មនុស្សភាគច្រើន តែងតែចំណាយពេលវេលាដ៏ច្រើនរបស់ខ្លួន​ក្នុងការប្រកបរបររកស៊ី ឬ​ធ្វើការជាដើម ហើយមិនសូវជាបានខ្វល់ខ្វាយ ឬខ្ជិលខ្វល់ខ្វាយអំពីសុខភាពរបស់ខ្លួន ដោយគិត​ថា​មាន​លុយគឺ​អាចក្តីសុខសម្រាប់រូបខ្លួន និងគ្រួសារបាន​ហើយ។

គំនិតមួយនេះភាគច្រើនកើតឡើងលើមនុស្សវ័យជំទង់ ឬក្រុ​ម​មនុស្ស​ដែល​មាន​អាយុ​ប្រមាណ​ជា​៣៥​ឆ្នាំ​ចុះក្រោម នៅពេលដែល​ពេញកម្លាំង​រកស៊ី និង​ធ្វើការ​រក​លុយ​ទុក​ដើម្បី​ត្រៀម​សម្រាប់​អនាគត​របស់​ខ្លួន​ឯង។

ការគិត ការយល់ឃើញ និងការសម្រេចចិត្តរបស់មនុស្សម្នាក់ៗ មិនមានអ្វីខុសនោះទេ ពីព្រោះ​វា​ជា​សិទ្ធិ​របស់​បុគ្គល ​ប៉ុន្តែ​បើ​យើង​ក្រឡេក​ទៅ​មើល​ក្នុង​មន្ទីរ​ពេទ្យ សួរ​ថា​ មា​​ន​មនុស្ស​ប៉ុន្មាន​នាក់​ដែល​កំពុ​ង​សម្រាក​ព្យាបាល​នៅ​លើ​គ្រែ​ពេទ្យ? តើពួកគាត់ចង់សម្រាក​ព្យាបាល​នៅ​លើ​គ្រែពេ​ទ្យ​ដែរ ឬទេ? តើមូលហេតុអ្វីបានជាពួគគាត់ត្រូវមកសម្រាកព្យាបាលបែបនេះ?

ខ្ញុំដឹងថាបងប្អូនភាគច្រើនប្រាកដ​ជា​ដឹង​ចម្លើយ​នូ​វ​សំណួរ​ទាំងអស់​នេះ ពីព្រោះ​គ្មាន​អ្នក​ណា​ម្នាក់​អាច​ជៀស​ផុត​ពី​ជំងឺ​នោះ​ទេ យ៉ាង​ហោច​ណាស់​ក៏​មាន​បងប្អូន​សាច់​ញាតិ​ម្នាក់​ធ្លាប់​ឈឺ​ផង​ដែរ​។ នៅ​ពេល​មនុស្ស​យើង​មិន​ទាន់​ឈឺ ឬ​មិន​ទាន់​មាន​ជំងឺ​ណាមួយ យើង​ប្រាកដ​ជា​មិន​ដឹង​ថា​វា​លំបាក​ប៉ុណ្ណា​នោះ​ទេ។ ចំពោះ​ខ្ញុំ ខ្ញុំ​ធ្លាប់​មាន​ប​ទ​ពិសោធន៍​ផ្ទាល់​​ខ្លួន ដែល​ខ្ញុំ​ឈឹ​អស់​រយៈពេល​ប្រមាណ​២​ឆ្នាំ។ ហើយ សួរ​ថា​ខ្ញុំ​ចង់​ឈឺ​ទេ? ខ្ញុំប្រាកដ៏ជាមិនចង់ទេ។ ចុះហេតុអ្វីបានជាខ្ញុំឈឺ? ខ្ញុំ​នឹង​ប្រាប់​អ្នក​អំពី​មូលហេតុ​របស់វា។

ក្នុងចុងឆ្នាំ២០១៧ ជាពេលវេលាមួយដ៏ជូរចត់ខ្លាំងបំផុតសម្រាប់ខ្ញុំ។ ខ្ញុំត្រូវបែកផ្លូវជាមួយគូ​ដណ្តឹងខ្ញុំ ខ្ញុំ​ត្រូវ​បរាជ័យ​រឿង​រក​ស៊ីអង្ករ ខ្ញុំត្រូវជំពាក់លុយគេ ជំពាក់លុយធនាគារ ខ្ញុំគ្មានការងារ គ្មាន​ប្រាក់​ចំណូល​អ្វី​បន្តិច​សោះ។ ប៉ុន្តែអ្វីដែលខ្ញុំនៅសល់គឺ «ជំនឿលើខ្លួន​ឯង» ជំនឿ​ដែល​ខ្ញុំ​ជឿថា​ខ្ញុំ​នឹង​អាច​ធ្វើ​ឱ្យ​ខ្លួន​ឯង​បានល្អប្រសើរឡើងវិញ អាចរកស៊ីនៅថ្ងៃណាមួយបានឡើងវិញ ទោះបី​ក្នុង​ខ្លួន​ពេល​នោះ​ ខ្ញុំ​គ្មាន​សូម្បី​តែមួយរៀល។

មុនពេលដែលខ្ញុំបានបែកជាមួយគូដណ្តឹងរបស់ខ្ញុំ គឺខ្ញុំ​នៅសល់តែទូរស័ព្ទ និង​ចិញ្ចៀន​មួយ​វង់​ដែល​នៅ​ជាប់​ដៃ។ ខ្ញុំបានយកវាទៅលក់បាន១០០ដុល្លារ​ដើម្បីអាចចាប់ផ្តើមអ្វីមួយថ្មីសម្រាប់ខ្លួនឯង។ នៅពេលនោះខ្ញុំបានឃើញមុខរបរមួយទើបតែបង្កើតថ្មីក្នុងស្រុកខ្មែរ​គឺ ផាសអេប (Passapp) ដែលជាកម្មវិធីរកអ្នកដំណើរតាមរយៈទូរសព្ទ័ដៃ។ ខ្ញុំបានគិត​យ៉ាងយូរ ថាខ្ញុំគួរធ្វើវាដែរ​ឬទេ? វា​សាកសមជាមួយខ្ញុំដែលនឹងត្រូវធ្វើវាដែរឬទេ? ប្រសិនបើអ្នកផ្ទះរបស់ខ្ញុំដឹងថាខ្ញុំធ្វើបែបនេះ តើពួកគាត់មានអារម្មណ៍យ៉ាងណា ក្នុងនាមខ្ញុំជាមនុស្សម្នាក់ធ្លាប់មានការងារល្អ និង​ធ្លាប់​រកស៊ី​ខ្លួន​ឯង​បែបនេះ?

នៅពេលនោះជាពេលដែលខ្ញុំកំពុងតែលំបាកខ្លាំងបំផុត ដែលមិនអាចប្រាប់អ្នកណាម្នាក់បានឡើយ ទាំងរឿងបរាជ័យការរកស៊ី ទាំងវិបត្តិហិរញ្ញវត្ថុ។ ខ្ញុំក៏បានសម្រេចចិត្តសុំជួលកង់បីឥណ្ឌាពីក្រុមហ៊ុន ផាស​អេប ប៉ុន្តែនៅពេលនោះខ្ញុំមិនមានលុយគ្រប់សម្រាប់​ជួលនោះទេ ដោយ​លក្ខខណ្ឌ​របស់​ក្រុមហ៊ុន តម្រូវឱ្យបង់ប្រាក់មុនមួយខែមុនចំនួន១៥០​ដុល្លារ និងប្រាក់កក់ចំនួន៤០ដុល្លារ។ ខ្ញុំ​រឹត​តែ​ពិបាកចិត្តបន្ថែមទៀត ហើយសួរខ្លួនឯងថា តើខ្ញុំគូរធ្វើបែបណា តើអ្នកណាអាចជួយខ្ញុំបាន ប្រសិន​បើ​ខ្ញុំ​ស្លាប់​ប្រហែល​ជារឿង​ទាំងអស់​នោះ​អាច​ល្អហើយ​មើល​ទៅ ព្រោះមិនចាំបាច់អំ​ពល់​ទុក្ខ​ដល់​អ្នក​ដទៃ​ទៀត។ អ្វីដែលបានកើតឡើងលើខ្ញុំទាំងអស់នេះវាបានធ្វើឱ្យខ្ញុំគិតច្រើនមែនទែន និង​ក្លាយ​ជា​មនុស្ស​ម្នាក់ដែលបាក់ទឹកចិត្តខ្លាំង ជួបបញ្ហាសឹងតែមិនគួរឱ្យជឿថាខ្ញុំធ្លាក់ខ្លួនដល់កម្រិតនេះសោះ។

ប៉ុន្តែវាហាក់ដូចជាសំណាងរបស់ខ្ញុំដែរ នៅពេលខ្ញុំទៅជួលកង់បីនៅក្រុមហ៊ុននោះ មាន​បងប្រុស​ម្នាក់​គាត់​បាន​យក​កង់​បី​ឥណ្ឌាដែល​គាត់ជួលទៅសងក្រុមហ៊ុនវិញ ដែល​ពេលនោះ​ក្រុមហ៊ុន​គឺ​នៅ​សល់​តែ​មួយ​គ្រឿង​ហ្នឹង​គត់។ ខ្ញុំមានលុយ១០០ដុល្លារក្នុងដៃ តែ​លក្ខខ​ណ្ឌ​ក្រុមហ៊ុន​កង់បី​តម្រូវ​ឱ្យ​បង់​១៩០​ដុល្លារ តើខ្ញុំគួរធ្វើបែបណា? ខ្ញុំបានព្យាយាមទាក់ទង​ទៅមនុស្សស្គាល់គ្នា ទាក់ទងទៅខ្ចីពួកម៉ាក់ ខ្ចីលុយបងប្អូន ប៉ុន្តែខ្ញុំមិនបានទទួលសូម្បីតែមួយរៀល។

ហ៊ឹម! ខ្ញុំមិនបានបោះបង់នោះទេ ប៉ុន្តែខ្ញុំបានព្យាយាមនិយាយទៅកាន់បងប្រុសម្នាក់ ដែល​ជា​អ្នក​មើល​ការខុសត្រូវ​នៅកន្លែងនោះ ដោយសុំអង្វរគាត់អស់រយៈពេលយ៉ាងយូរ ហើយ​គាត់​ក៏​បាន​ទាក់ទង​ទៅ​ម្ចាស់​ក្រុមហ៊ុន ដែលលទ្ធផលចុងក្រោយ គឺគាត់​អាច​សម្រួល​​ឱ្យ​ខ្ញុំ​បង់​លុយ​មួយ​អាទិត្យ​ម្តងៗ ដែលក្នុងមួយថ្ងៃថ្លៃជួល៥ដុល្លារ និងប្រាក់កក់៤០ដុល្លារ ហើយត្រូវតម្កល់​ឯកសារមួយចំនួន និងត្រូវការអ្នកធានាម្នាក់ ដែលជាគូ​ដណ្តឹងខ្ញុំ ​រស់នៅភ្នំពេញ។  

នៅថ្ងៃដំបូងដែលខ្ញុំចេញរត់កង់បីនោះ ខ្ញុំសប្បាយចិត្តមែនទែន ដែលខ្ញុំអាចរក​ប្រាក់​ចំណូល​បាន​ច្រើន​គួរ​សមដែរ និង​មិននឹកស្មានដល់ពីមុន។ ប៉ុន្តែចាប់តាំងពីខ្ញុំជួលកង់បីរួចមក ខ្ញុំមិន​ដែល​ប្រាប់​អ្នក​ណាផ្សេ​ងទៀតនោះទេ សូម្បីអ្នកផ្ទះរបស់ខ្ញុំ ខ្ញុំបានកុហកពួកគាត់ថា ខ្ញុំទៅធ្វើការ​នៅ​ខេត្ត​មួយ​រយៈពេល ពីព្រោះខ្ញុំមិនចង់ឱ្យអ្នកណាម្នាក់ដឹងនោះទេ ហើយខ្ញុំខ្លួនឯងពេលចេញរត់កង់បីដំបូងៗ ក៏មានអារម្មណ៍ខ្លាចៗ និងខ្មាសអៀនដែរ។

បានប្រមាណជា២ខែក្រោយមក ក៏ជិតដល់ថ្ងៃរៀបការរបស់ខ្ញុំ ទាំងដែល​ខ្ញុំ​គ្មាន​លុយ​សូម្បីតែ​បន្តិច​ជាប់​ខ្លួន។ ខ្ញុំបានព្យាយាមនិយាយជាមួយអ្នកផ្ទះ ដោយសូមអង្វរ និងនិយាយ​សុំខ្ចីលុយមួយចំនួន​រៀបការ​សិន ប៉ុន្តែអ្នកផ្ទះនិយាយមកវិញថាខ្ញុំនៅក្មេងណាស់​អាយុទើបតែ២៥ឆ្នាំហ្នឹង ចាំ​អាយុ​៣០​ជាង​ក៏គ្មានបញ្ហានោះដែរ។ នៅពេលគ្រួសាររបស់ខ្ញុំមិនព្រម ខ្ញុំក៏បាន​ទៅ​និយាយ​ជាមួយ​​គ្រួសារ​ខាង​ស្រី ថាខ្ញុំសូមពន្យាពេល២ឆ្នាំទៀតបានដែរឬទេ ពីព្រោះពេលនេះខ្ញុំកំពុងមានវិបត្តិហិរញ្ញវត្ថុ មិន​អាច​ដោះស្រាយ​បាន​ភ្លាមៗ​នោះទេ។ ដោយសភាពរបស់ខ្ញុំពេល​នោះ​គ្មានអ្វីសោះក្នុងដៃ ហើយ​​ជួប​បញ្ហា​បែប​នេះទៀ​ត ម្យ៉ាងទៀតមានអ្នកគ្រួសារផ្សេងដែលជាអ្នកស្គាល់គ្រួសារខាងស្រី ក៏គេ​បាន​ទាក់ទង​ឱ្យ​ប្អូន​ប្រុស​របស់​គេ  ដោយខ្ញុំទទួលបានចម្លើយវិញថា គឺមិនអាចពន្យា​ពេលបាននោះទេ ព្រោះ​មើល​ហុងស៊ុយល្អនៅឆ្នាំនេះ អញ្ចឹងមានតែផ្តាច់ពាក្យ។

ចាប់តាំងពីពេលនោះមក ខ្ញុំបានផ្តាច់ការទាក់ទងទាំងអស់ មិនថាពួកម៉ាក គ្រួសាររបស់ខ្ញុំ និងគ្រួសារ​អតីត​គូដណ្តឹង ហើយខ្ញុំចាប់ផ្តើមស្រងូតស្រងាត់ កើតទុក្ខម្នាក់ឯង រស់នៅម្នាក់ឯង ដោះស្រាយ​បញ្ហា​អ្វីៗ​ដោយ​ខ្លួន​ឯង ហើយគ្រប់ទីកន្លែងនៅក្នុងរាជធានីភ្នំពេញ សុទ្ធសឹងតែជាកន្លែងខ្ញុំអាចគេងបាន ពីព្រោះ​​ខ្ញុំមិនទាន់មានលុយជួលផ្ទះ ហើយម្យ៉ាងខ្ញុំតែម្នាក់ឯង ខ្ញុំកំពុង​ត្រូវការ​ដោះស្រាយ​បញ្ហា​ដែល​ខ្ញុំ​ប្រឈម ដូច្នេះខ្ញុំសម្រេចចិត្តយកការ៉ាស់សាំងធ្វើជាទីកន្លែង ហើយកង់បីធ្វើជាដំបូលស្នាក់នៅ ដោយគេងនៅក្នុងកង់បីឥណ្ឌានោះផ្ទាល់តែម្តង។ ព្រឹកឡើងខ្ញុំត្រូវភ្ញាក់ម៉ោង៤កន្លះ ដើម្បី​បាន​ចូល​ងូតទឹក​ក្នុង​បន្ទប់​ទឹក​នៅម៉ាតទំនិញនោះ ហើយម៉ោង១០ ឬ១១ យប់ទើបខ្ញុំមកកន្លែងគេងវិញ។

បទពិសោធន៍មួយនេះវាមិនអាក្រក់សម្រាប់ខ្ញុំនោះទេ ដោយវាបានបង្រៀនខ្ញុំឱ្យមើល​ឃើញ​មនុស្ស​មួយចំនួនទៀតដែលលំបាកជាងខ្ញុំ ដែលមានទាំងគេងក្រោមស្ពាន គេងលើស៊ីក្លូ គេងលើម៉ូតូ គេង​លើម៉ូតូកង់បី គេងនៅក្នុងម៉ាតលក់ដូរជាដើម។ នៅពេលនោះខ្ញុំពិតជាយល់នូវរស់ជាតិជីវិត ពីព្រោះ​មិនមែនមានតែយើងទេដែរលំបាក មនុស្សជាច្រើនទៀតដែលលំបាកជាងយើង អញ្ចឹងនៅ​ពេល​ដែល​ខ្ញុំ​ឃើញ​ចាស់ៗ សម្រាន្តនៅតាមផ្លូវ ខ្ញុំតែងតែទិញបាយ ឬនំប៉ាវជួនពួកគាត់ពិសារ ទោះបីជា​ខ្ញុំ​មិន​ទាន់​មាន​លទ្ធភាពសមរម្យសម្រាប់ខ្លួនឯងក៏ដោយ។

នៅកន្លែងដែលខ្ញុំចតកង់បីសម្រាប់គេងវិញ នៅទីនោះមានបងប្រុសម្នាក់វ័យប្រមាណ៣០ឆ្នាំ តែងតែមកគេងថ្ពោបមុខនៅលើតុនៅក្នុងម៉ាតទំនិញ២៤ម៉ោង ដែលរូវរាងរបស់គាត់ស្គមរីងរៃ ហើយមានស្ពាយកាបូបមួយជាប់ខ្លួនជានិច្ច។ ខ្ញុំចូលទៅទិញឥវ៉ាន់ និង​ទិញ​ទឹកដោះគោ ឬ​ចំណី​យក​ទៅ​ឱ្យគា​ត់​ពិសារ គាត់ពិតសប្បាយ និងអរគុណខ្ញុំខ្លាំងមែនទែន។

បើមើលទៅជីវភាពរបស់គាត់មិនមែនជាអ្នកធូរធារនោះទេ ហើយសឹងតែគ្មាន​អ្នកណាម្នាក់​ទៅ​និយាយ​លេងជាមួយគាត់ទៀតផង ប៉ុន្តែសម្រាប់ខ្ញុំ ខ្ញុំមិនដែលប្រកាន់ឋានៈ ឬតួនាទីអ្វីនោះទេ ហើយខ្ញុំជាមនុស្សម្នាក់ចូលចិត្តជួយមនុស្សជុំវិញខ្លួន ទៅតាមអ្វីដែលខ្ញុំអាចធ្វើទៅបាន។ ដូច្នេះ​ខ្ញុំតែងតែនិយាយលេងជាមួយគាត់ សឹងរាល់ថ្ងៃ ហើយខ្ញុំបានឃើញគាត់ក្អកកណ្តាសដែរ ប៉ុន្តែខ្ញុំមិនបានចាប់អារម្មណ៍អ្វីទាំងអស់។

អស់រយៈពេល​ប្រមាណកន្លះឆ្នាំក្រោយមក ខ្ញុំមានជីវភាពរៀងធូរធារឡើងវិញ ហើយ​ពេល​នោះពួ​ក​ម៉ាក់​ខ្ញុំបានព្យាយាមទាក់ទងខ្ញុំឱ្យទៅស្នាក់នៅជាមួយ​គាត់ ខ្ញុំក៏សម្រេចចិត្តទៅនៅជាមួយ ដោយ​ខ្ញុំ​គិត​ថា​វា​ក៏ដល់ពេលដែលខ្ញុំគួរមានកន្លែងមួយសមរម្យសម្រាប់​ស្នាក់នៅដែរ ប៉ុន្តែ​ខ្ញុំ​នៅ​តែ​មិន​ទាន់​ចង់​ត្រឡប់​ចូល​ផ្ទះ​វិ​ញទេ លុះត្រាតែខ្ញុំមានមុខរបរ និងឡានជិះផ្ទាល់ខ្លួនសិន។

ស្នាក់នៅជាមួយពួកម៉ាក មិនបានប៉ុន្មានខែ ខ្ញុំចាប់ផ្តើមមានអាការៈ ក្តៅខ្លួន ក្អក អស់កម្លាំង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ខ្ញុំព្យាយាមទៅពេទ្យពូមួយកន្លែង ទៅមួយកន្លែង ប៉ុន្តែនៅតែមិនបាត់សោះ រហូត​មាន​គេ​ប្រាប់​ថា ប្អូនសាកទៅពេទ្យរបេងពិនិត្យសិនទៅ ព្រោះអាការៈបែបហ្នឹងស្រដៀងជំងឺសួត។ ខ្ញុំក៏​បា​ន​ទៅ​ពេទ្យ​របេង ពេលនោះខ្ញុំពិតជាបានពិនិត្យឃើញមានមេរោគរបេងមែន ដោយមាន​ស្នាម​របួស​ត្រង់​សួត​របស់ខ្ញុំបន្តិច ហើយខ្ញុំមិននឹកស្មានដល់ថាជំងឺមួយនេះវាកើតលើរូបខ្ញុំ ទាំងគ្មាន​បងប្អូន​ណា​ម្នាក់​ធ្លាប់​មាន​ជំងឺនេះពីមុននោះទេ។

ទោះបីជាខ្ញុំឈឺ ខ្ញុំនៅតែព្យាយាមមិនប្រាប់អ្នកផ្ទះរបស់ខ្ញុំទេ ខ្លាចគាត់បារម្ភខ្លាំងពីខ្ញុំ ខ្ញុំព្យាយាម​ព្យាបាល​ខ្លួនឯង ទាំងការចាយវាយ និងអ្វីផ្សេងៗទៀត ហើយខ្ញុំគ្មានបានរកចំណូលអ្វីទាល់តែសោះ គឺគេង​សម្រាកនៅលើគ្រែតែម្តង។

ប៉ុន្តែនៅពេលនោះគ្រួសាររបស់ពួកម៉ាក​ដែលខ្ញុំស្នាក់នៅជាមួយបានជួយមើលថែរ​ខ្ញុំយ៉ាងល្អ​។ ចំពោះកង់បីដែលខ្ញុំជួលខាងក្រុមហ៊ុន ដែលខ្ញុំបង់លុយចោល ទុកកង់បីទំនេរ ២ទៅ៣ខែ ដោយគិតថា​នឹងត្រលប់ទៅរកស៊ីវិញ ប៉ុន្តែដោយសារការចំណាយច្រើន ហើយ​លុយ​ដែល​រក​បាន​សន្សំ​ពីមុនក៏ជិតអស់ ខ្ញុំក៏សម្រេចចិត្តប្រគល់ទៅឱ្យក្រុមហ៊ុនវិញ។

មួយរយៈពេលក្រោយមក ក្រុមហ៊ុនមួយជ្រើសរើសបុគ្គលិក ខ្ញុំក៏សម្រេចចិត្តដាក់ពាក្យធ្វើការវិញ ទាំងខ្លួននៅមិនទាន់ជាសះស្បើយ​នៅឡើយ ប៉ុន្តែដោយសារជីវភាព មិនអាចសម្រាក ឬ​ដេក​ស៊ី​បែប​នេះ​បាន​យូរទៀត ក៏ខ្ញុំសម្រេចចិត្តទៅធ្វើការនៅខេត្តមួយរយៈ​។

មិនបានប៉ុន្មាន ខ្ញុំជាមនុស្សម្នាក់នៅតែចង់រកស៊ី ខ្ញុំក៏​សម្រេចចិត្ត​បោះបង់​ការងារ​នៅ​ខេត្ត ហើយ​ម​ក​នៅ​ជាមួយ​បងប្អូនដែលជាអ្នកលក់ដូរនៅផ្សារដើមគរ។ ខ្ញុំ​ត្រូវ​ក្រោកម៉ោង​៣​ទាប​ភ្លឺដើម្បីលក់ដូរ។ សុខភាព​​របស់ខ្ញុំទើបតែជាសះស្បើយ ប៉ុន្តែមិនបានប៉ុន្មាន​ខែ​ផង ខ្ញុំចាប់ផ្តើមធ្វើទុកម្តងទៀត អាការៈ​ដូ​ច​លើក​មុនអញ្ចឹង ហើយក៏បានទៅពេទ្យពិនិត្យម្តងទៀត ឃើញថាមានរបួសនៅស្នាមចាស់ដដែល ព្រោះមកពីខ្ញុំធ្វើការខ្លាំងពេក ពេលខ្លះអត់ងងុយក៏មាន ដែលនេះជាលើកទី២សម្រាប់ខ្ញុំ ហើយ​ក៏​ជា​ដំណាក់កាល​មួយ​ព្យាបាល​យូរជាងមុនផងដែរ។

លើកនេះ ខ្ញុំគេងនៅពេទ្យតែម្នាក់ឯង ហើយក៏ជាដំណាក់កាលមួយដែលខ្ញុំគ្មានសល់អ្វីទៀតនោះដែរ ប៉ុន្តែដោយខ្ញុំជឿថា ថ្ងៃណាមួយខ្ញុំនឹងក្លាយជាមនុស្សរឹងមាំម្នាក់ ដែល​អាច​មាន​មុខ​របរ​មួយ​នៅ​ក្នុង​ដៃ​ផ្ទាល់​ខ្លួន។

គេងបណ្តើរ នឹកអ្នកផ្ទះបណ្តើរ ទឹកភ្នែកហូររលីងរលោងបណ្តើរ ក្នុងបន្ទប់តែម្នាក់ឯង អារម្មណ៍​ក្តុកក្តួល​ដែលគ្មានអ្នកណាម្នាក់អាចដឹងថាខ្ញុំគិតអ្វី ចង់បានអ្វីនោះទេ ហើយ​ទោះបី​ជា​គេង​ម្នាក់​ឯង​នៅក្នុងបន្ទប់មួយដ៏ស្ងាត់នៅក្នុងមន្ទីរពេទ្យ ក៏ខ្ញុំមិនប្រាប់អ្នកផ្ទះរបស់ខ្ញុំដែរ ព្រោះខ្ញុំមិនចង់ឱ្យ​ពួកគាត់​មក​លំបាក​ជាមួយ​ខ្ញុំ​នោះទេ​ ខ្ញុំតែងតែប្រាប់ខ្លួនឯងថា ខ្ញុំធំហើយ ខ្ញុំនឹងមើលថែរខ្លួនឯងឱ្យបានល្អ មិនឱ្យអ្នកទាំងអស់គ្នា អស់សង្ឃឹមនោះទេ។

ដោយសភាពខ្ញុំនៅក្នុងពេទ្យម្នាក់ឯងបែបនេះ បងប្អូនជីដូនមួយរបស់ខ្ញុំ បារម្ភខ្លាចខ្ញុំគិតខ្លី បានលួចប្រាប់អ្នកផ្ទះរបស់ខ្ញុំ ឱ្យពួកគាត់មកទទួយកខ្ញុំទៅផ្ទះវិញ។ ហើយនៅពេលមកដល់ផ្ទះ អារម្មណ៍នៅតែចង់ចាប់ផ្តើមរកស៊ីនៅពេលណាមួយដែលខ្លួនបានជាសះស្បើយ។ ហើយ​មកដល់ពេលនេះខ្ញុំក៏បានព្យាបាលនូវជំងឺរបេងសួតនោះជាសះស្បើយផងដែរ។

ជាចុងក្រោយអ្វីដែលខ្ញុំចង់ចែករំលែកទៅមនុស្សគ្រប់គ្នា ពិសេសយុវវ័យ គឺកុំខំរកលុយខ្លាំងពេក ត្រូវ​មានពេលគិតពីសុខភាពរបស់ខ្លួនឯងខ្លះផង នៅពេលយើងមិនទាន់ឈឺ យើងអាច​ចាយ​លុយ​នោះ​បាន តែដល់ពេលយើងឈឺ កុំសង្ឃឹមថាអាចចាយលុយនោះបានឱ្យសោះ ពីព្រោះ​ពេលយើង​ឈឺ​លុយ​ហូរ​ចេញ​ដូច​ទឹក​អញ្ចឹង ហើយពេលវេលារបស់មនុស្សម្នាក់ៗមាន២៤ម៉ោងដូចគ្នា ហេតុអ្វី​បាន​ជា​ដល់​ពេល​ចាស់ ឬឈឺ បានខំព្យាយាមក្រោកពីព្រឹកទៅហាត់ប្រាណ និងគិតគូរអំពីសុខភាព? ចុះ​ប្រសិនបើយើងហាត់ប្រាណតាំងពីក្មេង វាធ្វើឱ្យយើងមានរូបរាងស្អាត ហើយបានសុខភាពល្អទៀត បែបហ្នឹងអត់ល្អឬ? ដូច្នេះ «កុំចាំដល់ឈឺ បានស្តាយក្រោយ»។

ហើយខ្ញុំអរគុណនូវបទពិសោធន៏ជីវិតខ្លួនឯង ដែលធ្វើឱ្យខ្ញុំក្លាយជាមនុស្សម្នាក់រឹងមាំ ចេះស្រលាញ់​សុខភាព​ខ្លួនឯង ចេះស្រលាញ់ការអានសៀវភៅឡើងវិញ និង​អាច​មើល​ឃើញ​ផ្លូវថ្មី​សម្រាប់​ធ្វើ​ឱ្យ​ខ្លួន​ឯង​ពោរពេញដោយក្តីសុខបំផុត៕