សមត្ថកិច្ចរាជធានីភ្នំពេញ ឱ្យដឹងថា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បាន​និងកំពុង​សាកសួរ​ប្រធានស្តីទីគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើង​ទៀន​ប្រចាំនៅ​រាជធានីភ្នំពេញ លោក ខឹម ចាន់វណ្ណៈ ពាក់ព័ន្ធនឹងសំណុំរឿង​​​ ក្លែងបន្លំឯកសារ និងប្រើប្រាស់ឯកសារក្លែង។

លោក ខឹម ចាន់វណ្ណៈ ប្រធានស្តីទីគណៈកម្មាធិការ​ប្រតិបត្តិ​គណបក្សភ្លើងទៀនរាជធានីភ្នំពេញ និងជាប្រធានប្រតិបត្តិខណ្ឌពោធិ៍សែនជ័យ ត្រូវបានសមត្ថកិច្ច​ឃាត់ខ្លួន នៅរសៀល​​​ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ នៅផ្ទះរបស់លោកក្នុង​ភូមិប៉ប្រកខាងត្បូង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

អ្នកនាំពាក្យស្នងការនគបាលរាជធានីភ្នំពេញ លោក សំ វិច្ចិកា មានប្រសាសន៍ថា ការឃាត់ខ្លួនលោក ខឹម ចាន់វណ្ណៈ បានធ្វើឡើងក្រោយសមត្ថកិច្ច បានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋ ចំនួន ០៣នាក់ ដែលបានប្តឹងមន្ត្រីបក្សភ្លើងទៀនរូបនេះ ពីបទក្លែងបន្លំឯកសារស្នាមមេដៃ និងហត្ថលេខាក្លែងក្លាយរបស់ពួកគាត់ ដើម្បីចុះឈ្មោះចូលបញ្ជីរាយនាមបេក្ខជនបម្រុងក្រុមប្រឹក្សា​សង្កាត់ផ្សារថ្មីទី៣ របស់គណបក្សភ្លើងទៀន ដោយ​គ្មាន​ការអនុញ្ញាតពីសាមីខ្លួន។

លោកបន្តថា ក្រោយការឃាត់ខ្លួន សមត្ថកិច្ចបានបញ្ជូនលោក​ ខឹម ចាន់វណ្ណៈ ទៅសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃអង្គារនេះ ដើម្បីឱ្យ​តុលាការបន្តនីតិវិធី​​ទៅតាមផ្លូវច្បាប់។

លោកបានថ្លែង​ថា៖ «តុលាការគាត់បានសួរនាំគាត់ថ្ងៃនេះ[ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤] និង​នៅបន្តនីតិវិធីថ្ងៃស្អែក​មួយថ្ងៃទៀត អញ្ចឹង​ឥឡូវគាត់[លោក ខឹម ចាន់វណ្ណៈ]​​ត្រូវបាននាំខ្លួនមកដោយដីកាឃាត់ខ្លួនបណ្តោះអាសន្ននៅ​ស្នងការដ្ឋាន​នគរបាលរាជធានីភ្នំពេញ»។

ជាមួយគ្នានេះដែរ ​អ្នកនាំពាក្យ​​ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានចេញសេចក្តីប្រកាសព័ត៌មាន​មួយ ដោយបញ្ជាក់ថា កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ សមត្ថកិច្ចជំនាញ​នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទទួលពាក្យបណ្តឹងពីជនរងគ្រោះចំនួន ០៣នាក់ ដែលប្តឹងឈ្មោះ ខឹម ចាន់វណ្ណៈ ពាក់ព័ន្ធនឹងករណីក្លែងស្នាមមេដៃ ដែលប្រព្រឹត្តកាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣។

អ្នកនាំពាក្យបន្តថា តាម​រយៈការផ្តល់ភស្តុតាងពីជនរងគ្រោះ សមត្ថកិច្ច​បានធ្វើកោសលវិច័យ​ឃើញ​ថា ពិតជាស្នាមមេដៃ និងហត្ថលេខាក្លែងបន្លំ ហើយ​ផ្អែកតាមលទ្ធផលនេះ លោកសៀង ហេង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបញ្ជាឱ្យចូលខ្លួន ចុះថ្ងៃទី១៥ ខែមករា ពាក់ព័ន្ធសំណុំរឿង ក្លែងបន្លំឯកសារ និងប្រើប្រាស់ឯកសារក្លែង ទើបឈានដល់មានការចាប់ខ្លួនជនសង្ស័យរូបនេះ។

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់ទៀត​ថា៖ «ការឃាត់ខ្លួននេះ គឺសមត្ថកិច្ច​អនុវត្តតាមវិធានការ​ច្បាប់ ដោយពុំមានហេតុផលអ្វីផ្សេងពាក់ព័ន្ធដល់ការគំរាមកំហែង ធ្វើទុកបុកម្នេញលើសកម្មជន​នយោបាយណាមួយឡើយ»។  

Newsroom Cambodia ពុំអាចសុំការបញ្ជាក់បន្ថែមជុំវិញករណីនេះពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក ប្លង់ សុផល​ បានទេ។

ជុំវិញករណីនេះ គណបក្សភ្លើងទៀន ក៏បានចេញសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃទី១៥ ខែមករា ដោយបញ្ជាក់ថា ការចាប់ខ្លួនលោក ខឹម ចាន់វណ្ណៈ ពីសំណាក់សមត្ថកិច្ច​ប្រមាណ ២០នាក់ ធ្វើឡើងដោយមិនមានបង្ហាញ​ដីកានោះឡើយ។ គណបក្សនេះ បានចាត់ទុក​ការចាប់ខ្លួន​លោក ខឹម ចាន់វណ្ណៈ ថាជារូបភាពគំរាម​កំហែង ដើម្បីបំបាក់ស្មារតីប្រជាពលរដ្ឋ មិន​ឱ្យចូលរួមសកម្មភាពនយោបាយ​ជាមួយគណបក្សភ្លើងទៀន និងជាការធ្វើឱ្យ​បរិយា​កាស​​នយោបាយ​ មុនការ​បោះឆ្នោត​អសកលក្នុងឆ្នាំ២០២៤(ការបោះឆ្នោតជ្រើស​តាំង​សមា​ជិក​ព្រឹទ្ធ​សភា និងការបោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក​ខណ្ឌ)នេះ រឹតតែមានភាពអាប់អួរថែមទៀត។

គណបក្សភ្លើងទៀន ក៏បានអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច ដោះលែងលោក ខឹម ចាន់វណ្ណៈ ឱ្យ​មានសេរីភាពឡើងវិញជាបន្ទាន់ ដោយឥតលក្ខខណ្ឌ និងបញ្ឈប់ការចាប់ខ្លួន ការឃុំខ្លួន ការ​គំរាមកំហែង និងការធ្វើទុក្ខបុកម្នេញតាមគ្រប់រូបភាព ទៅ​លើថ្នាក់ដឹកនាំ សមាជិក និង​សកម្មជនគណបក្សភ្លើងទៀន ដើម្បីធានាបរិយាកាសល្អប្រសើរ សម្រាប់ដំណើរ​ការបោះឆ្នោតអសកលក្នុងឆ្នាំ២០២៤ ឱ្យ​​ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិ​ធម៌​។

នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត មានប្រសាសន៍​​ថា យោងតាមក្រមនីតិវិធីព្រហ្មទណ្ឌ នៅពេលចុះទៅឃាត់ខ្លួន​ជន​សង្ស័យ​ណា​ម្នាក់ សមត្ថកិច្ចត្រូវបង្ហាញដីកានាំខ្លួនរបស់តុលាការ​​ ដល់សាមីខ្លួន លើកលែង​តែបទល្មើស​ជាក់ស្តែង ទើបមិនចាំបាច់មានដីកា​ ប៉ុន្តែក៏ត្រូវប្រាប់អំពីមូលហេតុនៃ​ការចាប់ខ្លួនឱ្យ​បាន​ច្បាស់​លាស់​ ដល់​សាមីខ្លួន និងក្រុមគ្រួសារបានដឹង។

លោកបន្តថា បើសិនការចាប់ខ្លួននោះ ធ្វើឡើងដោយខុសពីនីតិវិធីច្បាប់ នោះ​មានន័យថា ជាការចាប់ខ្លួន​ដែល​រំលោភ​ទៅលើសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ។

លោកថ្លែងថា៖ «ដោយសារតែមូលហេតុ​នៃការចាប់ខ្លួនហាក់បីដូចជាមិនសមស្រប អញ្ចឹង​ហើយ​បាន​គេ​ចាត់​ទុកថា​ជា​ការធ្វើទុក្ខបុក​ម្នេញ ឬក៏ការរំលោភបំពាន​សេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ ដែលធានាដោយរដ្ឋធម្មនុញ្ញ មាត្រា៣៥ ដែល​និយាយ​អំពី ពលរដ្ឋទាំងពីរភេទ​ មានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌។ មួយទៀតកម្ពុជាបានផ្តល់សច្ចាប័ន្នជាច្រើនទាក់ទងសិទ្ធិមនុស្ស អញ្ចឹង​រដ្ឋជាភាគី​ត្រូវតែមានកាតព្វកិច្ចក្នុងការអនុវត្តទៅតាមបទដ្ឋានអន្តរជាតិដែលបានផ្តល់សច្ចាប័ន»៕