ប្រជាពលរដ្ឋ នៅក្នុងឃុំកោះឧកញ្ញតី បាននិយាយថា ជំងឺកូវីដ១៩ បានធ្វើឲ្យប៉ះពាល់ដល់អ្នកប្រកបរបរតម្បាញសូត្រ ធ្វើឲ្យតម្លៃនៅលើទីផ្សារធ្លាក់ចុះ បណ្តាលឲ្យអាជីពមួយនេះបានបាត់បង់ស្ទើរតែទាំងស្រុង និងយុវជនជំនាន់ក្រោយលែងចង់រៀនសូត្របន្តដែរ។
អ្នកប្រកបរបរត្បាញហូល និងផាមួងនៅក្នុងភូមិខ្ពប ឃុំកោះឧកញ្ញាតី ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល បានរៀបរាប់កាលពីពេលថ្មីៗនេះថា មុខរបរតម្បាញសូត្រ កាន់តែមានការលំបាកជាងមុន លែងសូវមានអ្នកតម្បាញច្រើនដូចមុន ខណៈដែលប្រជាជនខ្លះ បានឈប់ និងងាកទៅប្រកបរបរផ្សេងវិញ ក្នុងនោះអ្នកខ្លះ បានចំណាកស្រុក ទៅធ្វើការរាជធានីភ្នំពេញ ជាដើម។
អ្នកស្រី សេង សុខនី អាយុ៣០ឆ្នាំ ដែលបានចាប់ផ្ដើមរបរនេះតាំងពីអាយុ១៨ឆ្នាំ បាននិយាយថា ដោយសារតែកូវីដ១៩ ទើបធ្វើឲ្យតម្លៃផាមួងអ្នកស្រី បានធ្លាក់ចុះខ្លាំង ហើយពេលខ្លះម៉ូយ ដែលតែងតែទិញផាមួងយកពីអ្នកស្រី បានបដិសេដមិនទិញតែម្ដង។
លោកស្រី បាននិយាយយ៉ាងដូច្នេះថា៖ «ទើបតែកំឡុងកូវីដនេះទេ ដែលផាមួងធ្លាក់ថ្លៃ មិនស្រួលម៉ូយអត់ទិញយកតែម្ដង ចាប់ពីពេលកូវីដមក ចាប់ផ្ដើមស្ងាត់ម៉ូយហ្មង»។
ក្នុងនោះដែរ អ្នកស្រីបានបន្តថា កាលពីមុន នៅផ្ទះអ្នកស្រីមួយ មានកីត្បាញចំនួន៤ ដែលធ្លាប់ធ្វើតម្បាញជុំបងប្អូន តែពេលនេះ អ្នកផ្សេងបានឈប់អស់ហើយ នៅសល់តែអ្នកស្រីម្នាក់ប៉ុណ្ណោះនៅក្នុងគ្រួសារ ដែលបន្តរបរមួយនេះ។
ខណៈត្បាញផាមួងបណ្ដើរ រៀបរាប់បណ្ដើរថា អ្នកស្រី សេង សុខនី បានចំណាយពេល៣ ទៅ៤ឆ្នាំឯណោះ ដើម្បីរៀនរបរមួយនេះចេះ។
លោកស្រី បាននិយាយថា៖ «ប្រសិនបើមិនប្រកបរបរត្បាញហូល គឺគ្មានអ្វីផ្សេងធ្វើទេ បច្ចុប្បន្នឈ្មួញទិញផាមួងក្នុងតម្លៃទាប ដែលខុសកាលពីពេលមុន ក្នុងផាមួងមួយ អាចលក់បាន១០០ដុល្លា ឬលើសហ្នឹង តែឥឡូវបានត្រឹម៨០ដុល្លារប៉ុណ្ណោះ»។
លោក សុខ ម៉ៅ វ័យ៥៨ឆ្នាំ ប្រជាពលរដ្ឋនៅក្នុងភូមិជាមួយគ្នានេះដែរ បានរៀបរាប់ថា គ្រួសាររបស់លោកបានបោះបង់របរតម្បាញសូត្រនេះ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ក៏ព្រោះតែតម្លៃថោកពេក ហើយម្យ៉ាង តម្លៃសរសៃសូត្រថ្លៃ ដែលពិបាកនឹងរកប្រាក់ចំណេញ។ ហើយកូនៗរបស់លោក បើទោះបីជាមានជំនាញខាងតម្បាញក៏ដោយ ក៏ត្រូវរករបរផ្សេងដែរ។
ជំនួយការឃុំកោះឧកញ្ញាតី លោក ឃុត សារួន បានរៀបរាប់ថានៅលើកោះនេះ កាលពីមុនមានប្រជាជនប្រកបរបរសូត្រច្រើន តែឥឡូវមានការធ្លាក់ចុះខ្លាំង ហើយប្រជាជនបកទៅរកស៊ីលើមុខរបរផ្សេងដែលកាក់កបជាង។
លោកបាននិយាយរៀបរាប់់ដូច្នេះថា៖ «កាលពីមុននៅលើកោះមានប្រជាជនប្រមាណពី៧០ ទៅ៨០ភាគប្រកបរបរសូត្រ តែបច្ចុប្បន្ននេះ នៅសល់តែប្រហែល១០ ឬ១៥ភាគរយអីប៉ុណ្ណោះ ព្រោះតែរកចំណូលមិនសូវបាន ឥឡូវគេត្រូវទៅរកមុខរបរផ្សេងទៀតហើយ»។
លោកបន្ថែមថា ប្រជាជនចាប់ផ្ដើមឈប់ធ្វើសូត្រហ្នឹង មិនមែនទើបតែកូវីដទេ គឺតាំងពីយូរមកហើយ ដោយសារទិញសរសៃសូត្រ ដែលនាំចូលមកពីវៀតណាម ឬថៃមានតម្លៃថ្លៃពេក ហើយពេលលក់ចេញវិញ ក៏លក់អត់បានថ្លៃ៕