ប្រទេសកម្ពុជាមានប្រជាជនសរុបប្រមាណ១៥លាននាក់ គិតត្រឹមឆ្នាំ២០១៩។ បើយោងតាមការអង្កេតលើប្រជាជននៅឆ្នាំ២០១៣របស់វិទ្យាស្ថានស្ថិតិជាតិ ប្រជាជនចំនួន ៩៧.៩ ភាគរយ កាន់ព្រះពុទ្ធសាសនា ហើយបើយោងតាមក្រសួងធម្មការ និងសាសនា ស្ទើរតែទាំងអស់នៃពួកគេកាន់ពុទ្ធសាសនាបែបហីនយាន។
ដូចដែលយើងបានដឹងហើយថា ស្ថានភាពប្រទេសកម្ពុជាក្នុងពេលបច្ចុប្បន្ននេះ កំពុងរងគ្រោះដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងសហគមន៍ជាលើកទី៣ ដែលរាជរដ្ឋាភិបាលកម្ពុជាហៅថា «ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ»។ ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ មានចំនួនអ្នកឆ្លងកើនឡើងខ្លាំងជាងការផ្ទុះក្នុងសហគមន៍លើកមុនៗ ដូច្នេះហើយតម្រូវឱ្យប្រជាពលរដ្ឋកម្ពុជាចាំបាច់ត្រូវយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នឱ្យបានខ្ពស់។
ក្រោយពេលផ្ទុះឡើងនៃព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈមក រាជរដ្ឋាភិបាលបានដាក់ចេញវិធានការមួយចំនួនដូចជា៣ការពារ និង៣កុំ ជាដើម ដើម្បីឱ្យប្រជាពលរដ្ឋរបស់ខ្លួនអនុវត្តប្រចាំថ្ងៃក្នុងការកាត់បន្ថយ និងលុបបំបាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍ ២០កុម្ភៈពីប្រទេសកម្ពុជា។
ផ្ទុយទៅវិញ បើទោះបីជាមានការដាក់ចេញនៅវិធានការមួយចំនួនខ្លះហើយក៏ពិតមែន ក៏ប្រជាពលរដ្ឋខ្មែរមួយចំនួនហាក់មិនសូវយកចិត្តទុកដាក់ទៅនឹងវិធានការទាំងអស់នោះប៉ុន្មានឡើយ ដោយពួកគាត់នៅតែមានការប្រមូលផ្តុំ និងជួបជុំគ្នាធម្មតា។
ជាក់ស្តែងពុទ្ធសាសនិកកម្ពុជាខ្លះ ហាក់មិនងាយបោះបង់ចោលទំនៀមទម្លាប់ប្រពៃណីជាតិរបស់ខ្លួន ដូចជាការប្រារព្ធពិធីបុណ្យសពជាដើម។ ប្រជាពលរដ្ឋកម្ពុជាមួយចំនួននៅតែប្រារព្ធកម្មវិធីបុណ្យនេះជាធម្មតានៅតាមតំបន់ខ្លះ ក៏ព្រោះតែទំនៀមទម្លាប់នេះបានដក់ជាប់នៅក្នុងអារម្មណ៍របស់ប្រជាពលរដ្ឋខ្មែរភាគច្រើនទៅហើយ ជាហេតុធ្វើឱ្យពុទ្ធសាសនិកខ្មែរពិបាកនឹងកាត់បន្ថយទោះដឹងថាស្ថានភាពប្រទេសកម្ពុជាបច្ចុប្បន្នកំពុងជួបវិបត្តិការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងសហគមន៍យ៉ាងណាក្ដី។
គួរំឮកដែលថា គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី២៥ ខែមីនា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ នៅក្នុងប្រទេសកម្ពុជាសរុបប្រមាណ ១,៨៧២នាក់ អ្នកបានព្យាបាលជាសះស្បើយមានចំនួន១,០៥៦នាក់ អ្នកកំពុងសម្រាកព្យាបាលមានចំនួន៨០៩នាក់ និងអ្នកស្លាប់ចំនួន៧នាក់។ នេះបើតាមការចេញផ្សាយរបស់ក្រសួងសុខាភិបាលកម្ពុជា៕