បទពិសោធន៍​គឺ​ជា​រឿងមួ​​យ​ ដែល​សម្រាប់​ខ្ញុំ​គឺ​ពិត​ជា​ពិបាក​យ៉ាង​ខ្លាំង​ក្នុង​ការ​ស្វែង​រក​វា​មក​ដាក់​ក្នុង​ខ្លួន​។ បទពិសោធន៍​ច្រើន ​ជីវិត​ប្រាកដ​ជា​មិន​សូវ​ជា​លំបាក​ ហើយ​ថែម​ទាំង​ទៅ​មុខ​បាន​យ៉ាង​រលូន​ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​​បើខ្វះ​ខាត​​បទពិសោធន៍​​វិញ​នោះ ​ឆាក​ជីវិត​គឺ​ពិត​ជា​ពោរពេញ​​ទៅ​ដោយ​ឧបសគ្គ​រាំង​ស្ទះ​គ្រប់​កិច្ចការ​។

វឌ្ឍនៈ​ វណ្ណសក្តិ

មិន​ថានរណា​ក៏​ដោយ​ អោយ​តែ​ជា​ភាវៈ​រស់​គ្រប់​ជាន់​ថ្នាក់​តែង​តែ​ត្រូវ​ការ​បទពិសោធន៍​ យក​មក​ធ្វើ​ជាស្ពាន​ដើម្បី​ ចម្លង​ខ្លួន​ឯង​អោយ​មាន​ជីវិត​រស់រាន​។​ ហើយ​ចំពោះ​ខ្ញុំ​ផ្ទាល់ ​ក៏ត្រូវ​ការ​បទពិសោធន៍​យ៉ាង​ច្រើន​ផង​ដែរ​ ហើយ​អ្វី​ដែល​ជា​បទ​ពិសោធន៍​ដែល​ខ្ញុំ​លើក​មក​និយាយ​ក្នុងនេះ​គឺ​ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ថតរូប​និង​ផលិត​វីដេអូ​ ដែលជា​ចំណង់ចំណូលចិត្ត​របស់​ខ្ញុំ​តាំង​ពី​កុមារភាព​ឯណោះ​។​

ឆ្លងកាត់ពេលវេលាជាច្រើនមក តាំងពីកុមារភាពរហូតដល់ពេញវ័យ ចំណង់ចំណូលចិត្តរបស់ខ្ញុំនៅតែដិតដាមជាប់ក្នុងបេះដូង រហូតបង្កើតបានជាសុបិនមួយសម្រាប់ថ្ងៃអនាគត ហើយនោះគឺជាការផលិតរូបភាពនិងវីដេអូសម្រាប់​អប់រំ​ដល់​ មនុស្ស​ជំនាន់​ក្រោយ​និង​បច្ចុប្បន្ន​។

ហេតុផល​ដែល​នៅ​ពី​ក្រោយ​ចំណង់ចំណូល​ចិត្ត​នោះ​គឺ​ កាល​វ័យ​កុមារភាព​ខ្ញុំ​បាន​ប្រទះ​នឹង​រូបភាព​ស្អាតៗ​ ជា​ច្រើន ​ហើយ​ខ្ញុំ​ចង់​ធ្វើ​ការ​ចង​ចាំ​រូប​ភាព​ទាំងនោះ​ក្នុង​ខួរក្បាល​របស់​ខ្ញុំ​ ប៉ុន្តែ​វា​មិន​​អាច​ទៅ​រួច​ទាំង​អស់​នោះ​ទេ​ រូបភាព​ជា​ច្រើន​បាន​រលុប​បាត់​ពី​ការ​ចង​ចាំ​របស់​ខ្ញុំ​បន្តិចម្តងៗ​ ទោះ​​បីជា​​ខំ​ក្រើន​​រំលឹក​នឹក​ស្រមៃ​ដល់​រូបភាព​នោះ​ក៏​ដោយ​​។

​ខ្ញុំ​បានស្វែង​រក​វិធី​ផ្សេង​ទៀត​មក​ជំនួយ​ ​​ដោយ​ខ្ញុំ​បាន​ធ្វើ​ការ​គូស​វាស​ជា​រូប​ភាព​ ប៉ុន្តែ​វា​គ្មាន​ប្រសិទ្ធ​ភាព​ទាំង​ស្រុង​នោះ​ទេ​​។ ក្រោយ​មក​ខ្ញុំ​ ក៏​​​បាន​ដឹង​ថា​រូបភាព​ទាំង​នោះ​អាច​ផ្តិត​ជាប់​ទាំង​ស្រុង​ដោយ​ប្រើកាមេរ៉ា​ ប៉ុន្តែ​ជា​អកុសល​គ្រួសារ​របស់​ខ្ញុំ​មិន​មាន​លទ្ធភាព​សម្រាប់​វា​ទេ​​។

​ខ្ញុំ​ក៏បាន​បោះបង់និង​​ជីកកប់​ចំណង់ចំណូលចិត្ត​នោះ​ចោល​ ​ប៉ុន្តែ​ចិត្ត​របស់​ខ្ញុំ​តែង​តែ​ស្រមៃ​ដល់​វា​ជានិច្ច​។ ឈានដល់វ័យ​កណ្តាល ​ខ្ញុំ​បាន​សម្រេច​ចិត្ត​ចេញ​រួម​ដំណើរ​ជាមួយ​អ្នក​ថត​រូប​អាជីព​ដែល​ខ្ញុំ​ស្គាល់ ​ដើម្បី​ទទួល​បាន​បទពិសោធន៍​ពី​ពួក​គេ​ ហើយ​​ខ្ញុំ​រៀន​ពី​ពួក​គេ​ជា​ច្រើន​ ប៉ុន្តែ​​គ្រួសារ​របស់​ខ្ញុំ​មិន​គាំទ្រ​រាល់​ទង្វើរ​ទាំង​នោះ​ទេ​ ដែល​ជា​ហេតុ​ធ្វើ​អោយ​ខ្ញុំ​បាក់​ទឹកចិត្ត​ជា​ខ្លាំង​ រួម​ទាំង​ការ​ខ្វះខាត​ឧបករណ៍​ផង​ដែរ​។​

ទោះបី​ជា​យ៉ាង​ណា​ ក៍​ខ្ញុំ​មិន​បោះបង់​ដែរ​ ខ្ញុំ​បាន​ចួលរួម​សិក្ខាសាលា​ និង​រៀន​វគ្គខ្លីៗ​ជាច្រើន​ដោយ​មិន​អោយ​ពួក​គាត់​ដឹង​។ រហូត​មក​ដល់​ថ្ងៃ​នេះ ​​ខ្ញុំ​មាន​បទពិសោធន៍​មួយ​ចំនួន​អំពី​ការ​ថត​រូប​ប្រភេទ​ Landscape​ និង​ Portrait បែប​ outdoor ហើយ​ខ្ញុំ​មាន​មោទនភាព​ចំពោះ​ខ្លួន​ឯង​​ដែល​អាច​ធ្វើ​វា​បាន។​

រីឯ​ការ​ថត​ក្នុង​ studio វិញ​គឺ​ថា​មិន​ទាន់​ចេះ​សោះ​​ឡើយ​ ប៉ុន្តែ​ខ្ញុំ​សង្ឃឹម​ថា​នឹង​មាន​ឱកាស​ថ្ងៃ​ណា​មួយ​។​ ខ្ញុំ​បាន​ផលិត​រូបភាព​ជា​ច្រើន​ និង​វីដេអូ​មួយ​ចំនួន​ផង​ដែរ​ដោយ​ប្រើ​ទូរសព័្ទ​ដៃ ​និង​កាមេរ៉ា​ឌីជីថល​ រួម​ទាំង​បាន​ចូលរូមប្រកួត​កម្មវិ​ធី​ជា​ច្រើន​កន្លង​​មក។

រូបភាព​ដែល​បាន​ផលិត​ហើយ​មក​នោះ ​ខ្ញុំ​បាន​ដាក់​អោយ​ប្រើប្រាស់​ដោយ​សេរី​នៅ​លើ​បណ្តាញ​សង្គម​ Facebook និង​ Instagram វា​បាន​ធ្វើ​អោយ​ខ្ញុំ​រំភើប​ជា​ខ្លាំង​នៅ​ពេល​ដែល​គេ​បាន​យក​ទៅ​ប្រើប្រាស់​​ ព្រោះ​វា​បាន​បញ្ជាក់​ថាយ៉ាង​ហោច​ណាស់​​ ក៍​​មាន​មនុស្ស​មួយ​ចំនួន​បាន​ទទួល​ស្គាល់​ស្នាដៃ​របស់​ខ្ញុំ។

នេះ​ជា​ផ្នែក​មួយ​នៃ​ការ​ជំរុញ​ទឹក​ចិត្តយ៉ាង​មាំមួន​។​ កាល​ពី​ពេល​ថ្មី​ៗ​នេះ​ក្នុងដើម​​ឆ្នាំ​២០២០​ ខ្ញុំ​បាន​ចូល​បម្រើ​ការ​ក្នុង​ក្រុមហ៊ុនឯកជន​មួយដោយ​មិន​អោយ​គ្រួសារ​បាន​ជ្រាប​ដំណឹង​ឡើយ​​ ដែលធ្វើ​​ជា​​ផ្នែក​ថតរូប ​និង​វីដេអូ​បាន​មួយ​រយៈ ក៍សម្រេច​ចិត្ត​លាលែង ​​ពីព្រោះ​តែ​ជួប​ឧបសគ្គ​ច្រើន​ថែម​​ទាំង​ខ្វះ​ខាត​ពេល​វេលា​ផង​ដែរ​ បន្ថែម​ពី​នេះ​ផង​ដែរ​ខ្ញុំ​ក៍​ទទួល​បានបទពិសោធន៍​​​​ការងារ​ ក្នុង​ការ​បម្រើ​ការ​ងារ​ជា​ផ្នែក​ថត​ផង​ដែរ​។​

ដោយ​សារ​តែ​បទពិសោធន៍​ដែល​ទទួល​បាន​ដោយ​ការ​លាក់​លៀម​នោះ​ហើយ​ ទើប​ធ្វើ​ឲ្យ​ខ្ញុំ​មាន​សម្ថភាព​អាច​បម្រើ​ការងារ​ក្នុង​ក្រុមហ៊ុនបាន​រហូត​ទទួល​បាន​កម្រៃ​ខ្លះ​ និង​បាន​ធ្វើ​ឲ្យ​មនុស្ស​មួយ​ចំនួន​ទទួល​ស្គាល់​ស្នាដៃ​របស់​ខ្ញុំ​ ក្នុង​ការ​ថតរូប​ទៀត​ផង។​

សរុប​មក​បទពិសោធន៍​​ពិត​ជា​មាន​សារៈ​សំខាន់​ខ្លាំង​សម្រាប់​ឆាក​ជីវិត​ទាំង​មូល​យ៉ាង​ពិត​ប្រាកដ​។​ ដូច្នេះ​អ្វី​ដែល​ខ្ញុំ​ចង់​ផ្តាំ​ផ្ញើរ​ដល់​អ្នក​​ទាំង​អស់​ដែល​កំពុង​អាន​អត្ថបទ​នេះ​ គឺ​ចង់​ផ្តោត​ទៅ​លើ​ការ​ខិត​ខំ​ប្រឹង​ប្រែង​តស៊ូ​ សម្រេច​នូវ​គោល​បំណង​ដែល​បាន​ប៉ង​កន្លង​មក​ ទោះ​បីជា​មាន​ឧបសគ្គរារាំង​យ៉ាង​ណា​ក៍​ដោយ​ក៍​ត្រូវ​តែ​ពុះ​ពារ​ឈាន​ទៅ​រក​វា​ឲ្យ​​ខានតែ​បាន​។​

ជា​ពិសេស​នោះ​ ​គឺ​ត្រូវ​​ខិត​ខំ​ស្វែង​រក​បទពិសោធន៍​ថ្មី​ៗ​ដាក់​ក្នុង​​ខ្លួន​ឲ្យ​បាន​ច្រើន​ ដើម្បី​អោយ​ជីវិត​កាន់​តែ​មាន​ភាព​ជោគ​ជ័យ​បន្ថែម​ទៀត​។​

ជា​ចុង​ក្រោយ​ខ្ញុំ​ចង់​លើក​ទឹក​ចិត្ត​អោយ​​អ្នក​ទាំង​អស់​គ្នា​ តស៊ូ​ប្រឆាំង​ទៅនឹង​វាសនា ​និង​ឧបសគ្គ​ក្នុង​ឆាក​ជីវិត​ ទោះ​បី​ជា​មាន​អ្វី​មក​វាយ​បំបាក់​យើង​ក៍​ដោយ​​ ដូច​ជា​បទពិសោធន៍​របស់​ខ្ញុំ​ជា​ដើម​។ បទពិសោធន៍​ប្រៀប​ដូច​ជា​ អាវុធ​មុតដ៍​​ស្រួច​ដែល​អាច​កម្ទេច​ឧបសគ្គ​បាន​យ៉ាង​ងាយ​ក្នុង​មួយ​ឆាក​ជីវិត​៕