តាកែវ៖ ខ្លួនខ្ញុំផ្ទាល់ ក៏ដូចជាលោកតាបណ្ឌិត កុល ផេង ធ្លាប់ជួបទុក្ខលំបាកហែលឆ្លងកាត់ភាពក្រីក្រ ដូចជាឆ្លងក្នុងសាគរ ហើយបច្ចុប្បន្ន យើងក៏មិនមែនជាអ្នកមានណាស់ណានោះទេ តែយើងមានចិត្ត និងចេះជួយគ្នាក្នុងគ្រាក្រ ហេតុដូច្នេះហើយទើបកម្មវិធីបញ្ញាសាស្ដ្រដើម្បីមនុស្សជាតិ ចុះមកចែកស្បៀងអាហារខ្លះៗ ជូនដល់ប្រជាពលរដ្ឋជិត៣០០គ្រួសារ នៅវត្តពាមមង្គលបុរី ឃុំកំពង់រាប ស្រុកព្រៃកប្បាស ខេត្តតាកែវ។
នេះបើតាមការលើកឡើងរបស់លោក ង៉ែត សុកឡា ប្រធានវិទ្យាស្ថានភាពជាអ្នកដឹកនាំប្រតិបត្តិនៃសាកលវិទ្យាល័យបញ្ញាសាស្ដ្រ កាលពីថ្ងៃសុក្រ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០។
ក្នុងមួយរយៈកន្លងមកនេះ ប្រជាជនជាច្រើនខេត្តបានទទួលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ ក្នុងនោះក៏មានខេត្តតាកែវផងដែរ។ ក្នុងកាលៈទេសៈនេះ ប្រជាពលរដ្ឋត្រូវការអ្នកជួយជាចាំបាច់ ហើយពេលនេះផងដែរ ជាពេលដែលបុគ្គលមានចិត្តសប្បុរសធម៌ដើម្បីធ្វើសង្គហធម៌ចំពោះពលរដ្ឋ។
អំណោយបន្ដិចបន្ដួចដែលសប្បុរសជនធ្វើសង្គហទានដល់ពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់នោះមានអង្ករចំនួន១០គីឡូក្រាម ទឹកស៊ីអ៊ីវមួយយួរ សារ៉ុង១ នឹងថវិការ១ម៉ឺនរៀល សម្រាប់ប្រជាពលរដ្ឋជាង៣០០គ្រួសារ។
«ទោះបីជាអំណោយទាំងនេះមិនច្រើនយ៉ាងណាក្ដី តែនេះអាចជួយប្រជាពលរដ្ឋបានមួយគ្រា»។ នេះបើតាមការលើកឡើងរបស់លោក សេង ម៉ៅ មេឃុំកំពង់រាប។
ហើយចំពោះលោក ស៊ិន វណ្ណារ៉ុង ប្រធានគម្រោងរបស់បញ្ញាសាស្ដ្រដើម្បីមនុស្សជាតិពិតជារីករាយនូវទង្វើល្អដែលក្រុមការងារក៏ដូចជាខ្លួនលោកបានធ្វើក្នុងថ្ងៃនេះ៕