី​សម្បុរស​ធម៌​នេះ បាន​យល់​ឃើញ​ថា វាពិត​ជាល្អណាស់ក្នុងនាមយើងជាប្រជាពលរដ្ឋដូចគ្នា មា​នមេត្តា​ករុណា ជួយសង្គ្រោះពួកគាត់ពីភាពលំបាកមានជាសម្ភារស្បៀងទាំងនេះ ជាពិសេស​ការលើក​ទឹក​ចិត្ត​ដល់ពួកគាត់​កុំឱ្យមានការបាក់ទឹក ដែលនេះស្របទៅនឹងពាក្យរបស់​លោក​បណ្ឌិត «ជីវិត​នេះ​គ្មាន​ខ្លឹមសារ​ទេ បើ​មិន​​បាន​ជួយ​អ្នកដទៃ»។ លោក​បន្ថែម​ថា សកម្មភាព​បែប​នេះ​ក៏​ស្រប​ទៅ​នឹង​គោលការណ៍​នៃ​វិទ្យាស្ថាន​របស់​លោក គឺ​ទំនួល​ខុសត្រូវ​សង្គម។

ព្រះតេជគុណ សោភ័ណ ក៏​បាន​សំណូមព​រផង​ដែរ ដល់​សម្បុរស​ជន បន្ត​ជួយ​គាំទ្រ​សកម្មភាព​សង្គហធម៌​បែប​នេះ​តទៅ​ទៀត ក្នុង​ការ​ជួយ​សង្គ្រោះ​ប្រជាជន​ដែល​កំពុង​រងគ្រោះ​ដោយសារ​គ្រោះ​ធម្មជាតិ​នេះ។ ព្រះអង្គបញ្ជាក់ថា នេះ​គឺជា​វប្បធម៌​ដ៏​ល្អ​មួយ​ក្នុង​ការជួយ​សង្គ្រោះ​គ្នា​ក្នុង​គ្រាមា​នអាសន្ន ជាពិសេសនៅតាមតំបន់ដាច់ស្រយាលបែបនេះ ជាពិសេសនោះ ជា​ការចូល​រួម​ចំណែក​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ផង​ដែរ៕​