ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ យុវជនកម្ពុជាចាប់ផ្ដើមងាកមកចាប់អារម្មណ៍ពីបញ្ហាបរិស្ថានដែលបង្កដោយសារសំរាមប្លាស្ទិក ជាពិសេសប្លាស្ទិកដែលប្រើប្រាស់បានតែម្ដងដូចជាប្រអប់ស្នោ ទុយោជ័រជាដើម។ បើតាមតួរលេខរបស់ក្រសួងបរិស្ថាន ថង់ប្លាស្ទិកប្រមាណ ១០ លានថង់ ត្រូវបានប្រើប្រាស់ជារៀងរាល់ថ្ងៃនៅក្នុងទីក្រុងភ្នំពេញ។
កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ Newsroom Cambodia បានសម្ភាសន៍យុវជនមួយចំនួនក្នុងរាជធានីភ្នំពេញពីការយល់ឃើញរបស់ពួកគេជុំវិញការប្រើប្រាស់ផលិតផលធ្វើពីប្លាស្ទិក។
យុវជនដែលត្រូវបានសម្ភាសន៍ដោយ Newsroom Cambodia បាននិយាយកាលពីពេលថ្មីនេះថា ពួកគេកំពុងព្យាយាមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកដើម្បីជួយទប់ស្កាត់ការបំពុល ពីព្រោះប្លាស្ទិចជាមូលហេតុធំមួយបង្កឲ្យមានការប៉ះពាល់ដល់បរិស្ថាន។ ក្នុងនោះ យុវជនមួយចំនួនបានផ្លាស់ប្ដូរមកប្រើប្រាស់ផលិតផលដែលមិនប៉ះពាល់បរិស្ថាន (Eco-friendly)។
លោកហៃ រដ្ឋរិទ្ធិយា វ័យ២០ឆ្នាំ ជានិស្សិតឆ្នាំទី៤ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលយល់ឃើញថា ផលិតផលធ្វើពីប្លាស្ទិកមានផលិតផលខ្លះដែលចាំបាច់ហើយផលិតផលខ្លះទៀតដូចជាទុយោជ័រ ឬកែវជ័រ គឺពុំចាំបាច់នោះទេ។
លោកបានថ្លែងថា ការប្រើប្លាស្ទិកធ្វើឲ្យប៉ះពាល់បរិស្ថានគួរសម ដោយសារផ្ទះរបស់លោកនៅជិតទន្លេ ដូច្នេះលោកតែងឃើញសំរាមអណ្ដែតតាមទឹកជាញឹកញាប់។
លោកបន្តថា៖ «សម្រាប់ខ្ញុំផ្ទាល់ដោយសារយើងជាមនុស្សធម្មតា មិនមែនជាបុគ្គលល្បីអីទេ ចឹងយើងអត់អាចផ្សព្វផ្សាយអីកើតទេ ប៉ុន្តែយើងអាចកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ប្រើកំប៉ុងទឹកដែកដែលប្រើប្រាស់ឡើងវិញបាន សម្រាប់ទុយោយើងឧស្សាហ៍ប្រើអាដដែលៗគ្រាន់តែលាងទឹកចេញឲ្យស្អាត។»
លោក ណាំង ខេវីន វ័យ២១ឆ្នាំ ជានិស្សិតឆ្នាំទី៤នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញនិយាយថាផលិតផលប្លាស្ទិកប៉ះពាល់បរិស្ថានខ្លាំងព្រោះប្លាស្ទិកត្រូវការរយៈពេលយូរដើម្បីវារលាយ។
លោកថ្លែងថា៖ «ក្នុងនាមខ្ញុំជានិស្សិតមួយរូប ខ្ញុំអាចចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ខ្ញុំអាចប្រើខ្លួនឯងដើម្បីជាឧទាហរណ៍ឲ្យគេ ហើយណែនាំមិត្តភក្ដិក៏ដូចជាអ្នកនៅជុំវិញខ្លួនឲ្យកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក។ ទោះបីជាខ្ញុំប្រាប់ទៅអត់បានទាំងអស់តែយ៉ាងហោចណាស់ក៏បានខ្លះដែរ។»
និស្សិតរូបនេះបន្ថែមថាបើគិតមកដល់ឥលូវ ខ្លួនកាត់បន្ថយការប្រើប្លាស្ទិកបានច្រើន។ បច្ចុប្បន្ននេះលោកកាត់បន្ថយអត់ប្រើកែវជ័រនោះទេ ភាគច្រើនលោកប្រើកំប៉ុងទឹកដែលប្រើបានរហូតដូចជាប្រើជាដបកែវជាដើម។
ព្រះតេជគុណ ឆែម វីដ និស្សិតឆ្នាំទី២ ផ្នែកអក្សរសាស្ត្រខ្មែរនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញបានលើកឡើងអំពីគុណវិបត្តិនៃការប្រើប្រាស់ប្លាស្ទិកនៅលើបរិស្ថាន។ ដោយឡែកព្រះអង្គក៏បានលើកឡើងអំពីគុណសម្បត្តិនៃការប្រើប្រាស់ប្លាស្ទិកដើម្បីរក្សាសុខមាលភាព អ្នកប្រើប្រាស់។
ព្រះសង្ឃមានសង្ឃដីកាថា៖ «បើយើងប្រើម្ដងហើយម្ដងទៀត វាអាចបង្កទៅជាមេរោគ ឬក៏ផលវិបាកដល់ប្រជាជន ឬក៏អ្នកគេប្រើក្រោយអត់មានបញ្ហាដូចជាឆ្លងជំងឺផ្សេងៗដូចជាបញ្ហាពេលបច្ចុប្បន្ននេះគឺជំងឺកូវីដអញ្ចឹង»។
សម្រាប់ការចោលសំរាមមិនត្រឹមត្រូវ ព្រះអង្គបានលើកឡើងថា វាអាចបង្កជាបញ្ហាជាច្រើនដូចជាធ្វើឲ្យដីនោះខូចជីជាតិ បំពុលបរិស្ថាន នឹងធ្វើឱ្យកខ្វក់នៅក្នុងមជ្ឈដ្ឋាននោះដែលនាំផលប៉ះពាល់ដល់ជីវិតដែលរស់នៅលើគោកផង និងក្នុងទឹកផង។
ព្រះអង្គបានបន្តថា សព្វថ្ងៃព្រះអង្គក៏បានប្រើដបទឹកជំនួសឱ្យការទិញទឹកសុទ្ធផងដែរព្រោះថាក្រៅពីជួយដល់បរិស្ថានវាក៏អាចជួយកាត់បន្ថយការចំណាយរបស់យើងផងដែរ។
ដូចគ្នានឹងយុវជនដទៃដែរ កញ្ញា ម៉ៅ ស្រីពេជ្រ និស្សិតឆ្នាំទី ២ ផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានលើកឡើងពីបញ្ហានៃការប្រើប្រាស់ប្លាស្ទិកមកលើបរិស្ថាន។ កញ្ញាបានលើកឡើងថា ជារៀងរាល់ថ្ងៃ ពេលដែលទៅផ្សារកញ្ញាតែងតែប្រើប្រាស់ថង់ក្រណាត់ជំនួសឱ្យថង់ប្លាស្ទិក និង ដបដែលអាចច្រកទឹកបានជំនួសឲ្យការទិញទឹកសុទ្ធ។
កញ្ញាបានបន្តថា៖ «វាគឺផ្ដើមចេញពីខ្លួនយើងផងដែរ នៅពេលដែលយើងប្រើចឹងទៅអ្នកផ្សេងទៀតពេលឃើញគឺអាចប្រើតាមយើង ដូចសព្វថ្ងៃឃើញមានហាងកាហ្វេជាច្រើនបានប្រើប្រាស់បំពង់បឺតផលិតពីបំពង់ឫស្សីក៏ដូចជាក្រដាសជំនួសឱ្យការប្រើប្រាស់ប្លាស្ទិក។»
លោក ប៊ូ ញ៉ឹប អាយុ២៨ឆ្នាំ សព្វថ្ងៃជានិស្សិតផ្នែកច្បាប់នៅសាកលវិទ្យាល័យវេស្ទើន បានប្រាប់អំពីការយល់ឃើញរបស់លោកចំពោះការប្រើប្រាស់ប្លាស្ទិកជាពិសេសប្លាស្ទិកដែលប្រើបានតែម្ដងថា៖ «យើងត្រូវយកវាទៅទុកក្នុងធុងសម្រាមជាដើម ឬយកទៅដុតចោល ព្រោះរបស់ប្លាស្ទិកហ្នឹង នៅពេលដែលយើងបោះចោលវាពាស់កាលអាចប៉ះពាល់ដល់បរិស្ថានហើយនៅពេលភ្លៀងមកវាអត់រលួយទៅតាមទឹកភ្លៀងនិងទេ ដូចជាកែវទឹកជ័រ ប្លាស្ទិក ឬថង់អីជាដើម ពេលដែលមានភ្លៀងធ្វើឱ្យមានទឹកដក់បង្កើតបានជាដង្កូវទឹក និងមានមេរោគធ្វើឱ្យប៉ះពាល់ដល់ពលរដ្ឋទូទៅ។»
ក្នុងពេលបច្ចុប្បន្ននេះលោកតែងតែប្រើរបស់បែប Eco-Friendly ដូចជាកន្រ្ដក បំពង់ដបជាដើម ព្រោះបើយើងចង់កាត់បន្ថយ ត្រូវចាប់ផ្ដើមពីបុគ្គលផ្ទាល់ខ្លួនតែម្ដងគឺយើងទាំងអស់គ្នា។ លោកលើកឧទាហរណ៍មួយមកបញ្ជាក់ថា៖ «នៅពេលដែលយើងទិញបាយហូប ឬដាក់បាយហូបពីផ្ទះទៅយើងត្រូវមានប្រអប់បាយសម្រាប់ខ្លួនឯង នេះទី១។ ទី២ នៅពេលដែលទៅផ្សារ យើងត្រូវមានកន្ដ្រកយូរដៃសម្រាប់ប្រើជាជាងប្រើថង់ប្លាស្ទិក។ ទី៣ ប្រសិនបើជាអាចពេលទៅណាមកណា យើងគួរមានដបទឹកក្ដៅមួយដាក់តាមខ្លួនហើយហូបទឹកក្ដៅនេះទៀតសោតធ្វើឱ្យយើងមានសុខភាពល្អ។»
ព្រះតេជគុណ ម៉ា វិឆាយ និស្សិតឆ្នាំទី៣ ផ្នែកទំនាក់ទំនងអន្ដរជាតិនៅសាកលវិទ្យាល័យបញ្ញាសាស្ដ្រកម្ពុជាមានទស្សនៈថា ការប្រើប្រាស់ថង់ផ្លាស្ទិកធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន ខូចសោភ័ណ្ឌភាព និងសុខភាពរបស់មនុស្ស។
«ចំពោះការផ្លាស់ប្ដូរទម្លាប់ការប្រើប្រាស់ប្លាស្ទិកមកជាប្រើដបទឹក កន្ដ្រក ក្រណាត់យូរដៃជាដើមដែលយើងអាចប្រើបានរាល់ពេលជារឿងល្អ ប៉ុន្ដែពលរដ្ឋយើងពេញនិយមប្រើប្លាស្ទិចតាំងពីដើមមក ហេតុដូច្នេះមានការលំបាកក្នុងការផ្លាស់ប្ដូរទម្លាប់»។
ព្រះអង្គបានបន្ដទៀតថា ព្រះអង្គចង់ឃើញពលរដ្ឋទូទៅគ្រប់ស្រទាប់វណ្ណៈចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកនៅគ្រប់តំបន់ដើម្បីបរិស្ថានស្អាតដោយឱ្យពួកគាត់យល់ពីតម្លៃនៃបរិស្ថាន មួយវិញទៀតព្រះអង្គជំរុញនិងលើកទឹកចិត្តដល់ពួកគាត់ក្នុងការប្រើដបបំពង់ទឹក កន្រ្ដក ឬរបស់ណាដែលប្រើប្រាស់បានយូរដោយជៀសវាងប្រើប្លាស្ទិក៕