បន្ទាប់ពី​បាន​បញ្ចប់​មធ្យម​សិក្សា​ទុតិយ​ភូមិ សិស្ស​និស្សិត​បាន​ឈាន​ជើង​ចូល​រៀន​ថ្នាក់​មហាវិទ្យាល័យ ដែល​ត្រូវ​ចំណាយ​ពេល​៤ឆ្នាំ ដើម្បី​ចាប់​យក​ជំនាញ​មួយ​ដែល​ច្បាស់លាស់​ក្នុង​ជីវិត​របស់​ពួកគេ។ បន្ទាប់ពី​ជីវិ​ត​នៅ​ក្នុង​មហាវិទ្យាល័យ​បាន​​បញ្ចប់ មាន​យុវជ​ន​មួយ​ចំនួន​បែរ​ទៅ​ធ្វើការ​ខុស​ជំនាញ​ដែល​ខ្លួន​បាន​សិក្សា​នៅ​មហាវិទ្យាល័យ និង​វិទ្យាល័យ ដែល​ពួកគេ​បាន​ចំណាយ​ពេល​ស្ទើរ​តែ​ជិត​ពីរ​ទសវត្សរ៍​ទៅ​ហើ​យ។ នេះ​បាន​ក្លាយ​ជា​ក្តី​កង្វល់​ដ៏​ចម្បង​មួយ​សម្រាប់​យុវជ​ន​កម្ពុជា​នា​ពេល​បច្ចុប្បន្ន។

តើមាន​ហេតុផល​អ្វី​ខ្លះ​ដែល​នាំ​ឲ្យ​ពួកគេ​ទៅ​ធ្វើការ​ខុស​ជំនាញ​បែប​នេះ?

លោក​បណ្ឌិត ប៉ា ច័ន្ទរឿន អ្នកស្រាវជ្រាវពី​ការអភិវឌ្ឍសង្គម មាន​​ប្រាប់ Newsrooms Cambodia ថា ហេតុ​ផល​ពីរ​យ៉ាង​ដែល​នាំ​ឲ្យ​យុវជ​ន​រៀន​ចប់​ ហើយ​ទៅ​ធ្វើការ​ខុស​ជំនាញ​របស់​ខ្លួន។ ទី១​សិស្ស​និស្សិត​ជ្រើស​ឯក​ទេស​អត់​បាន​គិត​ពី​តម្រូវការ​នៃ​ទីផ្សារ​ និង​ឱកាស​នៃ​ការរក​ការងារ ហើយ​មុខវិជ្ជា​ដែល​ជ្រើស​ មិនមាន​ភាព​ស៊ី​សង្វាក់​គ្នា​ជាមួយ​ចំណង់​ចំណូល​ចិត្ត​របស់​ពួកគាត់ ដោយសារ​តែ​គាត់​ទទួល​ឥទ្ធិពល​ពី​មិត្តភក្តិ និង​គ្រួសារ។ ទី២ ក្នុង​អំឡុង​ពេល​រៀន ពួកគាត់​​មិន​មានសមត្ថភាព ចំណេះ ជំនាញ និង​ឥរិយាបទ​គ្រប់គ្រាន់​ទៅ​តាម​ឯកទេស​ដែល​ពួកគាត់​បាន​រៀន។ នេះជា​ហេតុ​ធ្វើ​ឲ្យ​ពួក​គាត់​មិន​អាច​យក​ចំណេះ ជំនាញ​ទាំង​នោះ​មកអនុវត្តន៍​ជាក់ស្តែង​បាន។

លោក ប៉ា ច័ន្ទរឿន បន្ត​ថា ដើម្បី​ធានា​ថា​សិស្ស​និស្សិត ជ្រើស​មុខ​ជំនាញ​​ស្រប​ជាមួយ​ទីផ្សារ​ការងារ និង​ចំណង់ចំណូល​ចិត្ត​របស់​ពួកគាត់ សាលារៀន និង​ស្ថាប័ន​ពាក់ព័ន្ធ​គួរតែ​បង្កើន​កម្មវិធី​ណែនាំ តម្រង់​ទិស​យុវជន ឬ​ក៏​សិស្សា​នុសិស្ស​តាំង​ពី​ក្មេង​មក ជាពិសេស​នៅ​ថ្នាក់​វិទ្យាល័យ ហើយ​យុវជន​ត្រូវ​តែ​ច្បាស់​លាស់ រៀន​កំណត់​អំពី​គោលដៅ​នៃ​ជីវិត ហើយ​សួរ​ខ្លួន​ឯង​ថា​ចង់​ក្លាយ​ទៅ​ជា​អ្វី?

កញ្ញា សឿង វិចារិកា ជានិស្សិតបានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រ ជំនាញផ្នែកច្បាប់ បានប្រាប់ Newsroom Cambodia ថា សព្វថ្ងៃមានសិស្សនិស្សិតមួយចំនួន មានការត្អួញត្អែរ​ ពាក់ព័ន្ធ​នឹង​បញ្ហា​ធ្វើការ​ខុស​ជំនាញ​ដែល​ខ្លួន​បាន​សិក្សា​នៅ​មហា​វិទ្យាល័យ។

កញ្ញាថា៖ «ការធ្វើកា​រ​ខុស​ជំនាញ​ហ្នឹ​ង​វា​គ្មាន​ផ្តល់​មាន​វិជ្ជមាន​អី​ចំពោះ​សិស្ស​និស្សិត​ទេ។ វា​មាន​តែ​ផ្តល់​ផល​អវិជ្ជមាន​ដូចជា វា​ធ្វើ​ឲ្យ​ធនធាន​មនុស្ស​កាន់​តែ​បាត់បង់ និង មាន​ភាព​លំបាក​សម្រាប់​ពួកគេ​ផង​ដែរ»។

លោក រស់ សុវាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា មិន​បាន​ឆ្លើយ​តប​នឹង​សំណួរ​របស់ Newsroom Cambodia ពាក់ព័ន្ធនឹង​ការ​ធ្វលការ​ខុស​មុខ​វិជ្ចា​របស់​សិស្ស​និស្សិត​នោះ​ទេ ប៉ុន្តែ​លោក​បាន​​និ​យាយ​ជា​ទូទៅ​តាមរយៈ​បណ្តាញ​សង្គម​តេលេក្រាម​​ កាល​ពី​ថ្ងៃ​ទី២៤ ខែ​កញ្ញា ឆ្នាំ​២០២០​ ថា កំណែ​ទម្រង់​វិស័យ​អប់រំ​ទទួល​លទ្ធផល​ជា​វិជ្ជមាន ដូចជា​ចំណេះដឹ​ង​សិស្ស និង​គុណភាព​គ្រូ​​មាន​ភាព​ប្រសើរ​ឡើង ហើយ​កម្រិតសិក្សានីមួយៗមានការកើនឡើង។

លោកបន្តថា៖ «ក្រសួងអប់រំ យុវជន និងកីឡា បាន​ដាក់​បញ្ចូល​ជំនាញ​បច្ចេកទេស​ថ្មីៗ​មួយ​ចំនួន​ទៅ​ក្នុង​កម្មវិ​ធី​សិក្សា​ថ្នាក់​វិទ្យាល័យ​ចំណេះ​ទូ​ទៅ និង​អប់​រំ​បច្ចេកទេស ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ទីផ្សារ​ការងារ និង​សម្រាប់​ចូលរួម​ចំណែក​ការអភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម។ ជំនាញ​បច្ចេកទេស​ថ្មីៗ​នោះ មាន​ដូចជា អេឡិច​ត្រូនិក អគ្គិសនី ក្សេត្រសាស្ត្រ មេកានិក និងគណនេយ្យ។ ជំនាញ​បច្ចេក​ទេស​ទាំង​នេះ នឹង​ជួយ​បង្កើន​បរិមាណ និង​គុណភាព​ធនធាន​មនុស្ស​ផ្នែក​ជំនាញបច្ចេក​ទេស​នៅ​តាម​រោង​ចក្រ ទីផ្សារ​ការងារ​ផ្សេងៗ និង​សម្រាប់​ជា​មូលដ្ឋាន​គ្រឹះ​ដល់​សិស្ស​មួយ​ចំនួន ដែល​ចង់​រៀន​ជំនាញ​នេះ​បន្ត»។

យ៉ាងណាក្តី លោក ប៉ា ច័ន្ទរឿន បញ្ជាក់​បន្ថែម​ថា៖ «ដើម្បី​ឲ្យ​ជោគជ័យ​ក្នុង​ការងារ ទាល់តែ​យុវជន​ចេញ​ទៅ​ធ្វើ​ការ​ដែល​ខ្លួន​ស្រលាញ់ ហើយ​ស្រលាញ់​ការងារ​ដែល​ខ្លួន​កំពុ​ង​ធ្វើ»៕