បណ្តាញសង្គមហ្វេសប៊ុកបានក្លាយជាកន្លែងសម្រាប់ការចែកចាយព័ត៌មានយ៉ាងសំខាន់នៅប្រទេសកម្ពុជា ដែលក្នុងនោះមានទាំងព័ត៌មាន ដែលមានប្រភពច្បាស់លាស់ ក៏ដូចជាព័ត៌មានមិនពិត ដែលនេះជះឥទ្ធិពលមិនល្អដល់សង្គម។
យោងទៅតាមស្ថិតិ មនុស្សប្រមាណជិត ១០ លាននាក់ក្នុងចំណោមប្រជាជនសរុប ជាង ១៦ លាននាក់ សព្វថ្ងៃកំពុងប្រើ បណ្ដាញសង្គមហ្វេសប៊ុក។
កាលពីថ្ងៃពុធ ទី២៣ ខែធ្នូ ឆ្នាំ២០២០ Newsroom Cambodia បានធ្វើការសម្ភាសន៍ទៅលើប្រជាពលរដ្ឋមួយចំនួននៅក្នុងទីក្រុងភ្នំពេញអំពីព័ត៌មានដែលគាត់បានឃើញនៅលើបណ្ដាញសង្គមហ្វេសប៊ុក ហើយពួកគាត់ក៏បានផ្ដល់ជាមតិចម្រុះដូចតទៅ៖
អ្នកស្រី សុន រតនៈ វ័យ៣៣ឆ្នាំ ជាអាជីវករមួយរូបបានឲ្យដឹងថា អ្នកស្រីតែងតែមើលព័ត៌មាននៅលើបណ្ដាញសង្គមហ្វេសប៊ុកជាញឹកញាប់ ហើយព័ត៌មានដែលអ្នកស្រីតាមដានភាគច្រើន ជាព័ត៌មានទាក់ទងនឹងការរកស៊ី និងព័ត៌មានពីជម្ងឺកូវីដ ១៩។
អ្នកស្រីបាននិយាយថា៖ «ព័ត៌មានទាក់ទងនឹងកូវីដហ្នឹង ក៏ឧស្សាហ៍មើលដែរ គេឆ្លងនៅថៃនៅអីចឹង យើងតាមដានគេទៅ។ ពេលខ្លះមានអារម្មណ៍ថាភ័យខ្លាចដែរ កូវីដចឹងយើងរកអត់បាន យើងជួលផ្ទះគេ ត្រូវបង់ធនាគារអីសព្វគ្រប់ទាំងអស់វាពិបាកណាស់ ហើយណាមួយគិតដល់កូនដែរ ត្រូវចូលរៀនខ្លាចតែមិនបានរៀន។»
ក្រៅពីចូលអានព័ត៌មានទាំងនោះ អ្នកស្រី សុន រតនៈបានបញ្ជាក់ថា ជានិច្ចជាកាល អ្នកស្រីក៏ធ្វើការចែករំលែកបន្តព័ត៌មានទាំងអស់នោះផងដែរ។
អ្នកស្រីថ្លែងថា៖ «ព័ត៌មានមួយចំនួនខ្ញុំស៊ែរត។ ព័ត៌មានពីកូវីដខ្ញុំស៊ែរត ពីគេបង្រៀនយើងរកស៊ីអីខ្ញុំស៊ែរត។ ក្នុងចិត្តខ្ញុំចេះតែចង់រៀនដែរ ចំពោះព័ត៌មានដែលគេបង្រៀនយើងរកស៊ី ហើយយើងស៊ែរទុកដើម្បីមើលថ្ងៃក្រោយ ដល់ពេលយើងចង់ដឹងថាគេរៀននៅណាអី នៅណា យើងចុចមើលផុសហ្នឹងវិញទៅ»។
អ្នកស្រីបានបន្តថា៖ «ចំពោះព័ត៌មានកូវីដ ខ្ញុំស៊ែរចង់ឲ្យប្រជាពលរដ្ឋបានដឹងទាំងអស់គ្នាថាជម្ងឺកូវីដបានកើនឡើងនៅក្នុងប្រទេសថៃ ឬប្រទេសកម្ពុជាយើង។ យើងស៊ែរចឹងទៅចង់ឲ្យមនុស្សមួយចំនួនដឹងហើយចេះការពារខ្លះចឹងទៅ»។
លោកឈាង ហ៊ាង វ័យ៦៤ឆ្នាំ ជាអ្នករត់កង់បីខ្មែរ បានមានប្រសាសន៍ថារូបលោកមិនសូវតាមដានព័ត៌មានលើបណ្ដាញសង្គមនោះទេ។ មួយវិញទៀតទោះបីជាលោកចុចចូលមើលព័ត៌មានទាំងនោះតែលោកមិនដែលចុចស៊ែរបន្តឡើយ។
លោកឈាង ហ៊ាងក៏បានឲ្យដឹងថាលោកមានការព្រួយបារម្ភដែរនៅពេលលោកមើលព័ត៌មានទាក់ទិននឹងការរីករាលដាលនៃជម្ងឺកូវីដ ១៩។
លោកនិយាយថា៖ «ពេលឃើញព័ត៌មានពីកូវីដកើនឡើងអី ខ្ញុំមានការព្រួយបារម្ភជួបវិបត្តិសេដ្ឋកិច្ច វាបាត់បង់ចំណូល ដូចថារាល់ដងធ្លាប់រកបានមួយថ្ងៃ៤ ទៅ៥ម៉ឺន នៅសល់១ម៉ឺន២ម៉ឺន ភ្ញៀវអត់មានចេញដើរម៉ង»។
យុវជនធឿន សុផានិត វ័យ១៧ឆ្នាំ ជាសិស្សថ្នាក់ទី១២ បានយល់ឃើញថាព័ត៌មាននៅលើបណ្ដាញហ្វេសប៊ុកព័ត៌មានខ្លះជាព័ត៌មានដែលល្អសម្រាប់អ្នកមើលអ្នកអានតែព័ត៌មាន ខ្លះទៀតជាព័ត៌មានបំផុសបំផុលដែលអាចបង្ករការយល់ច្រឡំដល់អ្នកអានបាន។
យុវជនរូបនេះបានក៏បញ្ជាក់ថាមុននឹងរូបលោកសម្រេចចិត្តស៊ែរព័ត៌មានបន្តនៅលើហ្វេសប៊ុក លោកតែងពិនិត្យមើលចំណងជើង(caption) ថាតើវាល្អ និងមានប្រយោជន៍រ ឬអត់។ លោកបន្តថាបើព័ត៌មានខ្លះដែលគេសរសេរអត់បង្ខូចឈ្មោះអ្នកដទៃ ទើបលោកចុចស៊ែរត តែបើព័ត៌មានខ្លះដែលសរសេរមកប្រើចំណងជើង(Caption)ធ្វើឲ្យអ្នកដទៃភ័យ ឬបំផុសបំផុល លោកមិនដែលស៊ែរបន្តទេ។
លោកបានលើកឡើងថា៖ «មុនពេលខ្ញុំស៊ែរព័តមានអីមួយគឺខ្ញុំមើលច្បាស់លាស់ណាស់ ខ្ញុំចូលមើលសិនថាគេសរសេរអ្វើខ្លះបានខ្ញុំចុចស៊ែរ។ ចឹងខ្ញុំគិតថាព័ត៌មានដែលខ្ញុំស៊ែរហ្នឹង អត់អីទេហើយអាចផ្សព្វផ្សាយដល់អ្នកនៅជុំវិញខ្លួនដូចជាហ្វេនក្នុងហ្វេសប៊ុកបាន។»
កញ្ញា ង៉ែត សុវណ្ណបូរមី ស្ថិតក្នុងវ័យ២០ឆ្នាំ ជានិស្សិតឆ្នាំទី៤នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បាននិយាយថានាងចូលចិត្តតាមដានព័ត៌មាននៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក និងតែងតែចែករំលែកបន្តនូវព័ត៌មានមួយចំនួនដែលនាងគិតថាមានប្រយោជន៍។
កញ្ញាយល់ឃើញថាថ្វីត្បិតតែព័ត៌មាន ក្នុងហ្វេសប៊ុកមានចំនួនច្រើន ក៏ពិតមែន តែព័ត៌មានទាំងអស់នោះមិនសុទ្ធតែជាព័ត៌មាន ល្អទាំងអស់ទេ ដោយវាអាស្រ័យលើព័ត៌មានដែលគេផុស និងអ្នកស៊ែរដែរថាតើពួកគេផុសក្នុងបំណងអ្វី ក្នុងបំណងបរិហារកេរ្តិ៍ ឬដើម្បីកំសាន្តឬចង់ចែករំលែកបន្ត។
និស្សិតឆ្នាំទី៤រូបនេះបានបន្ថែមថា៖ «មុននឹងសម្រេចចិត្តស៊ែរ ខ្ញុំមើលលើប្រភពព័ត៌មាន ឬអ្នកផុសព្រោះអីជួនកាលអ្នកផុសមានបំណងមិនល្អ fake accountអី អញ្ចឹងប្រសិនបើប្រភពព័ត៌មានអត់ច្បាស់លាស់ខ្ញុំក៏អត់ស៊ែរដែរដោយសារខ្លាចបង្ករជាជម្លោះប្ដឹងផ្ដល់អីតទៀត»។
កញ្ញាង៉ែត សុវណ្ណបូរមី បាននិយាយបន្តថា «បើព័ត៌មានទាក់ទងកូវីដ ខ្ញុំស៊ែរច្រើន។ កូវីដ យើងអាចនិយាយបានថាវាជាជម្ងឺសកលលោកចឹង ខ្ញុំស៊ែរព័ត៌មានទាក់ទងនឹងវាព្រោះខ្ញុំគិតថាក្នុងអាខោនហ្វេសប៊ុកខ្ញុំមានហ្វេនប្រហែល៣ពាន់នាក់ចឹង ខ្ញុំអាចចែករំលែកព័ត៌មានហ្នឹងទៅអ្នកទាំងអស់នោះទោះបីអត់បានទាំងអស់គ្នាតែគិតថាបានមួយភាគធំដែរ»។
«អាចនិយាយបានថាមាន ៥០០នាក់ដែលបានឃើញការស៊ែររបស់ខ្ញុំហើយអ្នកទាំងអស់នោះស៊ែរបន្តទៀតទៅ ចឹងយើងដឹងស្រាប់ហើយព័ត៌មានកូវីដ វាជាព័ត៌មានជម្ងឺសកលលោក យើងម្នាក់ៗគួរតែយល់ដឹងថាថ្ងៃនេះមានមនុស្សកើតប៉ុន្មាននាក់ហើយ ឆ្លងថែមប៉ុន្មាននាក់ហើយ តេស្តវិជ្ជមានប៉ុន្មាននាក់ អវិជ្ជមានប៉ុន្មាននាក់ហើយយើងគួរការពារខ្លួនឯងបែបមិចខ្លះ»។
យុវជន ភី ភារ៉ូ វ័យ ២១ឆ្នាំ ដែលជានិស្សិតឆ្នាំទី៣ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ផ្នែកអក្សរសាស្រ្តខ្មែរ បានលើកឡើងអំពីបញ្ហាព័ត៌មានមិនពិតមួយចំនួន ដែលអ្នកសរសេរ អាចមានបំណងមកបោកបញ្ឆោតដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។
ក្នុងការចែករំលែកព័ត៌មានបន្ត និស្សិតឆ្នាំទី ៣ ផ្នែកអក្សរសាស្ត្រខ្មែរមួយរូបនេះបានលើកឡើងថា៖ «ទី១ ខ្ញុំមើលទៅលើផេកសិន តើផេកហ្នឹងវាច្បាស់លាស់អត់ ហើយផេកហ្នឹងវាធ្លាប់មានសម្ភាសន៍ទៅមានទិដ្ធភាពពិតជាក់ស្តែង រឺអត់បានខ្ញុំស៊ែរ»។
«ជួនកាលដូចផេកមួយចំនួនចឹង គាត់ចេះតែរឿងខ្លះមិនពិត ក៏ផុស ហើយខ្ញុំអត់ហ៊ានស៊ែរបន្តទេ ព្រោះខ្លាចកាលណាយើងស៊ែរបន្ត យើងចូលរួមក្នុងការបោកបញ្ឆោតអ្នកលេងផ្សេងៗ»។
លោកបានបន្តថា៖ «ខ្ញុំស៊ែរតែព័ត៌មានណាដែលមានប្រយោជន៍សម្រាប់ជួយដល់សង្គម ចឹងបានខ្ញុំស៊ែរ។ ពេលដែលយើងស៊ែរទៅ លក្ខណៈថាយើងបានចែករំលែកនូវចំណេះដឹង ក៏ដូចជាផលប្រយោជន៍ហ្នឹងទៅកាន់អ្នកផ្សេងផងដែរ»៕