បើទោះបីប្រទេសកម្ពុជាមានអ្នកកាន់ព្រះពុទ្ធសាសនារហូតទៅដល់ប្រមាណ ៩៥ភាគរយក៏ដោយ ជំនឿនៃការបន់ស្រន់លើរូបសំណាក់ ឬលើរឿងរាវអបិយជំនឿមួយចំនួននៅតែមានប្រជាប្រិយភាពសម្រាប់ប្រជាជនខ្មែរខ្លះ។ ទ្រឹស្តីព្រះពុទ្ធសាសនាបានបង្រៀនថា ជំនឿគ្មានហេតុផលអាចធ្វើឱ្យមនុស្សបាត់បង់សតិ និងបញ្ញា។
មួយរយៈចុងក្រោយនេះ ប្រទេសកម្ពុជាកំពុងប្រឈមនឹងវិបត្តិជំងឺកូវីដ១៩ ដែលក្រសួងសុខាភិបាលរួមជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស និងអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរអនុវត្តនូវវិធានការ ៣ការពារ និង៣កុំ ជាដើម ។
ក្រឡេកមើលប្រជាពលរដ្ឋខ្មែរមួយចំនួនខ្លះវិញ ហាក់ប្រងើយកន្តើយជាមួយនឹងវិធានការរបស់លោកនាយរដ្ឋមន្ត្រី ក៏ដូចជាក្រសួងសុខាភិបាល ដូចជា អុជធូបបន់ស្រន់សុំសេចក្ដីសុខនៅទីសាធារណៈ មកទទួលទឹកមន្តជារៀងរាលថ្ងៃសីលជាដើម។
កង្វះខាតនៃការចូលរួមរបស់ពលរដ្ឋខ្មែរ អាចធ្វើឱ្យវិបត្តិជំងឺកូវីដ១៩ កាន់តែរីកធំធាត់ឡើង ពីព្រោះអាចជួយអោយមានចម្លងមេរោគកូវីដ ១៩ ដោយសារមិនមានគម្លាតសង្គម។
ព្រះអង្គដងកើ គឺជាទីកន្លែងដ៏ពេញនិយមបំផុតសម្រាប់ប្រជាជនខ្មែរខ្លះក្នុងទីក្រុងភ្នំពេញ អញ្ជើញមកអុជធូបបន់ស្រន់ និងធ្វើអ្វីៗផ្សេងៗមួយចំនួនទៀត។
ក្នុងនាមខ្ញុំជាពលរដ្ឋខ្មែរមួយរូប ខ្ញុំគ្រាន់តែចង់ឱ្យប្រជាពលរដ្ឋខ្មែរទូទៅ ពិចារណាឱ្យបានល្អិតល្អន់ មុននឹងជឿទៅលើជំនឿអ្វីមួយ ដោយត្រូវឆ្លងកាត់បញ្ញារបស់យើងជាចាំបាច់ ព្រោះថាប្រសិនបើការជឿទាំងអស់នោះ ដោយមិនបានឆ្លងកាត់ខួរក្បាលរបស់យើងទេ វាអាចប្រែជំនឿទាំងអស់នោះទៅជាជំនឿដែលគ្មានហេតុផល៕