សមាជិកគណបក្សភ្លើងទៀនមួយរូប នៅរាជធានីភ្នំពេញ ត្រូវបានជនមិនស្គាល់មុខ ២នាក់ ប្រើអំពើហិង្សាវាយដោយដំបង​ដែកបង្កឱ្យមានស្នាមរបួសត្រង់ដៃខាងឆ្វេង។

លោក ឃុន ស៊ីថា អាយុ៤៧ឆ្នាំ មានតួនាទីជា​សន្តិសុខ​យាម នៅទីស្នាក់​ការ​គណបក្ស​ភ្លើង​ទៀន​នៅ​រាជធានីភ្នំពេញ និយាយ​ថា កាលពីថ្ងៃទី១៣ ខែ​ឧសភា នៅតាម​ដងផ្លូវ​ទៅ​ផ្ទះ​របស់​លោក​ត្រង់​ចំណុច​ស្តុប​លូប្រាំ លើផ្លូវវេងស្រេង សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ មាន​ជនដៃដល់ចំនួន២នាក់ ជិះម៉ូតូម៉ាកឌ្រីម (Dream) ពាក់មួកការពារ ពាក់ម៉ាស់ខ្មៅ និងអាវយឺតខ្មៅទាំងពីរ បានជិះតាមពីក្រោយ​លោក​ រួចបាន​វាយ​លោក​ដោយ​ដែក​រលាស់​ត្រង់​ក្បាល​តែ​ចំមួក​ការ​ពារ​មួយ​​​លើក និង​វាយ​ត្រូ​វដៃខាងឆ្វេងចំនួន៣ដង ដែលបង្កឱ្យ​ដៃខាង​ឆ្វេង​របស់​លោក​មាន​ការ​ចុក​ចាប់​ហើម ហើយ​លោកក៏នៅមិនទាន់​អាចជិះម៉ូតូ​ទៅដាក់​ពាក្យ​បណ្ដឹង​ដោយ​ខ្លួន​ឯង​បាន​ផង​ដែរ។

លោក ស៊ីថា បានចាត់ទុកថា ករណីអំពើហិង្សានេះ មានជាប់ទាក់ទិនខាងនយោបាយ ដោយ​សំអាង​ថា លោក​មិនធ្លាប់មានគំនុំគុំកួន​ជាមួយ​នរណាម្នាក់នោះទេ។

លោក​ ស៊ីថា និយាយថា៖ «វានៅចុកចាប់ខ្លាំងដែរយប់មិញដេកអត់លក់សោះវានៅចាប់ខ្ទោកៗ នៅកន្លែងគល់សាច់ដុំហ្នឹងមួយ នៅកន្លែងកដៃយើងហ្នឹង២ដំបងនៅហ្នឹង ហើមស្ពីង»។

ជុំវិញការប្រើប្រាស់អំពើហិង្សានេះ លោក ឯម ភារី មេប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​​សង្កាត់​ស្ទឹង​មាន​ជ័យ​៣ មានប្រសាសន៍ថា លោកមិនទាន់ទទួលបានព័ត៌មានពីករណីនេះនៅឡើយទេ។ លោក​បន្តថា សមត្ថកិច្ចនឹងស្រាវជ្រាវរកជនល្មើសមកផ្ដន្ទាទោស ប្រសិនបើជន​រងគ្រោះ​មក​ដាក់​ពាក្យ​បណ្ដឹង។

លោក ភារី និយាយថា៖ «បើគាត់អត់ដាក់ពាក្យបណ្ដឹងយើងអត់ដឹងមូលហេតុអីផង បើគាត់ដាក់ពាក្យបណ្ដឹងទៅយើងនេះហើយ។ ករណីហិង្សា ករណីបង្ករបួសស្នាម ជនរងគ្រោះគាត់មានសិទ្ធិប្ដឹង យើងស្រាវជ្រាវតាមនីតិវិធី ពាក់ព័ន្ធនយោបាយអីគឺអត់ដឹងទេ»។

ចំណែក អ្នកនាំពាក្យសមាគមអាដហុក លោក ស៊ឹង សែនករុណា បានលើកឡើងថា ជន​ដៃ​ដល់ ដែល​វាយដំលើសកម្ម​ជន​គណបក្សភ្លើងទៀនរាប់សិបដងមកនេះ បាន​ធ្វើ​សកម្ម​ភាព​ក្នុង​ទម្រង់​ប្រហាក់​ប្រហែលគ្នា ដែលលោកយល់ថា អាចជាក្រុមមនុស្សតែមួយ។ លោក​បន្ថែមថា ជន​ល្មើសទំនងមិនរអាចំពោះចំណាត់ការច្បាប់នោះទេ ទើបពួក​គេហ៊ានប្រើប្រាស់​អំពើ​ហិង្សា​លើស​មាជិក​គណបក្សភ្លើងទៀនជាហូរហែបែបនេះ។

លោក ស៊ឹង សែនករុណា និយាយថា៖ «អ្នកប្រព្រឹត្តភាគច្រើនជាក្រុមមិនស្គាល់មុខជិះម៉ូតូម៉ាកក៏ស្រដៀងៗគ្នាដែរ ហើយវាយប្រើដែករលាស់គឺវាយដំចឹងទៅ ហើយអ្វីដែលជារូបភាពនៃការប្រើប្រាស់ហិង្សានេះហាក់បីដូចជាអត់មានខ្លាច អត់មានបារម្ភមានការចាប់ខ្លួនទេ ព្រោះមើលទៅឃើញថាធ្វើទាំងថ្ងៃ»។

ករណីដូចគ្នានេះដែរ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ នៅចំណុចបុរីអង្គរ ស្ថិតក្នុង​​ខណ្ឌ​​ទួល​​គោល លោក ធន ច័ន្ធថា ជាសមាជិកប្រតិបត្តិគណបក្សភ្លើងទៀន រាជធានីភ្នំពេញ ត្រូវ​បានជនមិនស្គាល់មុខដែលមានគ្នាចំនួន៤នាក់ ប្រើប្រាស់​​ហិ​​ង្សា​វាយដំមកលើក្បាល ដង​ខ្លួន​និង​ថ្គាម​សង​ខាង​ដោយ​ដេរ​សរុបទាំងអស់១២ថ្នេរ។

រយៈពេល៣ថ្ងៃក្រោយមានការវាយដំលើលោក ធន ច័ន្ធថា ដែល​ជា​សមាជិក​គណបក្ស​ភ្លើង​ទៀន សមាគម​ការ​ពារ​សិទ្ធិ​មនុស្សអាដហុក បានចេញសេចក្ដី​ថ្លែងការណ៍​មួយដោយ​ថ្កោល​ទោស​ទៅ​លើជ​ន​ទាំង​ឡាយដែលប្រព្រឹត្តអំពើហិង្សាលើសកម្មជននយោបាយទាំងអស់។​

សេច​ក្ដីថ្លែងការណ៍ថា រយៈពេល៣ឆ្នាំចុងក្រោយនេះ សកម្មជនគណបក្ស​នយោបាយ​ជាង​៤០​នាក់ បាន​រងអំពើ​ហិង្សា​ពី​ជនមិនស្គាល់មុខក្នុងទម្រង់ស្រដៀងគ្នាដែលមានដូចជា ការ​ជិះ​ម៉ូតូ​តាម​វាយ​ពី​ក្រោយ ការស្ទាក់វាយនឹងដំបង ការកាប់នឹងកាំបិត​ ការគប់ និងវាយនឹងដុំថ្ម ការ​វាយ​ទាត់​ធាក់ ការធាក់ផ្ដួលម៉ូតូ​និងបើករថយន្តបុកជាដើម។ ប្រភព​ដដែល អះអាងថា ក្នុងរយៈ​ពេល​៣​ខែ នៅ​ដើម​ឆ្នាំ​២០២៣​នេះ មានសកម្មជនគណបក្សនយោបាយ ជាពិសេស​សកម្មជន​គណបក្ស​ភ្លើង​ទៀន​ចំនួន​១០​នាក់ បាន​រងការវាយប្រហារដោយជនមិនស្គាល់មុខ បណ្ដាល​ឱ្យ​រង​របួស​ស្រាល ធ្ងន់ មានខ្លះរហូតដល់ពិការភាពនិងស្លាប់ម្នាក់ កាលពីឆ្នាំ២០២២។

សមាគមអាហុក បានបង្ហាញក្ដីបារម្ភផងដែរថា បញ្ហានេះអាចបង្កឱ្យមាននិទណ្ឌភាពក្នុងសង្គម ដោយសារអាជ្ញាធរ ហាក់​មិន​ទាន់ឃើញចាត់វិធានការចាប់ជនដៃដល់មកផ្ដន្ទាទោសតាមច្បាប់នៅឡើយនោះទេ៕