បទពិសោធន៍គឺជារឿងមួយ ដែលសម្រាប់ខ្ញុំគឺពិតជាពិបាកយ៉ាងខ្លាំងក្នុងការស្វែងរកវាមកដាក់ក្នុងខ្លួន។ បទពិសោធន៍ច្រើន ជីវិតប្រាកដជាមិនសូវជាលំបាក ហើយថែមទាំងទៅមុខបានយ៉ាងរលូន ប៉ុន្តែផ្ទុយទៅវិញបើខ្វះខាតបទពិសោធន៍វិញនោះ ឆាកជីវិតគឺពិតជាពោរពេញទៅដោយឧបសគ្គរាំងស្ទះគ្រប់កិច្ចការ។
មិនថានរណាក៏ដោយ អោយតែជាភាវៈរស់គ្រប់ជាន់ថ្នាក់តែងតែត្រូវការបទពិសោធន៍ យកមកធ្វើជាស្ពានដើម្បី ចម្លងខ្លួនឯងអោយមានជីវិតរស់រាន។ ហើយចំពោះខ្ញុំផ្ទាល់ ក៏ត្រូវការបទពិសោធន៍យ៉ាងច្រើនផងដែរ ហើយអ្វីដែលជាបទពិសោធន៍ដែលខ្ញុំលើកមកនិយាយក្នុងនេះគឺពាក់ព័ន្ធទៅនឹងការថតរូបនិងផលិតវីដេអូ ដែលជាចំណង់ចំណូលចិត្តរបស់ខ្ញុំតាំងពីកុមារភាពឯណោះ។
ឆ្លងកាត់ពេលវេលាជាច្រើនមក តាំងពីកុមារភាពរហូតដល់ពេញវ័យ ចំណង់ចំណូលចិត្តរបស់ខ្ញុំនៅតែដិតដាមជាប់ក្នុងបេះដូង រហូតបង្កើតបានជាសុបិនមួយសម្រាប់ថ្ងៃអនាគត ហើយនោះគឺជាការផលិតរូបភាពនិងវីដេអូសម្រាប់អប់រំដល់ មនុស្សជំនាន់ក្រោយនិងបច្ចុប្បន្ន។
ហេតុផលដែលនៅពីក្រោយចំណង់ចំណូលចិត្តនោះគឺ កាលវ័យកុមារភាពខ្ញុំបានប្រទះនឹងរូបភាពស្អាតៗ ជាច្រើន ហើយខ្ញុំចង់ធ្វើការចងចាំរូបភាពទាំងនោះក្នុងខួរក្បាលរបស់ខ្ញុំ ប៉ុន្តែវាមិនអាចទៅរួចទាំងអស់នោះទេ រូបភាពជាច្រើនបានរលុបបាត់ពីការចងចាំរបស់ខ្ញុំបន្តិចម្តងៗ ទោះបីជាខំក្រើនរំលឹកនឹកស្រមៃដល់រូបភាពនោះក៏ដោយ។
ខ្ញុំបានស្វែងរកវិធីផ្សេងទៀតមកជំនួយ ដោយខ្ញុំបានធ្វើការគូសវាសជារូបភាព ប៉ុន្តែវាគ្មានប្រសិទ្ធភាពទាំងស្រុងនោះទេ។ ក្រោយមកខ្ញុំ ក៏បានដឹងថារូបភាពទាំងនោះអាចផ្តិតជាប់ទាំងស្រុងដោយប្រើកាមេរ៉ា ប៉ុន្តែជាអកុសលគ្រួសាររបស់ខ្ញុំមិនមានលទ្ធភាពសម្រាប់វាទេ។
ខ្ញុំក៏បានបោះបង់និងជីកកប់ចំណង់ចំណូលចិត្តនោះចោល ប៉ុន្តែចិត្តរបស់ខ្ញុំតែងតែស្រមៃដល់វាជានិច្ច។ ឈានដល់វ័យកណ្តាល ខ្ញុំបានសម្រេចចិត្តចេញរួមដំណើរជាមួយអ្នកថតរូបអាជីពដែលខ្ញុំស្គាល់ ដើម្បីទទួលបានបទពិសោធន៍ពីពួកគេ ហើយខ្ញុំរៀនពីពួកគេជាច្រើន ប៉ុន្តែគ្រួសាររបស់ខ្ញុំមិនគាំទ្ររាល់ទង្វើរទាំងនោះទេ ដែលជាហេតុធ្វើអោយខ្ញុំបាក់ទឹកចិត្តជាខ្លាំង រួមទាំងការខ្វះខាតឧបករណ៍ផងដែរ។
ទោះបីជាយ៉ាងណា ក៍ខ្ញុំមិនបោះបង់ដែរ ខ្ញុំបានចួលរួមសិក្ខាសាលា និងរៀនវគ្គខ្លីៗជាច្រើនដោយមិនអោយពួកគាត់ដឹង។ រហូតមកដល់ថ្ងៃនេះ ខ្ញុំមានបទពិសោធន៍មួយចំនួនអំពីការថតរូបប្រភេទ Landscape និង Portrait បែប outdoor ហើយខ្ញុំមានមោទនភាពចំពោះខ្លួនឯងដែលអាចធ្វើវាបាន។
រីឯការថតក្នុង studio វិញគឺថាមិនទាន់ចេះសោះឡើយ ប៉ុន្តែខ្ញុំសង្ឃឹមថានឹងមានឱកាសថ្ងៃណាមួយ។ ខ្ញុំបានផលិតរូបភាពជាច្រើន និងវីដេអូមួយចំនួនផងដែរដោយប្រើទូរសព័្ទដៃ និងកាមេរ៉ាឌីជីថល រួមទាំងបានចូលរូមប្រកួតកម្មវិធីជាច្រើនកន្លងមក។
រូបភាពដែលបានផលិតហើយមកនោះ ខ្ញុំបានដាក់អោយប្រើប្រាស់ដោយសេរីនៅលើបណ្តាញសង្គម Facebook និង Instagram វាបានធ្វើអោយខ្ញុំរំភើបជាខ្លាំងនៅពេលដែលគេបានយកទៅប្រើប្រាស់ ព្រោះវាបានបញ្ជាក់ថាយ៉ាងហោចណាស់ ក៍មានមនុស្សមួយចំនួនបានទទួលស្គាល់ស្នាដៃរបស់ខ្ញុំ។
នេះជាផ្នែកមួយនៃការជំរុញទឹកចិត្តយ៉ាងមាំមួន។ កាលពីពេលថ្មីៗនេះក្នុងដើមឆ្នាំ២០២០ ខ្ញុំបានចូលបម្រើការក្នុងក្រុមហ៊ុនឯកជនមួយដោយមិនអោយគ្រួសារបានជ្រាបដំណឹងឡើយ ដែលធ្វើជាផ្នែកថតរូប និងវីដេអូបានមួយរយៈ ក៍សម្រេចចិត្តលាលែង ពីព្រោះតែជួបឧបសគ្គច្រើនថែមទាំងខ្វះខាតពេលវេលាផងដែរ បន្ថែមពីនេះផងដែរខ្ញុំក៍ទទួលបានបទពិសោធន៍ការងារ ក្នុងការបម្រើការងារជាផ្នែកថតផងដែរ។
ដោយសារតែបទពិសោធន៍ដែលទទួលបានដោយការលាក់លៀមនោះហើយ ទើបធ្វើឲ្យខ្ញុំមានសម្ថភាពអាចបម្រើការងារក្នុងក្រុមហ៊ុនបានរហូតទទួលបានកម្រៃខ្លះ និងបានធ្វើឲ្យមនុស្សមួយចំនួនទទួលស្គាល់ស្នាដៃរបស់ខ្ញុំ ក្នុងការថតរូបទៀតផង។
សរុបមកបទពិសោធន៍ពិតជាមានសារៈសំខាន់ខ្លាំងសម្រាប់ឆាកជីវិតទាំងមូលយ៉ាងពិតប្រាកដ។ ដូច្នេះអ្វីដែលខ្ញុំចង់ផ្តាំផ្ញើរដល់អ្នកទាំងអស់ដែលកំពុងអានអត្ថបទនេះ គឺចង់ផ្តោតទៅលើការខិតខំប្រឹងប្រែងតស៊ូ សម្រេចនូវគោលបំណងដែលបានប៉ងកន្លងមក ទោះបីជាមានឧបសគ្គរារាំងយ៉ាងណាក៍ដោយក៍ត្រូវតែពុះពារឈានទៅរកវាឲ្យខានតែបាន។
ជាពិសេសនោះ គឺត្រូវខិតខំស្វែងរកបទពិសោធន៍ថ្មីៗដាក់ក្នុងខ្លួនឲ្យបានច្រើន ដើម្បីអោយជីវិតកាន់តែមានភាពជោគជ័យបន្ថែមទៀត។
ជាចុងក្រោយខ្ញុំចង់លើកទឹកចិត្តអោយអ្នកទាំងអស់គ្នា តស៊ូប្រឆាំងទៅនឹងវាសនា និងឧបសគ្គក្នុងឆាកជីវិត ទោះបីជាមានអ្វីមកវាយបំបាក់យើងក៍ដោយ ដូចជាបទពិសោធន៍របស់ខ្ញុំជាដើម។ បទពិសោធន៍ប្រៀបដូចជា អាវុធមុតដ៍ស្រួចដែលអាចកម្ទេចឧបសគ្គបានយ៉ាងងាយក្នុងមួយឆាកជីវិត៕