ក្រោយជិត ១០ឆ្នាំបន្ទាប់ នេះជាលើកទី១ ដែលខ្ញុំបានឃើញរូបគំនូរ គូរដោយគាត់ម្ដងទៀត។

រូបគំនូរនេះ (រូបខាងលើ) ត្រូវបានគូរដោយជីតាខ្ញុំ (គាត់ជាបងបង្កើតរបស់យាយ) ហើយគាត់ជាមនុស្សម្នាក់ ដែលមានទេពកោសល្អខាងគំនូរ តែត្រូវបានលាក់កប់ចោល មិនតែប៉ុណ្ណោះ សៀវភៅជាភាសា មិនថាខ្មែរ ឬបាលី គាត់មើលបានទាំងអស់។

ឃើញហើយ ធ្វើឲ្យខ្ញុំនឹកដល់អនុសារពីមុន ដែលធ្លាប់រស់នៅជាមួយពួកគាត់យ៉ាងសុខដុមរមនា។ កាលពីក្មេង ពួកគាត់ជាគោលជំហរ ជាភាពកក់ក្ដៅ ជាអ្នកតែងនៅក្បែរខ្ញុំ និងជាអ្នកបង្រៀនខ្ញុំ។ ក្រោយចប់ថ្នាក់វិទ្យាល័យ ខ្ញុំបានឃ្លាតចាក បានមកផ្ទះតែពេលមានឱកាសម្ដងៗប៉ុណ្ណោះ។

មកដល់ពេលនេះ ពួកគាត់ចាស់ៗណាស់ហើយ! ពីតូច ខ្ញុំនៅជាមួយពួកគាត់ ចុះដល់ធំ ហេតុអីត្រូវទុកឲ្យពួកគាត់នៅឯកា?

ថ្ងៃខែឆ្នាំ ចេះតែកន្លងផុតទៅឥតឈប់ឈរ ក្រោយបាត់បង់តា (ប្ដីយាយ) ខ្ញុំដឹងខ្លួនយ៉ាងច្បាស់ថា យើងនឹងបាត់បង់មនុស្សល្អៗ ម្ដងមួយៗនៅថ្ងៃណាមួយ ដែលយើងមិនដឹងឡើយ។ ខ្ញុំធ្លាប់គិតថា ដល់ពេលមានជោគជ័យ ទើបមានឱកាសល្អ អាចជួបជុំជាមួយពួកគាត់ តែខ្ញុំគិតខុស និងបានត្រឹមតែការស្ដាយក្រោយ។

ក្នុងវេលាជំងឺកូវីដ-១៩ រាតត្បាតសាជាថ្មីនេះ ខ្ញុំសម្រេចចិត្តមកផ្ទះ។ មិនមែនខ្លាចទេ តែអាចធ្វើការងារអនឡាញពីទីនេះបាន ជាពិសេស ជាឱកាសល្អមួយ ដែលខ្ញុំអាចចំណាយពេលជាមួយគ្រួសារ។ ខ្ញុំមិនចង់ស្ដាយក្រោយ ដោយប្រើពាក្យថា «ចាំ» ទៀតទេ។ បើទោះស្ថានភាព នឹងល្អប្រសើរឡើងវិញ តែខ្ញុំនឹងចំណាយពេល សៅរ៍ អាទិត្យ សម្រាប់ពួកគាត់។

មែនទែនទៅ ចាស់ៗ គឺឯកោណាស់ ប៉ុន្ដែពួកគាត់ មិនដែលនិយាយចេញមកទេ ធ្វើរឿងល្អៗថ្ងៃនេះ កុំប្រើពាក្យ «ចាំ»។