ក្រោមផ្ទៃមេឃដ៏ខៀវស្រងាត់ សត្វបក្សីហោះហើរឆ្លងកាត់អាស្រមមួយ ដែលពលរដ្ឋមិនដែលរំលងចូលបន់ស្រន់សុំសំណាងល្អ។ ខ្ញុំឈរនៅលើសួនច្បាររាជវាំងជាមួយនឹងទឹកមុខសែនឆ្ងល់។
អាស្រមព្រះអង្គដង្កើ ដែលមានទីតាំងនៅមុខព្រះបរមរាជវាំង នៅតែទទួលបានមនុស្សម្នាជាច្រើន ដែលពួកគាត់នាំគ្នាចូលគោរពបូជាជារាល់រាល់ថ្ងៃសីល៏ ទោះបីជាមានហានិភ័យឆ្លងកូវីដ ១៩ ក៏ដោយ។
កូវីតកំពុងតែធ្វើទុកបុកម្នេញពលរដ្ឋកម្ពុជាយ៉ាងខ្លាំង ក៏ប៉ុន្តែសម្រាប់ប្រជាពលរដ្ឋដែលមានជំនឿ ពួកគាត់តែងនាំគ្នាទៅបន់ស្រន់ជានិច្ច។ ពួកគាត់ជឿជាក់ថា ការបន់ស្រន់នៅទីនេះនឹងនាំមកនូវសំណាងល្អ។
ក្នុងរយៈពេលប៉ុន្មានសប្តាហ៏ចុងក្រោយនេះ បើទោះបីជាជំងឺកូវីតបានរាំងខ្ទប់ដំណើររបស់ពលរដ្ឋមួយចំនួនក៏ដោយ ក៏ប៉ុន្តែនៅតែមិនអាចទប់ស្កាត់ពួកគាត់បានទាំងអស់នោះទេ ជាពិសេសអ្នកដែលមានជំនឿខ្លាំង។
មិនថាព្រឹក ល្ងាច យប់ មនុស្សម្នា ក្មេងចាស់ ប្រុស ស្រី នៅតែបន្តចូលគោរពបូជាជាមួយមុខ ពាក់ម៉ាស និងតង្វាយផ្សេងៗ ដើម្បីបួងសួង សុំសេចក្តីសុខចម្រើន ត្រជាក់ត្រជុំទៅតាមជំនឿរៀងៗខ្លួន។
នៅរាជធានីភ្នំពេញ ព្រះអង្គដង្កើត្រូវបានគេជឿថា គឺជាទីកន្លែងស័ក្តិសិទ្ធិ ដែលប្រជាពលរដ្ឋទៅគោរពបួងសួង មិនថាថ្ងៃធម្មតា ឬថ្ងៃសីល គឺតែងតែមានមនុស្សច្រើនកុះករទៅទីនោះ ហើយថ្ងៃខ្លះ សឹងតែរកកន្លែងជ្រៀតចូលមិនបាន។
ក្នុងព្រះពុទ្ធសាសនា ថ្ងៃសីលគឺជាថ្ងៃល្អ ហេតុដូច្នេះមនុស្សតែងនាំគ្នាទៅបន់នៅទីនោះដោយជឿថាទេវតា ឬអ្នកតា ឬវត្ថុស័ក្តសិទ្ធិទាំងទ្បាយ នឹងធ្វើឲ្យខ្លួនមានបារមី រឹតតែខ្លាំងពូកែថែមទៀត។ គំនិតនេះបានដក់ជាប់ក្នុងចិត្តកូនចៅជំនាន់ក្រោយ ហើយបានប្រែក្លាយជាទម្លាប់។
អ្នកដែលចូលបន់ស្រន់តែងតែសុំទឹកមន្តយកទៅលុបលាងមុខ ព្រោះគេជឿលើព្រះអង្គដង្កើ ហើយអ្នកខ្លះទៀតធ្វើការបួងសួងសុំបានឋានៈបុណ្យស័ក្ក ឬប្រលងជាប់ បានរកការងារធ្វើ ឬសុំកូនជាដើម។
គេមានជំនឿថាព្រះអង្គដង្កើ មានបារមីស័ក្តិសិទ្ធិខ្លាំងណាស់ក្នុងការបែបន់សុំលាភសក្ការៈ សុំកូន និងបួងសួងផ្សេងៗតាមជំនឿរបស់ខ្លួន។
ការបន់ស្រន់មានការថ្វាយជា ផ្កាឈូក ស្លាធម៌ និងតង្វាយផ្សេងៗជាច្រើនទៀត។ លើសពីនេះទៅទៀត មានការថ្វាយបទភ្លេងពិណពាទ្យ លែងសត្វ ដូចជា អណ្តើក បក្សី ឬត្រី ឱ្យរួចផុតពីសេចក្តីស្លាប់នៅខាងមុខព្រះអង្គដង្កើទៀតផង។
សម្រាប់អ្នកខ្លះដែលមិនបានចូលបន់ស្រន់ ហើយបានជិះឆ្លងកាត់ ក៏ពួកគាត់ សុំលើកដៃសំបួងសួងសុំសេចក្តីសុខពីចម្ងាយដែរ។
ចំណែកអ្នកដែលមកដើរកម្សាន្ត ក៏បានចូលមកបន់ស្រន់ ឥតដាច់ដែរ។ សូម្បីតែអ្នកមកហាត់ប្រាណ ក៏រមែងចូលមកអុជធូបទៀនបន់ស្រន់ផងដែរ ដែលបានក្លាយជាទម្លាប់ មុននឹងត្រទ្បប់ទៅលំនៅដ្ឋានវិញ។
ទាំងនេះគឺជាជំនឿ ហើយជំនឿនឹងមិនអាចបាត់ចេញពីគំនិតរបស់មនុស្សឡើយ បើទោះបីជាពួកគេប្រឈមនឹងបញ្ហាយ៉ាងណាក៏ដោយ៕