អក្សរ «ឝ» និង​ «ឞ‌» ជាតួព្យញ្ជនៈរាប់បញ្ចូលជាមួយព្យញ្ជនៈផ្សេងទៀត(ទាំង ៣៣តួ របស់ខ្មែរបច្ចុប្បន្ន)  ក្នុងការកត់ត្រាភាសាសំស្ក្រឹតនៅកម្ពុជាសម័យបុរាណ។

ភាសាសំស្ក្រឹត​ គឺជាភាសាមួយ ដែលគ្មាន​អក្សរដើម​សម្រាប់​កត់​ត្រា​​​ទេ។ ដូច្នេះដើម្បីសិក្សាភាសានេះ គេយកប្រព័ន្ធអក្សរផ្សេងមកកត់ត្រា ជាអាទិ៍ អក្សរទេវនាគរី (អក្សរមួយប្រភេទ ដែលគេនិយមកត់ត្រាភាសាសំស្ក្រឹតនៅប្រទេសឥណ្ឌា) អក្សរឡាតាំង ព្រមទាំងអក្សរខ្មែរជាដើម ។ល។

ក្នុងការកត់ត្រាភាសាសំស្ក្រឹតសម័យអតីតកាល ខ្មែរប្រើព្យញ្ជនៈលើសពីចំនួនព្យញ្ជនៈបច្ចុប្បន្នពីរតួគឺ ឞ និង ឝ (ឯកសារខ្លះថាមាន «ព្ន» ទៀត)។ «ឞ» ហៅថា ស-ប  និង «ឝ» ហៅថា ស-គ  ដែលមានសូរប្រហាក់ប្រហែស នឹង «ស» យើងប្រើសព្វថ្ងៃ ឬហៅថា ស-ល ភាគច្រើនសរសេរក្នុងភាសាសំស្រ្កឹត ឧទាហរណ៍៖ មនុឞ្យ ឝិឞ្យានុឝិឞ្យ បឝ្ចិម ព្រះឱឞ្ឋ ឦឝាន ឬ ភាឞា ជាដើម។ បច្ចុប្បន្នប្ដូរមកជា៖ មនុស្ស, សិស្សានុសិស្ស, បស្ចិម, ព្រះឱស្ឋ ឦសាន ឬភាសាវិញ។

ចំណែកវចនានុក្រម សម្ដេចព្រះសង្ឃរាជជួន ណាត ក៏បានបញ្ជាក់ប្រាប់ផងដែរថា «ពាក្យណា ដែលមានដើមកំណើតជាភាសាសំស្ក្រឹត ត្រូវប្រើអក្សរ ឝ និង ឞ នោះ យើងប្រើអក្សរ ស នេះ ជំនួសដូចគ្នាទាំងអស់ តាមទម្លាប់ ដែលខ្មែរប្រើក្លាយមកយូរហើយ ប៉ុន្ដែយើងបានដាក់ប្រាប់ក្នុងវង់ក្រចក () ជាតួ ឝ និង ឞ ឲ្យឃើញពិតតាមកំណើតដើម»។

អ្នកសិក្សាសិលាចារិកបានបញ្ជាក់ថា ព្យញ្ជនៈទាំងពីរខាងលើនេះ គេឃើញមានប្រើត្រឹមសតវត្សទី១៧ ហើយមកដល់ គ.ស. ១៧៤៧ គេមិនឃើញមានប្រើទៀតទេ។ ដោយគេប្រើតួអក្សរ «ស» តែមួយជំនួសទាំងអស់វិញ។

យោងតាមសៀវភៅ វេយ្យាករណ៍ភាសាខ្មែរ «Grammaire de la langue khmère» បោះពុម្ពក្នុងឆ្នាំ១៩១៥ លោកហ្ស៊ក ម៉ាស្ពេរ៉ូ (Georges Maspero) បានលើកឡើងអំពីប្រវត្តិសាស្ត្រអក្សរខ្មែរ ថាមានកំណើតមកពីឥណ្ឌាភាគខាងត្បូង ព្រមទាំងបង្ហាញតារាងការវិវឌ្ឍ នៃភាសាខ្មែរ ថាបានវិវឌ្ឍ ១០លើករួចមកហើយ (សូមអានសៀវភៅខាងលើ ដើម្បីស្វែងយល់បន្ថែម)។

បច្ចុប្បន្ន​អក្សរ​ ឝ ឞ‌ មិនមានរាប់បញ្ចូលក្នុងព្យញ្ជនៈផ្លូវការប្រើប្រាស់សព្វថ្ងៃឡើយ។ ប៉ុន្តែក៏នៅមានបញ្ចូលក្នុងក្ដារចុចខ្មែរយូនីកូដ និងក្ដារចុច google ជំនាន់ថ្មីសម្រាប់ទូរសព្ទទំនើប ដើម្បីងាយស្រួល ប្រើប្រាស់ឲ្យបានទូលំទូលាយ សម្រាប់ការសរសេរពាក្យសំស្ក្រឹតតាមសិលាចារិកបុរាណ និងសិក្សារៀនសូត្រ ឬហេតុផលលើសពីនេះទៀត។

នៅក្នុងក្ដារចុចខ្មែរយូនីកូដ ដើម្បីវាយព្យញ្ជនៈ «ឝ» ត្រូវប្រើគ្រាប់ចុច Alt ខាងស្ដាំ និងគ្រាប់ចុច K ហើយដើម្បីវាយ «ឞ» ត្រូវប្រើគ្រាប់ចុច Alt ខាងស្ដាំនិងគ្រាប់ចុច B។

សូមបញ្ជាក់ថា ការលើកឡើងខាងលើ គឺគ្រាន់ជាការចែករំលែកនូវអ្វីដែលបានដឹងដ៏តិចតួចស្ដួចស្ដើង មិនមែនជាការស្រាវជ្រាវជាក់លាក់អ្វីឡើយ ដើម្បីជាការបង្ហាញ ចៀសវាងអ្នកមិនបានដឹងអាចឆ្ងល់ ឬយល់ច្រឡំ ហើយនៅមានចំណុចផ្សេង ឬលក្ខណៈពិសេសរបស់ភាសាខ្មែរច្រើនទៀត ដែលអស់លោកអ្នកនាង នៅតែអាចសិក្សាស្រាវជ្រាវ តាមរយៈសៀវភៅរបស់អ្នកប្រាជ្ញទាំងជាតិ និងបរទេស ដែលបានបង្ហាញច្បាស់លាស់ក្នុងផ្នែកភាសាវិទ្យានេះ៕