និយាយតាមបែបវិទ្យាសាស្ត្រ កោសិកាគ្រាប់ឈាម ក្នុងខ្លួនមនុស្ស ផ្សំពីសមាធាតុ ៤សំខាន់ៗគឺ ប្លាស្មា កោសិកាឈាមក្រហម កោសិកាឈាមស និងប្លាកែត។ ឈាម មានតួនាទី ដឹកនាំអុកស៊ីសែន និងសារធាតុចិញ្ចឹម បង្កើតឲ្យមានកំណកឈាម ដឹកនាំកាកសំណល់ទៅតម្រងនោម និងថ្លើម គ្រប់គ្រងសីតុណ្ហភាព ក្នុងរាងកាយជាដើម។

ជាទូទៅ កោសិកាគ្រាប់ឈាម អាចរស់បានជាមធ្យមក្នុងចន្លោះ ១២០ថ្ងៃ ឬ ៣ខែ ហើយកោសិកាឈាម នឹងត្រូវកកើតឡើងវិញ តាមរយៈការបរិភោគអាហារទ្រទ្រង់ផ្សេងៗប្រចាំថ្ងៃ។

បច្ចុប្បន្ន បើទោះជាមាន ការចូលរួមផ្ដល់ឈាម និងផ្សព្វផ្សាយពី ការផ្ដល់ឈាមបានច្រើនគួរសមហើយ ប៉ុន្ដែនៅតែឃើញមាន ការប្រកាសរកឈាមបន្ទាន់ជាហូរហែ។

ប្រជាពលរដ្ឋមួយភាគ មិនបានស្វែងយល់ឱ្យច្បាស់ពីការផ្ដល់ឈាម និងនៅតែបន្ដយល់ខុសថា ការផ្ដល់ឈាមមិនមែនជារឿងអាទិភាពចាំបាច់ ថែមទាំងមានទស្សនៈបន្លាចផ្សេងៗ ដែលមិនមែនជាការពិត ដូចជា ផ្ដល់ឈាមទៅប៉ះពាល់សុខភាព ជារឿងគួរខ្លាចជាដើម។

នេះក៏ដោយសារ ចំនួនអ្នកមានទម្លាប់ផ្ដល់ឈាម​នៅតិចតួច និងកម្រិតការយល់ដឹង និងស្វែងយល់ឱ្យច្បាស់ពីការបរិច្ចាគឈាម នៅមិនទាន់ទូលំទូលាយនៅឡើយ។

ការបរិច្ចាគឈាម ដោយស្ម័គ្រចិត្ត និងទៀងទាត់ ជារឿងដ៏ប្រសើរ និងគួរលើកទឹកចិត្ត។​​​ ដូចបានរៀបរាប់ខាងលើ ការផ្ដល់ឈាម គឺមិនប៉ះពាល់ដល់សុខភាពឡើយ ។ ដល់អាយុកាល កោសិកាគ្រាប់ឈាមនឹងងាប់ ហើយកកើតឡើងវិញ ដូចទៅនឹងការផ្ដល់ឈាម ផ្ដល់ហើយ ឈាមនឹងកកើតមកវិញ។

ហេតុអី យើងគួរបង្កើតទម្លាប់ផ្ដល់ឈាម និងបរិច្ចាគឈាមឱ្យបានទៀងទាត់?

ទឹកចិត្ត ជាអ្នកចូលរួមធ្វើអំពើល្អ និងចែករំលែកដល់សង្គម គឺគ្មានបំណងចង់បានការតបស្នងអីមកវិញឡើយ។ ប៉ុន្ដែជាការពិត បញ្ហាអាចកើតឡើងគ្រប់ពេល ដោយយើងមិនអាចដឹងមុនទាំងអស់ទេ ហើយការផ្ដល់ឈាមស្ម័គ្រចិត្ត និងទៀងទាត់ ប្រៀបដូចមានបណ្ណធានាមួយ ដែលយើងអាចជួយមនុស្សជុំវិញខ្លួន ពេលពួកគេត្រូវការ ឬមានបញ្ហាបានគ្រប់ពេល។

ក្នុងន័យនេះចង់និយាយថា ​កុំចាំតែពេលមានបញ្ហា ទើបរត់រកបងប្អូនឲ្យទៅផ្ដល់ឈាម ឬត្រូវប្រកាសរកឈាមជាបន្ទាន់ជាដើម!  និយាយឲ្យចំ ការផ្ដល់ឈាមស្ម័គ្រចិត្ត មានប្រយោជន៍ពេលយើងមានបញ្ហាបន្ទាន់ គឺអាចដោះដូរឈាម ពីមន្ទីរពេទ្យបានដោយគ្រាន់តែបង្ហាញកូនសៀវភៅការបរិច្ចាគឈាម។ នេះអាចកាត់បន្ថយ ឬបំបាត់អំពើលក់ដូរឈាមដោយអំពើពុករលួយ។

ឈាម ពិតជាអាចស្រោចស្រង់ជីវិតមនុស្សបាន!​ ផ្ដល់ឈាម គឺជាផ្នែកមួយ នៃការសង្គ្រោះជីវិតមនុស្ស។ ផ្ដល់ឈាម មិនប៉ះពាល់ដល់សុខភាពទេ! ពេលផ្ដល់ឈាម គ្រូពេទ្យនឹងត្រួតពិនិត្យសុខភាពជាមុនសិន បើសុខភាពប្រក្រតី ល្អគ្រប់លក្ខខណ្ឌ នោះយើងអាចបរិច្ចាគឈាមបាន។ បន្ទាប់ពីផ្ដល់ឈាម យើងក៏អាចដឹងពី លទ្ធផលធ្វើតេស្តឈាម លើមេរោគជាច្រើនប្រភេទ ដែលផ្ដល់ដោយមជ្ឈមណ្ឌលផ្ដល់ឈាម ជាសម្ងាត់។

មនុស្សភាគច្រើន អាចបរិច្ចាគឈាមបាន ប្រសិនបើយើងមានស្ថានភាពសុខភាពល្អ មានអាយុចន្លោះ១៨ ដល់ ៦៥ឆ្នាំ ទម្ងន់ ៥០ គីឡូឡើងទៅ (ស្ត្រីកំពុងពរពោះ ឬកំពុងបំបៅបោះកូន មិនទាន់អាចផ្ដល់ឈាមទេ)។ បុរសជាមធ្យមអាចផ្ដល់ឈាមរៀងរាល់ ៣ខែម្ដង ចំណែកស្ត្រី ៣​​ ទៅ ៥ខែម្ដង។

សូមចូលរួមបង្កើតទម្លាប់ធ្វើអំពើល្អ ចែករំលែកក្ដីស្រឡាញ់ ដោយផ្ដល់ឈាម ផ្ដល់ឈាម គឺផ្ដល់ជីវិត និងអាចធ្វើឱ្យចិត្តយើងស្រស់ថ្លា។ ចែករំលែកការផ្ដល់ឈាមរបស់អ្នក និងជួយជំរុញចិត្តអ្នកផ្សេងទៀត ឱ្យចាប់ផ្ដើមបង្កើតទម្លាប់ចូលរួមផ្ដល់ឈាម ដោយស្ម័គ្រចិត្ត៕