មនុស្សមួយ​ក្រុម​ធំ​កំពុង​​មមាញឹកដើរមើលការដាក់បង្ហាញ​​​រូប​ថត​នៅ​លើ​ជញ្ជាំង ដែលរូប​ថតនី​មួយៗ​ បង្ហាញ​ពី​សម្រស់​ ​និង​ប្រភេទ​ផ្សេងៗគ្នា​នៃ​សត្វ​ស្លាបនៅកម្ពុជា។ ក្នុង​អាក្បកិរិយា​ញញឹម​ ផ្ទៀង​មើល​រូប និង​អាន​សំណេររៀបរាប់​តាម​ផ្ទាំង​នីមួយៗ​ អ្នក​ខ្លះ​ក៏​បាន​ទាញ​ទូរសព្ទ​ដើម្បី​ថត ​​និង​ខ្លះ​ទៀត​ឈរ​ជា​បន្តុំៗ​ជជែក​គ្នា​ពី​ការ​«​ពិព័រណ៍​សត្វ​ស្លាប​កម្ពុជា» ​ក្នុងរាជធានី​ភ្នំពេញ។​​​

ការ​យល់​ដឹង និងការយកចិត្តទុកដាក់ចំពោះ​សត្វ​ស្លាបនៅកម្ពុជា​​ នៅ​មាន​កម្រិត​តិចតួច ​ហើយ​ការ​ស្រាវ​​ជ្រាវពីសំណាក់អ្នក​វិទ្យា​សាស្រ្ត​ខ្មែរ​និង​បរទេស ​ក៏​​មិន​ទាន់​មាន​លក្ខណៈជាក់លាក់នៅ​ឡើយ។​ ការ​បរ​បាញ់​និង​ការ​បំផ្លាញ​ជម្រក បង្កជាការ​គំរាម​កំហែងធ្ងន់ធ្ងរដល់​សត្វ​ស្លាប​នៅ​កម្ពុជា ដែលនឹងអាចធ្វើឲ្យសត្វស្លាបប្រភេទកម្រខ្លះ​ផុត​ពូជនាពេលអនាគត ជាពិសេស​សត្វ​ស្លាប​ព្រៃ ​ដែលមានសម្បុក និងរក្សា​ពង​នៅ​រន្ធ​ឈើ​ធំៗ។ នេះបើតាមការលើកឡើង​របស់​អ្នកជំនាញ​ថតរូប​​សត្វស្លាប និងសត្វព្រៃ ដែលមានភាពសកម្មក្នុងការ​តស៊ូ​មតិ​ខាង​ការពារ​និង​អភិរក្ស​សត្វ​ព្រៃ។

លោក ស៊ុយ សេងលីមស្ថាបនិកនៃគម្រោង​អប់​រំនិង​អភិរក្សសត្វ​ស្លាបនៅ​កម្ពុជា (BCEC) កំពុងពិរពណ៍នាពីការថតរូបសត្វស្លាបនាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ (រូបភាព៖​
ឈួន​​ ចាន់រស្មី)

លោក​ ស៊ុយ សេងលីម បាន​ប្រាប់​ Newsroom Cambodia ថា​ពិព័រណ៍នេះធ្វើ​ឡើង​ ដើម្បី​ផ្សព្វផ្សាយ​ពីប្រភេទសត្វស្លាប សត្វព្រៃ​នានា ព្រមទាំង​ផ្សារភ្ជាប់​ប្រជាជនកម្ពុជា​ឱ្យ​ចេះ​ស្រលាញ់​​បេតិកភណ្ឌ​ធម្មជាតិ​ និង​​ជីវិត​​សត្វព្រៃ​​ទាំងនោះ ​តាមរយៈ​ការចុះផ្តិត​យក​រូបភាព​ប្រភេទ​សត្វ​ស្លាប និងសត្វព្រៃនៅតំបន់​ផ្សេងៗ​គ្នានៅកម្ពុជា និងប្រទេសជិតខាង។​

លោកថ្លែង​ថា៖​ «សត្វដែលត្រូវអភិរក្សគឺសត្វព្រៃទាំងអស់ យើងលើកយកសត្វស្លាបមក​[តាំង​ពិរពណ៌] ដោយសារ​សត្វស្លាប​យើង​ស្រួល​ថត​ យើង​មាន​ឱកាស​​បាន​ឃើញ​​​ច្រើន​ជាង​សត្វ​ដទៃ​ទៀត […] ហើយ​សត្វ​ស្លាប​មាន​ពណ៌​ស្អាតៗ​ច្រើនដែរ។​ អ៊ីចឹ​ង​​ពណ៌​យើងដាក់​ជាមួយ Photography(រូបថត) វាទាក់ភ្នែក​មនុស្សដែលជាសារ​មួយសម្រាប់បញ្ចុះបញ្ចូលមនុស្សឱ្យ​ឃើញសោភណ្ឌភាព​ល្អ និង​ទាក់ទាញ​មនុស្ស​មក​ដែរ​»។

សម្រាប់ លោក សេងលីម «ភាពជាគំរូ» អាចជួយជំរុញឱ្យ​​ប្រជាជនខ្មែរ​ជា​ពិសេស​យុវជន​ស្រឡាញ់​​​ និង​​ការពារ​អភិរក្ស​​សត្វ​ស្លាប​ និងធនធានធម្មជាតិដែល​កម្ពុជាកំពុងមាន។

លោកថ្លែង​ថា៖​ «សំដីល្អមិនស្មើគំរូល្អ យើងត្រូវបង្ហាញការស្រលាញ់ឱ្យ​គាត់[ប្រជាជនខ្មែរ]​មើល​ឃើញសិនអ្វីដែលខ្ញុំធ្វើគឺបង្ហាញពីការស្រលាញ់ឱ្យ​គាត់មើល​ឃើញ​អ៊ីចឹង​ខ្ញុំ​សង្ឃឹម​ថា​នឹង​មាន​អ្នក​ស្រលាញ់​តាម​បណ្ដើរៗ»​។

លោក សេងលីម រំពឹងថា រដ្ឋាភិបាលនឹងផ្តល់ការយកចិត្តទុកដាក់ និង​ជួយ​គាំទ្រ​គម្រាង​នេះ​ប៉ុន្តែ​លោកថា លោកមិនទាន់ទទួលបានការជួយជ្រោមជ្រែងណាមួយពីរដ្ឋាភិបាល​នៅឡើយ​ទេ​។ ​

លោក សេងលីម ព្យាយាម​​ចែករំលែក​ចំណេះ​ដឹងទៅតាម​លទ្ធភាពរបស់លោក ​តាម​រយៈ​​​ការផ្សព្វផ្សាយ​​តាម​សាលារៀន​ ​និង​តាំងពិរពណ៌នានា​​។ ​លោកថា​ការអភិរក្សទាមទារឲ្យមាន​ការ​ចូលរួម​ទាំងអស់គ្នា ទាំងរដ្ឋាភិបាល និងសាធារណជន។

លោកពន្យល់ថា៖​ «យើងនៅមានសត្វស្លាប មាន​សត្វព្រៃគ្រាន់តែចំនួនតិចច្រើនប្រែប្រួល​តាម​តំបន់​​ហើយព្រៃយើងក៏នៅដែរគ្រាន់តែ វាមានការខូចខាតមួយ​ចំនួន ប៉ុន្តែនៅតែជាកន្លែង​ល្អ​នៅ​​តែជាជំរកល្អសម្រាប់សត្វព្រៃ។ បើ​យើងព្យាយាម​បញ្ឈប់ការធ្វើឱ្យ​វាខូច​ [ព្រៃឈើ]​​ ព្យាយាម​ការពារ​ពីពេលឥលូវហ្នឹង​ទៅ​វានឹងក្លាយជា​ជំរក​ល្អ​របស់​សត្វ​ព្រៃ​ទៅថ្ងៃអនាគតដែរ​ វាមិនទាន់ហួសពេល។ […] ដំណាក់កាលនេះ​យើងគួរកុំហូបសត្វព្រៃ»​។

ក្រៅពីអាជីពជា​អ្នក​ថត​រូប លោក​ សេង​លីម​ ក៏​ធ្លាប់​បាន​តស៊ូ​មតិ​ខាង​ការពារ​និង​អភិរក្ស​សត្វ​ព្រៃប្រកប​ដោយ​ចីរភាព​​ផង​ដែរ​។ ការ​ថត​រូប​ បានក្លាយជា​ចំណូល​ចិត្ត​របស់​លោក សេង​លីម នៅពេលលោកបានស្គាល់​អ្នក​សារព័ត៌មាន​ជនជាតិ​បារាំង​ម្នាក់​កំឡុង​ឆ្នាំ​២០០០។ ក្រោយមក​លោក មាន​ការ​ប្តេជ្ញាចិត្ត​មួយ​ ក្លាយ​ជា​អ្នក​ថត​រូប​សត្វ​ព្រៃ​ជាពិសេស​ផ្តោត​​លើ​សត្វ​ព្រៃ​ដែល​សម្បូរ​បែប​នៅ​ប្រទេស​កម្ពុជា​យើង។

​ដោយសារ​មើល​ឃើញ​នូវ​ការធ្លាក់​ចុះ​នៃ​សត្វ​ស្លាប​នៅ​ស្រុក​កំណើតដែលស្ថិតនៅ​ស្រុកមុខ​កំពូល ខេត្តកណ្តាល។​ លោកក៏​បាន​ចាប់​ផ្តើម​បង្កើត​គម្រោង​​លើក​កម្ពស់​ការ​យល់​ដឹង​អំពី​ការ​បាត់​បង់​ជម្រក​សត្វ​ព្រៃ​ ដោយបាន​ខិតខំប្រឹង​ប្រែង ​និង​លះ​បង់​លើស​ពី​ការ​ថត​រូប​​ទៅ​ទៀត។

បើតាមបទពិសោធន៍របស់លោក សេង​លីម ការ​ថត​សត្វ​ស្លាបមានបញ្ហាប្រឈម និងការ​លំបាកច្រើន។ នេះក៏ព្រោះតែការផ្តិតយករូបភាពសត្វស្លាប ត្រូវ​ការ​ពេល​វេលា​ ​ចិត្ត​ អំណត់​ ការ​​​ស្រឡាញ់ពិត​ប្រាកដ​​ និងការ​មិន​ងាយបោះ​បង់​។ ចំណែក​​ បញ្ហាប្រឈមទាំងនោះ មាន​ដូចជា​​អាច​ជួប​គ្រោះ​ថ្នាក់​ដោយសារការចុះថតក្នុង​ព្រៃ​ជ្រៅ​​ស្ងាត់តែ​ម្នាក់​ឯង សត្វប្រភេទខ្លះ ផ្អើល​បាត់ពេលឃើញស្រមោលមនុស្ស ឯពេល​ខ្លះ​ទៀតលោក​ត្រូវ​ក្រោក​ម៉ោង​៣​ភ្លឺ​ដើម្បី​ថត​រូប​សត្វ​ស្លាប​ទាំង​នោះ។

លោក សេង​លីម ​ចង់ឃើញ​សត្វ​ស្លាប​ហើរ​ទាំង​ហ្វូងៗ​ដូច​ពី​មុន ក៏ប៉ុន្តែលោកគូសបញ្ជាក់ថា​បច្ចុប្បន្ន​​ទិដ្ឋភាពទាំង​នោះលែងមានដូចមុនហើយ។ ហើយនេះក៏ជាមូលហេតុមួយ ជំរុញឲ្យ​លោក​សម្រេច​ចិត្ត​ ​ថតរូប​​ជា​សន្លឹក​ទុក​ឱ្យ​ក្មេង​ជំនាន់ក្រោយ​បាន​ឃើញ​ និង​ស្គាល់​អ្វី​ដែល​ជា​ ​សម្បត្តិ​ធម្មជាតិរបស់​ខ្មែរ​​។​

យុវតីម្នាក់​កំពុង​មើលថត​រូបសត្វស្លាបដែល​បាន​ដាក់​បង្ហាញក្នុងពិព័រណ៍នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ (រូបភាព៖​ ឈួន​​ ចាន់រស្មី)

លោក​ Miller ជា​អ្នក​ថត​រូប​ឯក​រាជ្យ​ និង​ជា​អ្នក​បណ្តុះ​បណ្តាល​​ថតរូបម្នាក់ទៀត ដែលបាន​ប្រលូក​​ក្នុងវិស័យនេះអស់​​​​ជាង​១២​ឆ្នាំ​មក​ហើយ។​ លោក​ Miller បាន​ប្រាប់​ Newsroom Cambodia ថា​ការ​តាំង​ពិព័រណ៍​សត្វ​ពិត​ជា​មាន​សារៈ​សំខាន់​ណាស់​ ព្រោះប្រជាជនយើងភាគច្រើនមិន​ធ្លាប់​​​បាន​​ឃើញ​​ពីសម្រស់ និងភាពស្រស់ស្អាតនៃប្រភេទ​សត្វ​ស្លាប ​និង​ជីវ​ចម្រុះ​ទាំង​អស់ដែល​មាន​នៅ​ក្នុង​ព្រៃ​នោះ​ទេ​។ លោកបន្ថែមថា ពិព័រណ៍​សត្វស្លាប​​នេះជាការ​​អប់​រំ ​និង​នាំ​សារ​ឱ្យ​ប្រជាជន​ឈប់​ប្រព្រឹត្ត​​បទ​ល្មើស​ដាក់​អន្ទាក់ និងលែងបរិភោគសត្វស្លាប ជាពិសេស​ប្រភេទសត្វព្រៃ ឬសត្វកម្រនានា។ ​

លោក​ថ្លែង​ថា៖ «ទី​មួយ​វា​នឹង​ជួយ​ដល់​សហគមន៍។ ​ទី​ពីរ​ជួយ​ជំរុញ​វិស័យ​ទេស​ចរណ៍​ផ្នែក​ទស្សនា​សត្វ។​ អ៊ីចឹង​ការ​ពិពរណ៍​វា​ជំរុញ​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ខ្លាំង​មែន​ទែន ​ហើយ​ក៏​ខ្ញុំ​សង្ឃឹម​ថា​តាំង​ពិពរណ៍​មួយ​នេះ​មាន​អ្នក​ចូល​រួម​ច្រើន​ ហើយ​បាន​ដឹង​ដល់សាធារណៈ​ជន​យើង​ឱ្យ​បាន​មក​មើល​។ សត្វ​វា​មិនមែន​គ្រាន់​តែ​ជា​ចំណី​ដែល​យើង​យក​មក​ធ្វើ​ម្ហូប​ទេ​ វា​មាន​ប្រយោជន៍​ច្រើន​ជាង​ការ​ញ៉ាំ ​និង​ការ​ចាប់​លក់​ហ្នឹង​ទៅ​ទៀត​»។

លោក​​សង្ឃឹម​ថា​ប្រជា​ជនកម្ពុជា​នឹង​យល់​ដឹង​ជាង​មុន​ពី​សត្វ​ស្លាប​ ជាពិសេសសារប្រយោជន៍​របស់​សត្វស្លាប​ចំពោះ​​សេដ្ឋ​កិច្ចសហគមន៍​​ និង​វិស័យ​ទេសចរណ៍ ឧទាហរណ៍ការ​បង្កើត​ជា​សួន​សត្វ​ធម្មជាតិដែលអាចឲ្យភ្ញៀវទេសចរបរទេសស្គាល់ និងមកទស្សនានៅកម្ពុជា។

បុរសជនជាតិបរទេសកំពុងរូបសត្វឈ្លូស និងក្ងោក នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ (រូបភាព៖​ ឈួន​​ ចាន់រស្មី)

លោក​បន្តទៀត​ថា៖ «បើ​ប្រជាជន​ខ្មែរ​ទាំង​អស់​មាន​ការ​យល់​ដឹង​មាន​ចំណេះដឹង​ទៅ​លើ​រឿង​ទាំង​អស់​ហ្នឹង[​អភិរក្ស]​ ខ្ញុំ​គិត​ថា​ល្អ​ណាស់​ ល្អ​ដល់​អ្នក​ជំនាន់​ក្រោយ​យើង​ធ្វើអ្វី​ក៏​ដោយ​ត្រូវ​គិត​ដល់​អ្នក​ជំនាន់​ក្រោយ​ អ៊ីចឹង​បើ​យើង​បំផ្លាញ​នៅពេល​ឥឡូវ​ តើ​សង្ឃឹមអី​អ្នក​ជំនាន់​ក្រោយ​អាច​ឃើញ​វា ជីវៈចម្រុះ​និង​សត្វ​ស្លាបវា​​​​ត្រូវ​ការ​រស់​នៅ​ជាមួយ​​យើង​មិនមែន​​​ឃើញ​​មនុស្សវា​​​រត់​ប្រាស់​ជីវិត​ទេ»។ ​

លោក​ថា​តាំង​ពិពរណ៍​នេះ​បាន​បង្រៀន​លោក​អំពី​ចរិត​លក្ខណៈ អាកប្បកិរិយា និង​បរិស្ថាន​រស់​នៅ​​​របស់​សត្វ​ ហើយលោកថាមាន​សត្វ​ស្លាបប្រភេទខ្លះបាន​ចំណាក​ស្រុក​ អន្តោប្រវេសន៍​ពី ​ប្រទេស​ផ្សេងៗ​មក​តាំង​លំនៅបង្កាត់​កូន​​នៅ​ប្រទេស​កម្ពុជា រួចទើបហើរ​ត្រឡប់​ទៅ​វិញ​។

លោកបន្ត​ថា៖​ «​សត្វ​ស្លាប​ក៏​ដោយ ​សត្វ​ចិញ្ចឹមក៏ដោយ ​បើ​យើង​ស្និទ្ធស្នាល​ជាមួយ​វា​ យើង​ព្យាយាម​អង្គេត​វា ​យើង​នឹង​ស្គាល់​ចរិត​របស់​វា​ដូច​គ្នា​ដែរ​ ព្រោះ​សត្វ​វាមាន​លក្ខណៈ​ដូច​តែ​មនុស្ស​យើង​អ៊ីចឹង​មាន​លក្ខណៈ​ខុសៗគ្នា​ ឯសត្វក៏​ដូច​គ្នា»។

លោក Miller ប្រៀបធៀបការដាក់​អន្ទាក់ និងការបរ​បាញ់ទៅនឹងបរិបទ​សង្គ្រាមយ៉ាងដូច្នេះ៖

«​ពេល​មាន​សង្គ្រាម​យើង​ចេះ​ខ្លោច​ផ្សា​ សត្វ​ពេល​យើង​ទៅ​បំបែក​បំបាក់​សម្លាប់​វា​ វា​ក៏​ត្រូវ​ការ​សន្តិភាព​​ដែរ​និង​រស់​ជួប​ជុំ​គ្រួសារ​វា​ដែរ​ វាមិន​អាច​ឆ្លើយ​ឆ្លង​ជាមួយ​យើង​បាន​ប៉ុន្តែ​កការ​ឈឺ​ចាប់​វាមាន​ដូច​តែ​យើង​អ៊ីចឹង​»។

អ្នកថតរូបអាជីពរូបនេះ លើកឡើងថាបើ​មិនចាត់​វិធាន​ការ​ការពារ​ជាបន្ទាន់នោះទេ​ ប្រភេទ​សត្វ​ជាច្រើននឹងឈានទៅដល់ការ​ផុត​ពូជ។

អង្គការ WWF-កម្ពុជា បាន​បង្ហោះ​នៅ​លើ​ហ្វេសប៊ុក​កាលពី​ថ្ងៃទី​ ១៧ ខែ​ឧសភា ឆ្នាំ​២០២៤ ថា​«ថ្ងៃនេះ​ជាទិវា​ប្រភេទសត្វជិតផុត​ពូជ» ដែល​រំលឹក​ដល់​យើង​ទាំង​អស់​គ្នា​ដឹងថា​ប្រភេទ​សត្វ​ព្រៃជា​ច្រើន​ប្រឈម​នឹងហានិភ័យ​នៃការ​ផុតពូជ។ ជាក់ស្តែង​សត្វ​ត្រយង​ចង្កំក-ស គឺ​ជាសត្វ​ស្លាប​​ដ៏កម្របំផុត​មួយនៅ​ក្នុងពិភពលោកហើយ​ប្រឈម​នឹងការផុតពូជ​ជាសាកល​ដោយសារ​តែការគំរាមកំហែងដូច​ជាការបរបាញ់ការជាប់អន្ទាក់និងការបាត់បង់​ទីជម្រក។ អង្គការ WWF-កម្ពុជា កំពុងសហការជាមួយ​ក្រសួងបរិស្ថាន រដ្ឋបាលព្រៃឈើនិងអង្គការ​អភិរក្ស​ដទៃទៀត​ដើម្បីការពារ​ប្រភេទសត្វនេះតាមរយៈកម្មវិធី​ការពារសំបុក​សត្វស្លាប។​

យុវជនកំពុង​មើល​រូបភាពក្នុងពិព័រណ៍នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ (រូបភាព៖​​ ឈួន​​ ចាន់រស្មី)

«​ពិព័រណ៍​សត្វ​ស្លាប​កម្ពុជា» នេះបានក្លាយជាវេទិកា និងឱកាសសម្រាប់យុវជន និង​សាធារណជន​ស្វែងយល់ និងពិភាក្សាពីស្ថានភាពសត្វស្លាបនៅកម្ពុជា។

អ្នកស្រី ស៊ូ បូរ៉ាមី ជាគ្រូបង្រៀន​ភាសាអង់គ្លេស​នៅសាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ​ដែល​បាន​ចូលរួម​ទស្សនា​​ពិព័រណ៍ស្តីអំពីសត្វស្លាបនៅកម្ពុជាប្រាប់​ Newsroom Cambodia ថាកន្លង​មក​អ្នកស្រី​ធ្លាប់​ទៅទស្សនា​តំបន់អភិរក្ស​សត្វព្រៃ​នៅក្នុងខេត្តព្រះវិហារ។ ម្យ៉ាងទៀត​អ្នកស្រី​ស្រលាញ់ចូលចិត្តសត្វព្រៃ សត្វស្លាប ហេតុនេះទើបមកទស្សនាពិព័រណ៍ផ្ទាល់ដើម្បីចង់ស្វែងយល់បន្ថែមពីសត្វស្លាប ធនធាន​ធម្មជាតិ ព្រមទាំងមកគាំទ្រស្នាដៃអ្នកថតរូបខ្មែរផងដែរ។

អ្នកស្រីបន្ថែម​ថា​៖​ «ក្នុង​នាម​ខ្ញុំ​ជា​គ្រូ​បង្រៀន​ខ្ញុំ​ត្រូវការចំណេះដឹងទូលំទូលាយដែរ ជាពិសេស​អ្វីដែលស្រុកខ្មែរមាន យើងត្រូវដឹងដូចចម្រៀងគេនិយាយថា ស្រឡាញ់អ្វីដែល​ខ្មែរមាន ចុះបើ​អត់​ដឹងរបស់យើងមានអីគេខ្លះ​ផង ស្រឡាញ់យករូប[សត្វ]ពីGoogleមក ហើយ​ចេះ​តែថាបរទេសថតស្អាត ខ្មែរយើងក៏ថតស្អាតដែរ»។

កញ្ញា លី ស៊ូហ៊ាង ​ជា​សហស្ថាបនិក​នៅ​អង្គការ​ YEP ឬ (Youth Empowerment Academy) បាន​ប្រាប់​ Newsroom Cambodia  ថា​ពិត​ជា​មាន​អារម្មណ៍​រំភើប និង​សប្បាយ​ចិត្ត​​ដែល​បាន​ឃើញ​ការ​តាំង​ពិពរណ៍​រូប​ថត​សត្វ​ស្លាប​នៅ​កម្ពុជា​។ កញ្ញា​ថា​ខ្លួន​​ចូលចិត្ត​មើល​សម្រស់​សត្វ​ស្លាប​ ហើយ​សម្គាល់ឃើញ​លក្ខណៈ​ពិសេសរបស់សត្វស្លាបថា ​​ជា​ទូទៅ​សត្វស្លាបមានការផ្លាស់ប្តូរពណ៌ និងរូបរាងទៅតាមរដូវកាល ដែលកញ្ញាយល់ថា«​អស្ចារ្យ​​»។

កញ្ញា​ថ្លែង​ថា៖ «​ធម្មជាតិ​បង្កើត​មក​ធ្វើឱ្យ​សត្វ​ស្លាបហ្នឹង​វា​ដូច​មនុស្ស​យើង​អ៊ីចឹង​យើង​មាន​ពេល​ស្អាត​ យើង​មាន​ពេល​​ធម្មតា​ និង​ចង់​មក​មើល​រូប​ថត​គេ​ថត​ផ្ទាល់ៗ​ដោយ​សារ​អី​យើង​ឃើញ​ផ្ទាល់​ភ្នែក​យើង​គិត​ថា​ស្អាត​ប៉ុន្តែ​ពេល​ខ្លះ​វា​នៅ​ឆ្ងាយ​ វាអត់បាន​បញ្ជាក់​ដូចនៅ​ក្នុង​រូប​ដែល​គេថត​ទេ​ ពេល​ដែល​គេ​ថត​មក​វា​ឡើង​ច្បាស់​ វា​មាន​ពន្លឺ​ជះ​មក​ជាមួយ​រោម​សត្វ​ជាមួយ​ពណ៌​អ៊ីចឹង»។

កញ្ញា​ថា​អ្វី​ដែល​ចាប់​អារម្មណ៍​ជាង​គេ​គឺ​អ្នក​ថត​រូប​ ព្រោះ​ពួក​គេ​ជា​មនុស្ស​ម្នាក់​ដែល​មាន​​ចំណង់​ចំណូល​ចិត្ត​ខ្លាំង ​និង​ការ​​អំណត់​ខ្ពស់ ​​ព្រោះ​សត្វ​ស្លាប​មិនមែន​សត្វ​ដែល​នៅ​មួយ​កន្លែង​នោះទេ ហើយតែងតែ​ផ្លាស់ទី​ឥត​ឈប់ឈរ​។ កញ្ញាពិត​ជា​មាន​មោទនភាព​ដែល​បាន​ឃើញ​រូប​​ទាំង​អស់នោះ​ថតមក​បាន​ស្អាត​ និង​កោតសរសើរ​ដល់​អ្នក​ថត​រូប​ខ្មែរ​យើង​ដែល​គាត់​ខំចំណាយ​ពេល​​ដើម្បី​បាន​រូប​ថត​ទាំង​អស់​នោះ​។

លោក​ វី​រ៉ា ចន្ទ្រា ជា​អ្នក​ថត​រូប​វ័យ​ក្មេង​បាន​ប្រាប់​ Newsroom Cambodia បង្ហាញ​អារម្មណ៍​រំភើប​ពេលបាន​​ឃើញ​ស្នាដៃ​កូន​ខ្មែរ​ស្អាត​លើស​ពី​ការ​រំពឹង​ទុក​របស់​លោក​។ លោក​មាន​ក្តី​ស្រមៃ​ចង់​ក្លាយ​ជា​អ្នក​ថត​រូប​អាជីព ​បន្ត​ដើរ​តាម​គន្លង​អ្នក​ជំនាន់​មុន និង​រៀន​សូត្រ​អ្វី​ដែលថ្មីៗ​ ជាពិសេស​ក្លាយ​ជា​ប្រជា​ពល​រដ្ឋម្នាក់​ដែល​អាច​ជួយ​អភិរក្ស​សត្វ​ស្លាប​នៅ​កម្ពុជា ​និង​ផ្សព្វ​ផ្សាយ​ឱ្យ​ប្រជាជន​​យើង​យល់​ដឹង​ពី​តម្លៃ​នៃ​សត្វ​ស្លាប​។

លោក​ថ្លែង​​ថា​៖ «​រូប​សត្វ​នីមួយៗ​យើង​អត់​អាច​ថត​មួយ​ភ្លេត ​ឬក៏​មួយ​ម៉ោង​ពីរ​ម៉ោង​បាន​ទេ​ អ៊ីចឹង​យើង​ត្រូវ​ការ​ភាព​អត់​ធ្មត់​ខ្ពស់​ក្នុង​ការ​ថត​សត្វ​បាន​មួយៗ​ សត្វ​កាន់​តែ​កម្រ​កាន់​តែ​ពិបាក​ថត»។

អ្នកថតរូបអាជីពទាំងពីររូបនេះ ទាំង​លោក​ សេង​លីម និងលោក​ Miller ​មាន​ក្តី​ស្រមៃ ​និង​បំណង​​ប្រាថ្នា​ចង់​ឱ្យ​កូន​ខ្មែរ​ចាប់​អាជីព​​ការ​ថត​រូប ​​និង​ចូល​រួម​អភិរក្ស​សត្វ​ស្លាប​ដែល​កំពុង​មាន​បច្ចុប្បន្ន​ឱ្យ​បាន​ល្អ​ប្រសើរ។ អ្នកទាំងពីរ ក៏ ចង់ឃើញការចាប់អារម្មណ៍ក្លាយទៅជាសកម្មភាព​អភិរក្ស​ជាក់លាក់​​ជាជាង​គ្រាន់តែនិយាយ​ថាខ្លួន​ស្រឡាញ់​​សត្វ​។​

យុវតីម្នាក់​កំពុង​មើលថត​រូបសត្វស្លាបដែល​បាន​ដាក់​បង្ហាញក្នុងពិព័រណ៍នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ (រូបភាព៖​ ឈួន​​ ចាន់រស្មី)

គួរ​បញ្ជាក់​ផង​ដែរថា​​ ការដាក់តាំងពិព័រណ៍ស្តីអំពី «សត្វស្លាបនៅកម្ពុជា» នៅមជ្ឈមណ្ឌល​បុប្ផាណានេះ ធ្វើឡើងចាប់ពីថ្ងៃទី១៦ ខែឧសភា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។ ការតាំ​ងពិព័រណ៍នេះ គឺជាស្នាដៃរបស់លោក ស៊ុយ សេងលីម ដែលជាស្ថាបនិកនៃ​គម្រោង​អប់រំ​និង​អភិរក្សសត្វស្លាបនៅកម្ពុជា (BCEC) ដោយត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១២៕