​ប្រទេស​កម្ពុជា​ ជា​ប្រទេស​ប្រជា​ធិបតេយ្យ​ ដូចនេះ​ប្រជាជន​មាន​សិទ្ធិ​ស្រប​ច្បាប់​នៅ​ក្នុង​ការ​បញ្ចេញ​មតិ និង​បង្ហាញ​ការ​យល់​ឃើញ​​របស់​ខ្លួន​ចំពោះ​រឿង​រ៉ាវ​អ្វី​មួយ​។ មតិ​របស់​ប្រជាជនគឺ​ សំខាន់​ណាស់​នៅ​ក្នុង​ការកែ​​តម្រូវ​ការ​ដឹក​នាំ​របស់​រដ្ឋាភិបាល​ ក៏​ដូច​ជា​កែ​ប្រែ​ចំណុច​ខ្វះ​ខាត​របស់​សង្គម​ឱ្យ​កាន់​តែ​ប្រ​សើរ​ឡើង​។​ កញ្ញា ភឹង​ សោភា​ ​កំពុង​បំពេញ​ការងារ​ខាង​ផ្នែក​សិទ្ធិ​មនុស្ស និង​ជា​អតីត​និសិត្ស​បរិស្ថាន​នៅ​សាកល​វិទ្យា​ល័យ​ភូមិន្ទ​ភ្នំ​ពេញ។ កញ្ញា​បាន​ចូល​រួម​យ៉ាង​សកម្ម​​ក្នុង​ការ​បញ្ចេញ​មតិ​ទាក់​ទង​​នឹង​បញ្ហា​ផ្សេងៗ​ដែល​កើត​ឡើង​ក្នុង​សង្គម​។​

​​​នៅ​ថ្ងៃ​ទី២ ខែ​កញ្ញា​ ឆ្នាំ​២០២៤​ សិក្ខា​កាម​សារព័ត៌មាន​ Newsroom Cambodia កញ្ញា ឃីម សុគន្ធី​ បានសម្ភាស​ជាមួយ​កញ្ញា ភឹង​ សោភា ពី​ប្រធាន​បទ​សេរីភាពក្នុងការបញ្ចេញមតិ។

Q៖ ជម្រាបសួរ កញ្ញា!

A៖ ជម្រាបសួរ!

Q៖ តើសេរីភាពក្នុងការបញ្ចេញមតិជាអ្វី?

A៖ បើ​​​យើង​​និយាយ​​​អំពី​​សេរីភាព​​ក្នុង​​ការ​បញ្ចេញ​មតិ​​ គឺ​យើង​ត្រូវ​មើល​អាស្រ័យ​​ទៅ​​តាម​​ប្រទេស។​​ ​ប្រទេស​​កុម្មុយនីស្ត​គឺ​គេ​មាន​របៀប​របប​​នៃ​ការ​បញ្ចេញ​មតិ​របស់​គេ ​វា​​ហាក់​​ដូចជា​​តូច​​ចង្អៀត​​ជាង​​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​​នៅ​ក្នុង​ប្រទេស​ប្រជាធិបតេយ្យ។​ ឧទាហរណ៍​ប្រទេស​ប្រជាធិបតេយ្យ​អីចឹង​​ យើង​មើល​ឃើញ​ការ​ដឹក​នាំ​របស់​មន្ត្រី ​របស់​មេដឹកនាំ​បែប​ណា​គឺ​យើង​មាន​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​រិះ​គន់​ ឬក៏​ផ្ដល់​មតិ​ទៅ​ដល់ការ​ដឹក​នាំ​របស់​មេ​ដឹក​នាំ​នយោបាយ ​ឬក៏​​មន្ត្រី។ ​អីចឹង​សិទ្ធិ​បញ្ចេញ​មតិ​ហ្នឹង​គឺ​វា​នៅ​ក្នុង​ប្រទេស​ប្រជាធិបតេយ្យ ​ជាពិ​សេស​​​​​​នៅកម្ពុជា​​​គឺ​មាន​កំណត់​នៅ​ក្នុង​ច្បាប់​ថា​ស្រប​ច្បាប់​ ថា​យើង​ជា​ពលរដ្ឋ​អាច​បញ្ចេញ​មតិ​បាន​។

Q៖ តើសេរីភាពក្នុងការបញ្ចេញមតិមានសារៈសំខាន់ដូចម្ដេចខ្លះដល់សង្គម?

A សេរីភាព​​នៃ​ការ​​បញ្ចេញ​​មតិ​​គឺ​​សំខាន់​​ ​ដោយ​សារ​តែ​​នៅ​​​ក្នុង​​​សង្គម​​ខ្មែរ​​យើង​​គឺ​ជា​​សង្គម​​ដែល​​ដឹក​​នាំ​​តាម​​បែប​​ប្រជាធិបតេយ្យ​​​ ​ហើយ​​ជា​​ពិសេស​​គឺ​​ការ​​ដឹក​នាំ​​របស់​​ខ្មែរ​​គឺ​ជា​​ការ​ដឹក​នាំ​​ដែល​​ប្ដូរ​​របត់​​ពី​​ការ​​ដឹក​នាំ​តាម​​បែប​​កុម្មុយនីស្ត​ផ្ដាច់ការ​សក្ដិ​ភូមិ​ដែល​ធ្លាប់​មាន​ការរំលោភ​សិទ្ធិ​មនុស្ស​​ ​មក​ជា​ការ​ដឹក​នាំ​តាម​បែប​ប្រជាធិបតេយ្យ។​ អី​ចឹង​សិទ្ធិ​សេរីភាព​គឺ​ត្រូវការ​ណាស់​នៅ​ក្នុង​ប្រទេស​នេះ​ គឺសិទ្ធិ​ពលរដ្ឋ​​​​ដែល​​ត្រូវ​ចូល​រួម​ធ្វើ​នយោបាយ​ដើម្បី​ធានា​ថា​ការ​ដឹកនាំ​នយោបាយ​របស់​មេដឹក​នាំ​នឹង​គឺ​គាត់​ដឹក​នាំ​ស្រប​តាម​ច្បាប់​ ដឹកនាំ​ដោយ​មិន​លួច​ជាតិ​ ឬក៏មិន​ដឹក​នាំ​វិល​ត្រឡប់​ទៅ​រក​កុម្មុយនីស្ត​ផ្ដាច់​ការ​សក្ដិភូមិ​វិញ​។​ ​មួយ​ទៀត​ គឺ​យើង​មើល​អំពី​សេរីភាព​​ក្នុង​កម្រិត​ប្រទេស​ បាន​ន័យ​ថា​មេ​ដឹក​នាំ​និងមេដឹកនាំ​ សិទ្ធិ​សេរីភាព​ហ្នឹង​សំខាន់ណាស់​ បើ​មិន​អីចឹង​ទេ​គឺ​មិន​អាច​ឱ្យ​មាន​ការ​ប្រកួត​ប្រជែង​ថា​ខ្មែរ​ជា​ប្រទេស​ដឹកនាំ​តាម​បែប​ប្រជាធិបតេយ្យ​​សេរី​ពហុបក្ស​ទេ​។​ បើអត់មានសិទ្ធិ​មនុស្ស​ ឥឡូវ​មាន​គណបក្ស​នយោបាយ​ណា​ដែល​អាច​មាន​ការ​ប្រកួត​ប្រជែង​ អាច​មាន​សេរីពហុបក្ស​។ បើ​អត់​មាន​សិទ្ធិមនុស្ស​អាច​មាន​គណបក្ស​នយោបាយ​ណា​ដែល​អាច​ហ៊ាន​រិះគន់​ ឬក៏ប្រកួត​ប្រជែង​នូវ​គោល​នយោបាយ​នៃ​ការ​ដឹក​នាំ​បក្ស​ វា​ប្រាកដ​ជា​មាន​ការ​គាប​សង្កត់​ វា​ប្រាកដ​ជា​មាន​ការសម្លាប់​ ឬក៏ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ។ ហើយមួយ​ទៀត​​យើង​មើល​ទៅ​លើ​កម្រិត​​ក្រៅ​ប្រទេស​ ឬ​កម្រិត​អន្តរជាតិ​ ដែល​ខ្មែរគឺ​​ត្រូវ​ការ​ឱ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស​ព្រោះ​ខ្មែរ​ត្រូវ​ការ​ធ្វើ​នយោបាយ​ក្រៅ​ប្រទេស។​ បើ​យើង​អត់​​មាន​សិទ្ធិ​សេរីភាព​ទេ​ នយោបាយ​របស់​ខ្មែរ​ក្រៅ​ប្រទេស​វា​អាច​បាត់​បង់​អព្យាក្រឹត​ វា​អាច​បាត់​បង់​ឯករាជ្យ​ ឬក៏វា​អាច​ស្ថិត​នៅ​ក្នុង​សម្ពាធ​របស់​បរទេស​ណា​មួយ ​ជា​ពិសេស​ខ្មែរ​គឺ​ធ្លាប់​ទទួល​រង​សម្ពាធ​របស់​បរទេស​ដែល​នៅ​ជុំ​វិញ​ខ្មែរ ព្រោះ​ខ្មែរ​ស្ថិត​នៅ​ក្នុង​ជម្លោះ​​ភូមិសាស្ត្រ​នយោបាយ​។

Q៖ តើ​ការបញ្ចេញមតិ​អាច​ធ្វើ​ឡើង​តាមរយៈវិធីណាខ្លះ?

A៖ សេរីភាព​​នៃ​ការ​​បញ្ចេញ​​មតិយើង​អាច​ធ្វើ​ឡើង​តាម​រូប​ភាព​ទី​មួយ​គឺ ​យើង​ជា​ពលរដ្ឋ​អាច​ធ្វើ​នយោបាយ​ ព្រោះ​នៅ​ក្នុង​ច្បាប់រដ្ឋ​ធម្មនុញ្ញ​[…] គឺ​បាន​ចែង​អំពី​សិទ្ធិ​ឱ្យ​ពលរដ្ឋ​ធ្វើ​ការ​បញ្ចេញ​មតិ​។ យើង​ជា​ពលរដ្ឋ​អាច​ធ្វើ​នយោបាយ​ គឺ​យើង​មាន​សិទ្ធិ​ក្នុង​ការ​បោះ​ឆ្នោត​ យើង​មាន​សិទ្ធិ​នៅ​ក្នុង​ការ​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នៅក្នុង​ការ​បញ្ចេញ​មតិ​ទៅ​លើ​ការ​ដឹក​នាំ​រដ្ឋ​ ទាំង​នយោបាយ​ក្នុង​ប្រទេស​ នយោបាយ​ក្រៅ​ប្រទេស​។​ ទី​ពីរ គឺយើង​ជា​ពលរដ្ឋ​អាច​បញ្ចេញ​​មតិ​តាម​រយៈ​​សិទ្ធិ​​ឈរ​ឈ្មោះ​ធ្វើ​ជា​មេដឹក​នាំ​នយោបាយ គឺធ្វើ​ជា​តំណាងរាស្រ្ត​នៅ​ក្នុង​មាត្រា​ទី​៣៥​នៃ​រដ្ឋ​ធម្មនុញ្ញ​ក៏​បាន​កំណត់​ដែរ​​ថា​ ពលរដ្ឋ​គឺ​មាន​សិទ្ធិ​នៅ​​ក្នុង​ការឈរធ្វើ​ជា​តំណាងរាស្រ្តគឺ​ដឹក​នាំ​នយោបាយ​។ ​មួយ​ទៀត​គឺ​ នៅ​ខ្មែរ​មាន​លក្ខណៈ​ពិសេស​ត្រង់​ថា​ យើង​​មាន​សិទ្ធិ​សារព័ត៌មាន​ អីចឹង​ការ​បញ្ចេញ​មតិ​អាចមាន​​រូប​ភាព​តាមរយៈសារព័ត៌មាន​ ជាពិសេស​បច្ចុប្បន្ន​នេះ​យើង​មាន​ Facebook យើងមាន YouTube Twitters Telegram ទូរទស្សន៍ វិទ្យុអី ដឹងតែមានហើយ ​គ្រាន់​តែ​ថា​បច្ចេកវិទ្យា​ Facebook Telegram YouTube ធ្វើឱ្យ​ពួកយើង​ជាពិសេស​ យុវជន​អាច​រក​គ្នា​ឃើញ​លឿន​​ ហើយ​ចង់​បញ្ចេញ​មតិ​លើ​រឿង​អី​មួយ​ក៏មានភាព​ឆាប់​រហ័ស។​ ដូច​ករណី​ភ្នំតាម៉ៅ​នៅ​តាកែវ​នេះ​អីចឹង​ បើថា​មាន​ការ​ដាក់​តំបន់​ហ្នឹង​មួយ​ឱ្យ​នរណា​គ្រប់គ្រង​ហើយពលរដ្ឋ​អត់​ពេញ​ចិត្ត​ ពលរដ្ឋ​អាច​ប្រើប្រាស់​តែ​ទូរស័ព្ទ បច្ចេកវិទ្យា​ចាប់ផ្ដើម​ចេញ​មតិ​ភ្លាមៗ​ ចឹង​អាច​មាន​ការ​អន្តរាគមន៍​បាន​លឿន​ដែរ​។​

Q៖ តើ​សេរីភាព​បញ្ចេញ​មតិនៅ​កម្ពុជា​ក្នុង​ពេល​បច្ចុប្បន្ន​មាន​ស្ថានភាព​បែបណ?

A៖ ខ្ញុំ​គិត​ថា​ស្ថានភាព​​នៃ​ការ​​បញ្ចេញ​មតិនៅខ្មែរ យើង​អាច​បែងចែក​​ជា​បី​កម្រិត​ ហើយ​ស្ថានភាព​​ហ្នឹង​សុទ្ធ​តែ​ស្ថិត​នៅក្រោមការ​រឹត​ត្បិត​នៅ​ឡើយ​ទេ​។ ​កម្រិត​ទី​មួយ​ គឺ​កម្រិត​បុគ្គល។ ​ខ្ញុំ​សង្កេត​ឃើញ ​គឺ​ការ​ដែល​យើងម្នាក់ៗ​បញ្ចេញ​មតិ​យោបល់​​យើង​អត់បាន​រៀន​តាម​ច្បាប់​។ យើង​អត់បាន​រៀន​ច្បាប់​ទេ​ អីចឹង​ការ​បញ្ចេញ​មតិ​ខ្លះ​វា​ទៅ​ជា​បរិហារ​កេរ្តិ៍​ ការ​បញ្ចេញ​​មតិ​​ខ្លះ​​វា​​ទៅ​​ជា​​រូបភាព​​ជេរ​​ប្រ​មាថ​​ដែល​វា​ធ្វើ​ឱ្យ​ខូច​ដល់​បរិយាកាស​នៃ​ការ​ធ្វើ​នយោបាយ​ ​ព្រោះ​តែ​យើង​ជេរ​ប្រមាថ ​គេ​ថា​យើង​បរិហារ​​កេរ្តិ៍​គេ ​អាច​ចាប់​ដាក់​គុក​ដាក់ច្រវ៉ាក់។​​ អីចឹង​ខ្ញុំ​មើល​ឃើញ​ថា​កម្រិត​បុគ្គល​គឺយើង​អត់​បានយល់​​អំពី​កតិកាសញ្ញា​ អនុសញ្ញា​ដែល​បាន​ចែង​អំពី​សេរី​ភាព​នៃ​ការ​បញ្ចេញ​មតិ​យោបល់​សិទ្ធិ​ធ្វើ​នយោបាយ​ទេ​ អត់​បាន​រៀន​អំពី​រដ្ឋ​ធម្មនុញ្ញ​ អត់​បាន​រៀន​អំពី​ច្បាប់​អន្តរជាតិ​ និង​អត់​បាន​រៀន​អំពី​ក្រម​សីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន​។ […] ខ្ញុំ​ឧទាហរណ៍​ថា​ ឥឡូវ​រឿង​ថា​ហាម​មិន​ឱ្យ​រដ្ឋាភិបាលធ្វើ​ ​សម្បទានតំបន់​ណា​មួយ​ ​ អីចឹង​តាម​ច្បាប់​យើង​ពលរដ្ឋ​មាន​សិទ្ធិ​នៅ​ក្នុង​ការ​ការពារ​ភោគទ្រព្យ​ធម្មជាតិ​របស់​យើង​ ឱ្យ​តែ​តំបន់ហ្នឹងជា​តំបន់​ដែល​ពលរដ្ឋ​ទទួល​ផល​ ពលរដ្ឋ​អត់​ពេញ​ចិត្ត​នឹង​ការ​ឱ្យ​ទៅ​ជា​ការ​អភិវឌ្ឍ​ទេ​ ​យើងអាច​បញ្ចេញ​មតិ​បាន​ យើង​អាច​ប្ដឹង​ក្រៅ​ប្រព័ន្ធ​តុលាការ​ យើង​អាច​ប្ដឹង​ទៅ​ប្រព័ន្ធ​តុលាការ​។ ទី​ពីរយើង​អាច​មើល​អំពីរ​ការ​បញ្ចាញ​មតិ​កម្រិត​​​​នយោបាយ​ក្នុង​ប្រទេស​ បាន​​ន័យ​ថា​រវាង​គណបក្ស​និង​​គណបក្ស​​ គាត់​បញ្ចេញ​មតិ​។ នៅ​ពេល​ដែល​ខ្មែរ​ជា​ប្រទេស​ដែល​មាន​​នីតិរដ្ឋ​ខ្សោយ​ ​គណបក្ស​និង​​គណបក្ស​​​ ​គាត់​អត់​និយាយ​រឿង​ជាតិ​ទេ​ ទៅ​ជា​និយាយ​រឿង​យក​ឈ្នះ​យក​ចាញ់​ ​ទៅ​ជា​និយាយ​រឿង​ជេរ​ប្រមាថ​​ អីចឹង​វា​ធ្វើ​ឱ្យ​បាត់​បង់​ប្រយោជន៍​នៃ​ការ​បង្កើត​គណបក្ស​ស្នេហា​ជាតិ​ផ្សេងៗ​ ប្រកួត​ប្រជែង​ដឹក​នាំ​ប្រទេស​។​ បើ​មេដឹកនាំ​ឈ្លោះ​គ្នា​អសីលធម៌​ នាំឲ្យខ្សោយ​ដល់​ការ​ដឹក​នាំឲ្យ​ការ​ដឹក​នាំ​សេដ្ឋកិច្ច​​ក៏​ត្រូវ​ខ្សោយ​ វប្បធម៌​ក៏​ត្រូវ​ខ្សោយ​ ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​អី​ក៏​ត្រូវ​តែ​ខ្សោយ​​។ ​​​ទីបី ​ យើង​អាច​មើល​ទៅ​លើ​នយោបាយ​ក្រៅ​ប្រទេស ​ដែលពល​រដ្ឋ​ក៏មាន​សិទ្ធិ​បញ្ចេញ​មតិស្រប​តាម​ច្បាប់​អន្តរជាតិដែរ។​ ឧទាហរណ៍​ យើង​នៅ​ក្រៅ​ប្រទេស​ ពលរដ្ឋ​ជន​ភាស​ខ្លួន​ អតីត​ជន​ភាស​ខ្លួន​ក្ដី​ គាត់​នៅ​ក្រៅ​ប្រទេស​គាត់​មាន​សិទ្ធិ​តវ៉ា​ទាម​ទារ​រឿង​ទឹក​ដី​ព្រោះ​គាត់​នៅ​តែ​ជា​ខ្មែរ​។ ឥឡូវ​ដូចខ្មែរ​ក្រោម​​អីចឹង​ខ្មែរ​ក្រោម​ជា​ខ្មែរអីចឹង​យើង​ជា​ពលរដ្ឋ​ នៅ​តែ​អាច​មាន​សិទ្ធិបញ្ចេញ​មតិរឿង​​ខ្មែរ​ក្រោម​​យើង​ឃើញ​គេ​វាយ​​ ចាប់​សឹក​ព្រះសង្ឃនានា​​ យើង​មាន​ការឈឺចាប់​ ហើយ​យើង​ត្រូវ​ជួយ​ យើង​ចង់​ធ្វើ​យ៉ាង​ម៉េច​​ឱ្យ​មាន​សន្តិវិធី​ នីតិវិធី​។ អីចឹង​ខ្ញុំ​គិត​ថានៅ​ពេល​ដែល​​នយោបាយ​ក្រៅ​ប្រទេស​​គឺ​ច្បាប់​អន្តរជាតិ​បាន​អនុវត្ត​ត្រឹម​ត្រូវ​ ពលរដ្ឋ​អត់​បាន​រៀន​ពី​ច្បាប់​អន្តរជាតិ​ រៀនអំពី​ក្រម​សីលធម៌​ វា​ធ្វើ​ឱ្យ​ការ​បញ្ចេញ​មតិ​នៅ​ក្រៅ​ប្រទេស​បាត់​បង់​ប្រសិទ្ធិភាព​ដែរ​។ ផ្ទុយ​ទៅ​វិញ​សម្លេង​នយោបាយ​នៅ​ក្រៅ​ប្រទេស​មាន​ឥទ្ធិពល​​ណាស់។ ​ហើយ​នៅកម្ពុជាព្រោះ​ជន​ភាស​ខ្លួន អតីតជន​ភាស​ខ្លួន​​គាត់​មាន​ឥ​ទ្ធិពល​មក​​លើ​ក្រុម​គ្រួសាររបស់​គាត់ គាត់​មាន​ឥទ្ធិពល​នៅ​តាម​ប្រទេស​ទី​បី​ដែល​គាត់​រស់​នៅ​។

Q៖ នៅពេល​ដែល​ការបញ្ចេញ​មតិ​មានការ​រិតត្បិត តើ​​នឹង​​ធ្វើ​​ឱ្យ​​ប៉ះ​ពាល់​បែបណា​​ខ្លះ​​ដល់​​សង្គម​​​​?​​​

A៖ ខ្ញុំ​គិត​ថា​បើ​ការ​បញ្ចេញ​មតិ​មាន​រឹត​ត្បិត​​ ការ​ប៉ះពាល់​ទីមួយ​គឺ​ការ​ប៉ះ​ពាល់​សិទ្ធិ​ធ្វើ​នយោបាយ​របស់​ពលរដ្ឋ​​​ ព្រោះ​ប្រទេស​ប្រជាធិបតេយ្យ​តម្រូវ​ឱ្យ​ពលរដ្ឋ​ធ្វើនយោបាយ។ អីចឹង​បើ​យើង​បាត់​បង់​ ឬមានការគាប​សង្កត់​លើ​សិទ្ធិ​បញ្ចេញ​មតិ​ យើង​អត់​អាច​និយាយ​ការ​ពិត​បាន​។ យើង​ឃើញ​ការ​ដឹក​នាំ​បែប​ណា​ យើង​ឃើញ​ប្រទេស​លិច​លង់​ យើង​អត់​អាច​និយាយ​បាន​ អីចឹង​វា​នឹង​បាត់​បង់​ប្រយោជន៍​ជាតិ​មួយ​ដ៏​ធំ​ធេង​ ហើយ​បាត់​បង់​ទាំង​សិទ្ធិ​យើង​ធ្វើ​នយោបាយ​ និង​សិទ្ធិ​នៅ​ក្នុង​ការ​ដឹក​នាំ​នយោបាយ​ ព្រោះ​និយាយ​រឿង​ជាតិ​និយាយ​រឿង​ការ​ពិត​វា​ទៅ​ជា​ជាប់​គុក​ជាប់​ច្រវ៉ាក់ ​ឬក៏​​គ្រោះថ្នាក់​ នៅ​ពេល​ដែល​មាន​ការ​រឹក​ត្បិត​សិទ្ធិ​សេរី​ភាព​ហ្នឹង​។ ទីពីរ​​ ខ្ញុំ​គិត​ថា​វា​ប៉ះពាល់​ធ្ងន់​ធ្ងរ​នឹង​គឺ​វា​អាច​នាំ​ឱ្យ​ខ្មែរ​ដឹក​នាំ​តាម​​បែប​កុម្មុយនីស្ត​ផ្ដាច់​ការ ​ ព្រោះ​យើង​ដឹង​ហើយ​ថា​ការ​ដឹក​នាំ​តាម​បែប​ប្រជាធិបតេយ្យ​ត្រូវ​មានសសរ​ស្ដម្ភ​​សិទ្ធិ​មនុស្ស​ដែល​សំខាន់​ណាស់។​ អីចឹង​ហើយ​បាន​រដ្ឋាភិបាល​ខ្មែរ​បាន​​ចុះ​សច្ចាប័ន​ទៅ​លើ​កតិកាសញ្ញា ​អនុសញ្ញា​ ពិធី​សារ​​ទាក់​ទង​នឹង​សិទ្ធិ​មនុស្ស​គឺ​​ដើម្បី​ឱ្យ​ពលរដ្ឋ​មាន​សិទ្ធិ​សេរី​ភាព​បញ្ចេញ​មតិ​យោបល់​។ អីចឹង​បើ​បាត់បង់​សិទ្ធិ​សេរី​ភាព​បញ្ចេញ​មតិ ​ការ​ដឹកនាំខ្មែរ​​នឹង​អាច​វិល​ត្រឡប់​ទៅ​រកកុ​ម្មុយ​នីស្ត​​ផ្ដាច់​ការ​សក្ដិភូមិអានឹងគឺ​រឿង​​​​​​​​​​​​​​​​​​​​​​​​​​គ្រោះ​ថា្នក់​ទីពីរ​។ ហើយ​រឿង​គ្រោះទី​បី​ខ្ញុំ​គិត​ថា​ខ្មែរ​នឹងអាចក្លាយ​​ជា​ប្រទេសដែល​ងាយ​បាត់​បង់​អព្យាក្រឹត ព្រោះដឹងហើយថាសិទ្ធិបញ្ចេញមតិ​ទាំង​ពលរដ្ឋ​ ទាំងមន្ត្រី ​ទាំង​មេដឹកនាំ​នយោបាយ​វា​សំខាន់​ដល់​ការ​ធ្វើ​នយោបាយ​ការ​ដឹក​នាំ​នយោបាយ។​ អីចឹង​បើ​មាន​ការ​រឹតត្បិត​ ឬក៏​សិទ្ធិ​បញ្ចេញ​មតិ​នឹង​កាន់​តែ​តូច​ខ្មែរ​នឹង​អាច​ក្លាយ​ទៅ​ជា​ប្រទេស​បាត់​បង់​នីតិរដ្ឋ​ ជា​ប្រទេស​ដែល​បាត់​បង់អព្យាក្រឹត​ ជា​ប្រទេស​ដែល​អត់​មាន​ឯករាជ្យ​ភាព​នៃ​ការ​ដឹក​នាំ​នយោបាយ​ក្នុង​ប្រទេស ​និង​នយោបាយ​ក្រៅ​ប្រទេសដោយ​​ខ្លួន​ឯង​ទេ​ គឺ​ត្រូវ​តែ​ស្ដាប់​បញ្ជា​បរទេស​ ឬក៏​យើងហៅ​​ថា​​នឹង​ក្លាយ​ទៅ​ជា​​ប្រទេស​អាយ៉ង​ ឬក៏​ប្រទេស​ដែល​បរទេស​នឹង​​មក​ឈ្លាន​ពាន​រហូត​។

Q៖ តើត្រូវធ្វើដូចម្ដេចដើម្បីជំរុញ និងលើកតម្កើងសេរីភាពក្នុងករបញ្ចេញមតិ​នៅកម្ពុជា​?

A៖ ខ្ញុំ​គិតថា​មធ្យោបាយ​ទី​មួយ​គឺទាំង​កម្រិត​យើង​ជា​ពលរដ្ឋ​និង​កម្រិត​មន្ត្រី​គឺ​ត្រូវ​តែ​រៀន​ច្បាប់​ ព្រោះនៅ​ពេល​ដែល​យើង​ចង់​បញ្ចេញ​មតិ​ដោយ​សុ​វត្ថិភាព​ហើយ​វា​បាន​ប្រយោជន៍​ដល់​ជាតិ​ គឺ​អាស្រ័យ​លើ​យើង​បញ្ចេញ​មតិ​កម្រិត​ណា។ ​យើង​ត្រូវ​រៀន​ច្បាប់ ព្រោះ​ទាំង​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​ ទាំង​កតិការ​សញ្ញា​អនុសញ្ញា​ដែល​រដ្ឋាភិបាល​បាន​ចុះ​សច្ចាប័ន​ទាំង​​ក្រមរដ្ឋ​ប្បវេណី​ ក្រមព្រហ្មទណ្ឌ ក្រម​រដ្ឋប្ប​វេណី​គឺ​គេ​មាន​ចែង​តែ​ម្ដង។​​​ ​យើង​អាច​និយាយ​អី​បាន​ យើង​អាច​ធ្វើ​សកម្មភាព​ណា​មិន​រំលោភ​ដល់​អ្នក​ដទៃ ​យើង​អាច​មាន​គំនិត​ ​ដែល​​មិន​ប៉ះ​ពាល់​ដល់​អ្នក​ដទៃ​​។​ ហើយ​ដូច​ក្រម​ព្រហ្មទណ្ឌ​ក៏​គេ​បាន​ចែង​ដែរ​ ធ្វើ​សកម្មភាព​ណា​ដែល​វា​មិន​ធ្លាក់​ចូល​ទៅ​ក្នុង​បទឧក្រិដ្ឋ​ បទមជ្ឍិម​ ការរំលោភ​នានា។​ អីចឹង​ខ្ញុំ​គិត​ថា​មធ្យោបាយ​បញ្ចេញមតិ​ដ៏​ល្អ​គឺត្រូវ​តែ​រៀន​ច្បាប់​ឱ្យ​ចេះ​សិន​ ពេល​ដែល​យើង​ខំ​រៀន​ច្បាប់​ យើង​បញ្ចេញ​មតិ​យោបល់​ទៅ​គឺ​វា​នឹង​មិន​ត្រូវ​ធ្វើ​ឱ្យ​គេ​ចាប់​​ទុក្ខទោស​ ឬក៏​ចាប់​កំហុស​យើង​បាន​ ជា​ពិសេស​គឺ​អ្នក​នយោបាយ​ប្រជាភិថុតិ។ អ្នក​នយោបាយប្រជាភិថុតិនឹងគឺ​ ​​អ្នក​ដែល​ពាក់​ស្លាក​ថា​ជា​មេ​ដឹក​នាំ​នយោបាយ​ល្អ តែ​ពួក​គេ​គឺ​ចាំ​តែ​សម្លុត​គំរាមកំហែង​ពលរដ្ឋ​ ចាំ​តែ​ចាប់​កំហុស​ថា​ នេះការ​បញ្ចេញ​មតិ​អ្នក​ឯង​គឺ​បរិហារ​កេរ្តិ៍​ ហើយ​ទៅ​ជា​យក​មក​លាប​ពណ៌​ថា​អ្នក​ធ្វើ​នយោបាយ​ជាតិ​ឬ​ក៏​អ្នក​ស្នេហា​ជាតិ​បញ្ចេញ​មតិ​ជាប់​គុក​ជាប់​ច្រវ៉ាក់​ តែ​បើ​យើង​មើល​រូប​ភាព​ឱ្យ​មែន​ទែន​ទៅ​គឺ​ដោយ​សារ​តែ​ការ​បញ្ចេញ​មតិ​នឹង​គឺ​អត់​បាន​និយាយ​តាម​ច្បាប់​ទេ​ និយាយ​តាម​អារម្មណ៍​ និយាយ​តាម​កំហឹង​។ ទីពីរ​ខ្ញុំ​គិតថា​ ការ​បញ្ចេញ​មតិ​ដ៏​ល្អ​គឺ​យើង​ត្រូវ​រៀន​ពី​ក្រម​សីលធម៌​វិជ្ជា​ជីវៈ​។ ឧទាហរណ៍ថា​​ បើ​ប្រើប្រាស់​សារព័ត៌មាន​នៅ​ក្នុង​ការ​បញ្ចេញ​មតិ​យោបល់​យើង​ត្រូវ​រៀន​ពី​ក្រម​សីលធម៌​វិជ្ជា​ជីវៈរបស់​សារព័ត៌មាន​ អ្វីដែល​យើង​គួរ​សរសេរ​ អ្វី​ដែល​យើង​និយាយ​អ្វី​ដែល​យើងមិន​​គួរ​ អីចឹង​យើង​នឹង​សុវត្ថិភាព​ យើង​នឹង​ប្រើប្រាស់​មធ្យោបាយ​នឹង​គឺមាន​​ប្រសិទ្ធិភាព​ខ្ពស់​។ ទី​បី​ ខ្ញុំ​គិតថា​រាល់​ការ​បញ្ចេញមតិ​យោបល់​នឹង​គឺ​ត្រូវ​ប្រកាន់​យក​សីលសមាធិ។ ត្រង់នេះ​មាន​ន័យ​ថា​គឺ​ត្រូវ​ប្រកាន់​យកនូវ​ការ​មិនជេរ​ប្រមាថ​ ការមិន​លាប​ពណ៌​​ តែ​បើ​យើង​ចង់​និយាយ​អ្វី​ដែល​ជា​ការ​ពិត​ត្រូវ​តែ​បញ្ចេញ​មតិ​ដោយ​មាន​ភស្ដុតាង​ ​ ដោយ​មាន​អំណះ​អំណាង​​ ហើយ​យោង​តាម​ច្បាប់​ឱ្យ​បាន​ជាក់​លាក់​ទៅ​ អីចឹង​ការ​បញ្ចេញ​មតិ​នោះ សារធារណជន​នឹង​មើល​ឃើញ​ថា​មាន​ភាព​គ្រប់​ជ្រុង​ជ្រោយ​ ហើយសាធារណជន​​ អាច​ចូល​រួម​បាន​ទៀត​កាល​ណា​តែ​យើង​មាន​ភស្ដុតាង​សាក្សី​អំណះ​អំណាង​ជាក់​លាក់​[…]។

Q៖ តើ​កញ្ញា​មាន​ជាសារអ្វី​បន្ថែម​ពាក់ព័ន្ធនឹង​សេរីភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា?

A៖ បើ​​ចង់​​ប្រើ​ប្រាស់​សិទ្ធិ​បញ្ចេញ​មតិ​ឲ្យបាន​ប្រយោជន៍​ដល់​ជាតិ​ គឺ​យើង​ត្រូវ​បញ្ចេញ​មតិ​ដោយ​យើង​អាន​ច្បាប់​មុន​សិន​មុន​នឹង​បញ្ចេញ​មតិ​​ដើម្បី​ឱ្យ​ការ​បញ្ចេញ​មតិ​របស់​យើង។ ការយល់ដឹងពីច្បាប់អាចបង្កើន​​ចំណេះ​ដឹង​ខ្លួន​ឯង​ និងធ្វើឲ្យ​ពលរដ្ឋ​ខ្លាំង។​ ថ្ងៃ​ក្រោយ​ បើ​យើង​ធ្វើ​ជា​មេដឹង​នាំ​ ក៏​យើង​ចេះ​ដឹក​នាំ​នយោបាយ​ដែរ​ ព្រោះ​យើង​ចេះ​ដឹក​នាំ​ច្បាប់។​​ ពេល​យើង​មើល​ឃើញ​ការងារ​ក្នុង​សង្គម​យើង​ច្រើន​ បើ​យើង​ចង់​បញ្ចេញ​មតិ​ យើង​ស្រាវ​ជ្រាវ​លើ​រឿង​នឹងឱ្យ​​ច្បាស់សិន។ ទីពីរ​គឺ ​ការបញ្ចេញ​មតិ​យើង​ត្រូវ​មាន​ភស្ដុតាង​សាក្សី​អំណះ​អំណាង​កុំ​គ្រាន់​តែ​បញ្ចេញ​មតិ​ថា​ឃើញ​គេ​និយាយ​អីចឹង​ អត់ទេ​។ ​ឧទាហរណ៍​ថា​រឿង​ខ្មែរ​ក្រោម​អីចឹង​ បើ​យើង​ចង់​បញ្ចេញ​មតិ​ចង់​ជួយ​ខ្មែរ​ក្រោម​យើង​ត្រូវ​ឱ្យ​ខ្មែរ​ក្រោម​គាត់​មាន​ភស្ដុតាង​មក​​ ថា​គេ​ផ្សឹក​ព្រះ​សង្ឃ​ផ្សឹក​នៅ​ពេល​ណា​ ផ្សឹក​ដោយ​របៀប​ណា។ ​យើង​ត្រូវ​មាន​ភស្ដុតាង​ទើប​ការ​បញ្ចេញ​មតិ​របស់​យើង​ មិន​រង​គ្រោះ​ខ្លួន​ឯង​។ ឧទាហរណ៍ថា​ យើង​មាន​ភស្ដុតាង​ហើយ​យើង​ផ្ញើទៅ​អង្គការ​សហប្រជាជាតិ​ យើង​ផ្ញើ​ទៅ​ក្រសួង​ការ​បរទេស​ យើង​ផ្ញើទៅមន្ត្រី​ពាក់​ព័ន្ធ​ អីចឹង​គេ​មិន​អាច​ប្រកែក​បាន​ទេ​គេ​មានតែ​ខំ​ស្រាវ​ជ្រាវ​បន្ថែម​លើ​ករណី​ហ្នឹង​ព្រោះ​អ្វីដែលយើងផ្ញើទៅមានគ្រប់​ជ្រុង​ជ្រោយ​​​។ ទីបី​ ការ​បញ្ចេញ​មតិ​កុំ​ជេរ​ប្រមាថ ​កុំ​បរិហារកេរ្តិ៍​ ព្រោះ​វា​នឹង​នាំ​ឱ្យ​ខូច​បរិយាកាស​នៃ​ការ​បញ្ចេញ​មតិ​របស់​ខ្មែរ​។ ឧទាហរណ៍ថា​បើ​យើង​ជេរ​ប្រមាថ ​វា​អត់​បាន​អី​ដល់​ជាតិ​មក​វិញ ​ហើយ​វា​នាំ​ឱ្យ​យើង​យក​ភាសា​ខ្មែរ​ទៅ​ជេរ​ប្រមាថ​[…]។​ ​ចំពោះការ​សរសេរ​បញ្ចេញមតិ ​ខ្ញុំ​យល់​ឃើញ​ថាជា​គំនិត​របស់​ខ្ញុំ​​ ​អីចឹងពេល​អ្នក​ផ្សេង​គេ​បញ្ចេញ​មតិគេដែរ ​យើង​ចាប់​ផ្ដើម​ទទួលបានគំនិត​កាន់​តែ​ល្អ​​​ យើង​នឹង​កាន់​តែ​មាន​ចំណេះ​ដឹង​ច្រើន។ ​យើង​អាច​ជួយ​គ្នា​ផ្សេង​ទៀត​ព្រោះ ​ បើ​ខ្ញុំ​មាន​ឯកទេស​ខាង​បរិស្ថាន​អីចឹង​ខ្ញុំ​អាន​ច្បាប់​បរិស្ថាន​ច្រើន​ អាន​អំពី​បរិស្ថាន​ច្រើន​ខ្ញុំ​បញ្ចេញ​មតិ​ទៅ​ក៏​ល្អ​ក៏​ផ្ដល់​ចំណេះ​ដឹង​ដល់​អ្នក​ដទៃ​ដែរ​ ចុះ​បើ​យើង​នៅ​ក្នុង​វិស័យ​ផ្សេងៗ​គ្នា​ខំ​បញ្ចេញ​មតិ​មក​យើង​នឹងមាន​ការ​អប់​រំកាន់តែច្រើន។ […]

Q៖ អរគុណ​កញ្ញា! ជំរាបលា!

A៖ ចា៎! ជំរាបលា៕

[កិច្ចសម្ភាសនេះ ត្រូវបានកែសម្រួលនិងតម្រឹម ដើម្បីប្រសិទ្ធិភាពនិងគុណភាពនៃអត្ថបទ]