ប្រជាពលរដ្ឋដែលមាន​ជម្លោះ​ដីធ្លី​​នៅតំបន់អភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិថ្មីក្នុងខេត្តកណ្ដាល បានបង្ហាញការ​ខកចិត្ត ដោយថា មន្ត្រីថ្នាក់ខេត្តតែងតែគេចវេះមិនព្រមរកដំណោះស្រាយតាមការណាត់ជួប។

កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ​២០២៣ ប្រជាពលរដ្ឋជាង ១០០នាក់ ដែលមកពីឃុំបឹងខ្យាង និងឃុំអំពៅព្រៃ ក្នុងខេត្តកណ្ដាល និងឃុំពត់សរ ក្នុងខេត្តតាកែវ បានមកជួបជុំគ្នាជាថ្មីនៅមុខសាលាខេត្តកណ្ដាល ដើម្បីរកដំណោះស្រាយពាក់ព័ន្ធជម្លោះដីធ្លីជាមួយក្រុមហ៊ុនសង់ព្រលានយន្តហោះថ្មី ប៉ុន្តែការជួបជុំនេះមិនបានលទ្ធផល ដោយអភិបាលខេត្តកណ្តាលមិននៅ។

លោក ទួន វណ្ណៈ អាយុ ៥០​ឆ្នាំ ជាពលរដ្ឋម្នាក់រស់នៅ ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានប្រាប់ Newsroom Cambodia ថា កន្លង​មក គឺអាជ្ញាធរថ្នាក់ខេត្តតែងតែគេចវេះ មិនព្រមដោះស្រាយជម្លោះដីធ្លីនេះឱ្យពួកគាត់ឡើយ។ លោកបន្តថា ជាក់ស្ដែង កាលពីថ្ងៃទី១០ ខែឧសភា កន្លងទៅ អភិបាលខេត្តកណ្តាល​ លោក គង់ សោភ័ណ្ឌ បានណាត់ប្រជាពលរដ្ឋឱ្យទៅជួប ប៉ុន្តែបែរជាមានមន្ត្រីថ្នាក់ស្រុកប្រាប់ថា លោកបានទៅបំពេញបេសកកម្មបាត់ហើយ និងប្រាប់ឱ្យមកជួបនៅថ្ងៃទី១៨ ខែឧសភា ម្ដងទៀតវិញ។​

លោកបន្ថែមថា៖ «បន្ទាប់ពីថ្ងៃ១៨ [ឧសភា] ខ្ញុំមិនគិតថាបានលទ្ធផលអីទេ បើរបៀបគាត់របៀបថា ចៅហ្វាយស្រុកទៅធ្វើចៅហ្វាយខេត្ត ហើយចៅហ្វាយខេត្តដើរទៅណាអត់មានអ្នកណាដោះស្រាយឱ្យពួកខ្ញុំហ្នឹង គឺខ្ញុំអត់សង្ឃឹមទេ»។

លោក ទួន វណ្ណៈ បញ្ជាក់ដែរថា លោកបានយល់ព្រមដោះដូរដីចំនួន ២ហិកតា ជាមួយក្រុមហ៊ុនសាងសង់ព្រលានយន្តហោះថ្មីក្នុងខេត្តកណ្ដាលរួចមកហើយ ប៉ុន្តែនៅមិនទាន់ទទួលបានប្លង់កម្មសិទ្ធិនៅឡើយទេ ដោយរង់ចាំរយៈពេល ៤ខែ មក​ហើយ។ ជាមួយគ្នានេះ លោកបានស្នើឱ្យស្ថាប័នជាតិ ជំរុញឱ្យមន្រ្តីខេត្តដោះស្រាយវិវាទដីធ្លីនេះ​ឱ្យបានឆាប់ ដោយ​លោកបារម្ភមានការបណ្តេញចេញសាជាថ្មី បើអាជ្ញាធរបន្តអូសបន្លាយពេលយូរបែបនេះ។

លោកបន្តថា៖ «បន្ទាប់មក មានតែខ្ញុំហ្នឹងទៅពន្លឿនក្រសួងមហាផ្ទៃ ដើម្បីឱ្យជំរុញឱ្យចៅហ្វាយខេត្តហ្នឹងដោះស្រាយឱ្យប្រជាពលរដ្ឋ ហើយនិងក្រសួងទំនាក់ទំនងព្រឹទ្ធសភា រដ្ឋសភា»

រដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យមួយកាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ ដោយកាត់ដីរដ្ឋទំហំ២ ៦០០ហិកតា ដើម្បី សាងសង់ព្រលានយន្តហោះអន្តរជាតិថ្មី ដែលលាតសន្ធឹងលើឃុំចំនួន៤ គឺឃុំបឹងខ្យាង ឃុំអំពៅព្រៃ ឃុំព្រែកស្លែង ក្នុងស្រុងកណ្តាលស្ទឹង ខេត្តកណ្តាល និងឃុំពត់សរ ក្នុងស្រុកបាទី ខេត្តតាកែវ។

គម្រោងនេះ ត្រូវបានទទួលសិទ្ធិសាងសង់ដោយក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា ហៅកាត់ថា អូស៊ីអាយស៊ី (OCIC) របស់ឧកញ៉ា ពុង ឃាវសែ និងលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដែលត្រូវចំណាយទឹកប្រាក់ប្រមាណ ១ ៥០០លាន​ដុល្លារអាមេរិក។

ពាក់ព័ន្ធជម្លោះដីធ្លីនេះ ក្រុមហ៊ុនបានចេញថ្លៃសំណងឱ្យប្រជាពលរដ្ឋចំនួន ៨ដុល្លារ ក្នុងមួយម៉ែត្រការ៉េ និងមានការដោះដូរដី ដោយមានការយល់ព្រមពីពលរដ្ឋមួយចំនួន ប៉ុន្តែពួកគេមិនទាន់ទទួលបានប័ណ្ណកម្មសិទ្ធិកាន់កាប់ដីស្របច្បាប់នៅឡើយទេ។ ចំណែកប្រជាពលរដ្ឋខ្លះទៀតមិនព្រមដោះដូរដីនេះទេ ដោយថាតម្លៃនេះមិនសមរម្យតាមទីផ្សារ។

ពលរដ្ឋម្នាក់រស់នៅក្នុងឃុំពត់សរ ស្រុកបាទី​ ខេត្តតាកែវ លោក ផាត សុខ និយាយថា មូលហេតុដែលលោកជួបជុំជាមួយពលរដ្ឋផ្សេងទៀតនៅមុខសាលាខេត្តកណ្តាលនេះ ដោយសារលោកមិនអាចទទួលយកសំណងដែលក្រុមហ៊ុនផ្តល់ត្រឹម​៨ដុល្លារ ក្នុងមួយម៉ែត្រការ៉េនោះទេ។ លោកថា ដីនៅតំបន់លោករស់នៅមានតម្លៃប្រមាណចន្លោះពី៦០ដុល្លារ ទៅ ៨០ដុល្លារ​ក្នុងមួយម៉ែត្រការ៉េ ប៉ុន្តែលោកសុំត្រឹមតម្លៃពាក់កណ្ដាលនៃតម្លៃទីផ្សារគឺគ្រប់គ្រាន់ហើយ។

លោកថា៖ «ដំណោះស្រាយ​ ចង់ឱ្យគាត់ដោះស្រាយតាមតម្លៃពាក់កណ្ដាលទីផ្សារ មិនបានតាមទីផ្សារអត់ទៅ ឱ្យបានពាក់កណ្ដាលទីផ្សារ​ ឱ្យពួកគាត់ចុះសិក្សាផ្ទាល់ហ្មងទៅណា។ ឥឡូវដីតំបន់ហ្នឹងតម្លៃប៉ុន្មាន? តម្លៃប៉ុន្មាន ចឹងឱ្យគាត់សិក្សាទៅ ដោះស្រាយតាមតម្លៃហ្នឹងមក បើមិនបានតម្លៃទីផ្សារអត់ទៅឱ្យបានត្រឹមតែពាក់កណ្ដាលបានហើយ ពួកខ្ញុំទទួលយកបានដែរ»។

ជុំវិញករណីនេះ លោក គង់ សោភ័ណ្ឌ បានឆ្លើយតបខ្លីថា មន្រ្តីជំនាញកំពុងព្យាយាមដោះស្រាយបញ្ហាចេញបណ្ណកម្មសិទ្ធិដីនេះរួចហើយ ចំណែកតម្លៃដីដែលអាជ្ញាធរ និងក្រុមហ៊ុនបានកំណត់ គឺបានសិក្សាតាមតម្លៃទីផ្សាររួចរាល់ហើយ។

លោកថា​៖ «កន្លែងណាដែលបងប្អូនអត់ព្រម អាហ្នឹងវានៅក្នុងការចរចាគ្នាទៅវិញទៅមករវាង ខាងព្រលាន ក៏ដូចជាខាងក្រុមការងារ វានៅចរចាគ្នាមិនទាន់ត្រូវជាដើម»។

យ៉ាងណាក្តី មន្ដ្រីឃ្លាំមើលបញ្ហាសិទ្ធិមនុស្សនៃសមាគមអាដហុកលោក យី សុខសាន្ត បានលើកឡើងថា ការបន្តអូសបន្លាយពេលនៃការដោះស្រាយជម្លោះដីធ្លីនេះ បានបង្កផលប៉ះពាល់ផ្នែកជីវភាពដល់ប្រជាពលរដ្ឋដែលរងគ្រោះដូចជា ការខាតបង់ពេលវេលា ការចំណាយថ្លៃធ្វើដំណើរ និងការខកខានប្រកបរបររកស៊ីជាដើម។ លោកបានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធ ដោះស្រាយករណីនេះប្រកបដោយតម្លាភាព និងទៅតាមតម្លៃទីផ្សារដែលប្រជាពលរដ្ឋចង់បាន។

លោកថា៖ «ខាងអង្គការសង្គមស៊ីវិលស្នើសុំ និងទទូចទៅរាជរដ្ឋាភិបាល ក៏ដូចជាក្រុមហ៊ុន គួរតែដោះសា្រយឱ្យគាត់ទៅតាមទីផ្សារសេរីទៅ ដើម្បីឱ្យគាត់យកតម្លៃហ្នឹងគាត់អាច ទៅទិញកន្លែងថ្មី ឬមួយគាត់អាចដោះដូរបាន ទៅតាមអ្វីដែល គាត់ត្រូវការ»។

កាលពីខែកក្កដា ឆ្នាំ២០២១ ប្រជាពលរដ្ឋដែលរងគ្រោះក្រោមគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីនេះ បានចេញផ្សាយ លិខិតចំហមួយ អះអាងថា ការអភិវឌ្ឍនេះបានធ្វើឱ្យប៉ះពាល់ប្រជាពលរដ្ឋ ៣៣០គ្រួសារ និង​ដីទំហំជាង១លានម៉ែត្រការ៉េ ដែលភាគច្រើនជាដីមានបណ្ណកម្មសិទ្ធិស្របច្បាប់ ស្ថិតក្នុងឃុំចំនួន៤ រួមមាន ឃុំបឹងខ្យាង ឃុំអំពៅព្រៃ ឃុំព្រែកស្លែង ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងឃុំពត់សរ នៅស្រុកបាទី ខេត្តតាកែវ៕