សម្រាប់អ្នកទេសចរ និងប្រជាជនរស់នៅរាជធានីភ្នំពេញ ប្រាកដណាស់ថា មិនអាចរំលង ការចូលទស្សនា ឬតែងបានមកលំហែនៅតំបន់រាជវាំងប្រវត្តិសាស្ត្រ ព្រមទាំងជាទីសក្ការៈបូជាមួយនាទីប្រសព្វនៃច្រាំងទន្លេបួនមុខ មានមេគង្គលើ មេគង្គក្រោម ទន្លេសាប និងទន្លេបាសាក់ ដែលជាកន្លែងប្រជុំតំបន់សេដ្ឋកិច្ច វប្បធម៌ ប្រវត្តិសាស្រ្ត និងជាទីក្រុងប្រមូលផ្ដុំធំជាងគេនៅកម្ពុជា។
ប្រសិនបើអ្នកធ្លាប់បានចូលទស្សនាព្រះបរមរាជវាំងខ្មែរ ឬនាមហៅជាផ្លូវការថា ព្រះបរមរាជវាំងចតុមុខស្រីមង្គលមហានគរ អ្នកប្រហែលអាចប្រទះភ្នែកនឹងរាជដំណាក់មួយ ដែលមានទម្រង់រចនាប័ទ្មប្លែកគេ ដោយសង់ឡើងអំពីលោហធាតុប្រៀបបាននឹង កូនវីឡារាងតូចច្រឡឹងពណ៌សស្រអាប់ មានពីរថ្នាក់ រំលេចជាក្បាច់រចនា ស្រដៀងគ្នាលើក្រោម និងអមលម្អរដោយដំបូលនាឡិកា និងកំពូលប៉មកណ្ដឹងនៅខាងលើបង្អស់នៃវិមាន ដែលដំណាក់មួយនេះ សង់ឈរតាំងពីមុខប្រាសាទពណ៌មាសទ្រវែងមួយ មានលម្អរហោជាង ជាច្រកទ្វារអមសងខាង មើលទៅពិតជាស្អាតប្លែក និងទីចាប់អារម្មណ៍ ក្នុងចំណោមស្ថាបត្យកម្មផ្សេងៗទៀតនៃរាជវាំងសម្រាប់ក្រុមអ្នកទេសចរ ហើយសំណង់ប្លែកគេនោះ គឺវិមានណាប៉ូឡេអុង ទី៣។
ឯកសារយោង ពីសៀវភៅ Le Palais du Roi du Cambodge និពន្ធដោយលោក Julio A. Jeldres បានរៀបរាប់ថា Pavillon Napoléon(ប៉ាវីយ៉ុងណាប៉ូឡេអុង) អាចហៅម្យ៉ាងទៀតថា Pavillon de Suez (ប៉ាវីយ៉ុងដឺស៊ុយអេ) ឬវិមានណាប៉ូឡេអុងទី៣ គឺជាព្រះរាជដំណាក់ ត្រូវបានសាងសង់ឡើងក្នុងឆ្នាំ ១៨៦៩ សម្រាប់ព្រះរាជនី Eugénie ជាព្រះរាជអគ្គមហេសី របស់អធិរាជ ណាប៉ូលេអុងទី៣ នៅពេលទ្រង់បានយាងព្រះរាជដំណើរទៅសម្ពោធ ព្រែកជីកស៊ុយអេ។
គ្រាបន្ទាប់មក អធិរាជណាប៉ូលេអុងទី៣ ក៏បានប្រទាន ទីន័ង Pavillon Napoléon មកដល់ព្រះបាទ នរោត្តម ជាព្រះរាជអំណោយមិត្តភាពអនុស្សាវរីយ៍ នាឆ្នាំ១៨៧៦ និងត្រូវបានរុះរើសចេញពីតំបន់ Ismailai នៃប្រទេសអេហ្ស៊ីប ដឹកតាមកប៉ាល់យកមកតម្រៀបសាងសង់សាជាថ្មី នៅព្រះរាជវាំងចតុម្មុខសិរីមង្គលមហានគរ រាជធានីភ្នំពេញ។
សម្រាប់និមិត្តសញ្ញា អក្សរ N រចនាតំណាងឲ្យ Napoléon ដែលលម្អលើផ្ទាំងកញ្ចក់ ក្នុងវិមាន គឺទុកនៅដដែល ពុំមានការផ្លាស់ប្តូរទេ ព្រោះសញ្ញានេះស៊ីគ្នានឹងព្រះនាមរបស់ហ្លួង នរោត្ដម ដែលផ្ដើមដោយអក្សរ N ផងដែរ៕