ថ្ងៃទី១៥ ខែ​តុលា ឆ្នាំ​២០២០​នេះ គឺ​ជា​ថ្ងៃរំឮក​ខួប​នៃ​ការយាង​ចូល​ទិវង្គត​នៃ​របស់​ព្រះបាទ​នរោត្តម ​សីហនុ។​​ ប្រជាជន​កម្ពុជា​ជាច្រើន​បាន​សម្ដែង​នូវ​ការសោកស្ដាយ និង​ចងចាំ​​វីរៈភាព​របស់​ទ្រង់​ក្នុង​ការទាមទារ​ឯករាជ្យភាព​ដល់​ប្រទេស​កម្ពុជា ក្នុង​អំឡុង​ឆ្នាំ​១៩៥៣ និង​ការ​កសាង​​​​សមិទ្ធផល​ជាច្រើន​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប ជាពិសេស​នយោបាយ​បង្រួប​បង្រួម​ជាតិ។

គេនៅ​ចាំ​បាន​ថា របប​សង្គមរាស្រ្ត​និយម​របស់​ព្រះបាទ​នរោត្តម សីហនុ បាន​ប្រកាន់​ខ្ជាប់​នូវ​របប​នយោបាយ​អព្យាក្រឹត្យ ស្ថិត​ក្នុង​បរិបទ​នៃ​ការប្រកួត​ប្រជែង​មនោគម​វិជ្ជា​នយោបាយ​សេរី និង​កុម្មុយនីស្ត​នៃ​សម័យ​សង្រ្គាម​ត្រជាក់ ហើយ​បច្ចុប្បន្ន​រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​​អះអាង​​ថា​ខ្លួន​បន្ត​អនុវត្ត​នយោបាយ​អព្យាក្រឹត្យ​​ដដែល។

ក្រោយ​​៨​ឆ្នាំ​នៃ​ការ​យាង​ចូល​ទិវង្គត​របស់​ព្រះ​បាទ នរោត្តម សីហនុ និស្សិត សាស្រ្តចារ្យ និង​អ្នក​នយោបាយ​ខ្មែរ​មួយ​ចំនួន​បាន​បង្ហាញ​ទស្សនៈ​​អំពី​សមិទ្ធផល​​របស់​ព្រះ​អង្គ និង​ការយល់​ឃើញ​អំពី​តម្លៃ​នៃ​នយោបាយ​អព្យាក្រឹត​​ក្នុង​បរិបទ​បច្ចុប្បន្ន ដែល​ជា​ការប្រកួត​ប្រជែង​ភូមិ​សាស្រ្ត​នយោបាយ​ថ្មី​មួយ​រវាង​សហរដ្ឋ​អាមេរិក និង​មហា​យក្ស​ចិន។

កញ្ញា សុង ដាភា និស្សិតឆ្នាំទី២ ផ្នែក​ទំនាក់​ទំនង​អន្តរជាតិ នៅ​សាកល​វិទ្យាល័យ​អន្តរជាតិ​ផារ៉ា​ហ្គន​​ថ្លែង​ថា ​សមិទ្ធផល​របស់​ព្រះ​មហា​វីរក្សត្រ​​ដែល​កញ្ញា​មាន​ការកោត​សរសើរ​ជាង​គេ​ ​គឺ​ការទាម​ទារ​ឯករាជ្យ​ភាព​ឲ្យ​កម្ពុជា​ពី​ប្រទេស​បារាំង ព្រោះ​ឯករាជ្យ​ភាព​របស់​ប្រទេស​មាន​សារៈ​សំខាន់​ខ្លាំង​ណាស់ ដោយសារ​​បង្ហាញ​​ពី​អធិបតេយ្យភាព​ខ្លួន​ឯង។

កញ្ញា​បន្ថែម​ថា​ កម្ពុជា​គួរ​ប្រើ​នយោបាយ​របស់​ខ្លួន​បត់បែន​ទៅ​តាម​គោល​បំណង​អាទិភាព​របស់​រដ្ឋាភិបាល គឺនយោបាយណា​ដែលក​ម្ពុជា​ទទួល​បាន​ប្រយោជន៍​ច្រើន​ជាង។

លោកបណ្ឌិត យ៉ង សាំងកុមារ មេដឹកនាំគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ថ្លែងថា សម្ដេច ព្រះ​បាទ ​​នរោត្តម​ សីហនុ ជាអ្នក​នយោ​បាយសំខាន់មួយរូប ដែល​បាន​ត្រួស​ត្រាយ​ផ្លូវ និង​កសាង​សមិទ្ធផល​ជាច្រើន​ក្នុង​ប្រវ​ត្តិសាស្រ្ត ដោយ​បាន​ដណ្ដើម​ឯករាជ្យ​​​ពី​បារាំង និង​បាន​ដើរ​តួនាទី​ជា​អ្នក​បង្រួប​បង្រួម​ជាតិ​តាមរយៈ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស និង​ក្រោយៗ​មក​រហូត​។

លោកបន្ថែមថា នយោបាយ​អព្យាក្រឹតក្នុង​សម័យ​សង្គម​រាស្រ្ត​និយម​ស្ថិត​ក្នុង​បរិបទ​ប្រកួត​ប្រជែង​មនោគម​វិជ្ជា​នយោបាយ រីឯ​​​ពេល​បច្ចុប្បន្ន​គឺជា​បរិបទ​នៃ​ការប្រកួ​ត​ប្រជែង​សេដ្ឋកិច្ច ដូច្នេះ​​កម្ពុជា​គួរ​រក្សា​ឯករាជ្យ​ភាព​របស់​ខ្លួន មិន​គួរ​ពឹង​ផ្អែក​លើ​មហាអំណាច​ណាមួយ​នោះ​ឡើយ​។ លោក​ថា ​កម្ពុជាគួរតែរក្សាលំនឹង ឬ​តុល្យភាព​នៃ​ទំនាក់​ទំនង រវាង​ប្រទេសចិន​ និង​អាមេរិក និង​ក៏​ដូចជា​ប្រទេស​ផ្សេង​ទៀត​ ដូចជា ជប៉ុន ឥណ្ឌា និង​សហភាព​អឺរ៉ុប​ជាដើម​។

ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ ​លើកឡើងថា ព្រះបាទ នរោត្តម សីហនុ គឺ​ជា​មគ្គុទ្ទេសន៍​ដ៏​ឆ្នើ​ម​មួយ​រូប​ក្នុង​ការដោះស្រាយ​ប​ញ្ហា​ជាតិ​ខ្មែរ និង​បង្រួប​បង្រួម​ជាតិ​ខ្មែរ​ឲ្យ​មាន​ឯកភាព​ជាតិ។ ចំពោះ​មាគ៌ា​នយោបាយបច្ចុប្បន្ន​​​វិញ លោក ពេជ្រ ស្រស់ ថា កម្ពុជា​គួរ​តែ​ជា​ប្រទេស​​កណ្ដាល​​និយម មិន​ចូល​បក្ស​សម្ព័ន្ធ មិន​ជ្រៀតជ្រែក​កិច្ច​ការ​ផ្ទៃក្នុង​ប្រទេស​ដទៃ មិន​រើស​អើង​ប្រទេស​ណាមួយ ហើយ​ត្រូវ​សហការ​ជាមួយ​គ្រប់​បណ្តា​ប្រទេស​ទាំងអស់​ក្នុង​សកល​លោក។

លោក​​ថា៖ «ប្រទេស​កម្ពុជា​ត្រូវតែ​ប្រកាន់​គោល​ជំហរ​មិន​រណប​ប្រទេស​ណាមួយ ឬ​មិន​កាន់​ជើង​ប្រទេស​ណាមួយ ស្របពេល​ប្រទេស​ធំ​មួយ​ចំនួន​កំពុង​ពាក់​មុខ​យក្ស​ដាក់​គ្នា គឺ​ដើម្បីឲ្យ​កម្ពុជា​បង្កើន​មិត្ត​ក្នុង​ពិភពលោក​​ឲ្យ​ច្រើន​»។

ចំណែក​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា មាន​ប្រសាសន៍​ថា ស្នា​ព្រះ​ហស្ថ​​រប​​ស់​ព្រះបា​ទ នរោត្តម សីហនុ សម្រាប់​ខ្មែរ​ជំនាន់​ក្រោយ គឺ​មាគ៌ា​នយោបាយ​បង្រួប​បង្រួម​​​ជាតិ សន្តិភាព ផ្សះផ្សារ​​ជាតិ។

លោក​បញ្ជាក់ថា៖ «​យើង​ត្រូវ​ខិតខំ​អនុវត្តន៍​គោល​នយោបាយ​ដែល​បាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ អព្យាក្រឹត អចិន្ត្រៃយ៍ មិន​ចូល​បក្ស​សម្ព័ន្ធ និង មិន​អនុញ្ញាតឲ្យ​ប្រទេស​ណា​ដាក់​មូលដ្ឋាន​ទ័ព​នៅ​ទីតាំង​យោធា​ក្នុ​ង​ទឹកដី​កម្ពុជា​ឡើយ»។

លោក មាជ សុវណ្ណារ៉ា ជា​អតីត​សមាជិក​ជាន់​ខ្ពស់​មួយ​រូប​នៃ​អតីត​គណបក្ស​សង្រ្គោះជា​តិថ្លែង​ថា  លោក​ទ​​ទួល​ស្គាល់​នយោបាយ​អព្យាក្រឹត្យ​របស់​សម្ដេច​ព្រះបាទ នរោត្តម សីហនុ ប៉ុន្តែ​លោកថា នយោបាយ​នោះ​មានការប្រែប្រួលវិញ​​ក្នុង​សម័យ​សង្រ្គាម​ឥណ្ឌូចិន ដោយ​សារ​​ទ្រង់​អនុញ្ញាត​ឲ្យយួន​យៀកកុង​បង្កើត​ផ្លូវ​លំ​ហូ​ជីមិញ។ លោក​ថា ករណីនេះត្រូវ​បាន​គេ​មើល​ឃើញ​ថា ពុំមា​ន​អព្យាក្រឹត​ភាព ដោយ​សារ​ព្រះអង្គ​បាន​ធ្វើ​នយោបាយ​ទប់ស្កាត់​ចក្រព័ទ្ធ​អាមេរិក មិន​ឲ្យ​រំលោភ​អព្យាក្រឹត្យ និង​អធិបតេយ្យភាព​កម្ពុជា ប៉ុន្តែ​សហរដ្ឋ​អាមេរិក​បាន​មើលឃើញ​​ថា​ មាន​ការលូក​ចូល​នៃ​សហភាព​សូវៀត និង​ចិន​មក​ក្នុង​សង្រ្គាម​ឥណ្ឌូចិន។

លោក មាជ សុវណ្ណារ៉ា បន្ថែម​ថា ក្រោយ​ការរំលាយ​​គណបក្ស​សង្រ្គោះជា​តិ លោក​សង្កេត​ឃើញ​​ឥទ្ធិពល​ចិន​កាន់​តែ​មាន​ការគ្រប​ដណ្ដប់​លើ​ប្រទេស​កម្ពុជា​ច្រើន​ជាង​មុន។  ចំពោះ​ការចុះ​កិច្ច​​ព្រមព្រៀង​​ពាណិជ្ជកម្ម​សេរី (FTA) ជាមួយ​ចិន​ ស្របពេល​​សហភាព​​អឺរ៉ុប​​កាត់​​ប្រព័ន្ធ​អនុ​គ្រោះ​​ព​ន្ធ លោក​​​លើកឡើង​ថា ការណ៍​នេះ​នឹ​ង​​​នាំ​​ឲ្យ​​មជ្ឈដ្ឋាន​​អន្តរជា​តិ​​យល់​​ឃើញ​​ថា ប្រសិន​បើ​​កម្ពុជា​​លែង​​មា​ន​អព្យាក្រឹតភាព ​នោះ​​មិន​ស្រប​​ជាមួយ​​រដ្ឋធម្មនុញ្ញ​​កម្ពុជា ដោយ​កម្ពុជា​បាន​បង្កើត​មិត្តភាព​ដែក​ថែប​ម្ខាង និង​វាយ​ប្រហារ​ម្ខាង។

ចំណែក​សាស្រ្តាចារ្យ​ប្រវត្តិសាស្រ្ត​ខ្មែរ​នៅ​សាកល​វិទ្យាល័យ​បញ្ញាសាស្រ្ត លោក សំបូរ ម៉ាណ្ណារ៉ា បាន​ឲ្យ​និយមន័យ​​អព្យាក្រឹតថា លុះត្រាតែ​មាន​ការតាំង​ចិត្ត​ឲ្យ​មាន​ភាព​ស្មើគ្នា​ជាមួយ​បណ្ដា​ប្រទេស​ទាំងអស់។

លោក​បញ្ជាក់​ថា៖ «ដែល​ហៅថា​អព្យាក្រឹតទៅ​បាន​លុះត្រា​តែតាំងចិត្ត​ឲ្យ​មាន​ភាព​ស្មើភាព​ជាមួយ​ទំនាក់​ទំនង​ការបរទេស​ជាមួយ​បណ្តា​ប្រទេស​ទាំងអស់ ក្នុង​សម័យ​របស់​ព្រះអង្គ (សម្ដេចតា) ឡើង​គ្រ​ងរាជ្យ គឺ​សម័យ​កាល​កុំម្មុយនីស្ត និង​សេរី អញ្ចឹង​ប្រទេស​តូចតាច​ដូច​យើង​ ​ត្រូវ​ប្រកាន់​ខ្ជាប់​គោល​នយោបាយ​អព្យាក្រឹតនេះ​ដើ​ម្បី​ស្ថិរភាព និង​សន្តិភាព»។

សាស្រ្តាចារ្យប្រវត្តិសាស្រ្តរូបនេះ​បន្ថែមថា៖ «​ទំនាស់​ពាក្យ​សម្តី​នឹង​ស្លាប​ប៉ាក​កា (ប៊ិក) គឺ​ជា​រឿង​ធម្មតា​ហើយ​ចំពោះ​ប្រ​ទេស​ប្រជាធិប​តេយ្យ តែ​យើង​ត្រូវ​តែ​ប្រើប្រាស់​​និយាម​នៃ​ព្រះពុទ្ធ​សាស​នា​ត្រង់​ចំណុច​ខន្តី វិរិយៈ ដើម្បី​ជោគជ័យ​ជាតិ និង​សន្តិភាព​តទៅ​ទៀត»៕